អានតួអត្ថបទ
ចិន

ចិន៖ប្រមុខ​ចារកិច្ច​បាន​ខ្ទាត​ពី​អំណាច និង​ឃុំខ្លួន​ពី​បទពុករលួយ

នៅ​ប្រទេស​ចិន រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៦ មករា​ពី​ការ​ឃុំ​ខ្លួន​លោក ម៉ា ចៀន ប្រមុខ​ចារកិច្ច និង​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​រដ្ឋ​ក្នុង​បទ​ចោទប្រកាន់​រឿង​ពុករលួយ។ លោក​ម៉ា ចៀន​ដែល​ត្រូវ​បាន​គេ​ដាក់​ងារ​ឲ្យ​ថា ជា KGB ចិន គឺ​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​សេវា​ចារកិច្ច និង​ប្រឆំាង​ចារកិច្ច​របស់​ប្រទេស​ចិន​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ ការ​ឃុំ​ខ្លួន​លោក​ម៉ា ចៀន​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​ដែល​បញ្ជាក់​ពី​យុទ្ធនាការ​ប្រឆំាង​អំពើ​ពុករលួយ​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។

លោក ម៉ា ចៀន ប្រមុខចារកិច្ច និង​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខរដ្ឋ​ចិន
លោក ម៉ា ចៀន ប្រមុខចារកិច្ច និង​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​សន្តិសុខរដ្ឋ​ចិន SOUTH CHINA MORNING POST
ផ្សាយពាណិជ្ជកម្ម

រដ្ឋអំណាច​ចិន​បាន​ចាប់​ឃុំ​លោក​ម៉ា ចៀន​ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក​បាន​រំលោភបំពាន​លើ​វិន័យ​របស់​បក្ស តែ​នេះ​គ្រាន់​តែ​ជា​ភាសា​ផ្លូវការ​មួយ​ដែល​របប​កុម្មុយនិស្ត​បាន​យក​មក​ប្រើ​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ​នោះ គឺ​គេ​ចង់​និយាយ​សំដៅ​រឿង​ពុក​រលួយ​តែ​ម្តង។ គួរ​រម្លឹក​ជូន​ថា នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនំា​ក្រសួង​សន្តិសុខ​រដ្ឋ​នេះ​ដែរ រដ្ឋអំណាច​ក៏​ធា្លប់​បាន​កំចាត់​ឥស្សរជន​ជាន់ខ្ពស់​ចេញ​ពី​អំណាច​ក្នុង​រឿង​ពុករលួយ​ដូច​គ្នា។ ជាក់ស្តែង​ថ្មីៗ​នេះ លោក​ហ្ស៊ូ យ៉ុងកង​ដែល​ជា​ប្រធាន​សន្តិសុខផ្ទែក្នុង និង​ធ្លាប់​ជា​សមាជិក​នៃ​គណៈកម្មការអចិន្រ្តៃយ៍​របស់​បក្ស​ត្រូវ​បាន​ចាប់ខ្លួន និង​បណ្តេញ​ចេញ​ពី​បក្ស​ក៏​ដោយសារ​រឿង​អាស្រូវ​ពុករលួយ។ ខណៈ​នេះ លោក​យ៉ុងកង​កំពុង​រង់ចំា​ថ្ងៃ​កាត់ទោស។

និយាយ​ពី​មុខងារ​របស់​លោក​ម៉ា ចៀន​វិញ ក្នុង​នាម​ជា​ប្រមុខ​ចារកិច្ច លោក​មាន​តួនាទី​ជា​អ្នក​រៀបចំ​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រឈម​ទប់​នឹង​ក្រុម​ប្រឆំាង ដោយ​ប្រមែប្រមូល​រាល់​ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន និង​ពី​បរទេស។ ទស្សនាវដ្តី​សេដ្ឋកិច្ច​ប្រចំា​សប្តាហ៍​របស់​ចិន​មួយ​ឈ្មោះ Caixin ឲ្យ​ដឹង​ថា រូប​លោក​ម៉ា ចៀន​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​សន្តិសុខ​រដ្ឋ​អស់​ជា​ច្រើន​ទសវត្ស​តំាង​ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​ទសវត្ស​ឆ្នំា ៨០។ ទន្ទឹម​គ្នា​នេះ និង​បើ​យោង​តាម​សារព័ត៌មាន​ចិន លោក​ម៉ា ចៀន​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ក្នុង​ក្រុមហ៊ុន Founder Group ដែល​ថ្នាក់ដឹកនំា​របស់​ក្រុមហ៊ុន​មួយ​នេះ​ទើប​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១៤ ពី​បទ​លួច​បង្វែរ​លុយ​រាប់សិប​លាន​យ័ន។

ក្នុង​សប្តាហ៍​នេះ​ដែរ កាសែត​ចេញ​ផ្សាយ​នៅ​ហុងកុង​ឈ្មោះ South China Morning Post បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ជិតស្និទ្ធិ​រវាង​លោក​ម៉ា ចៀន និង​លោក​លីង ជីហួរ អតីត​ប្រធាន​ខុទ្ទកាល័យ​របស់​លោក​អតីត​ប្រធានាធិបតី​ចិន​ហូ ជិនតាវ និង​ដែល​រូប​លោក​លីង ជីហួរ​ក៏​កំពុង​ជាប់​ឃុំ​ពី​រឿង​អាស្រូវ​ពុករលួយ​ដែរ។ ដូច្នេះ​ឃើញ​ថា តាម​រយៈ​ការ​ចាប់​ខ្លួន​លោក​ម៉ា ចៀន​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​ដែល​បញ្ជាក់​ពី​យុទ្ធនាការ​ប្រឆំាង​អំពើ​ពុករលួយ​ប្រកាស​ដោយ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។ លោក​ស៊ី​ដែល​បាន​ប្តេជ្ញា​កំចាត់​អំពើ​ពុករលួយ​នៅ​គ្រប់​ស្ថានប័ន និង​គ្រប់ជាន់ថ្នាក់ តំាង​ពី​សត្វ​ខ្លា ដល់​សត្វ​មូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ