អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ៖ ចូល​ឆ្នាំ​ខ្មែរ​បី​ថ្ងៃ សន្តិសុខ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​ស្ថានភាព​ល្អ​ប្រសើរ​

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ឆ្នាំ​នេះ បាន​បិទ​បញ្ចប់​ទៅ​ដោយ​រលូន ពោល​គឺ សន្តិសុខ​ទូទាំង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ល្អ​ប្រសើរ ទោះ​បី​ជា​មាន​ករណី​បទ​ល្មើស​បាន​កើត​ឡើង​ខ្លះ​ក៏​ដោយ។ នេះ​បើ​តាម​ លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ និង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ។ ចំណែក​ឯ សភាពការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​ទាំង​អស់ ក៏​ត្រូវ​បាន​អាជ្ញាធរ អះអាង​ថា ពុំ​មាន​អ្វី​លេច​ឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍។

អាជ្ញាធរ ត្រួតពិនិត្យសន្តិសុខទូទៅ នៅតំបន់អង្គរ នាឱកាសអង្គរសង្រ្កាន្ត
អាជ្ញាធរ ត្រួតពិនិត្យសន្តិសុខទូទៅ នៅតំបន់អង្គរ នាឱកាសអង្គរសង្រ្កាន្ត @facebook/នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

លោក​គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ និង​ជា​អគ្គស្នងការ​រង​នគរ​បាល​ជាតិ បាន​បញ្ជាក់​ថា រយៈ​ពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា សភាពការណ៍​សន្តិសុខ នៅ​គ្រប់​ទី​កន្លែង​ រៀប​ចំ​សង្រ្កាន្ត​ទាំង​អស់ ពុំ​មាន​សកម្មភាព​អុក​ឡុក រំខាន​ណា​មួយ កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។ ចំណែក​ឯ សភាពការណ៍​នៅ​តាម​បណ្តាយ​ព្រំដែន​ទាំង​អស់ ក៏​ពុំ​មាន​អ្វី​លេច​ឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទេ​ ខណៈ​ពលករ​ខ្មែរ​ខុស​ច្បាប់​ត្រូវ​បាន​អាជ្ញាធរថៃ បញ្ជូន​ត្រលប់​មក​វិញ ចំនួន ៤៣៣​នាក់ ក្នុង​រយៈ​ពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។

ទាក់​ទិន​នឹង​សភាពការណ៍​បទល្មើស​វិញ បើ​តាម​លោក គៀត ច័ន្ទថារិទ្ធ ដដែល មាន​បទ​ល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ចំនួន ៣២ ករណី កើន​ឡើង ៨​លើក បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧។ ក្នុង​ចំណោម​បទ​ល្មើស​ព្រហ្មទណ្ឌ​ទាំង​៣២ ករណី​នេះ មាន​បទ​ឧក្រិដ្ឋ​៤​ករណី និង​បទ​មជ្ឈឹម​២៨​ករណី។

ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​បាន​បង្រ្កាប​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​មួយ​ករណី នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​បង្រ្កាប​ក្មេង​ទំនើង​ចំនួន​៧​ករណី​ផង​ដែរ​។

ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​សង្គម​វិញ បើ​តាម​លោក​គៀត ច័ន្ទថារិទ្ធ បាន​កើត​ឡើង​ចំនួន​១០៥​លើក ​រួម​មាន​ គ្រោះ​ថ្នាក់​ចរាចរ​ផ្លូវ​គោក​បាន​កើត​ឡើង​៥៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៦​នាក់ និង​របួស​ធ្ងន់ ស្រាល​៨១​នាក់។ ចំណែក​បញ្ហា​អគ្គិភ័យ ​គឺ​បាន​កើត​មាន​១១​លើក ដោយ​ឆេះ​ផ្ទះ​១៣​ខ្នង​ និង​មាន​ខ្យល់​ព្យុះ​កើត​ឡើង​៥​លើក។ ករណី​ធ្វើ​អត្តឃាត​កើត​ឡើង​១៥​លើក និង​ស្លាប់​១៥​នាក់ ​។ រី​ឯ​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញឿន​វិញ មាន​៩​ករណី​ ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៩​នាក់​។ បើ​ទោះ​បី​មាន​បទ​ល្មើស​កើត​ឡើង​ដូច​នេះ​ក៏​ដោយ ក៏​លោក​គៀត ច័ន្ទថារិទ្ធ បាន​វាយ​តម្លៃ​ជា​រួម​ថា សភាពការណ៍​សន្តិសុខ​នៅ​ទូ​ទាំង​ប្រទេស​រយៈ​ពេល​បី​ថ្ងៃ​នេះ​ មាន​ស្ថានភាព​ល្អ​ប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ