អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉េកាំងបើក​អង្កេត​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​បាត់​លើ​ទឹក​ដី​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

១០​ថ្ងៃមក​ហើយ ដែល​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរ​ឡាញ បាន​បាត់​ស្រមោល ពី​កញ្ចក់​រ៉ាដា។ ការស៊ើបអង្កេត​ កំពុង​ផ្តោត​​ទៅលើ​អ្នកបើកបរ​ទាំងពីររូប និង​​អ្នកដំណើរ​ទាំង​ជាង​ពីរ​រយនាក់។ ក៏ប៉ុន្តែ ចិន​ទើប​នឹង​បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​មិន​ឃើញ​មាន​អ្នកដំណើរ​ជនជាតិ​ចិន​ណាម្នាក់ មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមភេរវជន​ទេ។ ក្នុងពេល​ជាមួយគ្នា​នេះ ចិន​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា នឹង​​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​រុករក​យន្តហោះ នៅលើ​ដីគោក ក្នុង​ទឹកដី​របស់​ចិន។ ឯការ​រិះគន់​អំពី​ចំណាត់​ការ​យឺតយ៉ាវ និង​លាក់​ព័ត៌មាន មាន​កាន់​តែ​ច្រើនឡើងៗ ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ពី​សំណាក់​អ្នក​នយោបាយ​ក្នុង​ស្រុករបស់​ម៉ាឡេស៊ី​ផ្ទាល់។ គ្រួសារ​អ្នក​ដំណើរ​ក្នុង​យន្តហោះ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ បាន​គំរាម​ថា​នឹង​ធ្វើ​​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ផង។

ផែនទី​ចង្អុល​បង្ហាញ​ពី​គន្លង​ផ្លូវ​ពីរ​ទិស​ដែល​យន្តហោះ​ម៉ាឡេស៊ី​បាត់​អាច​ហោះ​ទៅ
ផែនទី​ចង្អុល​បង្ហាញ​ពី​គន្លង​ផ្លូវ​ពីរ​ទិស​ដែល​យន្តហោះ​ម៉ាឡេស៊ី​បាត់​អាច​ហោះ​ទៅ ESRI
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សៅរ៍​ នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី បាន​ធ្វើ​សន្និសីទ​កាសែត ផ្តល់​ព័ត៌មាន​ចុងក្រោយ​ថ្មី​ទាក់ទង​នឹង​ការ​បាត់​យន្តហោះ ! គឺ​ចាប់ពេលនោះ​ហើយ​ដែល​គេ​បាន​ដឹង​ជា​ផ្លូវការ​ថា​ យន្តហោះ​ហោះ​ចេញ​ពី​ក្រុង​កូឡាឡាំពួ ទៅ​កាន់​ក្រុង​ប៉េកាំង បាន​ បក​ក្រោយ បញ្ច្រាស​ទិស បន្ទាប់ពី​ហោះ​ចេញ​បាន​មួយ​ម៉ោង។

ប៉េកាំង​ ​ ​បើក​ប្រតិបត្តិការ​រុករក​យន្តហោះ​នៅលើ​ទឹក​ដី​ចិន​

តាម​រយៈ​សេណារីយោ​ថ្មីនោះ ក្រុម​អ្នក​អង្កេត​បាន​មើល​ឃើញ​ គន្លង​ផ្លូវ​ជា​អាទិភាព​ពីរ​សំខាន់ៗ ដែល​យន្តហោះ​MH៣៧០ អាច​ជ្រើសរើស​ជា​ទិសដៅ គឺ​គន្លង​ខាង​ត្បូង ចេញ​ពី​ឥណ្ឌូណេស៊ី ចុះ​ទៅ​មហាសមុទ្ទ​ឥណ្ឌា និង​គន្លង​ខាង​ជើង ពី​ថៃ​ទៅ​កាហ្សាក់ស្ថាន ទួគ្មេគីស្ថាន។ គឺ​គន្លង​ខាង​ជើង​នេះ​ហើយ ដែល​ទិស​ដៅ​នៃ​ប្រតិបត្តិការ​រុក​រករបស់​ចិន ព្រោះ​​​​​​គន្លងនេះ​ស្ថិត​នៅ​ចំ​​​តំបន់​ស្វ័យត​ទីបេ និង​តំបន់​ស៊ីងជាំង។

ម៉ាឡេស៊ី​ធ្លាប់​បាន​ស្នើ​សុំ​ពីគ្រប់​ប្រទេស​ដែល​មាន​ពាក់ព័ន្ធ​ ជួយ និង​ម្យ៉ាង​ទៀត​អ្នក​ដំណើរ​ភាគ​ច្រើន​ជាង​ជនជាតិ​ចិន បើ​ទោះបី​ជា​ចិន​ខឹង​សម្បារ​នឹង​ម៉ាឡេស៊ី​យ៉ាង​ណា​ក៏​ត្រូវ​តែ​ប្រឹង​ស្វែង​រក​យន្តហោះ​​នោះ​ដែរ។ ប៉ុន្តែ ចិន​ខ្លួន​ឯង​ក៏​ត្រូវ​ការ​ចង់​បាន ចង់​ដឹង​ហេតុ​ផល​នៃ​គ្រោះ​ថ្នាក់​នេះ​ដែរ​ ចិន​ដំបូង​ឡើយ​ព្រួយ​បារម្ភ​ខ្លាច​ថា​ជា​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​ខ្លួន​ផង បើ​យោល​ទៅ​លើ​បរិបទ​នយោបាយ​បច្ចុប្បន្ន និង​យោល​ទៅ​លើ​សេចក្តី​សន្និដ្ឋាន​ថា​ការ​បាត់​យន្តហោះ​នេះ ជា​សា្នដៃ ប៉ុនប៉ង​ធ្វើ​ដោយ​មាន​ចេតនា​ពីបុគ្គល​ណាម្នាក់​ជិះ​ក្នុង​យន្តហោះ។ ​
 
ម៉ាឡេស៊ី​ប្រឈម​នឹង​ការ​រិះគន់ ចំពោះ​ចំណាត់​ការ​យឺតយ៉ាវ និង​លាក់​ព័ត៌មាន

អ្នក​ដែល​ស្រែក​ព្រមាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ខ្លាំង​ជាងគេ​ គឺ​វៀតណាម។ វៀតណាមគំរាម​ថា​នឹង​ឈប់​ជួយ​ ប្រសិន​ប្រើ​ម៉ាឡេស៊ី​ ​​មិន​ព្រម​ផ្តល់​ព័ត៌មាន​​​​ឱ្យ​អស់​សេចក្តី ទាន់ពេល​វេលា។ ឥណ្ឌា​ដែល​បាន​ចូល​រួម​រុក​រក​យន្តហោះ​ដែរ នៅ​តែ​មិនអស់​មិន​ហើយ មិន​ជឿ​លើ​សម្មតិកម្ម​ដែល​ថា យន្តហោះ​MH៣៧០ អាច​ហោះ​ហើរ​លើ​គន្លង​ដែន​អាកាសខាង​ជើង​ ឆ្លង​ប្រទេស​មួយ​ទៅ​មួយ ឆ្លង​ព្រំដែន​ប៉ាគីស្ថាន​ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ​ ព្រោះ​កាលពី​ខែ​មុន គ្រាន់​តែ​បាល់​វាស់​សីតុណ្ហភាព ហោះ​លើ​អាកាស​ក៏​រ៉ាដា​ចាប់​បាន។

ចិន​ សម្តែង​ការ​ក្រេវ​ក្រោធ​ខ្លាំង ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ម៉ាឡេស៊ី លាក់​ព័ត៌មាន ? ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​គ្មាន​តម្លាភាព ? គ្មាន​តម្លាភាព អសមត្ថភាព ដែល​នេះ​សបញ្ចាក់​យ៉ាង​ច្បាស់​ឥរិយាបថ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ! នេះ​បើ​តាម​ការ​ចោទ​ប្រកាន់​របស់​ប្រមុខ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី លោក​អាន់វា អ៊ីប្រាហ៊ីម ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​បារាំង​នឹង​អញ្ជើញ​មក​ធ្វើ​ជា​ភ្ញៀវ​នៅ​ថ្ងៃ​នេះ។

ចំណែក​សហរដ្ឋ​អាមេរិក ដែល​បាន​ចូល​ជួយ​ម៉ាឡេស៊ី​តាំង​ពី​ដំបូង​ភ្លាម ពេល​នេះ​បាន​ប្រកាស​ដក​នាវា​ចម្បាំង​ចេញ​ពី​ប្រតិបត្តិការ​រុក​រក​ក្នុង​សមុទ្ទ​ឥណ្ឌា មិន​ដឹង​ថា​មក​ពី​ខឹង​ម៉ាឡេស៊ី​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​បើ​តាម​ហេតុ​ផល​​ផ្លូវការ​ គឺ​មកពី​នាវា​ប្រភេទ​នេះ មិន​ឆ្លើយ​តប​ទៅនឹង​ប្រតិបត្តិការ​ស្វែង​រក​ក្នុង​មហាសាគរ​ដ៏​ធំធេង​ គ្មាន​កោះ​គ្មាន​ត្រើយ ដោយ​ទុក​តែ​យន្តហោះ​​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ។
 
ហេតុ​អ្វី​​​​ គ្មាន​សញ្ញា​ និង​ប្រតិកម្ម​អ្វី​សោះ​ អ្នក​ដំណើរ ជិះ ក្នុងយន្តហោះ ?

ការ​ស្រាវជ្រាវ​រុក​រក​​គ្មាន​ភាព​ជឿន​លឿន​ ជា​ហេតុធ្វើ​ការ​បំប៉ោង​ព័ត៌មាន​ មាន​គ្រប់​យ៉ាង ! ចម្ងល់​មាន​កាន់​តែ​ច្រើន ! អ្នក​អង្កេត​បាន​ដឹង​ថា យន្តហោះ​បន្ទាប់​ពី​បាត់​ខ្លួន​ នៅ​បន្ត​ហោះ​ហើរ​ ពី​៦​ទៅ​៧​ម៉ោង​ទៀត ការស្រាវជ្រាវ ចិន អឺរ៉ុប​អាមេរិក សុទ្ធ​តែ​បង្ហាញ​ថា​អ្នក​ដំណើរ​ និង​អ្នក​បំរើ​ការ​ក្នុង​យន្តហោះ គ្មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ពួក​ភេរវជន​ទេ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ដំនើរ​ណា​ម្នាក់ សាក​ល្បង​ផ្តល់​សារ​មក​ដី តាម​រយៈ​ប្រព័ន្ធ​សង្គម ទ្វីតទ័រ ឬ​ទម្រង់​ទូរគមនាគមន៍​អ្វី​ផ្សេង​ទៀត​សោះ​ដូច្នេះ ? ចម្ងល់​នេះ​មិន​ប្លែក​ឡើយ ព្រោះ​កាល​ពី​ឆ្នាំ​២០០១ ដែល​ពួក​ចោរ​សមុទ្ទ​បាន​បង្វែរ​ដាន​យន្តហោះ​អាមេរិក អ្នក​ដំណើរ​អាច​បញ្ជូន​ដំណឹង​មក​ឱ្យ​ក្រុម​គ្រួសារ​តាម​ទូរស័ព្ទ​បាន ហើយ​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៣ ក្នុង​ពេល​ធ្លាក់​យន្តហោះ​ នៅ​សាន់​ហ្វាន់ស៊ីហ្កូ អ្នក​រួច​ពី​ស្លាប់​ម្នាក់ បាន​បញ្ជូន​សារ​និង​រូបថត​តាមទ្វីតទ័រ​មក​ តែ​ក្នុងករណី​អ្នកដំណើរ​ក្នុង​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរឡាញ​នេះ គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ ស្ងាត់​ឈឹង​យ៉ាង​ចម្លែក​បំផុត​តែ​ម្តង។

អ្នក​ឯកទេស​យល់​ថា​ទំនង​មក​ពី​អ្នកដំណើរ​មិន​ចាប់​អារម្មណ៍​ថា​មាន​ការ​បង្វែរ​ទិស ឬ​ត្រូវ​បំពុល​ឱ្យ​ដេក​លក់​អស់ ដោយ​យន្តហោះ​ឡើង​ខ្ពស់​ពេក​ នាំ​ខ្វះ​ខ្សល់​អ៊ុកស៊ីហ្សែន និង​ធ្វើ​ឱ្យ​​អស់​សេវា ​ ទូរស័ព្ទ​បិទ ឬ​ប្រើ​មូដ​ជិះយន្តហោះ។ ចុះ​សេវា សម្រាប់អ្នក​ដំណើរ​ថ្នាក់​លេខ​មួយ ?! សេវា​ទូរគមនាគមន៍​ផ្ទៃក្នុង​ក៏​ទំនង​ជា​ត្រូវ​បិទ​ទៀត។ នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន ទូរស័ព្ទ​មាន​វត្តមាន​ជា​ប្រចាំ​ទៅ​ហើយ​បែរ​គ្មានឃើញ​សញ្ញា​សាក​ល្បង​ណាមួយ​សោះ ស្ងាត់​ឈឹងទៅ​វិញ !​ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ ដែល​​ក្រុម​អ្នក​អង្កេត អ្នក​បើកបរ និង​អ្នក​ឯកទេស​នោះ ត្រូវ​ចោទ​សួរ​​ពិចារណា​គ្នា​ជុំ​វិញ​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ