អានតួអត្ថបទ
កម្ពុជា

៤​ចំនុច​​​ឯកភាព​គ្នា​ តែ​ការ​តម្លើង​ប្រាក់ខែ​​​​នៅ​ជា​បញ្ហា​ចោទ​​ក្នុង​កិច្ច​ប្រជុំ​​រវាង​​​ក្រុមហ៊ុន​ និង​កម្មករ​ស៊ិនទ្រី​​

សំរាម​​ដែល​​កាន់​តែ​​ស្អុយ​រលួយ​ទៅៗ​ ជាង​២​ពាន់​​តោន​ កំពុង​តែ​បន្តរគរចោល នៅ​តាម​​ផ្លូវ​នានា ​នៃ​​ទី​ក្រុង​​ភ្នំពេញ​ ខណៈ​ ការ​ចចារ​​វាង​តំណាង​ក្រុមហ៊ុន និង​កម្មករ​ប្រមូល​សំរាម​ស៊ិន​ទ្រី​បាន​បន្ត​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ ​ដោយមាន​អន្តរា​គន៍​ពីសា​លា​​រាជធានី​​ភ្នំពេញ ​​ជា​​អាជ្ញា​កណ្តាល​។​ ការ​ចចា​​​រវាង​​កម្ម​ក​រ​​ និង​​ក្រុមហ៊ុន​​បាន​ធ្វើ​​ឡើង​​ម្តង​​រួច​មក​ហើយ​ កាល​​រសៀល​ថ្ងៃ​ទី៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៤ ​តែ​​មិន​​បានផ្តល់​​​លទ្ធផល​​អ្វី​​នោះ​ទេ។ កម្មក​រ​​របស់​​ក្រុមហ៊ុន​​ប្រមូល​សំរាម​​ស៊ិន​ទ្រី​ តវ៉ា​​ទាមទារ​​តម្លើង​ប្រាក់ខែ​គោល១៥០ដុ​លា្លរ​ និង អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​​ សរុប​ចំនួន៩ចំនុច។ បន្ទាប់ពី​កិច្ចប្រជុំ​ នា​រសៀល​នេះ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​លើ​៤ចំនុច។

កម្មករ​ស៊ិនទ្រី​​ធ្វើបាតុកម្ម បណ្តាល​អោយ​សម្រាម​នៅ​គរពាសវាល ក្នុង​ទីក្រុង។​
កម្មករ​ស៊ិនទ្រី​​ធ្វើបាតុកម្ម បណ្តាល​អោយ​សម្រាម​នៅ​គរពាសវាល ក្នុង​ទីក្រុង។​ RFI
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​រវាង​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី និង តំណាង​កម្មករ ដោយមាន​សាលាក្រុង​ជា​អាជ្ញា​កណ្តាល​​ដែល​ទើប​បញ្ចប់​​ទៅនា​ល្ងាច​ថ្ងៃ​អង្គារ​នេះ  សម្រេចបាន​ផ្លែផ្កា​ចំនួន៤ចំនុច។

ចំនុច​ទី១ ក្រុមហ៊ុន បាន​យល់ព្រម​បង្កើត​ពេទ្យ​ប្រចាំការ​ អោយបាន​គ្រប់គ្រាន់​សំរាប់​កម្មករ។ ចំនែក​ចំនុច​ទី២នោះ​គឺ ក្រុមហ៊ុន​បាន​យល់ព្រម​តាម​សំនើ​របស់​​កម្មករ​ មិន​កាត់​ប្រាក់​ថ្លៃ​កាត់​សម្លៀកបំពាក់​បុគ្គលិក។ ចំនុច​ទី៣​គឺ ក្រុមហ៊ុន​នឹង​ជួយ​ដោះស្រាយ​ក្នុងករណី​កម្ម​ករ​​មាន​គ្រោះថ្នាក់។ ទី៤-ចំពោះ​ការស្នើសុំ​កាត ក្រុមហ៊ុន ត្រូវ​រង់ចាំ​ក្រសួង​ការងារ​ផ្តល់​មក​ក្រុមហ៊ុន​ជាមុនសិន។

ចំពោះ​បញ្ហា​ទាមទារ​តម្លើង​ប្រាក់ខែ ភាគី​ទាំងពីរ​ពុំទាន់​រក​ដំណោះស្រាយ​ចេញ​នោះទេ ដែល​ធ្វើអោយ​កិច្ចប្រជុំ​នឹងត្រូវ​ធ្វើឡើង​ម្តងទៀត តែ​គេ​មិនទាន់​កំណត់​កាលបរិច្ឆេទ​នៅឡើយ​ទេ។

 
បើទោះបីជា​ចំនុច​ផ្សេងទៀត​មិនទាន់បាន​ដោះស្រាយ​រួចរាល់ លោក ប៉ា​សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​សំណូមពរ​អោយ កម្មករ​ចូលធ្វើការ ​ចាប់ពី​យប់​នេះ​ទៅ។ ​ក្រុមហ៊ុន​​​​បានបញ្ជាក់ ​ចំពោះ​កម្មករ​ដែល​ចូលធ្វើការ​ចាប់ពី​យប់​នេះ​វិញ​ទៅ នឹង​មិនមាន​ការ​កាត់​ប្រាក់​ឈ្នួល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ធ្វើបាតុកម្ម​នោះទេ។

ទាក់ទង​នឹង​ការចូល​ធ្វើការ​វិញ​នេះ លោក មុំ សារ៉ន តំណាង​កម្មករ មិនទាន់​ឆ្លើយ​យ៉ាងណា​នៅឡើយ​ទេ​ ដោយ​រង់ចាំ​យក​ដំណឹង​នេះ​ទៅប្រាប់​កម្មករ ហើយ​ទុកអោយ​កម្មករ​ជា​អ្នក​សម្រេច​​ចិត្ត។

សូម​រម្លឹកថា កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ជាច្រើន​នាក់​ បាននាំគ្នា​ធ្វើបាតុកម្ម​នៅ​ស្នាក់ការ​ក្រុមហ៊ុន​ឋិត​ក្នុង​ខណ្ឌដង្កោរ ចាប់តាំងពី​ល្ងាច​ថ្ងៃទី0២ ខែកុម្ភៈ​មក​ម្ល៉េះ​ ដោយបាន​ទាមទារ​លក្ខខណ្ឌ​ចំនួន​៩ចំនុច។ ចំនុច​ទាំង៩ ដែល​បាន​សរសេរ​ដោយ​ដៃ​នៅលើ​ក្រដាស​ញត្តិ ចុះ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៤ រួមមាន​ដូចជា ​សុំ​ដំឡើង​ប្រាក់ខែ​គោល១៥០ដុល្លារ​ក្នុង​មួយខែ សម្រាប់​កម្មករ សុំ​ឲ្យ​មាន​ប្រាក់​ទ្រទ្រង់​សុខភាព និង​ស្នាក់នៅ ​ប្រាក់​ធ្វើដំណើរ សុំ​ឲ្យ​ក្រុមហ៊ុន​មាន​ពេទ្យ​ប្រចាំការ​ឲ្យ​បាន​គ្រប់គ្រាន់ សុំ​អោយ​បុគ្គលិក អ្នកបើកបរ និង​ជាង មាន​ប្រាក់ខែ​គោល​២០០ដុល្លារ​ក្នុង​មួយខែ ដោយ​រក្សា​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ