មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹងហ្វឹកហាត់ទ័ពដើម្បីវាយប្រហារទីតាំងរបស់អាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៩
ថ្ងៃព្រហស្បតិ៍ ទី១៦សីហា ក្រសួងការពារជាតិអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំ និងបានបង្ហាញថា ចិនកំពុងតែហ្វឹកហាត់កងទ័ពយ៉ាងសម្បើម ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមន្ទីរបញ្ចកោណអាមេរិក មានការព្រួយបារម្ភថា សន្ទុះយ៉ាងខ្លាំងរបស់យោធាចិន គឺដើម្បីវាយប្រហារទីតាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ ក្តីបារម្ភនេះ កើតមានជួនចំពេលដែលភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មនៃមហាយក្សសេដ្ឋកិច្ចទាំងពីរ កំពុងតែពុះកញ្ច្រោលខ្លាំង។
ក្រសួងការពារជាតិអាមេរិក បារម្ភថា យោធាចិន អាចនឹងវាយប្រហារទីតាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។ តើ អាមេរិក សំអាងលើអ្វី បានជាហ៊ាននិយាយដូច្នេះ?
អាមេរិកសម្តែងក្តីបារម្ភបែបនេះ គឺមានសរសេរនៅក្នុងរបាយការណ៍ដែលមន្ទីរបញ្ចកោណដាក់បញ្ចូនទៅសភាអាមេរិក។ របាយការណ៍សិក្សានេះ បង្ហាញថា ប្រមាណជា៣០ឆ្នាំចុងក្រោយនេះ កងទ័ពចិន បានពង្រីកតំបន់ប្រតិបត្តិការ ហើយខំប្រឹងហ្វឹកហាត់សម្បើមណាស់ និងអាចមានបំណងដើម្បីវាយប្រហារផង។
ចំពោះការពង្រីកតំបត់ប្រតិបត្តិការរបស់ទ័ពចិន គឺ ត្រូវក្រសួងការពារជាតិអាមេរិកប្រាប់ថា កងទ័ពចិនបានខិតកាន់តែកិត ចូលទៅកៀកនឹងកោះអូគីណាវ៉ា។ ជាកោះដែលមានកំពុងជម្លោះទាមទារគ្នារវាងចិននិងជប៉ុន។ នៅជប៉ុន មានទ័ពអាមេរិកឈរជើង ជិត៥ពាន់នាក់។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ឲ្យដឹងទៀតថា កងទ័ពចិនបានពង្រីកខ្លួននិងពង្រឹងសមត្ថភាពខ្លាំងឡើង ដោយបានលាតសន្ធឹងដែនឥទ្ធិពលទៅដល់ដែនកោះជាច្រើនផ្សេងទៀត នៅមហាសមុទ្រប៉ាស៊ីហ្វិក រួមទាំងបានចូលទៅជិតកោះ Guam ដែលជាមូលដ្ឋានឈរជើងរបស់យោធាអាមេរិកផងដែរ។ អាមេរិកដាក់ទ័ពនៅទីនេះ ចំនួន៧ពាន់នាក់។
ជាការកត់សម្គាល់របស់របាយការណ៍អាមេរិក នៅឆ្នាំនេះនិងឆ្នាំទៅ ចិនមិនទាមទារកោះដែលកំពុងស្ថិតនៅក្នុងជម្លោះនៃសមុទ្ទចិនខាងត្បួងទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ចិនពឹងតែពីសាងសង់ស្ថាបនាហេដ្ឋារចនា នៅលើកោះនោះតែម្តង។
ដោយសារតែការវាតទីដែនទឹក ដែនសមុទ្ទ ហើយនិងពង្រីកទ័ពដូច្នេះហើយ ទើបធ្វើឲ្យអាមេរិកព្រួយ។
តើអាមេរិកមានអ្វីចាំបាច់ត្រូវបារម្ភនៅពេលនេះ? ពីព្រោះថា សព្វថ្ងៃនេះ អាមេរិក មានទ័ពខ្លាំង មានចំនួនច្រើននៅលើឆាកអន្តរជាតិ ហើយអាមេរិក ក៏មានទាំងកញ្ចប់ថវិកាយោធាហ្នឹង ច្រើន ស្ទើរតែច្រើនជាងចិនដល់ទៅបីដងឯណោះ?
សព្វថ្ងៃនេះ អាមេរិកមានកងទ័ពខ្លាំងនៅក្នុងស្រុក ហើយថែមទាំង បានដាក់ពង្រាយកងទ័ព ដល់ទៅ២០ម៉ឺននាក់ នៅជាង៤០ប្រទេសក្នុងពិភពលោក។ ចំណែកថវិកាទ័ពអាមេរិកវិញ មានដល់ទៅជាង៦០០ពាន់លានដុល្លារឯណោះ។ គឺស្ទើរតែច្រើនជាង៣ដងបើធៀបនឹងកញ្ចប់ថវិកាជាតិផ្នែកយោធារបស់ចិន។
ក៏ប៉ុន្តេអ្វីដែលអាមេរិកព្រួយ គឺមហិច្ឆតាយោធារបស់ចិន មិនព្រមថមថយសោះ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះ ចិនបានពង្រីកកញ្ចប់ថវិកាយោធា ជាមធ្យមពី៧ទៅ៨ភាគរយ ជារៀងរាល់ឆ្នាំ។ បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅទីក្រុងឡុង ប្រទេសអង់គ្លេស គឺកាលពីឆ្នាំ២០១៧កន្លងទៅ ចិនមានលុយក្នុងវិស័យយោធា ជាង១៥០ពាន់លាន ហើយនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង បានប្រកាសបន្ថែម ២០ពាន់លានថែមទៀត។ ដូច្នេះវាបានឡើងដល់ជាង១៧០ពាន់លានដុល្លារ។ ក៏ប៉ុន្តែ បើតាមប្រភពពីមន្ទីរបញ្ចញកោណអាមេរិកវិញ កញ្ចប់ថវិកាជាតិផ្នែកកងទ័ពចិន គឺបានកើនដល់១៩០ពាន់ដុល្លារស្រេចបាត់ទៅហើយ នៅឆ្នាំ២០១៧កន្លងទៅនេះ។
ក្នុងឆ្នាំ២០១៧ ប្រទេសដែលមានកញ្ចប់ថវិកាយោធាច្រើនលើលោក គឺអាមេរិក (៦០៣ពាន់លានដុល្លារ) ចិន (ជាង១៧០ ឬ ១៩០ពាន់លានដុល្លារ) អារ៉ាប៊ីសាអូឌីត (៧៧ពាន់លានដុល្លារ) រុស្ស៊ី (៦១ពាន់លានដុល្លារ) ឥណ្ឌា (៥៣ពាន់លានដុល្លារ) អង់គ្លេស (៥១ពាន់លានដុល្លារ) បារាំង (៤៩ពាន់លានដុល្លារ)។
បើចិនខំប្រឹងយ៉ាងនេះ នៅក្នុងពេលខាងមុខ តើចិនអាចនឹងសម្រេចក្តីសុបិន ក្លាយជាមហាអំណាចយោធា ទី១លើលោកហើយ ពិតមែនដែរឬទេ ?
ជាសំណួរមួយ ដែលយើងគ្រប់គ្នាមិនអាចទាញទុកបានទេ។ ព្រោះវាមានកត្តាបច្ច័យរួមផ្សំច្រើនយ៉ាងណាស់។ ទោះយ៉ាងក្តី យើងបានដឹងហើយថា នៅក្នុងរជ្ជកាលរបស់របបដឹកនាំក្រុងប៉េកាំងសព្វថ្ងៃនេះ ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់ប្រកាសក្តែងៗស្រេចហើយ ថាខ្លួននឹងរៀបចំកងទ័ពឲ្យក្លាយជាកងទ័ពខ្នាតអន្តរជាតិនៅឆ្នាំ២០៥០។ ឆ្នាំ២០៥០នេះហើយ គឺជាក្តីសុបិនរបស់ចិន ដែលចិនសង្ឃឹមថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ វ៉ាដាច់អាមេរិក។ ចិន មានមហិច្ឆតាចង់សម្រេចបំណង ក្លាយជាមហាអំណាចទី១លើកលោក ទាំងនៅលើផ្លូវសេដ្ឋកិច្ច និងផ្លូវយោធា។ ក៏ប៉ុន្តែ ក្នុងរយៈកាលខ្លី អ្នកវិភាគពីយុទ្ធសាស្ត្រយោធា មើលឃើញថា ចិនចាំបាច់ត្រូវប្រឹងច្រើនទៀត ទៅលើផ្នែកបច្ចេកវិទ្យាយោធា ការបំពាក់បំពាន់ឲ្យមានវិជ្ជាជីវៈយោធាច្បាស់លាស់ដល់កងទ័ព និងការរៀបចំសម្របសម្រួលទាំងទ័ពជើងទឹក គោក និងអាកាស។ ទាំងនេះ វាត្រូវការស៊ីពេលច្រើន និងស៊ីលុយ ក៏មិនតិចដែរ។
តែយ៉ាងណាក៏ដោយ ចិនពិតជាមហិច្ឆតាអភិវឌ្ឍយោធា ដោយមិនត្រឹមតែបង្កើនកងទ័ពសម្រាប់ការពារជាតិ ប៉ុណ្ណោះទេ តែចិនចង់ពង្រឹងកងទ័ពដើម្បីមានសមត្ថភាពវាយប្រហារ និងធ្វើប្រតិបត្តិការសឹកនៅក្រៅប្រទេស ទៀតផង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ