អានតួអត្ថបទ
អាមេរិក-លីប៊ី-សូម៉ាលី

កុម្ម៉ង់ដូ​អាមេរិក​វាយឆ្មក់​លើ​ទីតាំង​ក្រុម​ភេរវជន​នៅ​លីប៊ី​និង​សូម៉ាលី

កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ កងកុម្ម៉ង់ដូ​អាមេរិក​បាន​បើក​ការ​វាយឆ្មក់​ទៅលើ​ទីតាំង​ក្រុម​ភេរវជន​អ៊ីស្លាម​ ចំនួន ២កន្លែង នៅ​ក្នុង​ប្រទេស​ពីរ​ផ្សេងគ្នា គឺ​នៅ​សូម៉ាលី និង​នៅ​លីប៊ី។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន។ មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុម​ភេរវជន​អាល់កៃដា ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​នេះ។

កងកុម្ម៉ង់ដូ​អាមេរិក Navy SEAL (រូបថតឯកសារ)
កងកុម្ម៉ង់ដូ​អាមេរិក Navy SEAL (រូបថតឯកសារ) Wikipédia
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​ នៅ​ក្នុង​ការ​វាយឆ្មក់​ ក្នុង​ទីក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី កាល​ពី​ថ្ងៃ​សៅរ៍​​ម្សិលមិញ កងកុម្ម៉ង់ដូ​អាមេរិក​បាន​ចាប់ខ្លួន​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ នៃ​ក្រុម​ភេរវជន​អាល់កៃដា ឈ្មោះ អាណាស់ អាល់​លីប៊ី (Anas al-Liby)។ អាណាស់ អាល់​លីប៊ី ស្ថិត​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​មេដឹកនាំ​ភេរវជន ដែល​​អាមេរិក​​​តាមរក​ចាប់ខ្លួន​ជា​យូរ​ឆ្នាំមកហើយ ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទៅលើ​ស្ថានទូត​អាមេរិក​ នៅ​ក្នុង​ប្រទេស​កេនយ៉ា និង​តង់ហ្សានី កាល​ពី​ឆ្នាំ​១៩៩៨។

កាលពីថ្ងៃ​ព្រឹកព្រលឹម​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ​ដែរ ​កងកុម្ម៉ង់ដូ​អាមេរិក បាន​បើក​ការ​វាយឆ្មក់​មួយផ្សេងទៀត នៅ​ក្នុង​ប្រទេស​សូម៉ាលី ក្នុង​គោលដៅ​ចាប់ខ្លួន​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​ទៀត របស់​ក្រុម​ភេរវជន​អ៊ីស្លាម ឈ្មោះ Shebab ដែល​ជា​អ្នក​ទទួលខុសត្រូវ​ ក្នុងការ​វាយប្រហារ​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្នុង​ប្រទេសកេនយ៉ា កាល​ពី​ខែមុន។ ក៏ប៉ុន្តែ ក្នុង​ប្រតិបត្តិការ​នៅសូម៉ាលី កងកុម្ម៉ង់ដូ​អាមេរិក​ត្រូវ​ជួប​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង ជាមួយ​នឹង​ក្រុម​ភេរវជន ហើយ​បង្ខំ​ចិត្ត​ដកខ្លួន​ថយ ដោយ​មិន​អាច​ចាប់ខ្លួន​មេ​ក្រុម​ Shebab តាម​គម្រោងការណ៍។

មន្រ្តីយោធា​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យដឹង​ថា ការវាយឆ្មក់​នៅ​ក្នុង​ប្រទេស​សូម៉ាលី​​ត្រូវ​បាន​ធ្វើឡើង​ដោយ​កងកុម្ម៉ង់ដូ​ដ៏ឆ្នើម​របស់​អាមេរិក គឺ​ក្រុម Navy SEAL Team Six ដែល​បាន​វាយឆ្មក់​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ កាល​ពី​ជាង២ឆ្នាំ​មុន។

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា មុនពេល​បើក​ការវាយឆ្មក់​នៅ​ក្នុង​ប្រទេស​លីប៊ី និង​សូម៉ាលី កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​សុទ្ធតែ​ត្រូវ​បាន​ជូនដំណឹង​ជាមុន អំពី​ប្រតិបត្តិការ​​​នៅ​ក្នុង​ទឹកដី​របស់​ពួកគេ។

ប្រតិបត្តិការ​របស់​កងកុម្ម៉ង់ដូ​អាមេរិក នៅលីប៊ី និង​សូម៉ាលី​នេះ​បង្ហាញ​ឲ្យឃើញ​ អំពី​ចំណាប់អារម្មណ៍ និង​ក្តីព្រួយបារម្ភ របស់​អាជ្ញាធរ​អាមេរិក ចំពោះ​ការ​កើនឡើង​នៃ​សកម្មភាព​របស់​ក្រុម​ភេរវជន នៅ​ក្នុង​តំបន់​អាហ្វ្រិក ដែល​កំពុងតែ​រាលដាល​ជា​ភេរវកម្ម​អន្តរជាតិ។

ពី​ប្រទេស​ឥណ្ឌូណេស៊ី លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា ប្រតិបត្តិការ​របស់​កងកុម្ម៉ង់ដូ​អាមេរិក ក្នុង​ប្រទេស​លីប៊ី និង​សូម៉ាលី កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ បង្ហាញ​ឲ្យ​ឃើញយ៉ាងច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​តាមរក​អ្នក​ដែល​ទទួល​ខុសត្រូវ​ ក្នុង​អំពើ​ភេរវកម្ម បើទោះបី​ជា​ពួកគេ​រត់ទៅលាក់ខ្លួន​ដល់​ទីណា​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ