អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពាណិជ្ជកម្ម​ក្រៅប្រទេស​ចិន​ធ្លាក់ចុះ​ខ្លាំង ចំណែក​អត្រា​អតិផរណា​កើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​ទើប​នឹង​ចេញផ្សាយ​តួលេខ​ពាណិជ្ជកម្ម​​ក្រៅប្រទេស​របស់​ខ្លួន នៅថ្ងៃ​ពុធ​នេះ ហើយ​តួលេខ​នេះ​បង្ហាញ​ថា វិស័យ​នាំចេញ​របស់​ចិន​​កំពុង​តែ​ធ្លាក់ចុះខ្លាំង ដែល​មិនមាន​អ្នកណា​នឹកស្មាន​ដល់។ ការធ្លាក់ចុះ​នៃ​វិស័យនាំចេញ​នេះ ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បន្ថែមទៀត នៅ​ក្នុង​ពេល​ដែល​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​កំពុង​តែ​មាន​ការ​ធ្លាក់ចុះ​ស្រាប់។

វិស័យនាំចេញ​របស់​ចិន​ធ្លាក់ចុះ​រហូតដល់​ទៅ ៣,១% នៅ​ខែ​មិថុនា
វិស័យនាំចេញ​របស់​ចិន​ធ្លាក់ចុះ​រហូតដល់​ទៅ ៣,១% នៅ​ខែ​មិថុនា REUTERS/William Hong
ផ្សាយពាណិជ្ជកម្ម

សំណួរ-តាម​ការព្យាករ​របស់​អ្នក​សេដ្ឋកិច្ច​ជាទូទៅ វិស័យ​នាំចេញ​របស់​ចិន​គួរ​តែ​កើនឡើង នៅ​ខែ​មិថុនា​នេះ ប៉ុន្តែ ចុងក្រោយ​ទៅ ការនាំចេញ​មិនត្រឹមតែ​មិនកើន តែបែរ​ជា​​ធ្លាក់ចុះ​ទាប​ជាង​មុនៗ​ទៅទៀត។ តើ​មក​ពី​ហេតុអ្វី?
 
ជាការពិត​ថា តាមការព្យាករ​របស់​អ្នក​សេដ្ឋកិច្ច​ជាទូទៅ គេ​រំពឹងថា នៅ​ក្នុង​ខែ​មិថុនា​កន្លងទៅ​​នេះ វិស័យនាំចេញ​របស់​ចិន​គួរ​តែ​កើនឡើង​ប្រហែល​ជា ៣,៣% ហើយ​ការនាំចូល​កើនឡើង ៥,៥%។ ក៏ប៉ុន្តែ តួលេខ​ផ្លូវការរបស់​ចិន​បង្ហាញ​ថា ការនាំចេញ​បែរ​ជា​ធ្លាក់ចុះរហូតដល់​ទៅ​ជាង ៣% ហើយ​ការនាំចូល​ក៏​ធ្លាក់ចុះ ០,៧%។

ការនាំចូល​ធ្លាក់ចុះ គឺ​ដោយសារ​តែ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ចិន​ធ្លាក់ចុះ។ ការនាំចេញ​ធ្លាក់ចុះ គឺ​អាច​មាន​មូលហេតុ​ច្រើន។

​មូលហេតុ​ចម្បង​ជាងគេ គឺ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​​មិន​សូវ​ល្អ។ ដូចជា យើងឃើញ​ស្រាប់​ កាលពី​ម្សិលមិញ មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កាត់បន្ថយ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០១៣ ពី ៣,៣% មក​នៅ​ត្រឹម ៣,១%។ កាលណា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​សូវ​ល្អ (ជាពិសេស សេដ្ឋកិច្ច​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន) ចិន​ក៏​ពិបាក​ក្នុង​ការ​លក់ទំនិញ​ទៅ​ក្រៅប្រទេស​ដែរ។

មូលហេតុ​សំខាន់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​វិស័យនាំចេញ​របស់​ចិន​ធ្លាក់ចុះ គឺ​ការ​ធ្លាក់ចុះ​នៃ​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​ចិន នៅលើ​ទីផ្សារ​អន្តរជាតិ។ ការធ្លាក់ចុះ​នៃ​ភាព​ប្រកួតប្រជែង​នេះ បណ្តាល​មក​ពី​​កត្តា​សំខាន់ៗ​ពីរ៖ ការ​កើនឡើង​នៃ​អត្រា​ប្តូរប្រាក់​លុយយ័ន​របស់​ចិន​ ធៀប​នឹង​លុយ​បរទេស ជាពិសេស ធៀប​នឹង​លុយ​ដុល្លារ និង​ការ​កើនឡើង​នៃ​តម្លៃ​ពលកម្ម​ក្នុងស្រុក។ កត្តា​ទាំងពីរ​នេះ​វា​ធ្វើ​ឲ្យ​តម្លៃ​ទំនិញចិន នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​កើនឡើង។ ដូច្នេះ ភាព​ប្រកួតប្រជែង​នៃ​ទំនិញចិន​នៅលើ​ទីផ្សារ​អន្តរជាតិ​ក៏​ត្រូវ​ធ្លាក់ចុះ។

សំណួរ-មាន​អ្នក​វិភាគ​ជាច្រើន​យល់ថា តួលេខ​ដែល​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​នាំចេញ​របស់​ចិន​​ អាច​បណ្តាល​មក​ពី​ចំណុច​សំខាន់​មួយទៀតដែរ គឺ​មក​ពី​អាជ្ញាធរ​ចិន​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ទៅលើ​តួលេខ​នាំចេញ​របស់​សហគ្រាស​ចិន ដែល​គេ​សង្ស័យថា​បាន​នាំគ្នា​បំប៉ោង​តួលេខ​នាំចេញ​​ទំនិញរបស់​ខ្លួន។ ចង់សួរ​ថា ​តើ​​សហគ្រាសចិន​បំប៉ោង​តួលេខ​នាំចេញ​ ក្នុង​គោលបំណង​អ្វី?
 
ការបំប៉ោង​តួលេខ​នាំចេញ ដោយ​សហគ្រាស​ចិន ត្រូវ​បាន​គេ​​ចាប់ផ្តើម​សង្ស័យ​​ប៉ុន្មាន​ខែ​មកហើយ​។ ​សហគ្រាសដែល​​បំប៉ោងតួលេខ​នាំចេញ​នេះ គឺ​មាន​​គោលដៅ នាំលុយ​ពី​​បរទេស​ចូល​មក​ក្នុង​ប្រទេស​ចិន លើសពី​ការកំណត់​របស់​រដ្ឋាភិបាលចិន។

ជាទូទៅ រដ្ឋាភិបាល​ចិន​ធ្វើការ​ត្រួតពិនិត្យ​ និង​ដាក់​កម្រិត​តឹងរ៉ឹង ចំពោះ​លំហូរ​លុយបរទេស​ចូល​មក​ក្នុង​ប្រទេស​ចិន ពីព្រោះ​ថា នៅ​ពេល​ណា​ដែល​លុយ​បរទេស​ហូរ​ចូល​មកក្នុង​ប្រទេស​ចិន​ច្រើន ហើយ​គេ​យក​លុយ​នេះ​ទៅ​ដូរ​ជា​លុយ​យ័ន (មានន័យថា យក​លុយ​បរទេស​ទៅ​ទិញលុយ​យ័ន) វា​អាច​នឹង​ធ្វើ​ឲ្យ​​តម្លៃ​លុយ​យ័ន​កើនឡើង​ខ្លាំង ពិបាក​ក្នុងការ​គ្រប់គ្រង។

ក្រុមហ៊ុន​ចិន​មួយចំនួន​ ដែល​ចង់​នាំលុយ​ចូល​មក​ក្នុង​ប្រទេស​ចិន​​​លើស​ពី​ការ​កំណត់ ក៏​នាំគ្នា​បំប៉ោង​វិក័យបត្រ​ទំនិញ ដែល​លក់​ទៅក្រៅប្រទេស។ នាំចេញ ១លាន​ដុល្លារ ប៉ុន្តែ ដាក់​ក្នុង​វិក័យបត្រ​ថា ១,៥លានដុល្លារ ដើម្បី​អាច​ប្រកាស​ប្រាប់​មន្រ្តី​គយថា លុយ ១,៥លាន​ដុល្លារ​​នេះ គឺ​បាន​ពី​ការលក់​ទំនិញ​ទៅក្រៅប្រទេស។ ១​លាន​ដុល្លារ​ជា​ថ្លៃ​លក់​ទំនិញ​ពិតប្រាកដ ចំណែក ០,៥លាន​ដុល្លារ​ផ្សេងទៀត​ គេ​យក​ទៅ​វិនិយោគ​ក្នុង​ទីផ្សារ​ប្តូរប្រាក់។

ដូច្នេះ បើសិន​ជា​តួលេខ​នាំចេញ​ កាលពីខែមុនៗ ត្រូវ​គេ​បំប៉ោង​បែបនេះ​មែន មានន័យថា វិស័យ​នាំចេញ​របស់​ចិន​មិនមែន​ទើប​នឹង​ធ្លាក់ចុះ កាល​ពី​ខែមិថុនា​កន្លងទៅនេះ​ទេ គឺ​​ប្រហែល​ជា​ធ្លាក់ចុះ តាំង​ពី​ខែមុនៗ​ម៉្លេះ។ នេះ​មិនមែន​ជា​ដំណឹង​ល្អទេ ព្រោះ​ថា ​សេដ្ឋកិច្ច​ចិន​​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​នាំចេញ។ កាលណា​ការនាំចេញ​ធ្លាក់ចុះ កំណើន​សេដ្ឋកិច្ច​​ក៏​ត្រូវ​ធ្លាក់ចុះ​ដែរ។
 
សំណួរ-យើងសង្កេតឃើញថា នៅ​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កន្លងទៅ ចិន​​ជា​ប្រទេស​ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​ដែល​មាន​ប្រសិទ្ធភាព​ជាងគេ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ចេញ​ពីវិបត្តិ។ តើ​ហេតុអ្វី​បាន​ជា​នៅពេលនេះ គេ​មិនឃើញ​អាជ្ញាធរ​ចិន​​ដាក់​ចេញ​នយោបាយ​ ​​ដូចមុន​​ទៀត ហើយ​បែរ​ជា​ទុក​បណ្តោយ​ឲ្យ​​កំណើន​សេដ្ឋកិច្ច​​ធ្លាក់ចុះ​បែបនេះ?
 
នយោបាយ​សេដ្ឋកិច្ច ដែល​ចិន​ធ្លាប់​ដាក់ចេញ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០០៨ គឺ​មាន​ការ​បញ្ចុះ​អត្រា​ការប្រាក់ ជំរុញ​ឲ្យមាន​ចរន្ត​ឥណទាន និង​​ការ​បង្កើន​ការ​ចំណាយ​រដ្ឋ។ វិធានការ​ទាំងអស់​នេះ វា​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ វា​ក៏​ធ្វើ​ឲ្យ​អត្រា​អតិផរណា​កើនឡើង​ផងដែរ។

បញ្ហា​ស្មុគស្មាញ ដែល​ចិន​កំពុង​ប្រឈមមុខ​នៅពេលនេះ គឺ​នៅត្រង់​ថា កំណើន​សេដ្ឋកិច្ច​មាន​ការ​ថយចុះ ហើយ​ក្នុង​ពេល​ជាមួយគ្នា អត្រា​អតិផរណា​កើនឡើង​ខ្លាំង។ តាមតួលេខ​កាលពីថ្ងៃ​អង្គារ អត្រា​អតិផរណា​នៅ​ខែ​មិថុនា បាន​កើនឡើង​រហូតដល់​ទៅ ២,៧% ធៀប​នឹង ២,១% កាល​ពី​ខែ​ឧសភា។ ក្នុងនោះ គេឃើញ​ថា តម្លៃ​ម្ហូបអាហារ​ដែល​កើនឡើង​ខ្លាំង​ជាងគេ គឺ​កើនឡើង​រហូតដល់​ទៅ​ជិត ៥% ធៀប​នឹង ៣,២% កាល​ពី​ខែ​ឧសភា។

ដូច្នេះ បើ​សិន​ជា​ចិន​ចាត់វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច វា​អាច​នឹង​ធ្វើ​ឲ្យ​អត្រា​អតិផរណា​កាន់តែ​កើនឡើង​ថែមទៀត ជាពិសេស អ្វី​ដែល​អាជ្ញាធរ​ចិន​កាន់តែ​បារម្ភ​ទៅទៀត​នោះ គឺ​ អត្រា​អតិផរណា​នេះ មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​រយៈពេល​យូរ​អង្វែង​ទៅមុខ​ទៀត ដែល​បង្កើត​ជា​បញ្ហា​សេដ្ឋកិច្ច​ថ្មីផ្សេងមួយទៀត។

ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា កាល​ពី​ពេល​កន្លងទៅ នៅពេល​ដែល​ធនាគារ​​កណ្តាល​ចិន​បញ្ចុះ​អត្រាការប្រាក់ សាច់លុយ​ចរាចរ​ច្រើន​នៅលើ​ទីផ្សារ ក្នុង​អត្រាការប្រាក់ទាប លុយ​អស់ទាំងនេះ ច្រើន​តែ​ត្រូវ​គេ​នាំគ្នា​យក​ទៅ​វិនិយោគ​​ក្នុង​ទីផ្សារ​អចលនទ្រព្យ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​តម្លៃ​អចលនទ្រព្យ​កើនឡើង ហួស​ពី​តម្លៃ​ពិតជាក់ស្តែង។ បើសិន​ជា​គេ​បញ្ចុះ​អត្រាការប្រាក់​តទៅទៀត វា​អាច​នឹង​បង្ក​ទៅជា​វិបត្តិ​អចលនទ្រព្យ។

ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ចិន​​មាន​ការ​ប្រយ័ត្នប្រយែង​ មិន​ដាក់ចេញ​នូវ​នយោបាយ​ដូច​មុនទៀត ហើយ​សុខចិត្ត​ទុក​ឲ្យ​​អត្រាកំណើន​សេដ្ឋកិច្ច​នៅ​ទាប។ ម្យ៉ាងទៀត រដ្ឋាភិបាល​ថ្មី ក្រោម​អាណត្តិ​របស់​​​លោក​ស៊ី ជីនពីង កំពុង​តែ​ព្យាយាម​​ផ្លាស់ប្តូរ​ម៉ូដែល​កំណើន​សេដ្ឋកិច្ច ងាកចេញ​ពី​កំណើន​សេដ្ឋកិច្ច ដែល​ពឹងផ្អែក​លើ​ការ​នាំចេញ និងការផ្តល់​ឥណទាន​ក្នុង​អត្រាការប្រាក់ទាប ដើម្បី​ទៅ​ធ្វើការ​វិនិយោគ​ បែរ​មក​រក​ម៉ូដែល​កំណើន​សេដ្ឋកិច្ច ដែល​ពឹងផ្អែក​លើ​ការ​បង្កើន​ការ​ចំណាយ​របស់​ប្រជាជនវិញ ដើម្បី​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក។ ម្យ៉ាង ស្ថានភាពសេដ្ឋកិច្ច​ពិភពលោក​មិនសូវ​ទៀងទាត់​មិន​អាច​រំពឹង​តែ​លើ​ការនាំចេញ ហើយ​ម្យ៉ាងទៀត​ប្រជាជន​ចិន​មាន​ចំនួន​ច្រើន ហើយ​អ្នក​មាន​លុយ​ក៏​មាន​កាន់តែ​ច្រើន ដូច្នេះ ទីផ្សារ​ក្នុងស្រុក​​វា​មាន​សក្តានុពល សម្រាប់​កំណើន​សេដ្ឋកិច្ច ក្នុង​រយៈពេល​វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ