អានតួអត្ថបទ
កម្ពុជា

ក្រសួង​កិច្ចការ​នារី៖ អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​កន្លែង​ធ្វើ​ការ​មាន​ការ​ថយ​ចុះ

យុទ្ធនាការ​គ្មាន​អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​កន្លែង​ធ្វើ​ការ ត្រូវ​បាន​ក្រសួង​កិច្ចការ​នារី អះ​អាង​ថា មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ ទោះ​បី​ជា​របាយការណ៍​ផ្លូវ​ការ​មិន​ទាន់​បាន​ចេញ​ផ្សាយ​យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ទទួល​បន្ទុក​គម្រោង​នេះ បាន​បញ្ជាក់​ថា ម្ចាស់​ហាង​គ្រឹះ​ស្ថាន​កម្សាន្ត បាន​ចុះ​ហត្ថលេខា​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃគូ​លើ​កម្មវិធី​កន្លែង​ធ្វើ​ការ​គ្មាន​អំពើ​ហិង្សា ចំនួន ២៥៦ ហាង និង​ផ្តល់​សម្ភារៈ​សម្រាប់​តាំង​បង្ហាញ​ចំនួន ៩៦ ហាង។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ស្រ្តី បាន​សាទរ​ចំពោះ​ការ​ថយ​ចុះ​នេះ។

ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី បើ​ប្រៀប​ធៀប​នឹង​យុទ្ធនាការ​កាល​ពី​ពេល​កន្លង​ទៅ នៅ​ឆ្នាំ ២០១៤ ស្រ្តី​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត រង​ការ​បៀត​បៀន និង​ប្រើ​ប្រាស់​អំពើ​ហិង្សា មាន​រហូត​ទៅ​ដល់ ៨៣ ភាគរយ ក៏​ប៉ុន្តែនៅ​ក្នុង​ឆ្នាំ ២០១៦ នេះ ស្រ្តី​ដែល​រង​ការ​បៀត​បៀន និង​អំពើ​ហិង្សា មាន​ចំនួន ៥៣%។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រសួង​កិច្ចការ​នារី និង​ស្ថាប័ន​ពាក់​ព័ន្ធ ក៏​បាន​បញ្ជ្រាប​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​ជា​ក្រុម​គោល​ដៅ​មួយ​ចំនួន រួម​មាន អ្នក​រត់​ម៉ូតូ​កង់​បី បាន​ចំនួន ១៤០នាក់ និង​អ្នក​រត់​ម៉ូតូ​ឌុប​ជា​ដើម ព្រោះ​ថា ពួក​គេ​អាច​ជា​ភ្នាក់ងារ​រាយការណ៍​ពី អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​តាម​ទីតាំង​នានា យ៉ាង​ឆាប់​រហ័ស។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ទូទៅ អាច​រាយការណ៍​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​លើ​ស្រ្តី​គ្រប់​រូប​ភាព តាម​លេខ​ទូរស័ព្ទ ១២៨៨ ដោយ​ពុំ​គិត​ថ្លៃ ដើម្បី​ផ្តល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ ឲ្យ​ចុះ​អន្តរាគមន៍។​

សូម​បញ្ជាក់​ថា នៅ​ក្នុង​សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការ​អនុវត្ត​គម្រោង​កន្លែង​ធ្វើ​ការ​មាន​សុវត្ថិភាព សហគម​មាន​សុវត្ថិភាព ដែល​មាន​រយៈ​ពេល​បី​ឆ្នាំ ក្រសួង​កិច្ចការ​នារី បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​កន្លែង ដូចជា ក្លឹប​កម្សាន្ត​រាត្រី បៀរហ្គាឌិន និង​រោងចក្រ ជា​ដើម។ យុទ្ធនាការ​នេះ គឺ​កិច្ច​សហការណ៍​រវាង​ក្រសួង​កិច្ច​ការ​នារី និង​អង្គការ Care។​ យុទ្ធនាការ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ របស់​ស្រ្តី​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព ជៀស​ផុត​ពី​អំពើ​ហិង្សា ជា​ពិសេស​ការ​បៀត​បៀន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការ។ ក៏​ប៉ុន្តែ​បន្ទាប់​ពី​បញ្ចប់​គម្រោង​នេះ អង្គការ​Care ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​នៃ​គម្រោង​នេះ បាន​ប្រកាស​ថា នឹង​បង្វែរ​ថវិកា​ទៅ​ជួយ​ដល់​គម្រោង​ផ្សេង​វិញ។

ជុំវិញ​យុទ្ធនាការ​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​កន្លែង​ធ្វើ​ការ​នេះ លោក អ៊ូ រតនៈ នាយក​ប្រតិបត្តិ សមាគម​សុខភាព​ប្រជាជន និង​ជា​សមាជិក​បណ្តាញ​បុរស សាទរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ