អានតួអត្ថបទ
លីប៊ី

ការប្រេះឆា​នៅក្នុង​រង្វង់​កងកម្លាំង​សម្ព័ន្ធភាព​ប្រឆាំង​នឹ​ង​កាដាហ្វ៊ី​

បេសកកម្ម​យោធា​ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​ “តំបន់​គ្មាន​យន្តហោះ​ហោះហើរ​ ​ No Fly Zone »​នៅប្រទេស​លីប៊ី​ ​ អនុលោម​តាម​សេចក្តី​សម្រេចចិត្ត​១៩៧៣​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​កើតមាន​ការ​ខ្វែងគំនិត​ គ្នា។ 

លោក​ស្រី​​នាយក​​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​ Angela Merkel​.​​សម្ដែង​​ឲ្យ​ឃើញ​​នូវ​ការ​​សង្ស័យ​​​ទៅលើ​ភាព​​​ពុំ​ស្រ​បច្បាប់​​នៃ​ការ​វាយប្រហារ​តាម​ផ្លួវ​អាកាស​​ទៅលើ​ប្រទេស​លីប៊ី​
លោក​ស្រី​​នាយក​​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​​ Angela Merkel​.​​សម្ដែង​​ឲ្យ​ឃើញ​​នូវ​ការ​​សង្ស័យ​​​ទៅលើ​ភាព​​​ពុំ​ស្រ​បច្បាប់​​នៃ​ការ​វាយប្រហារ​តាម​ផ្លួវ​អាកាស​​ទៅលើ​ប្រទេស​លីប៊ី​ © Reuters
ផ្សាយពាណិជ្ជកម្ម

03:45

បទវិភាគរបស់​ សៀក សារិន

ប្រទេស​អាល្លឺម៉ង់​នៅតែ​បន្ត​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​សង្ស័យ​របស់​ខ្លួន​ទៅលើ​ភាព​ពុំ​ស្រប​ច្បាប់​នៃ​ការ​វាយប្រហារ​តាម​ផ្លួវ​អាកាស​ទៅលើ​ប្រទេស​លីប៊ី។​ លោក​Guido Westerwelle ប្រមុខ​ការទូត​អាល្លឺម៉ង់​បាន​ថ្លែង​ប្រកាសថា​ ​ “​បេសកកម្ម​យោធា​បែបនេះ​ជា​បេសកកម្ម​ពោរពេញ​ដោយ​ហានិភ័យ​ ដែល​ប្រទេស​អាល្លឺម៉ង់​គួរតែ​មាន​ការ​បារម្ភ”។

 
ចំណែកឯ​ប្រទេស​អ៊ីតាលី​វិញ​ ​ បាន​ទាមទារ​ឲ្យ​មាន​ការ​ធានា​ឲ្យ​មាន​ភាព​ស្របច្បាប់​ក្នុង​ការ​បំពេញ​បេសកកម្ម​យោធា​ ​ ដើម្បី​បង្កើត​ឲ្យ​មាន​ “តំបន់​គ្មាន​យន្តហោះ​ហោះហើរ​ ​ No Fly Zone »​នៅប្រទេស​លីប៊ី​ ​ អនុលោម​តាម​សេចក្តី​សម្រេចចិត្ត​១៩៧៣​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។​ ហើយ​ទីក្រុង​រ៉ូម​បាន​គំរាម​ដោយ​ប្រយោលថា​ ​ “បើ​កងកម្លាំង​សម្ព័ន្ធភាព​ពុំ​អនុលោម​តាម​សេចក្តី​សម្រេចចិត្ត​១៩៧៣​ទេនោះ​ ​ ប្រទេស​អ៊ីតាលី​អាច​បដិសេធ​ពុំ​អនុញ្ញាត​ឲ្យ​គេ​ប្រើ​មូលដ្ឋាន​យោធា​របស់​ខ្លួន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​លីប៊ី​ទៀតឡើយ។

សង្គ្រាម​ប៉ាកកា​ដ៏​ខ្លាំងក្លា​មួយ​កំពុងតែ​កើតមាន​នៅឯទីក្រុង​ម៉ូស្គូ​ ​ ពាក់ព័ន្ធ​នឹង​ការ​ប្រៀបប្រដូច​ ​​ “​សេចក្តី​សម្រេចចិត្ត​១៩៧៣​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​”​ទៅនឹង​ “ការអំពាវនាវ​ឲ្យទៅ​បំពេញ​បូជនីយកិច្ច”​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​Vladimir Poutine ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​Dmitri Medvedev​យល់ថា​ ​ ជាការ​ប្រៀប​ប្រដូច​ពុំ​សមរម្យ​ពុំ​អាច​ទទួល​យក​បានឡើយ។

បេសកកម្ម​យោធា​បច្ចុប្បន្ន​នេះ​ឋិត​នៅ​ក្រោម​ការ​សម្រប​សម្រួល​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ទីបញ្ជាការ​តំបន់​នៅ​ទីក្រុង​Stuttgart​នៃ​ប្រទេស​អាល្លឺម៉ង់។​ ហើយ​ប្រទេស​សមាជិក​ភាគច្រើន​នៃ​បក្ស​សម្ព័ន្ធ​Otan​ក៏បាន​ទាមទារ​ឲ្យ​បក្ស​សម្ព័ន្ធ​Otan​ទទួល​តួនាទី​មេបញ្ជាការ​នេះ​ពី​អាមេរិកាំង​ឲ្យ​បាន​ឆាប់រហ័ស។​ ដូច្នេះហើយ​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​ឲ្យ​ដឹងថា​ ​ ការសាងផ្ទេរ​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ ​ ហើយ​អូតង់​ត្រូវ​មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ប្រតិបត្តិការ​យោធា។

ក៏ប៉ុន្តែ​ប្រទេស​បារាំង​ចង់​ឲ្យ​អូតង់​មាន​តួនាទី​ជា​អ្នក​ជំនួយ​ប៉ុណ្ណោះ​សម្រាប់​កងកម្លាំង​សម្ព័ន្ធភាព​ ​ ដោយហេតុថា​ “ប្រទេស​អារ៉ាប់​ជាច្រើន​នឹង​ពុំ​ពេញចិត្ត​ឡើយ​ដែល​​ប្រតិបត្តិការ​យោធា​ត្រូវ​ឋិត​នៅ​ក្រោម​ការបញ្ជា​របស់​បក្ស​សម្ព័ន្ធ​Otan​”​ ​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​Alain Juppé រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង។

ជំហរ​របស់​សហរដ្ឋ​អាមេរិក​តាមរយៈ​សេចក្តី​ប្រកាស​របស់​លោក​ស្រី​គ្លីនតុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹងថា​ ​ “សហរដ្ឋ​អាមេរិក​ពុំ​មែន​ជា​អ្នកដឹកនាំ​នៅ​ក្នុង​​ប្រតិបត្តិការ​នៅ​ប្រទេស​លីប៊ីឡើយ​ ​ We did not lead this”​។​ ពាក្យ​សំដី​ប៉ុន្មាន​ម៉ាត់​របស់​លោក​ស្រី​គ្លីនតុន​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ជំហរ​ពុំ​ដែល​កើតមាន​សម្រាប់​សហរដ្ឋ​អាមេរិក​ដែល​តែងតែ​ដើរ​នៅ​ពីមុខ​គេ។​ក៏​ប៉ុន្តែ​មូលហេតុ​គឺ​សហរដ្ឋ​អាមេរិក​របស់​លោក​អូបាម៉ា​កំពុង​មាន​សង្គ្រាម​ពីរ​ជាប់​នៅ​នឹងដៃ​ពោលគឺ​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្កានិស្តង់​និង​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់។

ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នូវ​ជំហរ​មុតមាំ​របស់​សហរដ្ឋ​អាមេរិក​ ​ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​នាឱកាស​ទស្សនកិច្ច​របស់​លោក​​នៅ​ប្រទេស Chili​ ថា​ ​ “​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​ត្រូវតែ​ចាកចេញ​ពី​មុខតំណែង​ ​ ហើយ​សកម្មភាព​យោធា​អាមេរិកាំង​ទៀតសោត​គឺ​សម្តែង​ឲ្យឃើញ​នូវ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សម្រេចចិត្ត​១៩៧៣​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ