អានតួអត្ថបទ
អាហ្វ្រិកកណ្តាល-​អ.ស.ប​

ទស្សនកិច្ច​គួរអោយ​ភ្ញាក់ផ្អើល​របស់​លោក​បាន គីមូន​ នៅ​អាហ្វ្រិក​កណ្តាល​

នៅថ្ងៃ​សៅរ៍នេះ អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន បាន​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ក្រុងបង់ហ្គី សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដើម្បី​គូសបញ្ជាក់​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​​អង្គការ​សហប្រជាជាតិ​​​​ក្នុង​ការ​ពង្រាយ​​កងទ័ព​ការពារ​សន្តិភាព​ នៅ​ប្រទេស​នេះ នៅ​មុនដំណាច់​ឆ្នាំ​២០១៤។ ដោយសារ​អំពើហិង្សា​ក្នុង​ស្រុក​នៅតែ​កើតមាន​ឥតឈប់ឈរ លោក​បាន គីមូន ខ្លាច​​​មាន​ការ​សម្លាប់​រង្គាល​នៅ​អាហ្វ្រិក​កណ្តាល​ ដូច​ជា​នៅ​​រវ៉ាន់ដា​ដែរ។

ប្រធានាធិបតី​អន្តរកាល​អាហ្វ្រិកកណ្តាល និង​លោក​បាន គីមូន នៅ​ក្រុងព្រុចសែល កាលពី​ថ្ងៃ​២មេសា។
ប្រធានាធិបតី​អន្តរកាល​អាហ្វ្រិកកណ្តាល និង​លោក​បាន គីមូន នៅ​ក្រុងព្រុចសែល កាលពី​ថ្ងៃ​២មេសា។ REUTERS/Alain Jocard/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍នេះ ប្រធានាធិបតី​អន្តរកាល​អាហ្វ្រិក​កណ្តាល លោកស្រី​ កាធ្រីន សាំបា ប៉ាន់ហ្សា បាន​​​ទៅទទួល​​លោក​បាន គីមូន ​ដល់​អាកាសយានដ្ឋាន​ក្រុងបង់ហ្គី។ ​អគ្គ​លេខា​ធិការ​​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុងគីហ្កាលី ប្រទេស​រវ៉ាន់ដា ដើម្បី​ចូលរួម​ខួប​ទី​២០នៃ​ការសម្លាប់​រង្គាល​នៅ​រវ៉ាន់ដា។ ប៉ុន្តែ លោក​បាន គីមូន ​បាន​ឆ្លៀត​​ចូល​​​ទៅ​អាហ្វ្រិក​កណ្តាល ​ដើម្បី​បង្ហាញពី​​ជំហរ​ម៉ឹងម៉ាត់​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​ដាក់ពង្រាយ​​កងកម្លាំង​ការពារ​សន្តិភាព​១ម៉ឺន២ពាន់​នាក់ នៅ​អាហ្វ្រិកកណ្តាល មុន​ដំណាច់​ឆ្នាំ​​២០១៤​នេះ។

 
ប្រតិបត្តិ​ការ​ការពារ​សន្តិភាព​នេះ​ត្រូវធ្វើ​បន្ត​ពី​ប្រតិបត្តិការ​​សង់ហ្ការី​របស់​កងទ័ព​បារាំង និងប្រតិបត្តិការ​មីស្កា​របស់​កង​កម្លាំង​​ចម្រុះ​អាហ្វ្រិក។ ប្រទេស​ឆាដ​ទើបតែបាន​ប្រកាស​ដក​ទ័ព​ខ្លួន​ចេញ​ពី​ប្រតិបត្តិការ​មីស្កា​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ ទាហាន​ឆាដ​​បានបាញ់​ប្រហារ​ហ្វូងមនុស្ស​ដោយ​ឥត​រើសមុខ ធ្វើ​អោយ​មនុស្ស​ស្លាប់​៣០នាក់ កាលពី​ថ្ងៃ​២៩មីនា។

នៅ​ចំពោះ​មុខ​អំពើហិង្សាសហគមន៍ និង​សាសនា​ដែល​កើត​មាន​​​ជាប្រចាំ នៅ​អាហ្វ្រិក​កណ្តាល​ លោក​បាន គីមូន ​បារម្ភ​ថា ​​អាហ្វ្រិក​​កណ្តាល​អាច​​​ធ្លាក់​ក្នុង​​ហេតុការណ៍​​សម្លាប់​រង្គាលដូច​ជា​នៅ​រវ៉ាន់ដា​​ដែរ។​ តាមធម្មតា​ ​នៅថ្ងៃ​សៅរ៍​នេះ ​លោក​ បាន គីមូន ជជែក​ជាមួយ​ប្រធានាធិបតី​អន្តរកាល​អាហ្វ្រិក​កណ្តាល លោកស្រី​ប៉ាន់ហ្សា ដើម្បី​​រក​ធម្យោបាយ​​បិទ​បញ្ចប់​​អំពើហិង្សា​ទាំងអស់​នេះ។

គួររំលឹក​ថា ​អំពើហិង្សា​​អាហ្វ្រិក​កណ្តាល​​ កើតមាន​ជាប្រចាំ​ ចាប់ពីពេល​ដែល​អតីត​ក្រុម​ឧទ្ទាម​អ៊ីស្លាម​​សេឡេកា បាន​ទំលាក់​ប្រធានាធិបតី​ហ្វ្រង់ស៊័រ បូស៊ីសេ នៅ​ខែ​មិនា​ ឆ្នាំ​២០១៣។ ជាអំពើហិង្សា​រវាង​អ្នកកាន់​សាសនា​អ៊ីស្លាម និង​អ្នកកាន់គ្រិស្ត​សាសនា។ នៅអាហ្វ្រិកកណ្តាល​ ប្រជាជន​​ ប្រមាណ​ជា​៨០ភាគរយ​ជា​អ្នក​​កាន់​គ្រិស្ត​សាសនា។

ក្នុង​ជំនួប​កំពូល​អឺរ៉ុប-អាហ្វ្រិក​កាលពី​ថ្ងៃពុធកន្លងមក ​លោក​បាន គីមូន ធ្លាប់​បានជំរុញ​សហគមន៍​អន្តរជាតិ​អោយ​បញ្ជូន​ទ័ពបន្ថែម​ ​និង​ផ្តល់​​មូលនិធិ​ជួយ​​ប្រទេស​អាហ្វ្រិក​មួយនេះ។ ​​
កាលពី​ខែ​មិនា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​គំរោង​ប្រតិបត្តិការ​​​​​ ​ជួយរៀបចំ​​រដ្ឋ​​និង​រដ្ឋបាលអាហ្វ្រិកកណ្តាល​ ​អោយ​បាន​​ក្នុង​កម្រិត​អប្បបរមា​ផងដែរ បែបយ៉ាង​​ដាក់​អោយ​មាន​ប៉ូលិស​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ ជាជាង​ធ្វើការ​បណ្តេញ​ជនជ្រុលនិយម​ ដូច​​ធ្លាប់​ធ្វើនៅម៉ាលី​ ក្នុង​ពេល​កន្លងមក។ ​ក្នុង​គំរោង​នោះ លោក​បាន គីមូន​ក៏ចង់​អោយ​រៀបចំ​ផ្នែកស៊ីវិល ​ធានា​​អោយ​អាហ្វ្រិកកណ្តាល​អាច​រៀបចំ​ការបោះឆ្នោត​នៅ​ដើមឆ្នាំ​២០១៥ផងដែរ។ ប៉ុន្តែ​ ប្រទេស​មួយចំនួន​​តែង​ញញើត​​​នឹង​​ទទួលយក​គំរោង​នេះ ព្រោះថា ថវិកា​ដែល​ត្រូវ​ចាយវាយ​​ ​គឺ​មានច្រើន​លើសលុប៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ