អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីតាលី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​ស្ថានភាព​នៅក្នុង​ប្រទេស​លីប៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ មីនា ប្រទេស​អ៊ីតាលី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​សា្ថនភាព​នៅ​ក្នុង​ប្រទេស​លីប៊ី។ លីប៊ី​ដែល​ទើប​បាន​ប្រារព្ធខួប​គម្រប់ ៣ឆ្នំា​នៃ​ការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបដឹកនំា​ផ្តាច់ការ​របស់​លោក​មូអំាម៉ា កាដាហ្វី​កាល​ពី​ថ្ងៃទី១៧ កុម្ភៈ ឆ្នំា ២០១១។ អ្វី​ជា​ការ​កត់សម្គាល់ សន្និសីទអន្តរជាតិ​នេះ​បាន​រៀបចំ​ឡើង ជួនចំ​ពេល​ដែល​អំពើហិង្សា​សម្លាប់​មនុស្ស​បាន និង​កំពុង​កើត​មាន​សឹង​តែ​រាល់ថ្ងៃ​នៅ​ទូទំាង​ប្រទេស ពិសេស​នៅ​តំបន់​ប៉ែកខាងត្បូង​ដែល​កំពុង​ទទួល​ការ​គំរាមកំហែង​កាន់កាប់​ដោយ​ពួកជីហាត។

លោក​ប្រមុខ​ការទូត​អាមេរិក John Kerry (រូបកណ្តាល) ចាប់ដៃ​ជាមួយ​សមភាគីលីប៊ី លោក Mohamed Abdel Aziz ក្នុង​សន្និសីទ​អន្តរជាតិ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី៦ មីនា ឆ្នំា ២០១៤
លោក​ប្រមុខ​ការទូត​អាមេរិក John Kerry (រូបកណ្តាល) ចាប់ដៃ​ជាមួយ​សមភាគីលីប៊ី លោក Mohamed Abdel Aziz ក្នុង​សន្និសីទ​អន្តរជាតិ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ថ្ងៃទី៦ មីនា ឆ្នំា ២០១៤ REUTERS/Alessandro Bianchi
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​សន្និសីទអន្តរជាតិ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ដែល​ចូលរួម​ដោយ​គណៈប្រតិភូ​មក​ពី​ប្រទេស​ប្រមាណ​ជា ១០ ក្នុង​នោះ ប្រទេស​បារំាង តំណាង​ដោយ​លោក​ប្រមុខ​ការទូត Laurent Fabius និង​អាមេរិក តំណាង​ដោយ​លោក​ប្រមុខ​ការទូត John Kerry។ ការ​រៀបចំ​ឲ្យ​មាន​សន្និសីទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ជួន​ចំ​ពេល​ដែល​ភាពអនាធិបតេយ្យ និង​អសន្តិសុខ​កំពុង​សោយរាជ្យ​នៅ​ទូទំាង​ប្រទេស​លីប៊ី។ អ្វី​ដែល​ក្រុមប្រទេស​លោកខាងលិច​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​អន្តរកាល​លីប៊ី​នោះ គឺ​ការ​ពង្រឹង​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រជាជន​លីប៊ី។ បេសកកម្ម​ជា​អាទិភាព​ដែល​អង្គការសហប្រជាជាតិ​អាច​បំពេញ​បាន​នៅ​ក្នុង​ប្រទេស​លីប៊ី គឺ​ការ​រៀបចំ​ឲ្យ​មាន​កិច្ចចរចា​ថ្នាក់ជាតិ​មួយ​ដែល​ចូល​រួម​ដោយ​គ្រប់​ភាគី​ជម្លោះ​ទំាង​អស់។ បន្ទាប់​មក តួនាទី​មិន​អាច​ខ្វះ​បាន​មួយ​ទៀត​របស់​អង្គការ​សហប្រជាជាតិ គឺ​ការ​កាត់បន្ថយ និង​ការ​ប្រមែប្រមូល​គ្រឿងសព្វាវុធ​ពី​ចលនា​ប្រដាប់អាវុធ​ផ្សេងៗ។ នេះ​ជា​សំណុំរឿង​មួយ​បន្ទាន់ និង​ដែល​បារំាង និង​អាល្លឺម៉ង់​ធ្លាប់​បាន​ដាក់​ចេញ​នូវ​រូបមន្ត​មួយ​ដើម្បី​ការពារ​ឃ្លំាង​ស្តុកអាវុធ និង​គ្រាប់​រំសេវ។

ប្រទេស​អង់គ្លេស អាមេរិក អ៊ីតាលី និង​ទួកគី​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​បង្ហាត់បង្រៀន​មួយ​នៅ​ក្រៅ​ដែនដី​លីប៊ី និង​ដែល​អាច​ជួយ​ហ្វឹកហ្វឺន​ទាហាន​លីប៊ី​ចំនួន ១៥ ០០០នាក់។ បារំាង​បាន​សន្យា​ជួយ​បង្ហាត់បង្រៀន​កម្លំាង​ប៉េអឹម និង​នគរបាល​លីប៊ី​ចំនួន ៣ ០០០នាក់។ រីឯ​សហភាព​អឺរ៉ុប​បាន​ធានា​ហ្វឹកហ្វឺន​កម្លំាង​ឆ្មំាការពារ​ព្រំដែន តាម​រយៈ​បេសកកម្ម EUBAM។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកការទូត​បស្ចិមលោក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ភាព​យឺតយ៉ាវ​ខ្លំាង​នៅ​ក្នុង​ការ​អនុវត្តន៍​គម្រោង​កម្មវិធី​ទំាង​នោះ។ ទន្ទឹម​គ្នា​នេះ មាន​អ្នកការទូត​បរទេស​ខ្លះ​បាន​យល់​ឃើញ​ថា ការ​ផ្តួចផ្តើម​ឲ្យ​មាន​គម្រោង​កម្មវិធី​ទំាង​នោះ​សម្រាប់​រយៈពេល​ខ្លី គឺ​មិន​សូវ​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ សន្និសីទអន្តរជាតិ​ស្តីពី​ប្រទេស​លីប៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ២សប្តាហ៍ បន្ទាប់​ពី​ប្រជាជន​លីប៊ី​បាន​នំា​គ្នា​ប្រារព្ធខួប​គម្រប់ ៣ឆ្នំា​នៃ​ការ​ផ្តើម​ធ្វើ​បដិវត្តន៍​ប្រឆំាង​មេដឹកនំា​ផ្តាច់ការ​មូអំាម៉ា កាដាហ្វី​ក្នុង​ថ្ងៃទី១៧ កុម្ភៈ ឆ្នំា ២០១១។ បដិវត្តន៍​ដែល​បាន​ផ្តួល​រំលំ​របប​ផ្តាច់ការ​កាដាហ្វី​ទំាង​ស្រុង ព្រម​ទំាង​សម្លាប់​បាន​រូប​កាដាហ្វី​ទៀត​ផង។ តែ​បញ្ហា​នៅ​ត្រង់​ថា ៣ឆ្នំា​ក្រោយ​ការ​ដួលរលំ​របប​កាដាហ្វី​មក ប្រទេស​លីប៊ី​ទំាង​មូល​បាន និង​កំពុង​ប្រឈម​មុខ​នឹង​អំពើហិង្សា និង​អស្ថិរភាព​នយោបាយ​ជាប់​ជា​ប្រចំា។ ទំាង​នេះ​ពិត​ជា​រូបភាព​មួយ​ដែល​ប្រជាជន​លីប៊ី​មិន​បាន​រង់ចំា​ទាល់​តែ​សោះ នៅ​ក្រោយ​ការ​ធ្វើ​បដិវត្តន៍​របស់​ពួក​គេ។

អំពើហិង្សា និង​អស្ថិរភាព​នយោបាយ​ដែល​បាន​លេចធ្លោ​ឡើង​ពិតៗ ដោយ​មិន​អាច​កំបំាង​ភ្នែក​របស់​មហាជន​ទូទៅ​បាន​ទេ។ ថ្មីៗ​ចុង​ក្រោយ គឺ​ការ​លេចចេញ​នូវ​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការ​អំពាវនាវ​របស់​មេឧទ្ទាម​ចូលនិវត្តន៍​ម្នាក់​ឲ្យ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​បណ្តោះអាសន្ន​សព្វថ្ងៃ។ កាល​ពី​ខែ​មេសា ឆ្នំា ២០១៣ ក្រុមអតីត​ឧទ្ទាម​ប្រដាប់អាវុធ​បាន​ចូលកាន់កាប់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស​អស់​ជា​ច្រើន​សប្តាហ៍​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ជម្រុះ​បុគ្គលិក​ដែល​ធ្លាប់​បម្រើការងារ​ក្នុង​របប​កាដាហ្វី។ ធ្ងន់ធ្ងរ​ជាង​នេះ រូប​លោក​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​ក្រុម​អតីតឧទ្ទាម​ចាប់​ឃុំ​អស់​ជា​ច្រើន​ម៉ោង​កាល​ពី​ខែ​តុលា ឆ្នំា ២០១៣។ ទំាង​នេះ​សុទ្ធសឹង​ជា​រូបភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ផុយស្រួយ​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​លីប៊ី។

គួរ​ជម្រាប​ជូន​ថា ៣ឆ្នំា​ក្រោយ​ការ​ដួលរលំ​របប​ផ្តាច់ការ​កាដាហ្វី​មក លីប៊ី​កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ដឹកនំា​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន ដោយ​នៅ​មិន​ទាន់​បាន​រៀបចំ​ការ​បោះឆ្នោត​អ្វី​ទេ។ តាម​ធម្មតា សភាបណ្តោះអាសន្ន​លីប៊ី​ត្រូវ​ផុតអណត្តិ​តំាង​ពី​ថ្ងៃទី៧ កុម្ភៈ​កន្លង​ទៅ​មក​ម្ល៉េះ តែ​ត្រូវ​បាន​ពន្យាពេល​បន្ថែម​រហូត​ដល់​ខែ​ធ្នូ ឆ្នំា ២០១៤​នេះ។ ក្នុង​សម័យ​អន្តរកាល សភា​បណ្តោះអាសន្ន​នោះ​ត្រូវ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​ឡើង​វិញ រួច​ដាក់​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ បន្ទាប់​មក ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​សភា និង​ប្រធានាធិបតី។ ក៏ប៉ុន្តែ​ជាង ១ឆ្នំា​កន្លះ​កន្លង​ទៅ សភា​នោះ​មិន​បាន​ធ្វើ​អ្វី​ទំាង​អស់។ ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល ១ឆ្នំា កន្លះ លីប៊ី​ស្គាល់​តែ​អំពើហិង្សា អស្ថិរភាពនយោបាយ និង​គ្មាន​ទិសដៅ​អនាគត​ពិត​ប្រាកដ។

អំពើហិង្សា និង​អស្ថិរភាពនយោបាយ​ដែល​បាន​ផ្តើម​ផ្ទុះ​ខ្លំាង​នៅ​ក្រោយ​ការ​វាយប្រហារ​លើ​ស្ថានកុងស៊ុល​អាមេរិកំាង​ក្នុង​ទីក្រុង Benghazi កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១២ ដោយ​ផ្តាច់​ជីវិត​ឯកអគ្គរដ្ឋទូត​អាមេរិកំាង​លោក Chris Steven។ បន្ទាប់​មក ការ​វាយប្រហារ​ប្រឆំាង​នឹង​ស្ថានទូត​បារំាង​ក្នុង​ទីក្រុង Tripoli កាល​ពី​ថ្ងៃទី២៣ មេសា ឆ្នំា ២០១៣។ ជា​ទូទៅ គ្មាន​ក្រុម ឬ​ក៏​ចលនា​ណា​មួយ​បាន​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន​ទេ តែ​គេ​បាន​ដឹង​ថា ជា​ស្នាដៃ​របស់​ក្រុមជីហាត ដូច​យ៉ាង​ចលនា Ansar al-Charia ដែល​មាន​វត្តមាន​ច្រើន​ក្នុង​ទីក្រុង Benghazi Derna ឬ​មួយ​ក៏ Syrte ជា​ដើម។ តែ​អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​កំណើន​វត្តមាន​ពួកជីហាត​នៅ​ប៉ែកខាងត្បូង​ដែល​ហូរ​ចូល​ពី​ប្រទេស​ម៉ាលី។

ក្រៅ​ពី​ក្តីបារម្ភ​រឿង​អសន្តិសុខ រឿង​សេដ្ឋកិច្ច​ក៏​បាន និង​កំពុង​ចោទ​ជា​បញ្ហា​ចម្បង​ដែរ​សម្រាប់​ប្រទេស​លីប៊ី។ តំាង​ពី​ពាក់​កណ្តាល​ឆ្នំា ២០១៣ មក ស្ថានីយ៍​បូមប្រេង​ដ៏​សំខាន់​មួយ​ត្រូវ​បាន​បិទ​ទ្វារ​ដោយសារ​ការ​អុកឡុក​ពី​ក្រុមឧទ្ទាម។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​លីប៊ី​បាត់បង់​ចំណូល​មួយ​យ៉ាង​សំខាន់ ព្រោះ​សូម​ជម្រាប​ជូន​ថា ផលិតផល​សរុប​លីប៊ី​ចំនួន ៧០% បាន​មក​ពី​ការ​លក់​ប្រេងឆៅ​នោះ​ឯង។ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​ប្រហែល​ជា​គ្មាន​លុយ​គ្រប់គ្រាន់​ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​មន្រ្តី​រដ្ឋការ​របស់​ខ្លួន​សម្រាប់​ឆ្នំា ២០១៤ នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ