អានតួអត្ថបទ
ជប៉ុន

តុលាការ​ក្រុងឡាអេ​បញ្ជា​ជប៉ុន​អោយ​បញ្ឈប់​ការ​នេសាទ​ត្រីបាឡែន​នៅ​មហា​សមុទ្រ​អង់តាក់ទិក​

នៅថ្ងៃ​ចន្ទ​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​​ក្រុងឡាអេ​​​​ ​បាន​ដាក់​បញ្ជា​អោយ​ប្រទេស​ជប៉ុន បញ្ឈប់​ការ​នេសាទ​ត្រី​បាឡែន​ នៅ​មហា​សមុទ្រ​អង់តាក់ទិក។ យោងតាម​តុលាការ​អន្តរជាតិ​ក្រុងឡាអេ ការ​ដែល​ជប៉ុន​​​ធ្វើការ​នេសាទ​ត្រីបាឡែន​​​ នៅមហា​សមុទ្រ​អង់តាក់ទិក ​សម្រាប់​កម្មវិធី​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នោះ​​ គ្រាន់​តែ​ជា​លេស​​ដើម្បី​ធ្វើ​ការជួញដូរ​ត្រីបាឡែន​ប៉ុណ្ណោះ។ អាជ្ញាធរ​​​ជប៉ុន​បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​​​នេសាទ​​ត្រី​បាឡែន ដើម្បី​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុងឡាអេ។

តុលាការ​ក្រុងឡាអេ​លើកឡើង​ថា ជប៉ុន​គ្មាន​តម្លាភាព​ក្នុង​ការរៀបចំ​កូតា​ត្រីបាឡែន​​សោះឡើយ។
តុលាការ​ក្រុងឡាអេ​លើកឡើង​ថា ជប៉ុន​គ្មាន​តម្លាភាព​ក្នុង​ការរៀបចំ​កូតា​ត្រីបាឡែន​​សោះឡើយ។ Getty Images/Photographer's Choice/Paul Oomen
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទ​នេះ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​​​​ក្រុងឡាអេ ​​បាន​ចេញ​បញ្ជា​អោយ​ជប៉ុន​បញ្ឈប់​រាល់​សកម្មភាព​នេសាទ ត្រីបាឡែន នៅ​មហា​សមុទ្រ​អង់តាក់ទិក ព្រោះ​តុលាការ​​យល់ថា ជប៉ុន​មិនបាន​នេសាទ​ត្រីបាឡែន​ទាំងនោះ យក​ទៅ​ធ្វើការ​ស្រាវជ្រាវ​អោយ​បាន​ពិតប្រាកដ​១០០ភាគរយ ​តាម​ការ​​អះអាង​នោះទេ។ តុលាការ​ក្រុងឡាអេ​លើកឡើង​ថា ជប៉ុន​គ្មាន​តម្លាភាព​​ក្នុង​ការ​រៀបចំ​កូតា​ត្រីបាឡែន ដែល​ត្រូវ​នេសាទ​​សម្រាប់​កម្មវិធី​ស្រាវជ្រាវ​ទេ។ តុលាការ​បាន​ដាក់បញ្ជា​អោយ​ជប៉ុន​លុបចោល​នូវ​ការអនុញ្ញាត​អោយ​មានការ​​នេសាទ​ត្រីបាឡែន​ ក្នុងពេល​កន្លងមក ហើយជប៉ុន​​​មិនត្រូវ​​ផ្តល់​ដីកា​​​អនុញ្ញាត​ការ​​នេសាទ​ជាថ្មី​ទៀត​ទេ។

​​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​​ក្រុងឡាអេ​ ​​ធ្វើឡើង​ក្នុង​សំណុំ​រឿង​ប្តឹង​តវ៉ា​របស់​អាជ្ញាធរ​អូស្ត្រាលី។ កាលពី​ឆ្នាំ​២០១០ ​អូស្ត្រាលី​បាន​ដាក់ពាក្យ​ប្តឹងប្រឆាំង​​​ជប៉ុន ​ទៅ​តុលាការ​​ក្រុង​ឡាអេ។ អូស្ត្រាលី​​​ចោទជប៉ុន​ថា ​បាន​បន្លំ​ប្រើ​ញត្តិ​អន្តរជាតិ​ឆ្នាំ​១៩៨៦ ​​យក​ធ្វើ​ជាលេស​​នេសាទ​ត្រីបាឡែន​សន្ធឹកសន្ធាប់។ ​ញត្តិ​អន្តរជាតិ​ឆ្នាំ​១៩៨៦ ​អនុញ្ញាត​អោយ​នេសាទ​ត្រី​បាឡែន​ ដើម្បី​តែ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ។ យោងតាម​​អូស្ត្រាលី​ ចន្លោះ​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​២០០៩ ​ជប៉ុន​​បាន​ប្រើ​ញត្តិ​នេះ ជាលេស​ចាប់​ត្រីបាឡែន​​បាន​ជាង​មួយម៉ឺន​ក្បាល ភាគច្រើន​ជា​ត្រីបាឡែន​រាងទ្រវែង។

ជាផ្លូវការ​​​​ ជប៉ុន​​ចាប់​ត្រីបាឡែន​យក​មក​ស្រាវជ្រាវ​មើលថា ​តើ​​ការនេសាទ​ត្រីបាឡែន​អាច​ធ្វើ​បាន​ឋិត​ឋេរ​ចីរកាល​ដែរ​រឺយ៉ាងណា។​ ​​​កម្មវិធី​ស្រាវជ្រាវ​​វិទ្យាសាស្ត្រ​បាន​អនុញ្ញាត​អោយ​ចាប់​ត្រីបាឡែន​ដែល​មាន​ខ្នង​កោង ព្រោះ​ជា​ត្រីបាឡែន​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ប៉ុន្តែ ជប៉ុន​មិន​ដែល​បាន​នេសាទ​ត្រីបាឡែន​ប្រភេទ​នេះ សូម្បី​តែ​មួយក្បាល​នោះទេ។

អូស្ត្រាលី​បាន​អបអរ​​ការ​សម្រេច​របស់​តុលាការ​ក្រុងឡាអេ​ ដែល​បញ្ជា​អោយ​ជប៉ុន​បញ្ឈប់​សកម្មភាព​នេសាទ​ត្រីបាឡែន នៅ​មហា​សមុទ្រ​អង់តាក់ទិក។ អូស្ត្រាលី​សង្ឈឹម​ថា រឿងរ៉ាវ​នេះ​មិន​បង្ក​អោយ​ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ជប៉ុន​ល្អក់​កករ​នោះទេ។ ​​បន្ទាប់​ពី​តុលាការ​ឡាអេ​បាន​សម្រេច​បែបនេះ​ វិទ្យា​ស្ថាន​​ Clare Perry ទទួល​បន្ទុក​ស៊ើប​អង្កេត​​​លើ​បញ្ហា​​បរិស្ថាន​នោះ ចង់​អោយ​គ្រប់គ្នា​​​​​ចាប់អារម្មណ៍​លើ​​សកម្មភាព​នេសាទ​ត្រីបាឡែន​របស់​ជប៉ុន នៅ​ទីកន្លែង​ផ្សេង​ទៀត បែបយ៉ាង​​នៅ​មហាសមុទ្រ​​ប៉ាស៊ីហ្វ៊ិក​​​ខាងជើង៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ