អានតួអត្ថបទ
កម្ពុជា

អង្គការ​WWF:​ វត្តមាន​សត្វ​ខ្លាធំ​ជា​ប្រភព​ចំណូល​រាប់លាន​ដុល្លារ​ពី​ទេសចរណ៍​ធម្មជាតិ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​អង្គការ​ការពារ​ប​រិ​ស្ថាន​និង​សត្វព្រៃ​នានា​ ក្នុងការ​បង្កើន​ឲ្យ​មាន​ចំនួន​សត្វ​ខ្លាធំ ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ការ​ឯកភាព​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​អង្គការ​​ការពារ​អភិរក្ស​សត្វព្រៃ ក្នុង​ឱកាស​នៃ​វេទិកា​ជាតិ​លើក​ទី​២​ស្តី​ពី​«​ការ​ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​នៅ​វិមាន​សន្តិភាព​។

អង្គការ WWF កម្ពុជា
អង្គការ WWF កម្ពុជា @FB
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល ​ប្រជា​សហគមន៍ ​និង​អង្គទូត​នានា​ចំនួន​ជាង​៧០០​នាក់​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ថ្លែង​ថា​លោក​មិនមាន​ការ​ស្ទាក់​ស្ទើរ​ចំពោះ​ការគាំទ្រ​ឲ្យ​មាន​វត្តមាន​សត្វ​ខ្លាធំ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ក្រសួង​បរិស្ថាន​ឲ្យ​ធ្វើ​ការងារ​នេះ​ជាមួយ​នឹង​អង្គការ​អភិរក្ស​សត្វព្រៃ ​អំពី​លទ្ធភាព​នៃ​ការនាំ​ចូល​ពូជ​ខ្លាធំ ​ការ​បង្កាត់​ពូជ​និង​ទីតាំង​ដែល​ត្រូវដាក់​សត្វ​ខ្លា​ផងដែរ​។

ការ​លើកឡើង​របស់​លោក​ហ៊ុន សែន​ គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​អង្គការ​ WWF Cambodia​ ដែល​បាន​ស្នើ​ដោយផ្ទាល់​មាត់​ស្តីពី​គំរោង​ស្តារ​ឡើងវិញ​នូវ​ពូជ​ខ្លាធំ​នៅក្នុង​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្ត​រតនៈគីរី​។ ​លោក ​សេង ទៀក​ ប្រធាន​អង្គការ​ WWF Cambodia​ តំណាង​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​អ​ភិ​រក្ស​សត្វព្រៃ​ចំនួន​៧ ​បាន​លើកឡើង​នៅក្នុង​អង្គប្រជុំ​កាលពី​ព្រឹក​មិញ​ដែរ​ថា​បញ្ហា​ខ្លាធំ​នេះ ​បានក្លាយ​ទៅជា​ចំណូល​សេដ្ឋកិច្ច​ទេសចរណ៍​ដ៏​ធំ​នៅលើ​ពិភពលោក​។

លោក​សេង ទៀក ​ពន្យល់​ថា​វិស័យ​ទេសចរណ៍​ធម្មជាតិ ​តាមរយៈ​ទេសចរណ៍​មើល​សត្វព្រៃ បាន​ផ្តល់​ចំណូល​រាប់លាន​ដុ​លា្ល​រ ​និង​បង្កើន​ការងារ​រាប់​ពាន់​កន្លែង​ដល់​សហគមន៍​មូលដ្ឋាន​។
លោ​កថា​តំបន់​ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុ​ជា​មាន​លក្ខណៈ​ដ៏​អំណោយផល​ល្អប្រសើរ ​ដោយ រដ្ឋាភិបាល​បាន​កំណត់​ថា​ជា​ប៉ូល​ទេសចរណ៍​ដែលមាន​សក្តានុពល​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​មើល​សត្វព្រៃ​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អ​គ្នេ​យ៍​។

សូម​បញ្ជាក់​ថា​សត្វ​ខ្លាធំ ​នៅលើ​ពិភពលោក​ត្រូវគេ​រកឃើញ​ថា​មាន​ប្រហែល​ជា​៤​ពាន់​ក្បាល ក្នុង​នោះ​នៅ​ប្រទេស​កម្ពុជា​ខ្លាធំ​ត្រូវគេ​សន្និដ្ឋាន​ថា​នៅសល់​ប្រមាណ​ជា​៣០​ក្បាល​នៅក្នុង​តំបន់​ព្រៃ​ធម្មជាតិ​។ ​ហេតុ​ដូច្នេះ ​កាល​ពី​ពេលថ្មី​ៗ​នេះ ​កម្ពុជា​បាន​ត្រៀម​នាំចូល​នូវ​ពូជ​ខ្លាធំ​ប្រមាណ​ជិត​១០​ក្បាល​បន្ថែម​ទៀត​ដើម្បី​បង្កើន​ចំនួន​ខ្លាធំ​កាន់តែ​ច្រើន​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​។ ​ជាការ​កត់សម្គាល់​បន្ទា​ប់​ពី​សត្វព្រៃ​វិល​ត្រលប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ក្រោយ​សង្គ្រាម​ក្នុងនោះ​មាន​ខ្លាធំ​ផង​ដែរ ​សត្វ​ទាំងនោះ​បាន​និង​កំពុង​ប្រឈម​នឹង​ការ​វិនាស​ទៅវិញ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ដោយសារ​ការ​ប្រ​ម៉ាញ់ ​ការ​ដាក់​អន្ទាក់​ធ្វើ​អាជីវកម្ម ​សម្រាប់​ធ្វើ​អាហារ ​និង​ធ្វើ​ថ្នាំ​សង្កូវ​។ ​លើសពីនេះ ​វិធានការ​ទប់ស្កាត់ ​ការ​សំលាប់​និង​ធ្វើ​អាជីវកម្ម​សត្វព្រៃ​កន្លងមក​ហាក់ដូចជា​មិនសូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឡើយ ​ជាហេតុ​ធ្វើ​ឲ្យ​សត្វព្រៃ​កាន់តែ​វិនាស​ហិនហោច​គួរ​ឲ្យ​សោកស្តាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ