អានតួអត្ថបទ
កម្ពុជា

លោក​ជា ចំរើន​បង្កើត ​«គណ​បក្ស​កម្ពុជា សេរីភាព​» ដោយសារ​រងភាព​​អយុត្តិធម៌​ច្រើន​ក្នុង​សង្គម​

លោក​ជា ចំរើន​ដែល​ជា​អតីត​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​​ បាន​ប្រកាស​បើក​គណបក្ស​ថ្មី​មួយ​មាន​ឈ្មោះ​ថា ​«គណបក្ស​កម្ពុជា​ សេរីភាព​» នៅ​រសៀល​ថ្ងៃ​ទី ​២៥ ​វិច្ឆិកា​នេះ ​នៅ​ឯ​សណ្ឋាគារ សាន់វេ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។​ លោក​ជា ចំរើន​បាន​បញ្ជាក់​ថា​ លោក​ធ្លាប់​បាន​ជួប​នូវ​រឿង​អយុត្តិធម៌​ជា​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​ ជាក់​ស្តែង​ករណី​ប្តឹង​ផ្តល់​នៅ​តុលាកា​ជាដើម​។ លោក​បាន​អះអាង​ថា​មាន​គ្រប់​ឯកសារ​ដើម្បី​គាំទ្រ​ក្តីទាំ​ង​អស់ ​ប៉ុន្តែចុ​​ង​ក្រោយ​លោក​នៅ​តែ​ជា​អ្នក​ចាញ់​ហើយ​ត្រូវ​បាត់​បង់​លុយ​កាក់​ និង​ដីធ្លី​អស់​ជា​ច្រើន​។

ផ្សាយពាណិជ្ជកម្ម

ដោយសារ​តែ​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ច្រើន ​ហើយ​មិន​អាចទ្រាំ​បាន​ត​ទៅ​ទៀត​ លោក​ជា ចំរើន ​អតីត​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បានស​ម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​មួយ​ថ្មី​ ក្រោម​ឈ្មោះ​ថា ​គណបក្ស​កម្ពុជា ​សេរីភាព​។ ​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​សំខាន់​ៗ​ដូច​ជា​បង្កើត​សិទ្ធិ​សេរីភាព​ និង​មុខរបរ​ការងារ​ឲ្យ​យុវជន​ ស្វែង​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​រង​នូវ​អំពើ​អយុត្តិពី​ប្រព័ន្ធ​តុលាកា​ ជួយ​កសិករ​ និង​ស្វែង​រក​ការ​តម្លើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ​។ ​

លោក​ជា ចំរើន​បាន​បញ្ជាក់​ច្បាស់​ៗ នៅ​មុខ​អ្នកសារ​ព័ត៌មាន​ជា​ច្រើន​សិប​នាក់​ថា ​លោក​បង្កើត​គណបក្ស​នេះ​ឡើង​មិនមែន​ដើម្បី​បំបែក​សម្លេង​គណបក្ស​ប្រឆាំង​ ហើយ​ក៏​មិនមែន​បង្កើត​ឡើង​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​កាន់​អំណាច​ដែរ​។ គឺ​លោក​បង្កើត​ឡើង​ដោយ​ឆន្ទនៈ​ផ្ទាល់ ​ដោយ​លោក​ហាន​ស្បថ​ដាក់​អាយុ​ជីវិត​ ហើយ​ប្រសិន​បើ​ត្រូវ​ដើរ​ចូល​គុក​នោះ លោក​នឹង​ដើរ​ចូល​ភ្លាម​ ដោយ​លោក​នឹង​មិន​គេច​វេស​ទៅ​ក្រៅ​ប្រទេស​ឡើយ​។ ​

នៅ​ត្រង់​ចំណុច​នេះ​លោក​ក៏​បាន​បង្ហាញ​ពី ជោគជ័យ​របស់​លោក​ស្រីអ៊ុង​ សាន​ស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ភូមា ​ដែល​ទើប​តែ​ទទួលបា​​ន​ជ័យ​ជំនះ​យ៉ាង​ច្រើន​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​នេះ​ៗ​ផងដែរ​។ លោក​ជា ​ចំរើន​បាន​បង្ហាញ​ពីជំហរ​ក្នុងការ​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ថា លោក​មិន​ខ្លាច​និង​សេចក្តី​ស្លាប់​ទៀត​នោះ​ទេ​ ហើ​យ​លោក​នឹង​លះបង់​ខ្លួនឯង​ដើម្បី​នៅ​ជាមួយ​ប្រជាពល​រដ្ឋ​កម្ពុជា​ បើ​ទោះ​បី​ជាលោ​ក​ត្រូវ​គេចា​ប់​ដាក់​គុក​ក៏​ដោយ​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​និង​វិទ្យុ​បារាំង ​លោក​ជា ចំរើន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ លោក​បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ប្រមាណ​ជា​១​លាន​ទៅ​៣​លាន​ដុល្លា​អាមេរិក​ដើម្បី​បង្កើត​គណបក្ស​កម្ពុជា​ សេរីភាពនេះ​ឡើង​។ ហើយ​លោក​សង្ឃឹម​ថាគ​ណ​បក្ស​នេះ​នឹ​ង​ទទួល​បាន​សំលេងច្រើន​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០២៣​។

សូម​បញ្ជាក់​ផងដែរ​ រហូត​មក​ទល់​នឹង​ពេល​នេះ ​គណបក្ស​កម្ពុជា​ សេរីភាព​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ស្ទង់​មតិ​ពី​ប្រជាពល​រដ្ឋ​ជា​មុន​សិន​ មុន​នឹង​សម្រេច​ដាក់​លិខិត​សុំ​អនុញ្ញាតិ​បង្កើត​គណបក្ស​ថ្មី​មួយ​នេះ ​នៅក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​ ២៥ ​ធ្នូ ឆ្នាំ ២០១៥​ខាង​មុខ​នេះ​។​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ