UN៖ ការបោះឆ្នោតគ្មានបក្សប្រឆាំង ជាការបោះឆ្នោតមិនពិតប្រាកដ!
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីថ្ងៃទី ៣០ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្ស៊ឺណែវ ដោយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើឲ្យការបោះឆ្នោតជាតិនាពេលខាងមុខ ប្រព្រឹត្តិទៅដោយត្រឹមត្រូវពិតប្រាកដ។ ការបោះឆ្នោតត្រឹមត្រូវពិតប្រាកដ បើតាមលោកស្រី រ៉ូណា ស្មីត គឺទាល់តែមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំជាងគេ ដែលគេគិតថាជាអតីតគណបក្សសង្គ្រោះជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣០
«គ្មានការបោះឆ្នោតណាមួយ ដែលអាចចាត់ទុកថាត្រឹមត្រូវពិតប្រាកដបានទេ បើសិនជាមានការហាមឃាត់គណបក្សប្រឆាំងដ៏សំខាន់ មិនឲ្យចូលរួមនោះ»។ នេះគឺជាការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ដែលជាអ្នកជំនាញ ត្រូវបានតែងតាំងដើម្បីឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់អ្នកជំនាញរូបនេះ ធ្វើឡើងស្របពេលដែលដំណើរការចុះបញ្ជីគណបក្សនយោបាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កំពុងតែប្រព្រឹត្តិទៅរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ៣០មេសា ដល់ថ្ងៃទី ១៤ឧសភា។
លោកស្រី រ៉ូណា ស្មីត សង្កត់ធ្ងន់ថា អ្នកដឹកនាំប្រទេសបច្ចុប្បន្ន មានឱកាសចុងក្រោយមួយ ដើម្បីធ្វើយ៉ាងណាត្រលប់ទៅដើរលើផ្លូវតាមគន្លងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវជាក់លាក់ តាមបែបសេរីពហុបក្ស ស្របតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយធានាឲ្យបាននូវភាពស្មើគ្នា ក្នុងការចូលរួមពីគ្រប់ភាគីគណបក្សនយោបាយទាំងអស់។
ដូច្នេះ ដើម្បីធានាឲ្យការបោះឆ្នោតនាពេលខាងមុខ ត្រូវបានទទួលស្គាល់ អ្នកតំណាងអង្គការសហប្រជាជាតិរូបនេះ បានជម្រុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវតែប្រញាប់ដោះលែងមេដឹកនាំបក្សប្រឆាំងលោកកឹម សុខា ជាបន្ទាន់ ព្រមទាំងដកចេញនូវការហាមឃាត់ធ្វើនយោបាយចំពោះតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន១១៨រូប ផ្សេងទៀត ដើម្បីឲ្យពួកគេអាចចូលរួម ក្នុងការបោះឆ្នោតនៅថ្ងៃទី ២៩កក្កដា ខាងមុខបាន។
មិនត្រឹមតែជម្រុញឲ្យរដ្ឋាភិបាល ដកការរឹតត្បិតលើអតីតបក្សប្រឆាំងប៉ុណ្ណោះទេ លោកស្រី រ៉ូណា ស្មីត ក៏បានទាមទារឲ្យមានការលើកទឹកចិត្ត ដល់បណ្តាប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត អាចចូលរួមពិភាក្សា ផ្តល់យោបល់ រិះគន់ និងសង្កេតការណ៍សម្រាប់កិច្ចការប្រទេសជាតិផងដែរ។
គួរជម្រាបជូនថា ការប្រកាសរបស់អ្នកជំនាញអង្គការសហប្រជាជាតិនេះ ក៏ស្របពេលដែលកូនស្រីរបស់លោកកឹម សុខា គឺកញ្ញា កឹម មនោវិទ្យា កំពុងតែមានវត្តមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីស្វែងរកអន្តរាគមន៍ឲ្យមានការដោះលែងឪពុករបស់ខ្លួន។ តាមកញ្ញា កឹម មនោវិទ្យា ការបោះឆ្នោតដោយគ្មានវត្តមានបក្សប្រឆាំងដ៏សំខាន់ គឺជារឿងដ៏អាម៉ាស់។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាល តែងលើកឡើងជារឿយៗថា អវត្តមានអតីតគណបក្សសង្គ្រោះជាតិ ក៏ដំណើរការបោះឆ្នោតនៅតែឆ្ពោះទៅមុខ។ ឆ្ពោះទៅមុខ ដោយសារមានការចូលរួមពីគណបក្សជាច្រើនផ្សេងទៀត ដែលបង្ហាញពីការបោះឆ្នោតមួយ តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។
គួររម្លឹកជូនថា កាលពីខែមុនសហគមន៍អន្តរជាតិចំនួន ៤៥ប្រទេស ទើបតែបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោស និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្សសម្រាប់ដំណើរការបោះឆ្នោតថ្នាក់ជាតិ ប្រាកដដោយសេរី និងយុត្តិធម៌ពិតប្រាកដ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ