អានតួអត្ថបទ
លីប៊ី

ប្រតិបត្តិការ​យោធា​នៅ​លីប៊ី​នឹងត្រូវ​ផ្ទេរ​ទៅឲ្យ​អូតង់​​ទទួលខុសត្រូវ

នៅយប់ថ្ងៃ​ព្រហស្បតិ៍ ២៤ មីនា ២០១១​នេះ ប្រទេស​សមាជិក​អូតង់​បាន​ព្រមព្រៀង​គ្នា​ឲ្យ​អូតង់​​​​ទទួលខុសត្រូវ​​ ក្នុងការ​ចាត់ចែង​ប្រតិបត្តិការល្បាត​ដែន​អាកាស​លីប៊ី។ ការផ្ទេរ​អំណាច​ទៅ​ឲ្យ​អូតង់​​អាច​នឹង​ត្រូវ​ធ្វើ នៅដើម​សប្តាហ៍ក្រោយ។ ក៏ប៉ុន្តែ អូតង់​នឹង​ទទួល​បន្ទុក​តែ​ប្រតិបត្តិការ​យោធា​ប៉ុណ្ណោះ។ រាល់​ការសម្រេច​ផ្នែក​នយោបាយទាក់ទង​នឹង​ប្រតិបត្តិការ​នៅលីប៊ី នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​​ក្រុមការងារ​ដោយឡែក​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង តាម​សំណើ​របស់​បារាំង។

លោក Anders Fogh Rasmussen អគ្គលេខាធិការ​​អង្គការ​អូតង់
លោក Anders Fogh Rasmussen អគ្គលេខាធិការ​​អង្គការ​អូតង់ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

05:32

បទវិភាគ​របស់ សេង ឌីណា

អស់រយៈពេលជាច្រើន​ថ្ងៃ​មកហើយ ដែល​ភាពចម្រូងចម្រាស់​គ្នា​បាន​កើតមាន​ឡើង ក្នុង​ចំណោម​​ប្រទេស​សមាជិក​អង្គការ​អូតង់ ជុំវិញ​សំណួរ​ថា តើ​អ្នកណា​ត្រូវ​ដឹកនាំ​ប្រតិបត្តិការ​យោធា​នៅលីប៊ី?

រហូតមកទល់ពេលនេះ ប្រតិបត្តិការ​នៅលីប៊ី ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អាមេរិក ដោយ​មាន​ការ​សម្របសម្រួល​ជាមួយ​បារាំង និង​អង់គ្លេស។ ក៏ប៉ុន្តែ អាមេរិក ដែល​កំពុង​មាន​សង្រ្គាម​ពីរ​នៅក្នុង​ដៃ​ស្រាប់​​នោះ (អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់) មិនចង់​​ចេញមុខ​ដឹកនាំ​​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ីស្លាម​ មួយទៀតទេ។ អាមេរិក​ចង់​ផ្ទេរ​តួនាទី​បញ្ជាទ័ព​ទៅ​ឲ្យ​អង្គការ​អូតង់​វិញ។ អង់គ្លេស​បាន​គាំទ្រ​​សំណើ​របស់​អាមេរិក។ ក៏ប៉ុន្តែ បារាំង​បាន​ជំទាស់។

រដ្ឋាភិបាល​បារាំង​បាន​លើក​ហេតុផល​ថា អូតង់​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​​បក្ស​សម្ព័ន្ធ​របស់​លោក​ខាងលិច។ ដូច្នេះ ប្រសិន​បើ​ឲ្យ​អូតង់​ចេញមុខ​ដឹកនាំ​ប្រតិបត្តិការ​យោធា​នៅលីប៊ី គេ​នឹង​អាច​ចោទថា លោកខាងលិច​កំពុង​ឈ្លាន​ពាន​ប្រទេស​អ៊ីស្លាម។ ម្យ៉ាងទៀត បើសិន​ជា​ប្រតិបត្តិការ​យោធា​នៅលីប៊ី ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​បញ្ជា​របស់​អូតង់​នោះ ប្រទេស​អារ៉ាប់​ដែល​ចង់​មកចូល​រួម​ក្នុង​ប្រតិបត្តិការ​នេះ អាច​នឹង​ផ្លាស់ប្តូរ​ចិត្ត​វិញ។

គួរ​បញ្ជាក់ថា រហូតមកទល់ពេលនេះ មាន​ប្រទេស​អារ៉ាប់​ពីរ​បាន​​ព្រមព្រៀង​បញ្ជូន​យន្តហោះ​ចម្បាំង​មក​ចូលរួម​ ក្នុងប្រតិបត្តិការ​យោធា​នៅលីប៊ី គឺ កាតារ (យន្តហោះ ៤គ្រឿង) និង​អេមីរ៉ាត​អារ៉ាប់រួម (យន្តហោះ ១២​គ្រឿង)។ ការចូលរួម​ពី​សំណាក់​ប្រទេស​អារ៉ាប់ គឺ​ជា​រឿង​សំខាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​ចោទ​ថា ប្រតិបត្តិការ​នៅលីប៊ី គឺ​ជា​ប្រតិបត្តិការ​របស់​លោកខាងលិច ឈ្លានពាន​ទៅលើ​ប្រទេស​អារ៉ាប់។

ក្រោយ​ពី​បាន​តស៊ូមតិគ្នា​យ៉ាងស្វិតស្វាញ​អស់រយៈពេល​ជាច្រើន​ថ្ងៃ ប្រទេស​​សមាជិក​អូតង់​ទាំង ២៨ (ក្នុងនោះ​ក៏មាន​ប្រទេស​បារាំង​ផងដែរ) បាន​ព្រមព្រៀង​គ្នា​​ផ្ទេរ​​​ប្រតិបត្តិការ​យោធា​នៅលីប៊ី ទៅ​ឲ្យ​អូតង់​ជា​អ្នក​ទទួលខុសត្រូវ​វិញ។ ក៏ប៉ុន្តែ អូតង់​ទទួលយក​ត្រឹមតែ​ប្រតិបត្តិការ​ល្បាត​ដែន​អាកាស ដើម្បី​​ពង្រឹង​ "តំបន់​ហាមឃាត់​ការហោះហើរ" តែ​ប៉ុណ្ណោះ។ រីឯ​ប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​កងទ័ព​ជើងគោក​របស់​លោក​ កាដាហ្វ៊ីវិញ ប្រទេស​ជា​សមាជិក​អូតង់ នៅតែ​មាន​ការ​ខ្វែងគំនិត​គ្នា​នៅឡើយ។

ដើម្បី​ជាការ​សម្រុះសម្រួល​ជាមួយ​បារាំង ក្រុមការងារ​មួយ​ត្រូវ​បាន​បង្កើតឡើង​ដាច់ដោយឡែក​ពី​អូតង់។ ក្រុមការងារ​នេះ​​មានការ​ចូលរួម​ពី​គ្រប់ប្រទេស ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​នៅលីប៊ី ក្នុង​នោះ ក៏មាន​​ប្រទេស​កាតារ អេមីរ៉ាត​អារ៉ាប់រួម និង​សហព័ន្ធ​អារ៉ាប់​ផងដែរ។ ក្រុមការងារនេះ គឺ​ជា​អ្នក​មាន​សិទ្ធិ​ធ្វើការសម្រេច​ផ្នែក​នយោបាយ។ កិច្ចប្រជុំ​របស់​ក្រុមការងារ​នេះ នឹង​ចាប់បើក​ធ្វើ​ជាលើក​ទីមួយ នៅ​ថ្ងៃ​អង្គារ ទី​២៩ មីនា ២០១១ សប្តាហ៍ក្រោយ​នេះ នៅ​ក្នុង​ប្រទេស​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ