អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា​ជាង ៣៦០០​នាក់ របស់​បក្ស​សម រង្ស៊ី និង​សិទ្ធិ​មនុស្ស អស់​តំណែង និង​ប្រាក់​ខែ

ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី ០៦ មេសា​ម្សិល​មិញ បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​សំណើ​របស់​គណបក្ស សម រង្ស៊ី​លើ​ការ​ស្នើ​បន្ត​តួនាទី ភារកិច្ច និង​សិទ្ធ​រហូត​ដល់​មាន​ក្រុម​ប្រឹក្សា​ថ្មី។ ការ​បដិសេធ​នេះ​ព្រោះ​ថា​មេឃុំ និង​ក្រុម​ប្រឹក្សា​ទាំង​ពីរ​បក្ស បាន​ចេញ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤​ឆ្នាំ ២០១៧-​២០២២។ ការ​ឈរ​ឈ្មោះ​នៅ​បក្ស​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​មេ​ឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៣៦០០​នាក់ អស់​ប្រាក់​ខែ និង​អស់​តួ​នាទី។

លោក សម​ រង្ស៊ី​​អតីត​​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​។
លោក សម​ រង្ស៊ី​​អតីត​​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​។
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ខែ​មេសា​នេះ​ រហូត​ដល់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណ្តិត​ទី ៤​នៅ​ខែ​មិថុនា​ខាង​មុខ មេឃុំ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស ជាង​ ៣៦០០​នាក់ បាន​បាត់​បង់​តំណែង តួ​នាទី និង​ប្រាក់​ខែ។ ជា​ការ​បាត់​បង់​ព្រោះ​តែ​ពួក​គាត់​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ច្របាច់​បញ្ចូល​គ្នា​រវាង​បក្ស​សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​ ៤ មិថុនា​ខាង​មុខ។ គណបក្ស​សម រង្ស៊ី មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ប្រមាណ​ជាង ២២០០​នាក់ ដែល​មាន ២២​រូប​ជា​មេឃុំ ដោយ​ឡែក​គណបក្ស​សិទ្ធិ​មនុស្ស​មាន​សមាជិក​ឃុំ​សង្កាត់​ចំនួន​ ១៨០០​នាក់ ហើយ​មាន​មេឃុំ​ចំនួន ១៩។ ក្នុង​ចំណោម​សមាជិក​ទាំង​ពីរ​បក្ស​ជិត​ ៤០០០​នាក់​នេះ មាន​សមាជិក​ជិត​ ៤០០​នាក់​បាន​ដក​ខ្លួន​ចេញ​ពី​សង្វៀន​នយោបាយ​តែ​ម្តង។​

គួរ​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ បាន​បដិសេធ​សំណើ​របស់​លោក​ទាវ វណ្ណុល ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី​ដែល​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​មេឃុំ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​អាច​បន្ត​ភារៈកិច្ច​រហូត​ដល់​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ជា​ធម្មតា។ ក្នុង​លិខិត​ដែល​មាន​ហត្ថលេខា​របស់​លោក ស ខេង ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា បេក្ខជន​របស់​គណបក្ស​សមរង្ស៊ី ឬ​សិទ្ធិ​មនុស្ស មិន​អាច​បន្ត​បាន​ទេ​ព្រោះ​ក្រុម​ប្រឹក្សា​ឃុំ​ទាំង​នោះ​បាន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ​នោះ។ ការ​បដិសេធ​នេះ ​គឺ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា ១៦ ដែល​ចែង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី ១​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ក្រសួង​បាន​បន្ត​ពន្យល់​ថា ការ​បាត់​បង់​សមាជិកភាព​បក្ស​គឺ​នាំ​ឱ្យ​សាម៉ី​ខ្លួន​បាត់​បង់​សមាជិក​ភាព​ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ផង​ដែរ។

លោកទាវ វណ្ណុល ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី​បាន​បញ្ជាក់​ថា ការ​បដិសេធ​នេះ​គឺ​ដោយ​សារ​តែ​ភាព​តានតឹង​នៃ​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា​ការ​សម្រេច​នេះ គឺ​ជា​ការ​សម្រេច​បែប​នយោបាយ​សុទ្ធ​សាធ។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ការ​សម្រេច​គឺ​ធ្វើ​តាម​ច្បាប់​មិន​សំដៅ​ចំពោះ​គណបក្ស​នយោបាយ​ណា​មួយ រួម​ទាំង​គណបក្ស​សមរង្ស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ