អានតួអត្ថបទ
ឆាដ-​អាហ្វ្រិកកណ្តាល-​អ.ស.ប​

រដ្ឋាភិបាល​ឆាដ​ចោទ​អ.ស.ប​​ថា​ បង្ខូច​ឈ្មោះ​ទាហាន​ឆាដ​​នៅ​អាហ្វ្រិក​កណ្តាល​​

នៅថ្ងៃ​​សៅរ៍នេះ ​អាជ្ញាធរ​ឆាដ​បាន​ចេញ​សេចក្តីថ្លែងការណ៍​​​​​មួយ ចោទ​អង្គការ​សហ​ប្រជាជាតិ​​ ​ថា​បាន​ប្រើពាក្យ​ពេចន៍​បង្ខូច​កេរ្តិ៍ឈ្មោះ​ទាហានឆាដ ដែលបាន​​បំពេញ​បេសកកម្ម​​ការពារ​សន្តិសុខ​នៅ​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល។ ​​ម្សិលមិញ​នេះ​ គណៈកម្មការ​សិទ្ធិមនុស្ស​​​អង្គការ​សហ​ប្រជាជាតិ​​បាន​ចោទ​ទាហាន​ឆាដ​ថា បាន​​បាញ់​ប្រហារលើ​ហ្វូងមនុស្ស​នៅ​ក្រុងបង់ហ្គី​ ​​ដោយ​ខុសច្បាប់ និង​ដោយ​មិន​​រើសមុខ កាលពី​ថ្ងៃ​២៩មីនា។ ដោយសារ​រឿង​ពាក់ព័ន្ធ​​នឹង​ការ​បាញ់​ប្រហារ​នេះ ​នៅថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ រដ្ឋាភិបាល​ឆាដ​បាន​ប្រកាស​ដកទ័ព​ខ្លួន​ចេញ​ពីកងកម្លាំង​ចម្រុះ​អាហ្វ្រិក​មីស្កា នៅ​អាហ្វ្រិកកណ្តាល។

ទាហាន​ឆាដ​និង​ទាហាន​បារាំងធ្វើការ​​​​ល្បាត​រួមគ្នា នៅ​​ក្រុងបង់ហ្គី កាលពី​ខែ​មករា។
ទាហាន​ឆាដ​និង​ទាហាន​បារាំងធ្វើការ​​​​ល្បាត​រួមគ្នា នៅ​​ក្រុងបង់ហ្គី កាលពី​ខែ​មករា។ AFP / MIGUEL MEDINA
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​ម្សិលមិញ លោក​រូភើត ខុលវីល អ្នកនាំពាក្យ​នៃ​គណៈកម្មការ​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ បានចោទ​​ប្រកាន់​ចំៗ​តែ​ម្តង​ ទៅលើ​ទាហានឆាដ​ ថា​បានបាញ់​ប្រហារ​មិនរើសមុខ​ទៅលើ​ហ្វូងមនុស្ស​ នៅក្រុងបង់ហ្គី ធ្វើអោយ​មាន​មនុស្ស​ស្លាប់​យ៉ាងហោច​៣០នាក់ កាលពីថ្ងៃ​២៩មីនា។ នៅថ្ងៃ​សៅរ៍នេះ ​​អាជ្ញាធរឆាដ​បានចេញ​សេចក្តី​ថ្លែងកាណ៍​មួយ​ផ្ញើ​ទៅ​សារព័ត៌មាន​បារាំង AFP ​​ដើម្បី​បដិសេធ​ការចោទប្រកាន់​នេះ​។ រដ្ឋាភិបាល​ឆាដ​​​បាន​​ចោទទៅ​អង្គការ​សហប្រជាជាតិ​វិញ​ថា បានប្រើពាក្យ​​ពេចន៍​​លំអៀង​ ​​​​​បង្ខូច​កេរ្តិ៍ឈ្មោះ​ទាហាន​ឆាដ ដែល​បាន​​​បំពេញ​បេសកកម្ម​ការពារ​សន្តិសុខ​ក្នុង​កងកម្លាំង​អាហ្វ្រិក​ចម្រុះ​មីស្កា នៅ​អាហ្វ្រិកកណ្តាល។

យោងតាម​រដ្ឋាភិបាល​ឆាដ ​របាយការណ៍​ស៊ើបអង្កេត​របស់អង្គការ​សហប្រជាជាតិ​លើ​ការ​បាញ់ប្រហារ​នៅ​ក្រុងបង់ហ្គី អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃ​២៩មីនា គឺជា​ទង្វើ​​ឃោសនា​ប្រឆាំង​​​ទាហាន​ឆាដ។ ដោយសារ​រឿងរ៉ាវ​​ពាក់ព័ន្ធ​នឹង​​ការបាញ់​ប្រហារ​នេះ កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ​ប្រទេស​ឆាដ​បាន​ប្រកាស​ដកកងទ័ព​ខ្លួន​ចេញពី​កងកម្លាំង​មីស្កា​។ អាជ្ញាធរ​ឆាដ​លើកឡើង​ទៀតថា ​របាយការណ៍​ស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​​​ ​កាន់តែ​ធ្វើ​អោយ​​រូបភាព​ប្រទេស​ឆាដ​ស្រអាប់​ថែមទៀត ហើយ​ឆាដ​មិនអាច​ទទួល​យក​​ពាក្យពេចន៍​បង្ខូចកេរ្តិ៍ឈ្មោះ​ខ្លួន​ ​​​បាន​​រាល់ថ្ងៃ​​​​​នោះទេ ពិសេសមិនអាច​ទទួល​យក​​​ពាក្យពេចន៍​​​ចេញ​មកពី​ស្ថាប័ន​​​គួរអោយ​គោរព​ ​ដូចជា​​គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​នេះ​ទេ។  

គួររំលឹក​ថា ​​ ក្នុង​កងកម្លាំង​សន្តិសុខអាហ្វ្រិក​ចម្រុះ​​មីស្កា៦០០០នាក់​នៅ​​អាហ្វ្រិកកណ្តាល​ ​​ឆាដ​ជាប្រទេស​ចំបង​ដែល​បាន​​​ជួយ​​ការពារ​សន្តិសុខ​​​នៅទីនោះ។ ​ឆាដ​​​ជា​ប្រទេស​គាំទ្រ​​អតីត​ក្រុមឧទ្ទាម​សេឡេកា ដែល​បាន​ទំលាក់​ប្រធានាធិបតី​ហ្វ្រង់ស៊័រ បូស៊ីសេ ពីអំណាច​កាលពី​ខែ​មិនា​ឆ្នាំ​២០១៣។ ​

ប៉ុន្តែ​ ប្រជាជន​គ្រិស្តសាសនា​នៅ​អាហ្វ្រិក​កណ្តាល​តែង​ចោទ​ទាហាន​ឆាដដែល​ជា​អ្នក​ប្រណិបត្តិ​​​​​សាសនា​អ៊ីស្លាម ​ថា​បិទភ្នែក​​ទុក​អោយ​​​អតីតក្រុមឧទ្ទាម​សេឡេកា​ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃ​​ ធ្វើការ​កាប់សម្លាប់​ប្រជាជន​ក្នុង​ស្រុក៕   ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ