អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ៖ ការ​រៃ​អង្គាស​ប្រាក់​សម្រាប់​ទូរទស្សន៍ CNRP ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ

ការ​ប្រមូល​វិភាគ​ទាន​ទ្រទ្រង់​ការ​បង្កើត​ស្ថានីយ៍​ទូរទស្សន៍​ព្រះ​អាទិត្យ បង្ក​ផល​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​។ នេះ​គឺ​ជា​ការ​អះអាង​របស់​អភិបាល​រង​រាជធានី​ភ្នំពេញ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៣​សីហា ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​លិខិត​ដដែល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ការ​ប្រមូល​វិភាគទាន​នេះ នៅ​តាម​ទីស្នាក់ការ ឬ​ទីតាំង​ឯកជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។

គណបក្ស​សង្គ្រោះជាតិ​បាន​​បើក​​ការ​​ប្រមូល​​ប្រាក់​​ជំនួយ​​ពី​​សាធារណៈជន​​ ដើម្បី​បើក​ទូរទស្សន៍​ព្រះ​អាទិត្យ។​
គណបក្ស​សង្គ្រោះជាតិ​បាន​​បើក​​ការ​​ប្រមូល​​ប្រាក់​​ជំនួយ​​ពី​​សាធារណៈជន​​ ដើម្បី​បើក​ទូរទស្សន៍​ព្រះ​អាទិត្យ។​ @Sam Rainsy's Facebook
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​០៣​ខែ​សីហា សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​សកម្មភាព​ប្រមូល​វិភាគ​ទាន​របស់​គណបក្ស​ប្រឆាំង ដើម្បី​ទ្រទ្រង់​ការ​បង្កើត​ស្ថានីយ៍​ទូរទស្សន៍​ព្រះ​អាទិត្យ​​។ អស់​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ សាលា​រាជធានី​ភ្នំពេញ​សង្កេត​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រមូល​វិភាគទាន នៅ​តាម​ទីតាំង​សាធារណៈ​មួយ​ចំនួន ដោយ​មិន​មាន​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​។ សកម្មភាព​នេះ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​អះអាង​ថា បាន​បណ្ដាល​ឲ្យ​ប៉ះពាល់ និង​បាត់​បង់​របៀបរៀប​រយ​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។ យោង​តាម​មូលហេតុ​ដូច្នេះ សាលា​រាជធានី​ភ្នំពេញបាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ការ​ប្រមូល​វិភាគទាន​នេះ នៅ​តាម​ទីស្នាក់ការ ឬ​ទីតាំង​ឯកជន​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​។

ទាក់ទង​នឹង​ការ​ប្រមូល​វិភាគទាន​សម្រាប់​ទូរទស្សន៍​ព្រះ​អាទិត្យ​នេះ លោក អ៊ូ ច័ន្ទឬទ្ធិ មន្ដ្រី​ជាន់​ខ្ពស់​គណបក្សប្រឆាំង បាន​ឲ្យ​ដឹង​ថា គណបក្ស​​​នឹង​រៀបចំ​ធ្វើ​នៅ​ទីស្នាក់ការ​និង​ទីតាំង​ឯកជន​របស់​ខ្លួន​​វិញ លែង​ធ្វើ​នៅ​តាម​ទីសាធារណៈ​ហើយ​។

ប៉ុន្តែ​សម្រាប់​លោក អ៊ូ ច័ន្ទឬទ្ធិ ការ​អះអាង និង​សំណើ​របស់​អាជ្ញាធរ​ក្រុងមិន​ឲ្យ​រៃ​អង្គាស​ប្រាក់​នៅ​តាម​ទីសាធារណៈ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។ មិន​ត្រឹម​ត្រូវ ព្រោះ​បើ​តាម​យោបល់​លោក ការ​រៃ​អង្គាស​ប្រាក់​មិន​ប៉ះ​ពាល់​អ្វី​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ​ឡើយ​។ បើ​តាម​លោក អ៊ូ ច័ន្ទឬទ្ធិ នៅ​ប្រទេស​ផ្សេង ការ​រៃ​អង្គាសប្រាក់​​តាម​ទីសាធារណៈ​ មិន​ចាំ​បាច់​ត្រូវ​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ឡើយ​។ ប្លែក​តែ​នៅ​ស្រុក​ខ្មែរ ដែល​ជា​ទម្លាប់ សកម្មភាព​គ្រប់​សព្វ​បែប​យ៉ាង ត្រូវ​តែ​ឆ្លង​កាត់​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​សិន​ទើប​អាច​ធ្វើ​បាន​។ នេះ​បើ​តាម​លោក​អ៊ូ ច័ន្ទឬទ្ធិ​។

គួរជម្រាប​ជូន​ផង​ដែរ​ថា មូលនិធិ​ទ្រទ្រង់​គម្រោង​ទូរទស្សន៍​ព្រះ​អាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​ដល់​ប្រហែល​៤៥​ម៉ឺន​ដុល្លារ​ហើយ គិត​ត្រឹម​ដើម​ខែ​សីហា​នេះ​។ បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​នៃគណបក្ស​នេះ ការ​ទិញ​ដី​និង​តម្លើង​អង់តែន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​សីហា​នេះ​តែ​ម្ដង ដើម្បី​អាច​ចាប់​ផ្ដើម​ផ្សាយ​ជំហាន​ទី​១ ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៥ សម្រាប់​​ទីក្រុង​ភ្នំពេញ និង​តំបន់​ជុំ​វិញ​ទីក្រុង​ភ្នំពេញ​។ ចំពោះ​ខេត្ត​ក្រុង​នានា គណបក្ស​នេះ​នឹង​ពង្រីក​ការ​ផ្សាយ​បន្ត​បន្ទាប់​ទៀត​នៅ​ពេល​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ