អានតួអត្ថបទ
បារាំង-អាហ្វ្រិកកណ្តាល

អ្នកកាសែត​បារាំង​ម្នាក់​ត្រូវគេ​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល

អ្នកកាសែត​បារាំង​មួយ​រូប​ត្រូវ​បាន​គេ​សម្លាប់ នៅ​ក្នុង​​ពេល​កំពុង​​យកការណ៍ នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​បារាំង កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។ រហូត​មក​ទល់​នឹង​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយទេថា តើ​ការ​សម្លាប់​អ្នក​កាសែត​រូបនេះ គឺ​ជា​ស្នាដៃ​របស់​អ្នកណា ហើយ​ស្លាប់​នៅ​ក្នុង​កាលៈទេសៈ​បែបណា? ក្រុមប៉ូលិស​ស៊ើបអង្កេត​បារាំង​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ ទៅកាន់​កន្លែង​កើតហេតុ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​នេះ។

Camille Lepage នៅ​ក្នុង​ពេល​កំពុង​យកការណ៍ នៅ​អាហ្វ្រក​កណ្តាល កាល​ពី​ខែ​កុម្ភៈ ២០១៤
Camille Lepage នៅ​ក្នុង​ពេល​កំពុង​យកការណ៍ នៅ​អាហ្វ្រក​កណ្តាល កាល​ពី​ខែ​កុម្ភៈ ២០១៤ AFP PHOTO / FRED DUFOUR
ផ្សាយពាណិជ្ជកម្ម

អ្នក​កាសែត​បារាំង ដែល​ត្រូវ​គេ​សម្លាប់ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នេះ គឺ​ជា​អ្នក​ថតរូប​ មាន​ឈ្មោះ​ថា Camille Lepage ភេទ​ស្រី វ័យ ២៦ឆ្នាំ ហើយ​ដែល​រូបថត​របស់​គាត់​ ជាពិសេស នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ត្រូវ​បាន​ចុះផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ ដូចជា Reuters និង BBC ជាដើម។

សូមមើល​រូបថត​របស់ Camille Lepage នៅលើ​វិបសៃតត៍​ផ្ទាល់​ខ្លួន​របស់​គាត់

ជាអ្នក​មាន​ចំណង់ចំណូលចិត្ត​ក្នុងការ​យកការណ៍ នៅ​ក្នុង​តំបន់​ដាច់ស្រយាល Camille Lepage ធ្លាប់​បាន​ទៅ​យកការណ៍ នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង មុននឹង​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​កណ្តាល។
 

La journaliste française Camille Lepage à Damara (RCA), à 70 km au nord de Bangui, le 21 février 2014.
La journaliste française Camille Lepage à Damara (RCA), à 70 km au nord de Bangui, le 21 février 2014. AFP / FRED DUFOUR

សាកសព​របស់ Camille Lepage ត្រូវ​បាន​គេ​រក​ឃើញ កាលពីព្រឹក​ថ្ងៃ​អង្គារ នៅពេល​ដែល​ទាហាន​បារាំង ដែល​កំពុង​ឈរជើង​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កំពុង​ធ្វើការ​ឆែកឆេរ​រថយន្ត​ជាច្រើន​គ្រឿង​បើកបរ​ដោយ​​ក្រុម​ជន​ប្រដាប់​អាវុធ ដែល​អះអាង​ថា ខ្លួន​គឺ​ជា​ក្រុម​ឧទ្ទាម​ Anti-balaka ពោលគឺ ក្រុម​គ្រីស្ទាន​ប្រដាប់អាវុធ​ប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ​ឥស្លាម។ នៅ​ក្នុង​ពេល​ឆែកឆេរ ទាហាន​បារាំង បាន​រកឃើញ​​សាកសព​របស់​អ្នក​កាសែត​បារាំង ក្នុង​ចំណោម​សាកសព​ ៤​ផ្សេងទៀត។

ក្រុមជន​ប្រដាប់អាវុធ​នៅលើ​រថយន្ត​ទាំងនេះ​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ប៉ូលិស​អាហ្វ្រិក​កណ្តាល និង​ប៉ូលិស​បារាំង​ធ្វើការ​សាកសួរ អំពី​ដំណើរ​ហេតុ ដែល​នាំ​ឲ្យ​ស្លាប់​​អ្នក​កាសែត​រូបនេះ​។

ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​​​នេះ លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង បាន​​ប្រកាស​ថា បារាំង​នឹង​ចាត់វិធានការ​គ្រប់​យ៉ាង ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​ធ្វើ​ឃាត​អ្ន​ក​កាសែត​រូបនេះ។

“យើងចាំបាច់​ត្រូវ​តែ​ស្វែងរក​ការពិត​ជុំវិញ​សំណុំរឿង​នេះ។ តើ​ហេតុអ្វី​បាន​ជា​គាត់​ស្ថិត​នៅ​ក្នុង​តំបន់​នោះ? អ្នកណា​ជា​អ្នក​ចាប់ខ្លួន​គាត់ ហើយ​តើ​គាត់​ត្រូវ​ស្លាប់​ដោយ​របៀបណា? យើង​ចាំបាច់​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ឃាតក​ត្រូវ​រួចទោស។ យើង​នឹង​ស្វែងរក​មុខ​​ពួកឃាតក​​ឲ្យ​ឃើញ ដើម្បី​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់។ នេះ​ជា​ការ​អះអាង​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ កាល​ពី​យប់​ថ្ងៃ​អង្គារ។ លោក​ប្រធានាធិបតី​បារាំង​ក៏​បាន​អំពាវនាវ​ផងដែរ​ ដល់​គ្រប់​អ្នក​កាសែត​ទាំងអស់​​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន នៅ​ក្នុង​ពេល​បំពេញ​ការងារ នៅ​ក្នុង​តំបន់​ជម្លោះ​នៅ​អាហ្វ្រិក ជាពិសេស នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល៕

រូបថត​របស់ Camille Lepage ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ
រូបថត​របស់ Camille Lepage ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ REUTERS/Camille Lepage

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ