អានតួអត្ថបទ
ដាវ៉ូស-ស្វ៊ីស

ការ​ប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​បណ្តា​ប្រទេស​ក្រីក្រ​​​មុន​គេ​

នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្នុង​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​បិទ​បញ្ចប់​​នៅ​ក្រុង​ ដាវ៉ូស ប្រទេស​ស្វ៊ីស ធនាគារ​ពិភព​លោក​បាន​ក្រើន​​​រំលឹក​សហគមន៍​អន្តរជាតិ​ជា​ថ្មី​ម្តង​ទៀត​ អោយ​គិត​គូរ​​អំពី​ផល​វិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​​ និង​ការ​ឡើង​កំដៅ​នៃ​ភព​ផែន​ដី​​ ដែល​មាន​តែ​បណ្តា​ប្រទេស​ក្រី​ក្រ​តែ​ប៉ុណ្ណោះ ​រង​នូវ​ការ​ប៉ះ​ពាល់​នេះ​​មុន​គេ។​​​​​ ធនាគារ​ពិភព​លោក បាន​លើក​ឡើង​ថា បណ្តា​ប្រទេស​ក្រី​ក្រ​ជាង​គេ រង​មុន​គេ​នូវ​​គ្រោះ​រាំង​ស្ងួត ដែល​ជា​មូល​ហេតុនៃ​​ការ​កើន​ឡើង​ខ្ពស់​នូវ​តម្លៃ​​​ស្រូវ និង​ធញ្ញ​ជាតិ​​​​​​​​។ ធនាគារ​ពិភពលោក​​​បាន​​សុំ​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រ​ទាំង​នេះ។​

​​គ្រោះ​រាំង​ស្ងួត​ជា​មូល​ហេតុ​នាំ​​អោយ​តម្លៃ​​​ស្រូវ និង​ធញ្ញ​ជាតិ​​​​​​​​​ ឡើង​ខ្ពស់​
​​គ្រោះ​រាំង​ស្ងួត​ជា​មូល​ហេតុ​នាំ​​អោយ​តម្លៃ​​​ស្រូវ និង​ធញ្ញ​ជាតិ​​​​​​​​​ ឡើង​ខ្ពស់​ REUTERS/Thomas Mukoya
ផ្សាយពាណិជ្ជកម្ម

“ការ​ប្រែ​ប្រួល​នៃ​អាកាសធាតុ គឺ​ជា​មូល​ហេតុ​នាំ​អោយ​​មាន​ការ​កើន​ឡើង​ខ្ពស់​នៃ​តម្លៃ​​ម្ហូប​អាហារ ហើយ​ថែម​ទាំង​បង្ក​អោយ​មាន​​បញ្ហា​​​​​​​កង្វះ​​ស្បៀង​អាហារ​​ ដល់​​កុមារ​នានា​ទៀត​ផង” នេះ​ជា​ប្រសាសន៍​របស់​លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោ​ក កាល​ពី​​ថ្ងៃ​សៅរ៍​ ម្សិល​មិញ​ ក្នុង​​​​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​បិទ​បញ្ចប់​​នៅ​ក្រុង​ ដាវ៉ូស ប្រទេស​ស្វ៊ីស។ វេទិកា​នេះ​បាន​​​ប្រារព្ធ​ឡើង​​ កាល​​ពី​ថ្ងៃ​ ទី​២៣ មករា កន្លង​​មក​​។

ធនាគារ​ពិភព​លោក​ បាន​​បង្ហាញ​អំពី​សេចក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ ចំពោះ​បញ្ហា​ប្រែប្រួល​នៃ​អាកាសធាតុ និង​ការ​កើនឡើង​​​កំដៅ​​នៃ​ភព​ផែន​ដី ដែល​​ផ្តល់​ប៉ះពាល់​ធ្ងន់​​​​​​​ជាង​​គេ​ តែ​លើ​បណ្តា​ប្រទេស​ក្រីក្រ​​ប៉ុណ្ណោះ។

ធនាគារ​ពិភពលោក​ បាន​រំលឹក​ឡើង​វិញ​នូវ​សេចក្តី​សន្និដ្ឋាន​​ក្នុង​របាយការណ៍​​មួយ​ ដែល​ចែង​អំពី​ផល​​ប៉ះពាល់​នៃ​ការ​ឡើង​កំដៅ​ភព​ផែនដី ចេញ​ផ្សាយ​កាល​ពី​ខែ​ វិច្ឆិកា​​ កន្លង​មក។ យោង​តាម​របាយ​ការណ៍​នេះ​ ភព​ផែនដី​យើង​នឹង​​​ទទួល​រង​នូវ​ការ​កើន​សីតុណ្ហភាព ៤ អង្សារ​ ថែម​ទៀត​ ចាប់​ពី​ឆ្នាំ ២០៦០​ ទៅ។ ហេតុការ​ណ៍​នេះ​​ប្រៀប​បាន​ទៅ​នឹង​ការ​ក្រឡាប់​ផែន​ដី ​ ហើយ​​​​វាយ​ប្រហារ​មុន​គេ​​តែ​បណ្តា​ប្រទេស​ក្រីក្រ ព្រម​ទាំង​​បំផ្លាញ​​ដល់​ការ​អភិវឌ្ឈន៍​ជា​ច្រើន​ឆ្នាំ​ទៀត​ផង។ ធនាគារ​ពិភព​លោក​​បាន​​សុំ​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រ​ទាំង​នេះ។​

ទន្ទឹម​នេះ​ដែរ​ ធនាគារ​ពិភព​លោក បាន​សំដែង​ការ​ទុក​ចិត្ត​​ នៅ​ចំពោះ​មុខ​ហេតុការ​ណ៍​អាកាស​ធាតុ​នានា​ នាពេល​ថ្មីៗ​នេះ​ ដូច​ជា​​​​​​រលក​នៃ​សីតុណ្ហភាព​ត្រជាក់​ដែលបាន​​បក់​បោក​​ ​​នៅទូទាំង​​​អឺរ៉ុប​ រឺ​ក៍​គ្រោះ​រាំង​ស្ងួត​នៅ​ប្រទេស​អូស្ត្រាលី ជា​ដើម​ ដែល​សុទ្ធ​តែ​ជា​ហេតុការណ៍​​ជួយ​អោយ​រដ្ឋាភិបាល​ និង​សាធារណជន​នានា​​ ភ្ញាក់​គំនិត ខិតខំ​ស្វែង​រក​វិធានការ​​អោយ​បាន​ដិតដល់​​ដើម្បី​ជួយ​បរិដ្ឋាន។

ធនាគារ​ពិភព​លោក​បាន​លើក​សរសើរ​​​​ប្រទេស​ចិន​ ដែល​ជា​​ប្រទេស​គំរូ​​ក្នុង​ការ​ចូលរួម​​ស្រោចស្រង់​បរិដ្ឋាន។ គួរ​រំលឹក​ថា ក្រុង​ប៉េកាំង​​បាន​សន្យា​​​វិនិយោគ​ទឹក​ប្រាក់​ជាង​ ១៤​ពាន់​លាន​ដុល្លារ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ទសវត្សរ៍​ ដើម្បី​អភិវឌ្ឈ​ហេដ្ឋារចនា​សម្ព័ន្ធ​ ដែល​ក្នុង​នោះ​មាន​​ការ​ប្រើ​ប្រាស់​​​រថយន្ត​ចំនួន ៥លាន គ្រឿង ​ដែល​​ចរាចរ​​បាន​ដោយ​ថាមពល​ថ្មីៗ។ លើស​ពី​នេះ ចាប់​ពីពេល​​នេះ​រហូត​ដល់​ឆ្នាំ ២០១៥ ប្រទេស​ចិន​​មាន​គំរោង​បិទ​អោយ​លែង​ដំណើរ​ការ​នូវ​រោងចក្រ​​​ ១២០០​កន្លែង​ ដែល​សុទ្ធសឹង​​​​ជា​រោងចក្រ​​បំពុល​បរិដ្ឋាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ