អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​និង​លោកស៊ី ជីនពីង​បើក​ធ្វើ​ជំនួបកំពូល​ក្រៅផ្លូវការ​ជាលើកទី១

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន បើក​ធ្វើ​ជំនួបកំពូល​ជាមួយគ្នា នៅថ្ងៃ​សុក្រ​នេះ (ត្រូវ​នឹង​​ព្រឹកថ្ងៃ​សៅរ៍​ស្អែក នៅ​ក្នុង​ប្រទេស​កម្ពុជា)។ មាន​អ្នក​វិភាគ​ជាច្រើន​បាន​ធ្វើការ​កត់សម្គាល់​ថា ជំនូបកំពូល​ រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង នៅពេលនេះ ជា​ជំនួបកំពូល​ដែល​មាន​លក្ខណៈពិសេស​កម្រ​នឹង​ឃើញ​មាន​ រវាង​ចិន និង​អាមេរិក។

លោក​អូបាម៉ា ជួប​​លោក​ស៊ី ជីពីង (កាលណោះ​ជា​អនុប្រធានាធិបតី​ចិន) នៅ​សេតវិមាន ថ្ងៃទី១៤ កុម្ភៈ ២០១២
លោក​អូបាម៉ា ជួប​​លោក​ស៊ី ជីពីង (កាលណោះ​ជា​អនុប្រធានាធិបតី​ចិន) នៅ​សេតវិមាន ថ្ងៃទី១៤ កុម្ភៈ ២០១២ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

លោកអូបាម៉ា និង​លោក​ស៊ី ជីនពីង ធ្លាប់​ជួបគ្នា​ម្តងរួចមកហើយ​ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ ក៏ប៉ុន្តែ នៅពេលនោះ លោក​ស៊ី ជីនពីង នៅ​មិនទាន់​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ចិន​​នៅឡើយទេ។ លោក​អូបាម៉ា ជួប​លោក​ស៊ី ជីនពីង នៅពេលនោះ ក្នុងឋានៈ​លោក​ជាង​អនុប្រធានាធិបតី​ចិន។ ចំណែក​ជំនួប​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍នេះ គឺ​ជា​ការ​ជួបគ្នា​​​​លើកទី១ ក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល រវាង​ប្រធានាធិបតី​អាមេរិក​ និង​ប្រធានាធិបតី​​ចិន។

ជាការពិត ​ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាមេរិក ធ្លាប់​បាន​បើក​ធ្វើ​ជំនួបកំពូល​ទ្វេភាគី​ជាច្រើន​លើក​រួចមកហើយ ក៏ប៉ុន្តែ ជំនួបកំពូល​រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពិង នៅពេលនេះ​ធ្វើឡើង នៅ​ក្រោយ​ពេល​ដែល​លោក​ស៊ី ជីនពីង ទើប​នឹង​ឡើង​​កាន់​តំណែង​បាន ៣ខែ ដែល​ជា​រឿង​មួយ​ដ៏កម្រ សម្រាប់​ប្រធានាធិបតី​ចិន។ ចំណុច​ពិសេសមួយទៀត គឺ​លក្ខណៈ​ក្រៅផ្លូវការ នៃ​ជំនួប​រវាង​លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង។ ជំនួប​នេះ​ខុស​ពី​ជំនួបកំពូល​រវាង​ប្រធានាធិបតី​ចិន-អាមេរិក​មុនៗ ដែល​ច្រើន​តែ​ធ្វើ​ឡើង​ទៅតាម​ពិធីការ​ជាផ្លូវការ អមដោយ​មន្រ្តី​​ និង​ទីប្រឹក្សា​ជាច្រើន​នាក់ ហើយ​ការ​និយាយ​ស្តីទៅទៀតសោត​​ក៏​តែងតែ​ធ្វើឡើង​ជា​លក្ខណៈ​ការទូត ជាពិសេស មេដឹកនាំ​ចិន ដែល​​ច្រើន​តែ​និយាយ​តែទៅតាម​អ្វី​ដែល​បាន​គ្រោង​ទុក​ជាមុន ដោយ​មិនសូវបាន​ជជែក​គ្នា​គ្រប់រឿង​ទៅតាម​ចិត្តចង់។

ជំនួប រវាង​លោក​ស៊ី ជីនពីង និង​លោក​អូបាម៉ា គឺ​ខុសពីនេះ វាជា​ជំនួបកំពូល​ក្រៅផ្លូវការ មិន​សូវ​មាន​ពិធីការ​ច្រើន ហើយ​មេដឹកនាំ​ទាំងពីរ​អាច​មាន​ពេល​ជជែក​គ្នា​មួយទល់​នឹង​មួយ ឆ្ងាយពីភ្នែក​ពីត្រចៀក​របស់​មន្រ្តី​ ឬ​ទីប្រឹក្សា ឬ​ក៏​អ្នក​សារព័ត៌មាន។ វាជា​ឱកាស សម្រាប់​​ជជែកគ្នា​ត្រង់ទៅត្រង់មក ​​ស្វែងយល់គ្នា​ និង​​បង្កើត​ទំនុកចិត្ត​គ្នា រវាង​បុគ្គល និង​បុគ្គល ដើម្បី​ងាយស្រួល​ធ្វើការ​ជាមួយគ្នា ទៅថ្ងៃ​ខាងមុខ។

បើ​តាម​មន្រ្តី​រដ្ឋាភិបាល​អាមេរិក គោលដៅ​សំខាន់បំផុត​របស់​លោក​អូបាម៉ា នៅ​ក្នុង​ជំនួបក្រៅផ្លូវការ​ពីរថ្ងៃនេះ គឺ​ចង់​ស្គាល់ និង​​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ ពី​​លោក​ ស៊ី ជីនពីង ប្រមុខដឹកនាំ​ថ្មី​របស់​ចិន ដែល​​ជា​គូប្រជែង​ផង និង​ជា​ដៃគូ​​មិនអាច​ខ្វះបាន​ផង​របស់​អាមេរិក។

បើតាម​មន្រ្តី​រដ្ឋាភិបាល​អាមេរិក នៅ​ក្នុង​ជំនួប​ពីរថ្ងៃ​នេះ លោក​អូបាម៉ា​ នឹង​លើក​យក​បញ្ហា​ច្រើន ទៅ​ជជែក​ជាមួយ​នឹង​លោក​ស៊ី ជីនពីង ក្នុងនោះ ប្រធានបទ​​ដែលសំខាន់​ជាងគេ គឺ​បញ្ហា​ចារកិច្ច​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។

តាំងពីប៉ុន្មាន​ថ្ងៃ​មក​ហើយ ដែលអាមេរិក​បាន​ចោទចិន​ត្រង់ៗ​ថា បាន​ចូលលួច​ការណ៍សម្ងាត់​របស់​អាមេរិក ដោយ​ប្រើប្រព័ន្ធព័ត៌មាន​វិទ្យា។ ​ចិន​វិញ​តែងតែ​បាន​បដិសេធ​ការចោទប្រកាន់​របស់​អាមេរិក។ ចិនក៏​ថែមទាំង​បាន​វាយបក​ទៅអាមេរិក​វិញផងដែរ​​ថា ចិន​មាន​ភស្តុតាង​គរ​ដូចភ្នំ ដែល​អាច​បញ្ជាក់ថា មាន​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ដែល​មាន​ប្រភព​ចេញ​ពី​អាមេរិក ហើយ​សំដៅ​មក​លើ​ចិន។

ក្រៅពី​បញ្ហា​ចារកិច្ច​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នេះ នៅ​មាន​រឿង​ធំៗ​មួយចំនួន​ផ្សេងទៀត ដែលលោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ត្រូវ​លើក​យក​មកជជែក​គ្នា មាន​ដូចជា បញ្ហា​កូរ៉េ​ខាងជើង, វិបត្តិ​នៅ​ស៊ីរី, បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ជប៉ុន សំណុំរឿង​ពាណិជ្ជកម្ម។

ប៉ុន្តែ បើ​​​មើល​ទៅលើ​លក្ខណៈ​ស្មុគស្មាញ នៃ​សំណុំរឿង​ទាំងអស់នេះ គេហាក់ដូចជា​មិនរំពឹង​ថា លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង អាច​រក​ដំណោះស្រាយ ចេញ​ជា​លទ្ធផល​អ្វី​ធំដុំ នៅ​ក្នុង​ជំនួប ២ថ្ងៃ​នេះ​ទេ។ ជំនួប​ក្រៅផ្លូវការ ទំនង​ជា​បានត្រឹមតែ​​​ជជែកគ្នា ដើម្បី​​ត្រួសត្រាយ​ផ្លូវ ត្រៀមរៀបចំ​ជំនួប​ផ្សេងៗ​ទៀតទៅថ្ងៃ​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ