អានតួអត្ថបទ
កម្ពុជា

កម្ពុជា​មាន​ជំហរ​រឹងមាំ ​និង​សង្ឃឹម​មាន​ប្រៀប​ជាង​វៀតណាម​លើ​បញ្ហា​ដាក់​ដាំ​

មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​ថា​មិន​ទាន់​មាន​ការ​កំណត់​ជជែក​គ្នា​ជាមួយ​ភាគី​វៀតណាម​ជា​ថ្មី​ទេ ​លើ​តំបន់​ដាក់​ដាំ ​ខណៈ​ដែល​បញ្ហា​នេះ​បាន​កក្រើក​ជា​ថ្មី​តាម​រយៈ​កា​រអះអាង​របស់​ក្រសួង​ការ​បរទេស​វៀតណាម​នៅ​ដើម​សប្តាហ៍​នេះ​ថា​ជា​ទឹកដី​របស់​វៀតណាម។​ ការ​លើក​ឡើង​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កាល​ពី​ខែ​តុលា​នៅ​ប្រទេស​បារាំង។​ ទោះយ៉ាង​នេះ​ក្តី​ មន្ត្រី​ព្រំដែន​កម្ពុជា​បញ្ជាក់​ថា​កម្ពុជា​មាន​ជំហរ​រឹង​មាំ​លើ​ការ​ចរចា​ស្តី​ពី​ទឹក​ដី​ដាក់​ដាំ ​បើ​ទោះ​ណា​កន្លង​មក​ភាគី​ទាំង​ពីរ​បាន​ប្រកាន់​យក​រៀង​ៗ​ខ្លួន​ក៏​ដោយ។

ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ស្ងាត់​អស់​មួយ​រយៈ ​នៅ​ផ្នែក​ខាង​ក្នុង​​ប្រទេស​កម្ពុជា​ បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​ ត្រូ​វ​បាន​បង្ហើប​ចេញ​ពី​ក្រុង​ហាណូយ​មក​វិញ​ នៅ​ដើម​សប្តាហ៍​នេះ។​ បើទោះ​ណា​ជា​បញ្ហា​ទឹកដី​តំបន់​ដាក់​ដាំ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ថ្មី​ឡើង​វិញ ​ក៏​ប៉ុន្តែ​រវាង​អ្នក​ជំនាញ​ព្រំដែន​ កម្ពុជា​-វៀតណាម ​ធ្លាប់​បាន​ជជែក​គ្នា​​ច្រើន​ដង​ហើយ ​តែ​មាន​ជំហរ​រៀងៗ​ខ្លួន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី កុយ ពិសី ​អនុ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា។​ ព្រម​ទាំង​បញ្ជាក់​​ថា​នៅ​មិន​ទាន់​មាន​គម្រោង​ជជែក​គ្នា​ជា​ថ្មី​នៅ​ពេល​ណា​ទេ​ ខណៈ​ដែល​ គណៈកម្មការ​ព្រំដែន​កម្ពុជា​ សង្ឃឹម​ទៅ​លើ​ឯកសារ​សម្រាប់​អះអាង​ដែល​ថា ​កម្ពុជា​មាន​សេចក្តី​សម្រេច​របស់​អគ្គទេសាភិបាល​បារាំង​នៅ​ឆ្នាំ​១៩១៤ ​ខ្សែ​​ព្រំដែន​តាម​ព្រែក​ដាក់​ហ៊ូត។

ការ​លើក​ឡើង​របស់​អនុប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​Onli​ne វៀតណាម​ផ្សាយ​ជា​៥​ភាសា​ឈ្មោះ​ Vietnamplus កាល​ពី​ថ្ងៃ​ទី​២​វិច្ឆិកា​ ដែល​បាន​ដកស្រង់​សំដី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​លោក​ Le Hai Binh​ ថា ​វៀតណាម​មាន​អធិបតី​ភាព​ពេញ​លេញ​ទៅ​លើ​ទឹកដីនៅ​តំបន់​ព្រំដែន​ដាក់​ដាំ​នៃ​ខេត្ត​ដាក់​ណុង​ប្រទេស​វៀតណាម ​ឈម​គ្នា​នឹង​ខេត្ត​រតនគីរី​ប្រទេស​កម្ពុជា។

​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការ​បរទេស​វៀតណាម​បញ្ជាក់​ថា ​វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​​ប្រវត្តិសាស្ត្រ​គ្រប់​គ្រាន់​ ក្នុង​ការ​បង្ហាញ​ថា​តំបន់​ដាក់​ដាំ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​ពេញ​លេញ​​របស់​វៀតណាម។

ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​វៀតណាម​គឺ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​និង​និស្សិត​ ឯ​ប្រទេស​បារាំង​កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ ​ដែល​ថា​វៀតណាម​បាន​ចរចា​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក ​ដោយ​ភាគី​វៀតណាម ​យក​តំបន់​ដាក់​ដាំ៦​០%​ ហើយ​ឲ្យ​កម្ពុជា​៤០% ​ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ព្រម​ ព្រម​ទាំង​ចាត់​ទុក​ថា​ទីតាំង​នោះ​ជា​ដែនដី​អធិបតី​របស់​កម្ពុជា។​

ជាមួយ​គ្នា​នេះ​ គណៈកម្មការ​ព្រំដែន​កម្ពុជា​អះអាង​ថា​ រាល់​ការ​ចរចា​កម្ពុជា​តែង​ប្រកាន់​យក​ជំហរ​ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ ហើយ​ថា​វា​ជា​ជំហរ​ដ៏​រឹងមាំ​និង​មាន​ប្រៀប​ផង​ដែរ​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ