វិបត្តិជនអន្តោប្រវេសន៍ជាឆ្អឹងទទឹងករបស់លោកបារ៉ាក់ អូបាម៉ា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៨
នៅពេញមួយសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិកបានចេញមុខបង្ហាញនយោបាយរបស់លោកទាក់ទងនឹងក្រុមជនអន្តោប្រវេសន៍ ជាពិសេស ក្រុមកុមារ ដែលមានចំនួនកាន់តែច្រើន លួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីអាមេរិក។ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកបានទាមទារឲ្យសភាអនុម័តផ្តល់ថវិកាប្រមាណបីពាន់ ៧រយលាយដុល្លារ សម្រាប់ដោះស្រាយវិបត្តិអន្តោប្រវេសន៍។ លោកបានអំពាវនាវផងដែរដល់ឪពុកម្តាយរបស់កុមារដែលរស់នៅអាមេរិកកណ្តាលឲ្យឈប់បញ្ជូនកូនធ្វើការផ្សងព្រេងដ៏គ្រោះថ្នាក់ចូលក្នុងទឹកដីអាមេរិកតទៅទៀត។
អន្តោប្រវេសន៍ជាសំណុំរឿងដ៏ឈឺក្បាលរបស់លោកប្រធានាធិបតីអាមេរិក។ លោកអូបាម៉ាកំពុងស្ថិតនៅក្នុងផ្លូវដើរមួយដ៏លំបាក ដោយលោកចង់បំពេញចិត្តក្រុមសាធារណរដ្ឋផង និងចង់យកចិត្តក្រុមប្រជាជនអាមេរិកដើមកំណើតអាមេរិកឡាទីន និងអាស៊ីផង។ ដោយចង់បំពេញចិត្តក្រុមបក្សសាធារណរដ្ឋ ដែលជាអ្នកមានអំណាចធ្វើច្បាប់នានា ជាពិសេសច្បាប់ថវិកា ដែលជាតម្រូវការចាំបាច់របស់រដ្ឋាភិបាល លោកអូបាម៉ាបានពង្រឹងនយោបាយជនអន្តោប្រវេសន៍ ទៅតាមការទាមទាររបស់បក្សសាធារណរដ្ឋ ដែលមានចំនួនភាគច្រើន គ្រប់គ្រងរដ្ឋសភា។ ក្នុងរយៈពេលគ្រប់គ្រងជិតពីរអាណត្តិ លោកអូបាម៉ាបានបញ្ជាឲ្យគេចាប់ បញ្ជូនចេញប្រជាជនបរទេសខុសច្បាប់ប្រមាណ ជាង២លាននាក់ ដែលនៅក្នុងនោះ មាន៧៥ភាគរយ ជាជនជាតិម៉ិចស៊ិក ដែលរស់នៅខុសច្បាប់ក្នុងប្រទេសអាមេរិក។
ការចាប់បញ្ជូនជនបរទេសដែលភាគច្រើនមកពី អាមេរិកឡាទីន អាចនឹងបង្កការមិនសប្បាយចិត្តរបស់ម្ចាស់សំឡេងឆ្នោតអាមេរិកដែលមានដើមកំណើតមកពីអាមេរិកឡាទីន។ លោកអូបាម៉ាធ្លាប់ពឹងលើក្រុមប្រជាជនទាំងនេះដើម្បីឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិទីពីរ។ ដូច្នេះ នយោបាយតឹងរ៉ឹងទៅលើជនអន្តោប្រវេសន៍ខុសច្បាប់នឹងអាចធ្វើឲ្យលោកអូបាម៉ាបាត់បង់ប្រជាប្រិយភាព ពីក្នុងចំណោមប្រជាជនដើមកំណើតអាមេរិកឡាទីន។ ជាលទ្ធផល គណបក្សប្រជាធិបតេយ្យរបស់លោកអូបាម៉ានឹងអាចគ្រោះថ្នាក់ បាត់បង់សំឡេងឆ្នោតភាគច្រើនពីព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលដែលនឹងត្រូវរៀបចំនៅខែវិច្ឆិកាខាងមុខ។
នៅសល់តែប៉ុន្មានខែមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិ លោកអូបាម៉ាដើរនយោបាយយ៉ាងប្រយ័ត្នប្រយែងបំផុត។ កាលពីថ្ងៃពុធ លោកបានបង្ខិតខ្លួនចូលជិតជាមួយអភិបាលរដ្ឋតិចសាស់។ បំណងរបស់លោកអូបាម៉ា គឺអូសទាញអភិបាលរដ្ឋមកពីបក្សសាធារណរដ្ឋឲ្យចូលរួមជាមួយលោកដើម្បីដាក់គំនាបទៅលើសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ លោកអូបាម៉ាយល់ស្របជាមួយលោករីក ផេរីដែលថា គេត្រូវការបន្ថែមចំនួនប៉ូលិស អាជ្ញាធរដើម្បីត្រួតពិនិត្យព្រំដែន ទប់ទល់កុំឲ្យជនបរទេសមកពី អាមេរិកឡាទីនលួចឆ្លងដែនចូលក្នុងទឹកដីអាមេរិក។ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍នេះបាន ប្រធានាធិបតីអាមេរិកត្រូវការឲ្យសភាអនុម័តផ្តល់ថវិកាប្រមាណ៣ពាន់ ៧រយលានដុល្លារ។
ថវិកានេះភាគច្រើនត្រូវយកទៅចំណាយលើការផ្គត់ផ្គង់ផ្តល់សេវាដល់ក្រុមកុមារ ដែលបានលួចឆ្លងដែនខុសច្បាប់ និងដែលបច្ចុប្បន្ននេះ កំពុងត្រូវប៉ូលិសអាមេរិកចាប់ដាក់ឃុំ នៅក្នុងមជ្ឈមណ្ឌល។ ថវិកានៅសល់ពីនេះត្រូវផ្តោតទៅលើការពង្រឹងសន្តិសុខ និងយាមល្បាតរបស់ប៉ូលិសនៅតាមព្រំដែន និងមួយចំនួន ត្រូវចាយសម្រាប់ប្រាក់ខែរបស់ចៅក្រម ដែលលោកអូបាម៉ាសន្យានឹងរើសចូល ៤០នាក់ បន្ថែមទៀត។
រដ្ឋបាលអាមេរិកបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងនៃចំនួនកុមារដែលឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីអាមេរិក ដោយគ្មានការអមដំណើរពីក្រុមគ្រួសារ។ កុមារនេះភាគច្រើនធ្វើដំណើរចេញមកពីប្រទេសអាមេរិកកណ្តាល ដើម្បីរត់គេចចេញពីភាពក្រីក្រ និងអំពើហិង្សា។ គេមើលឃើញថា អំពើហិង្សាដែលបង្កដោយក្រុមបងធំ ក្រុមជួញដូរថ្នាំញៀន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសក្វាតេម៉ាឡា ហុងឌូរ៉ាស និងអ៊ែល សាវ៉ាដរ បានជំរុញឲ្យកុមារជាច្រើនរត់ចេញពី ប្រទេស ដោយធ្វើដំណើរឆ្លងកាត់ម៉ិចស៊ិក ឆ្លងចូលទៅក្នុងទឹកដីអាមេរិក។
បច្ចុប្បន្ន អាជ្ញាធរអាមេរិកចាប់ឃុំកុមារ ដែលគ្មានអមដំណើរដោយឪពុកម្តាយ ជាង៥ម៉ឺននាក់។ គណបក្សប្រឆាំងបានរិះគន់រដ្ឋបាលលោកអូបាម៉ាថា ជាអ្នកលើកទឹកចិត្តឲ្យកុមារបរទេសឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីអាមេរិក។ តាម ច្បាប់ដើម្បីប្រឆាំងការជួញដូរមនុស្ស ដែលបង្កើតឡើងនៅឆ្នាំ ២០០៨ កុមារឆ្លងដែនខុសច្បាប់ ដែលគ្មានឪពុកម្តាយអមដំណើរ និងមានប្រភពមកពីប្រទេសផ្សេងក្រៅពីកាណាដា និងម៉ិចស៊ិកមិនត្រូវបានគេបញ្ជូនភ្លាមឲ្យត្រលប់ទៅប្រទេសកំណើតទេ។ ពួកគេត្រូវឆ្លងកាត់ជំនុំជម្រះរបស់ចៅក្រមអាមេរិក ដែលនឹងត្រូវពិចារណាតើកុមារទាំងនោះនឹងគួរបានសុំសិទ្ធិជ្រកកោន ដើម្បីជៀសវាងពីអំពើហិង្សាក្នុងប្រទេសកំណើតដែរឬទេ។ ដោយសារតែខ្វះចំនួនចៅក្រម និងនីតិវិធីមានរយៈពេលយូរ កុមារមកពីអាមេរិកកណ្តាលកាន់តែច្រើន នៅជាប់ឃុំ។ ក្នុងមួយឆ្នាំ ២០១៣ រដ្ឋាភិបាលអាមេរិកបានចំណាយថវិកាជាងពីពាន់លានដុល្លារ សម្រាប់ចិញ្ចឹម ផ្គត់ផ្គង់សេវាដល់កុមារអន្តោប្រវេសន៍។
ក្រុមបក្សសាធារណរដ្ឋបានបន្ទោសផងដែរទៅលើនយោបាយរបស់លោកអូបាម៉ា ដែលកាលពីឆ្នាំ ២០១២ បានអនុញ្ញាតផ្តល់លិខិតរស់នៅបណ្តោះអាសន្ន ដល់កុមារមួយចំនួន ដើម្បីអាចឲ្យពួកគេរស់នៅជាមួយឪពុកម្តាយ នៅក្នុងដំណាក់កាលស៊ើបអង្កេតរបស់ចៅក្រម។ គួរដឹងថា មានឪពុកម្តាយ ជាច្រើនបានធ្វើលួចឆ្លងដែនជាមុន ចូលមករស់នៅអាមេរិក និងបានរត់ការជួលក្រុមមេខ្យល់ឲ្យនាំផ្លូវកូនរបស់ខ្លួនទៅអាមេរិកតាមក្រោយ។ តាមក្រុមសាធារណរដ្ឋ នយោបាយយោគយល់របស់លោកអូបាម៉ាបានធ្វើឲ្យកុមារជាច្រើនគិតថា ពួកគេនឹងបានសិទ្ធិរស់នៅស្របច្បាប់ និងគ្មានថ្ងៃពួកគេត្រូវបញ្ជូនត្រលប់ទៅប្រទេសកំណើតវិញទេ។
ដើម្បីបញ្ជាក់ថា លោកមានម៉ត់ចត់ក្នុងរឿងជនអន្តោប្រវេសន៍ខុសច្បាប់ លោកអូបាម៉ាបានយល់ព្រមឲ្យគេបង្កើនប៉ូលិស ការយាមល្បាត តាមព្រំដែន និងបានបញ្ជូនអនុប្រធានាធិបតី គឺលោកចូ បាយឌិនឲ្យធ្វើដំណើរទៅបញ្ចុះបញ្ចូលរដ្ឋាភិបាលក្វាតេម៉ាឡា ដើម្បីទប់ស្កាត់កុំឲ្យកុមារធ្វើដំណើរផ្សងព្រេងចូលទៅក្នុងទឹកដីអាមេរិក។ ប៉ុន្តែ យ៉ាងណាក៏ដោយ វិធានការរបស់លោកអូបាម៉ានៅតែមានលក្ខណៈស្រទន់ នៅឡើយ ដោយវាគ្រាន់តែអនុញ្ញាតឲ្យគេចាប់បញ្ជូនកុមារដែលទើបឆ្លងចូលថ្មីៗ ទៅប្រទេសកំណើតវិញ។ ប៉ុន្តែមើលទៅ កុមារអន្តោប្រវេសន៍រាប់ម៉ឺននាក់ ដែលឆ្លងចូលយូរមកហើយ និងកំពុងរស់នៅពាសពេញ ទឹកដីអាមេរិកដោយខុសច្បាប់ នឹងមិនត្រូវប៉ះពាល់ដោយនយោបាយរឹតបន្តឹងចុងក្រោយរបស់លោកអូបាម៉ាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ