ធនាគារពិភពលោក៖ កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ និងបន្តបោះជំហានឡើងលើវិស័យកម្មន្តសាល
ធនាគារពិភពលោក (World Bank) នៅថ្ងៃទី ២២ វិច្ឆិកា នេះ បានចេញផ្សាយរបាយការណ៍ថ្មី ស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា” ដោយបានវាយតម្លៃថា កម្ពុជាអាចរក្សាបានភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា ៦.៨ នៅឆ្នាំ២០១៧ និង ៦.៩% នៅឆ្នាំ២០១៨ ។ ការរក្សាបានភាពរឹងមាំនេះ គឺដោយសារតែការរក្សាបាននូវកំណើននៃការនាំចេញផលិតផលស្បែកជើង គ្រឿងម៉ាស៊ីន អគ្គិសនី បរិក្ខារ និងគ្រឿងបម្លាស់រថយន្តជាដើម។ ប៉ុន្តែទន្ទឹមគ្នានេះ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធមួយចំនួន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៨
យោងតាមរបាយការណ៍ “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយ” ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ ធនាគារពិភពលោក (World Bank) បានកត់សំគាល់ឃើញថា ការនាំចេញផលិតផលសម្លៀកបំពាក់និងផលិតផលវាយនភ័ណ្ឌដទៃទៀតមានបរិមាណមធ្យម ក៏ប៉ុន្តែ ទស្សនវិស័យរយៈពេលមធ្យម នៅតែមានភាពវិជ្ជមាន ដោយសារតែកំណើនលើការនាំចេញទំនិញច្រើនប្រភេទ និងលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។
តាមរយៈរបាយការណ៍នេះ លោកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា កំពុងស្ថិតនៅត្រង់ចំណុចមួយដែលបោះជំហានឈានឡើងក្នុងខ្សែសង្វាក់តម្លៃលើវិស័យកម្មន្តសាលមានការកើនឡើង ដូចជា ពីការកើនឡើងតែផ្នែកកាត់ដេរ មកបង្កើនផ្នែកអគ្គិសនី និងគ្រឿងបម្លាស់យានយន្ត ហើយនោះគឺ ជាការអភិវឌ្ឍមួយ ដែលប្រកបដោយក្តីសង្ឃឹម។ ទោះជាយ៉ាងនេះក្តី ដើម្បីទទួលបានជោគជ័យបន្ថែមទៀត លោកស្រី អ៊ីហ្គូណា ដូប្រាចា បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ដែលអាចជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់នៃអគ្គិសនី និងភស្តុភារ ព្រមទាំងគម្លាតអ្នកជំនាញជាដើម។
សូមបញ្ជាក់ថា ធនាគារពិភពលោក (World Bank) នៅថ្ងៃទី ២២ វិច្ឆិកា បានសម្ពោធរបាយការណ៍ថ្មីចុងក្រោយ ស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា” ដែលជារបាយការណ៍ប្រចាំឆមាស ដើម្បីផ្តល់ជូននូវព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ទាំងរយៈពេលវែង និងរយៈពេលមធ្យម។
នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅឯសណ្ឋាគាឡឺរ៉ូយ៉ាល់ (Le Royal) ក្នុងទីក្រុងភ្នំពេញ អ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារពិភពលោកបានអះអាងថា បញ្ហានយោបាយនារយៈពេលថ្មីៗនេះ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាខ្លះដែរ ប៉ុន្តែត្រឹមរយៈពេល៦ខែប៉ុណ្ណោះ ដែលប្រការនេះ នឹងមិនសូវជាចោទខ្លាំងពេកនោះទេ។ ព្រោះថា ជាទម្លាប់របស់កម្ពុជា បញ្ហាតែងតែត្រូវបានដោះស្រាយបញ្ចប់ នៅពេលបន្ទាប់។
ផ្អែកតាមរបាយការណ៍ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី ០៤ ខែតុលា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា មានអត្រាថមថយតិចតួច ពី៧% នៅឆ្នាំ២០១៦ មកនៅត្រឹម ៦.៨% នៅឆ្នាំ២០១៧ និង ៦.៩% នៅឆ្នាំ២០១៨ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានអត្រា ៧.១% នៅ២០១៧ និងឆ្នាំ២០១៨។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជាបានដាក់ការព្រួយបារម្ភថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ខ្លះ ដោយសារតែបញ្ហានយោបាយនារយៈពេលចុងក្រោយនេះ ខណៈដែលទីផ្សារសំខាន់ៗរបស់ប្រទេសនេះ គឺពឹងផ្អែកច្រើនទៅលើសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក ប្រសិនបើប្រទេសទាំងនោះបិទការនាំចូលពីកម្ពុជា។ ក្នុងនោះការនាំចេញរបស់កម្ពុជាជិត៧០ភាគរយឆ្ពោះទៅទីផ្សាររបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក លើទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ