អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

គំរោង​ច្បាប់​​អន្តោប្រវេសន៍​​នឹង​ដាក់​​បង្ហាញ​​នៅ​​សភា​អាមេរិក​​ នៅ​ថ្ងៃ​​អង្គារ​​ខាងមុខ​​

នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​​ពិភាក្សា​​គ្នា​អស់​រាប់ខែ​មក នៅ​ទីបំផុត​គណៈកម្មការ​ទ្វេភាគី​អាមេរិក​​ដែល​មាន​សមាជិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណ​រដ្ឋ នឹង​ដាក់​បង្ហាញសភា ​នូវ​​គំរោងច្បាប់​អន្តោប្រវេសន៍ នៅ​ថ្ងៃ​អង្គារ​ដើមសប្តាហ៍​ក្រោយ​នេះ​។ គំរោងច្បាប់​នេះ មាន​គោលដៅ​​អនុញ្ញាត​អោយ​​​ជនអន្តោប្រវេសន៍​​១១លាននាក់​ ដែល​មាន​ដើមកំណើត​ក្នុង​បណ្តាប្រទេស​នានា​នៅ​អាមេរិកឡាទីន​ ហើយ​ដែលកំពុង​​រស់​ដោយ​គ្មាន​ក្រដាសស្នាម​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​សហរដ្ឋអាមេរិក បាន​ទទួល​សិទ្ធិ​រស់​នៅ​ស្របច្បាប់។ គំរោងច្បាប់នេះ​ ជាវិធានការ​សំខាន់​មួយ​ក្នុង​ចំណោម​វិធានការ​សំខាន់​នានា​ ក្នុង​អណត្តិទីពីរ​របស់​ប្រធានាធិបតីអូបាម៉ា។

ជនជាតិ​អាមេរិកឡាទីន​​បាន​​ធ្វើ​បាតុកម្ម​គាំទ្រ​​អោយ​មាន​កំណែទម្រង់​​អន្តោប្រវេសន៍​ នៅ​អាមេរិក​ ​កាលពី​​ថ្ងៃ​ ១០​មេសា​ កន្លងទៅ​
ជនជាតិ​អាមេរិកឡាទីន​​បាន​​ធ្វើ​បាតុកម្ម​គាំទ្រ​​អោយ​មាន​កំណែទម្រង់​​អន្តោប្រវេសន៍​ នៅ​អាមេរិក​ ​កាលពី​​ថ្ងៃ​ ១០​មេសា​ កន្លងទៅ​ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ពុធ​​កន្លងទៅ សមាជិក​នានា​នៃ​​គណៈកម្មការ​ទ្វេភាគីអាមេរិក​ ដែល​មកពី គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​​ បាន​ចរចា​គ្នា​រយៈពេល​៦ម៉ោង ហើយ​បាន​សំរេច​​​ដាក់​​បង្ហាញ​គំរោង​ច្បាប់​អន្តោប្រវេសន៍​នេះ ទៅសភា​ នៅ​ថ្ងៃ​អង្គារ​​សប្តាហ៍​ក្រោយ។ ពួកគេ​​បាន​​ចុះសម្រុង​គ្នា​លើ​ប្រាក់ខែ​កម្មករបរទេស ​​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម និង​ពេលវេលា​​កំណត់​​នៃ​ទិដ្ឋាការ​ឆ្លងដែន​របស់​​កម្មករទាំងនេះ។ ​

គំរោងច្បាប់​នេះ មាន​គោលដៅ​​អនុញ្ញាត​អោយ​​​ជនអន្តោប្រវេសន៍​​១១លាននាក់​ ដែល​មាន​ដើមកំណើត​​ក្នុង​បណ្តាប្រទេស​នានា​នៅ​អាមេរិកឡាទីន​ ហើយ​ដែលកំពុង​​រស់​ដោយ​គ្មាន​ក្រដាសស្នាម​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​សហរដ្ឋអាមេរិក បាន​ទទួល​សិទ្ធិ​រស់​នៅ​ស្របច្បាប់។
នេះ​ជា​គំរោង​ច្បាប់​ដ៏​ចំបង​មួយ​​​ តាំងតែ​ពី​លោកអូបាម៉ា​បាន​ជាប់​ឆ្នោត​​​​ជា​ប្រធានាធិបតី​​​អាមេរិក​សំរាប់​អណត្តិ​ទីពីរ​មក។

គួររំលឹក​ថា ក្នុង​​ការ​បោះ​ឆ្នោតប្រធានាធិបតី​កាលពី​ខែ​វិច្ឆិកា​​កន្លងមក លោកអូបាម៉ា​ បាន​ទទួល​ការ​គាំទ្រ​​​​​ខ្លាំងក្លា ​ពី​សហគមន៍​​ប្រជាជន​ដែល​មាន​ដើមកំណើត​នៅ​អាមេរិកឡាទីន​។ ហើយ​ដោយសារ​តែ​ទំងន់​នៃ​ការ​គាំទ្រ​នេះ លោកអូបាម៉ា​បាន​ទទួលជោគជ័យ​លើលោក Mitt Romney ដែល​ជា​​​​គូប្រជែង​របស់​លោក។

គំរោងច្បាប់​អន្តោប្រវេសន៍​នេះ ក៏​​​​មាន​គោលដៅ​ជួយ​ជនអន្តោប្រវេសន៍​ចិន​នានា​ផង​ដែរ​ ដោយ​​​​អាមេរិក​នឹងផ្តល់​ក្រដាសស្នាម​ស្របច្បាប់​ដល់​វិស្វករ​ចិន​នានា និង​រាល់​​​​ជនជាតិចិន​​ដែល​មាន​​ចំណេះដឹង​ខ្ពស់​​​ផ្នែក​​​​វិទ្យាសាស្ត្រ​ ​រឺ​ក៏​គណិតវិទ្យា​ជា​ដើម។ ច្បាប់នេះ​​ចង់​​​​​ជំរុញ​អោយ​​បញ្ញវន្តចិន​មក​​បំរើការងារ​​​ ក្នុង​ទឹកដី​​​​អាមេរិក​។​

គំរោង​ច្បាប់​នេះ​ក៏​​​​មាន​ទិសដៅ​ជួយ​កម្មករ​បរទេស​នានា​ដែល​ធ្វើការ​ក្នុង​ផ្នែក​សណ្ឋាគារ​ រឺ​សំណង់អាគារ​ផ្សេងៗ​ផងដែរ។ គួរបញ្ជាក់​ថា បច្ចប្បន្ននេះ ក្នុង​ចំណោម​កម្មករ​​ធ្វើការ​ក្នុង​វិស័យកសិកម្ម​នៅ​អាមេរិក​ប្រហែល​ ១លាន ១សែន​នាក់ មាន​កម្មករ​ជិតពាក់កណ្តាល​នៃ​ចំនួន​នេះ​ ពុំមាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​​តាម​ច្បាប់​នោះ​ទេ។ គេសង្កេត​ឃើញ​វត្តមាន​​កម្មករ​បរទេស​ជាច្រើន​​​​​បំរើការងារ​ខុសច្បាប់​​ ក្នុងវិស័យ​នានា​​ដែល​អាមេរិកនៅ​​ខ្វះ​ធនធាន​មនុស្ស។ ដូច្នេះ គំរោង​ច្បាប់​នេះ​នឹង​បិទបញ្ចប់​នូវបញ្ហា​​​អន្តោប្រវេសន៍​ខុសច្បាប់​​ក្នុង​ទឹកដី​អាមេរិក៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ