អានតួអត្ថបទ
អាមេរិក

លោកអូបាម៉ា​ចេញ​មុខ​ការពារ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍

នៅ​ថ្ងៃ​អង្គារ ទី២៩ មករា​នេះ លោក​ប្រធានាធីបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ចេញ​មុខ​ការពារ​ច្បាប់​ស្តីពី​បញ្ហា​គ្រប់គ្រង​ជនអន្តោប្រវេសន៍។ ការ​ចេញ​មុខ​ការពារ​របស់​លោក​អូបាម៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ព្រមព្រៀង​គ្នា​លើ​ផែនទី​ចង្អុលផ្លូវ​មួយ​ដើម្បី​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១១លាននាក់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិកំាង។

លោក​ប្រធានាធិបតី​អាមេរិក Barack Obama និង​អនុប្រធានាធិបតី​របស់​គាត់
លោក​ប្រធានាធិបតី​អាមេរិក Barack Obama និង​អនុប្រធានាធិបតី​របស់​គាត់ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​រឿង​មួយ​ដ៏​កម្រ​មាន​ណាស់ ដែល​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា​លើ​សំណុំរឿង​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន។ ជា​រឿង​មួយ​កម្រ ពីព្រោះ​វា​ជា​សំណុំរឿង​មួយ​ដ៏​សែនចម្រូងចម្រាស និង​ប្រទាញប្រទង់​គ្នា​ខ្លំាង។ តែ​នៅ​ទីបំផុត ទំាង​អស់​គ្នា​ហាក់​បាន​យល់​ឃើញ​ថា គម្រោង​កំណែទម្រង់​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ជា​រឿង​មួយ​ចំា​បាច់ មិន​អាច​ខ្វះ​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ថ្ងៃ​ច័ន្ទ ទី២៨ មករា​ម្សិលមិញ ក្រុម​សមាជិក​ព្រឹទ្ធសភា​ចំនួន ៨រូប​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ព្រមព្រៀង​គ្នា​លើ​ផែនទី​ចង្អុលផ្លូវ​ដែល​មាន​កម្រាស់ ៤ទំព័រ។

នៅ​ក្នុង​ឯកសារ​កម្រាស់ ៤ទំព័រ​នោះ ក្រុម​សមាជិក​ព្រឹទ្ធសភា​ទំាង ៨រូប​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​សញ្ជាតិ​អាមេរិកំាង​ដល់​ជនអន្តោប្រវេសន៍​គ្មាន​ក្រដាសស្នាម​ទំាងអស់​ដែល​កំពុង​រស់នៅ​​ក្នុង​ទឹកដី​អាមេរិកំាង​សព្វថ្ងៃ។ គឺ​ជា​គម្រោង​កំណែទម្រង់​មួយ​ដែល​នឹង​អាច​អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១១លាននាក់​សព្វថ្ងៃ​ទទួល​បាន​សញ្ជាតិ​អាមេរិកំាង។ ក៏​ប៉ុន្តែ ត្រូវ​គោរព​តាម​លក្ខខ័ណ្ឌ​មួយ​ចំនួន ដូច​យ៉ាង មិន​ធ្លាប់​ប្រព្រឹត្តិ​បទល្មើស មាន​ការងារ​ធ្វើ បង់ប្រាក់ពិន័យ​ត្រឹមត្រូវ ឬ​មួយ​ក៏​មិន​ដែល​ជំពាក់​ពន្ធរដ្ឋ​ជា​ដើម។ ម្យ៉ាង​ទៀត និង​ដើម្បី​អាច​ឈាន​ទៅ​ទទួល​សញ្ជាតិ​អាមេរិកំាង​បាន ជនអន្តោប្រវេសន៍​ខុសច្បាប់​គ្រប់​រូប​ត្រូវ​តែ​ឆ្លង​កាត់​តាម​ដំណាក់កាល​នីមួយៗ​ជា​មុន​សិន រួម​មាន​ដំបូង ទទួល​បាន​កាតស្នាក់នៅ ឬ​ហៅ​ថា « Green card » ហើយ ៥ឆ្នំា​ក្រោយ​មក ទើប​មាន​សិទ្ធិ​ទទួល​សញ្ជាតិ​អាមេរិកំាង។

យ៉ាង​ណា​ក៏​ដោយ គម្រោង​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​នា​ពេល​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​សភា​ពិនិត្យ និង​បោះឆ្នោត​សម្រេច​នៅ​ក្នុង​ខែ​មីនា​ខាង​មុខ។ ចំណែក​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ចេញ​ដំណើរ​ទៅ​កាន់​រដ្ឋ Nevada ក្នុង​ថ្ងៃ​នេះ និង​ដែល​នៅ​ទីនោះ លោក​ថ្លែង​សុន្ទកថា​មួយ​ស្តីពី​កំណែទម្រង់​ច្បាប់​គ្រប់គ្រង​អន្តោប្រវេសន៍​ដែល​ជា​ប្រធានបទ​អាទិភាព​មួយ​ក្នុង​ចំណោម​ប្រធានបទ​អាទិភាព​ផ្សេង​ទៀត​របស់​លោក​នៅ​ក្នុង​អណត្តិទី ២​នេះ។ គួរ​ជម្រាប​ជូន​ថា កាល​ពី​ដំណាច់​ឆ្នំា ២០១០ លោក​អូបាម៉ា​ធ្លាប់​បាន​ជម្រុញ​ឲ្យ​មាន​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍​នេះ​ម្តង​ហើយ តែ​កាល​ណោះ បាន​ទទួល​បរាជ័យ​ដោយ​មាន​ការ​បោះឆ្នោត​ប្រឆំាង​ពី​ក្រុម​អ្នកសាធារណរដ្ឋ។ តែ​លើក​នេះ លោក​អូបាម៉ា​ខ្លួន​ឯង​អាច​និយាយ​បាន​ថា « អស់​មាន​ឧបសគ្គ​ទៀត​ហើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ