អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​នឹង​ទទួលរង​ការ​ពុះចែក​ជាថ្មី ឬ​យ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​ទើប​បាន​ប្រារព្ធ​ខួប​ឯករាជ្យជាតិ​គម្រប់ ៥៤ឆ្នំា​កាល​ពី​ថ្ងៃទី១៣ សីហា ឆ្នំា ២០១៤។ ខុស​ពី​ប៉ុន្មាន​ឆ្នំា​មុន បុណ្យ​ឯករាជ្យជាតិ​ឆ្នំា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិនយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។ គឺ​ជា​វិបត្តិ​នយោបាយ​ដែល​បាន​ផ្ទុះ​ឡើង នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ស្របច្បាប់​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ​ក្នុង​ខែ​មីនា ឆ្នំា ២០១៣ ដោយ​ក្រុម​ឧទ្ទាម​សេលេកា អ្នក​កាន់​សាសនាអ៊ីស្លាម។ ជាង ១ឆ្នំា ក្រោយ​មក និង​បើ​ទោះ​បី​ជា​មាន​អន្តរាគមន៍​ពី​ប្រទេស​បារំាង និង​សហភាព​អាហ្រ្វិក​ក៏​ដោយ ក៏​ប្រទេស​អាហ្រ្វិក​មួយ​នេះ​នៅ​បន្ត​ជួប​វិបត្តិ​យ៉ាង​ស្មុគស្មាញ និង​ប្រហែល​ជា​ចៀស​មិន​រួច​ពី​ការ​ពុះ​ចែក​ជា​ថ្មី​ទេ។ ហេតុអ្វី​បាន​ជា​យ៉ាង​ដូច្នេះ?

លោក​ម៉ាហាម៉ាត កាមូន នាយករដ្ឋមន្រ្តី​ថ្មី​នៃ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល
លោក​ម៉ាហាម៉ាត កាមូន នាយករដ្ឋមន្រ្តី​ថ្មី​នៃ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល AFP/Pacome Pabandji
ផ្សាយពាណិជ្ជកម្ម

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ហ៊ាន​និយាយ​ថា ស្ថានការណ៍​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​បាន​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​មួយ​ដែល​ខ្លួន​បាន​ចាប់​ផ្តើម មាន​ន័យ​ថា ការ​ពុះ​ចែក​ប្រទេស​ជា​ពីរ​បំណែក។ តែ​បើ​គេ​ផ្អែក​លើ​តថភាព​ជាក់ស្តែង​ដែល​បាន និង​កំពុង​កើត​មាន​នា​ពេល​សព្វថ្ងៃ​នោះ គេ​ពិត​ជា​ហ៊ាន​អះអាង​ទុក​ជា​មុន​ថា ប្រទេស​អាហ្រ្វិក​មួយ​នេះ​បាន និង​កំពុង​វិល​ទៅ​រក​ទ្រនំចាស់​របស់​ខ្លួន​វិញ​ហើយ។ ប្រសិន​ជា​ដូច្នោះ​មែន នោះ​ពិត​ជា​រឿង​មួយ​គួរ​ឲ្យ​ខក​ចិត្ត​ខ្លំាង​ណាស់​សម្រាប់​ប្រជាជន​អាហ្រ្វិកកណ្តាល​ទំាង​អស់ ពិសេស​សហគមន៍​អន្តរជាតិ​ដែល​បាន​ខ្នះខ្នែង​ជួយ​ស្រោចស្រង់​តំាង​ពី​ដើម​មក។ តែ​យ៉ាង​ណា​ក៏​ដោយ ថ្នាក់ដឹកនំា​អាហ្រ្វិក​កណ្តាល​ខ្លួន​ឯង​ដែល​មាន​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា ជា​ប្រធានាធិបតី​ក៏​កំពុង​ប្រឹងប្រែង​ជា​បន្ត​ទៀត​ដើម្បី​ស្វែង​រក​កុងសង់ស៊ុស​រួម​មួយ​សម្រាប់​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់។ ជាក់ស្តែង​ថ្មីៗ​នេះ លោកស្រី​កាទ្រីន​បាន​ផ្លាស់ប្តូរ​នាយករដ្ឋមន្រ្តី ដោយ​ជ្រើស​តំាង​លោក​ម៉ាហាម៉ាត កាមូន​ឲ្យ​ជំនួស​កន្លែង​លោក​អង់ដ៉្រេ ហ្ស៉ាប៉ាយេកេ។

មាន​អាយុ ៥២ឆ្នំា លោក​នាយករដ្ឋមន្រ្តី​ថ្មី​ម៉ាហាម៉ាត កាមូន​ក៏​ដូច​ជា​លោក​អង់ដ៉្រេ ហ្ស៉ាប៉ាយេកេ​ដែរ គឺ​មិន​ធ្លាប់​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ទេ។ លោក​ម៉ាហាម៉ាត កាមូន គឺ​ជា​អ្នកសេដ្ឋកិច្ច​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ។ លោក​កាមូន​ធ្លាប់​បាន​សិក្សា​រៀនសូត្រ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​បារំាង។ ក៏​ដូច​ជា​លោក​ហ្ស៉ាប៉ាយេកេ​ដែរ លោក​កាមូន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជន​ម្នាក់​អព្យាក្រឹត​នៅ​ចំពោះ​មុខ​គូបដិបក្ខ​នយោបាយ​ទំាង​អស់​ដែល​កំពុង​បន្ត​ហែកហួរ​គ្នា និង​ដែល​បាន​ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ប្រកប​ដោយ​គ្រោះថ្នាក់​នា​ពេល​នេះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រូប​លោក​នាយករដ្ឋមន្រ្តី​ថ្មី​ក៏​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោកស្រី​ប្រធានាធិបតី​ដែរ។ គឺ​រូបលោក​កាមូន​នេះ​ឯង​ដែល​បាន​ជូន​ដំណើរ​លោកស្រី​កាទ្រីន​ទៅ​កាន់​បរទេស​ក្នុង​នាម​ជា​អ្នកជំនួយការពិសេស។ គឺ​លោក​កាមូន​នេះ​ហើយ​ដែល​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​អតីត​ឧទ្ទាម​សេលេកា​បោះឆ្នោត​គំាទ្រ​លោកស្រី​កាទ្រីន​ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី​កាល​ពី​ដើម​ឆ្នំា ២០១៤។

ក៏​ប៉ុន្តែ ទន្ទឹម​នឹង​ចំណុច​វិជ្ជមាន លោក​កាមូន​ក៏​មាន​ឈ្មោះ​មិន​សូវ​ល្អ​ទេ​ក្នុង​ពេល​ដែល​លោក​មាន​តំណែង​ជា​នាយក​ផ្នែក​ថវិកា​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ និង​បន្ទាប់​មក​ជា​ប្រធាន​រតនាគារ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ​ពី​ឆ្នំា ២០០៣ ដល់​ឆ្នំា ២០១៣។ ក្នុង​ចន្លោះ​ពី​ឆ្នំា ២០០៦ និង ២០០៧ លោក​បាន​ជាប់ចោទ​ពី​បាន​បង្វែរ​លុយ​ដោយ​ខុស​ច្បាប់ តែ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​រួច​ខ្លួន​ទំាង​អស់។ ក្រោម​ភ្នែក​ច្រមុះ​របស់​សហគមន៍​អន្តរជាតិ លោក​ម៉ាហាម៉ាត កាមូន ជា​ឥស្សរជន​នយោបាយ​ថ្មី​ស្រឡាង​ដែល​គ្មាន​នរណា​ស្គាល់។ តែ​សម្រាប់​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា ជម្រើស​លោក​ម៉ាហាម៉ាត កាមូន ជា​ជម្រើស​មួយ​ចំា​បាច់​មិន​អាច​ខ្វះ​បាន និង​មាន​ហេតុផល​របស់​វា នោះ​គឺ​លោក​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម ហើយ​នេះ ជា​លើកទី១​បង្អស់​នៅ​ក្នុង​ប្រវត្តិ​របស់​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល ពោល​តំាង​ពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៦០ មក​​ដែល​មាន​អ្នកកាន់​សាសនា​អ៊ីស្លាម​ម្នាក់​បាន​ទទួល​តំណែង​ដ៏​ខ្ពង់ខ្ពស់​នេះ។

តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ផ្ទៃក្នុង​ប្រទេស មាន​មតិ​ពីរ​ខ្វែង​គ្នា​ទាក់ទង​នឹង​ជម្រើស​លោក​ម៉ាហាម៉ាត កាមូន​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ពេល​នេះ។ សម្រាប់​អ្នក​ខ្លះ​យល់​ឃើញ​ថា អ្វី​ដែល​សំខាន់​មិនមែន​នៅ​ត្រង់​ថា ឥស្សរជន​ត្រូវ​កាន់​សាសនា​នេះ ឬ​សាសនា​នោះ​ទេ សំខាន់​គឺ​សមត្ថភាព និង​បទពិសោធន៍។ តែ​សម្រាប់​អ្នកខ្លះ​ទៀត​យល់​ថា ជម្រើស​អ្នក​កាន់សាសនា​អ៊ីស្លាម​ម្នាក់​ឲ្យ​កាន់​តំណែង​ប្រមុខ​រដ្ឋាភិបាល​ពេល​នេះ ជា​រឿង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ស្ថានភាព​របស់​ប្រទេស​កំពុង​បន្ត​ហែកហួរ​គ្នា​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់​គ្រិស្តសាសនា ពិសេស​គឺ​ពួក​ឧទ្ទាម​សេលេកា​អ្នក​កាន់សាសនា​អ៊ីស្លាម​នោះ​ឯង។ រហូត​មក​ដល់​ពេល​នេះ​ទៀត ជម្រៅ​នៃ​បញ្ហា​របស់​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល គឺ​ហិង្សា​រវាង​សហគមន៍​សាសនា​នេះ​ឯង។ គ្រាន់​តែ​ក្នុង​រយៈពេល ១ឆ្នំា​ចុង​ក្រោយ​នេះ ជម្លោះ​សាសនា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់ពាន់នាក់ និង​បន្សល់​ទុក​ជនភៀសខ្លួន​រាប់សិបពាន់​នាក់​ផ្សេង​ទៀត។

ឃើញ​ថា វា​ពិត​ជា​មិនមែន​ចៃដន្យ​ទេ​ដែល​លោកស្រី​ប្រធានាធិបតី​បាន​ជ្រើស​តំាង​ឥស្សរជន​អ៊ីស្លាម​ម្នាក់​ឲ្យ​កាន់​តំណែង​កំពូល​មួយ​នេះ ព្រោះ​យ៉ាង​ហោច​ណាស់ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ឧទ្ទាម​សេលេកា​ស្ងប់​ចិត្ត​បន្តិច​ដែរ នោះ​បើ​ទោះបី​ជា​លោក​កាមូន​មិនមែន​ជា​សមាជិក​របស់​ពួក​ឧទ្ទាម​សេលេកា​ក៏​ដោយ។ គួរ​ជម្រាប​ជូន​ថា វិបត្តិ​នយោបាយ​សព្វថ្ងៃ គឺ​កើត​ចេញ​ពី​ការ​ដណ្តើម​អំណាច​គ្នា​រវាង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លំាង ដូច​ករណី​ពួក​សេលេកា​ជា​ដើម។ ក្រុម​ឧទ្ទាម​មួយ​នេះ​បាន​ទាមទារ​យក​តំណែង​នាយករដ្ឋមន្រ្តី តែ​លោកស្រី​ប្រធានាធិបតី​មិន​ព្រម ដោយ​សុខចិត្ត​ជ្រើស​យក​អ្នក​កាន់សាសនា​អ៊ីស្លាម​ឯករាជ្យ​ម្នាក់​ទៅ​វិញ។

ដូច្នេះ មាន​កិច្ចការ​លំបាក និង​ស្មុគស្មាញ​ជា​ច្រើន​ដែល​កំពុង​រង់ចំា​លោក​នាយករដ្ឋមន្រ្តី​ថ្មី ពិសេស​ធ្វើ​យ៉ាង​ណា បញ្ជៀស​ប្រទេស​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​បែងចែក​ទឹកដី​ជា​ថ្មី​ដូច​កាល​ពី​អតីតកាល។ តែ​នៅ​ចំពោះ​មុខ លោក​ម៉ាហាម៉ាត កាមូន​ត្រូវ​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដែល​ចំា​បាច់​ត្រូវ​តែ​ប្រមែប្រមូល​គ្រប់​គូបដិបក្ខ​នយោបាយ​ទំាង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ