អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​បន្ត​ប្រើ​អាវុធ​ជម្រះ​បញ្ជី​គ្នា ជា​ជាង​ជ្រើស​យក​បទ​ឈប់បាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទីបំផុត និង​បន្ទាប់​ពី​បាន​ស្ងប់ស្ងាត់​តែ​ប៉ុន្មាន​ម៉ោង​មក ស្នូរ​អាវុធ​បាន​ផ្តើម​ឮ​ជា​ថ្មី​នៅ​តំបន់​ដើមបូព៌ា។ ពួក​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល។ ចំណែក​ទាហាន​អ៊ីស្រាអែល​ក៏​បាន​ផ្តើម​ប្រតិបត្តិការ​ផ្លូវអាកាស​ជា​ថ្មី​លើ​តំបន់​ហ្កាហ្សា។ ជម្លោះ​រវាង​គូសត្រូវ​ប្រចំា​សតវត្ស​ទំាង​ពីរ​តំាង​ពី​មួយ​សប្តាហ៍​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ប្រជាជន​ប៉ាឡេស្ទីន ២០០នាក់ និង​ប្រជាជន​អ៊ីស្រាអែល ១នាក់ ព្រម​ទំាង​បង្ក​ឲ្យ​មាន​របួស​ប្រជាជន​ប៉ាឡេស្ទីន​ជាង ១ ០០០នាក់​ផ្សេង​ទៀត។ នៅ​ថ្ងៃ​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន ១០០ ០០០នាក់​ដែល​រស់នៅ​ក្នុង​តំបន់​ប៉ែកខាងជើង​តំបន់​ហ្កាហ្សា​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួក​គេ។ តើ​នេះ ជា​ទង្វើ​មួយ​ដើម្បី​កំញើញ ឬ​មួយ​ក៏​អ៊ីស្រាអែល​ពិត​ជា​មាន​បំណង​ចង់​បើក​ការ​វាយប្រហារ​លើ​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​តាម​ផ្លូវគោក​មែន?

ប្រជាជន​ប៉ាឡេស្ទីន​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ក្នុង​តំបន់​ហ្កាហ្សា​ប៉ែក​ខាងជើង ដើម្បី​គេច​គ្រាប់បែក​អ៊ីស្រាអែល ថ្ងៃទី១៦ កក្កដា ២០១៤
ប្រជាជន​ប៉ាឡេស្ទីន​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ក្នុង​តំបន់​ហ្កាហ្សា​ប៉ែក​ខាងជើង ដើម្បី​គេច​គ្រាប់បែក​អ៊ីស្រាអែល ថ្ងៃទី១៦ កក្កដា ២០១៤ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

កំញើញ ឬ​មួយ​ក៏​អ៊ីស្រាអែល​ចង់​បើក​ប្រតិបត្តិការ​ផ្លូវគោក​មែន ឬ​យ៉ាង​ណា គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺ​ថា តំាង​ពី​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​ប្រកាស​មិន​ទទួល​យក​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​អេហ្ស៊ីប និង​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​មក រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​បាន​យល់ព្រម​ទទួល​យក​បទ​ឈប់​បាញ់​នោះ ក៏​បាន​ផ្តើម​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​លើ​តំបន់​ហ្កាហ្សា។ ទីបំផុត ភាគី​ទំាង​ពីរ​បាន​បន្ត​ប្រើ​អាវុធ​ដើម្បី​ជជែក​គ្នា​នៅ​លើ​សមរភូមិ ជាជាង​ប្រើ​ពាក្យសម្តី​ដោយ​សន្តិវិធី។ ដូច្នេះ អ៊ីស្រាអែល​អាច​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​ទប់​ស្កាត់​ការ​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ពី​សំណាក់​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់ ដោយ​រាប់​បញ្ចូល​ទំាង​អន្តរាគមន៍​យោធា​តាម​ផ្លូវគោក​ផង។

ថ្ងៃ​នេះ ឈាន​ដល់​ថ្ងៃទី៩ ហើយ​ដែល​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ផ្លូវអាកាស​លើ​តំបន់​ហ្កាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ហើយ​តំាង​ពី​ពេល​នោះ​មក ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការ​ត្រៀម​បើក​ប្រតិបត្តិការ​ផ្លូវគោក​របស់​ទាហាន​អ៊ីស្រាអែល​ក៏​បាន​លេច​ចេញ​ជា​ហូហែរ​មក​ដល់​សព្វថ្ងៃ។ នៅ​ថ្ងៃ​នេះ​ទៀត លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ជា​ថ្មី​ថា អ៊ីស្រាអែល​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​តាម​គ្រប់​រូបភាព​ទំាង​អស់ មាន​ន័យ​ថា ប្រតិបត្តិ​ផ្លូវគោក​ក៏​ជា​ជម្រើស​ចុង​ក្រោយ​មួយ​ដែរ។ ចូរ​កុំ​ភ្លេច​ថា​ខណៈ​នេះ កងកំាភ្លើងធំ និង​កងរថក្រោះ ព្រម​ទំាង​ទាហានបម្រុង​ចំនួន ៤០ ០០០នាក់​ត្រូវ​បាន​អ៊ីស្រាអែល​កែន​ប្រមូល​ទៅ​ដាក់​នៅ​តាម​ខ្សែបន្ទាត់​ដែល​ខ័ណ្ឌចែក​ដែនដី​អ៊ីស្រាអែល និង​តំបន់​ប៉ាឡេស្ទីន​ហ្កាហ្សា។

អ៊ីស្រាអែល​មិន​ចង់​ឲ្យ​មាន​បទពិសោធន៍​ជូរចត់​ជា​ថ្មី

ការ​ដែល​អ៊ីស្រាអែល​នៅ​បន្ត​រារែក អល់អែក​ក្នុង​ការ​បើក​អន្តរាគមន៍​ផ្លូវគោក​លើ​តំបន់​ហ្កាហ្សា​ពេល​នេះ មិនមែន​មក​ពី​អ៊ីស្រាអែល​មិន​ហ៊ាន ឬ​គ្មាន​សមត្ថភាព​ទេ។ អ៊ីស្រាអែល​ជា​ប្រទេស​មួយ​ដែល​មាន​បំពាក់​ដោយ​គ្រឿងសព្វាវុធ​ទំនើបៗ​ដូច​ប្រទេស​បស្ចិមលោក​មួយ​ចំនួន និង​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពាក់​អាវុធ​គ្រប់​ប្រភេទ​ដើម្បី​ការពារ​ប្រទេស និង​ប្រជាជន​ខ្លួន។ ផ្ទុយ​ទៅ​វិញ គឺ​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​គ្មាន​គ្រឿង​សព្វាវុធ​ទំនើបៗ និង​គ្រប់ប្រភេទ​ដូច​អ៊ីស្រាអែល។ ជាក់ស្តែង​នៅ​ក្នុង​ជម្លោះ​ពេល​នេះ អ៊ីស្រាអែល​បាន​ប្រើ​យន្តហោះចម្បំាង​ទំនើបៗ​ទម្លាក់​គ្រាប់បែក​ស្រេច​នឹង​ចិត្ត​លើ​តំបន់​ហ្កាហ្សា។ រីឯ​ពួក​ហាម៉ាស​មាន​ត្រឹមតែ​គ្រាប់​រ៉ូកែត​ដើម្បី​តបត​វិញ សូម្បី​តែ​កំាភ្លើង​ធំ​បាញ់​យន្តហោះ​ក៏​គ្មាន​ដែរ។ រវាង​កម្លំាង​អ៊ីស្រាអែល និង​កម្លំាង​ពួក​ហាម៉ាស់ គឺ​ខុស​គ្នា​ដូច​មេឃ និង​ដី។

តែ​សម្រាប់​អ៊ីស្រាអែល ប្រតិបត្តិការ​ផ្លូវគោក គឺ​ជា​ប្រតិបត្តិការ​មួយ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ហានីភ័យ​ខ្ពស់ ពិសេស​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ទាហាន​អ៊ីស្រាអែល​ច្រើន។ គួរ​រម្លឹក​ជូន​ថា កងទ័ព​អ៊ីស្រាអែល​ធ្លាប់​បាន​ចូល​កាន់កាប់​តំបន់​ហ្កាហ្សា​អស់​ជា​ច្រើន​ឆ្នំា មុន​នឹង​អ៊ីស្រាអែល​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី​អារីយែល ស្ហារ៉ុន​សម្រេច​ដក​ចេញ​វិញ​កាល​ពី​ឆ្នំា ២០០៥។ ការ​សម្រេច​កាលណោះ​ក៏​ដោយសារ​ថា មាន​ស្លាប់​ទាហាន​អ៊ីស្រាអែល​ជា​រៀងរាល់​ថ្ងៃ​ដោយ​ស្នាដៃ​ពួក​ប៉ាឡេស្ទីន​ហាម៉ាស់។ នេះ​ពិត​ជា​បទពិសោធន៍​ដ៏​ល្វីងជូរចត់​មួយ​ដែល​អ៊ីស្រាអែល​មិន​ចង់​យក​មក​អនុវត្តន៍​ជា​ថ្មី​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​បញ្ហា​អន្តរាគមន៍​ផ្លូវគោក​ពេល​នេះ​បាន​បង្ក​ឲ្យ​មាន​មតិ​ផ្ទុយ​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល​អ៊ីស្រាអែល​របស់​លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​សព្វថ្ងៃ។ មាន​អ្នក​ខ្លះ មិន​ចង់​ឲ្យ​មាន​អន្តរាគមន៍​ផ្លូវគោក និង​អ្នក​ខ្លះ​ទៀត គឺ​ចង់​ឲ្យ​មាន​ការ​វាយប្រហារ​ផ្លូវគោក​ដើម្បី​កំចាត់​រចនា​សម្ព័ន្ធ​របស់​ពួក​ហាម៉ាស់​ឲ្យ​ដល់​ឫសគល់​តែ​ម្តង។

ពួក​ហាម៉ាស់​បន្ត​ញុះញង់​ឲ្យ​អ៊ីស្រាអែល​បើក​ការ​វាយប្រហារ​ផ្លូវគោក

ពួក​ហាម៉ាស់​មិន​ដែល​ញញើត​នឹង​ការ​កំញើញ​របស់​អ៊ីស្រាអែល​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​បន្ត​​ញុះញង់​ដើម្បី​ឲ្យ​អ៊ីស្រាអែល​ក្តៅក្រហាយ​ខ្លំាង រួច​បើក​ប្រតិបត្តិការ​វាយលុក​ចូល​តំបន់​ហ្កាហ្សា។ គឺ​ពេល​នោះ​ហើយ​ដែល​​ជា​ឱកាស​ដ៏​ប្រសើរ​របស់​ពួក​គេ​ក្នុង​ការ​សម្លាប់​ទាហាន​អ៊ីស្រាអែល។ ជា​ការ​ពិត អ៊ីស្រាអែល​មាន​បំពាក់​ដោយ​អាវុធ​ទំនើបៗ តែ​បើ​និយាយ​ពី​តាក់ទិច​នៅ​លើ​សមរភូមិ និង​ការ​វាយ​ឆ្មក់​វិញ ប្រហែល​ជា​ចាញ់​ពួក​ហាម៉ាស់។ ពួក​អ៊ីស្លាមនិយមជ្រុល​មួយ​នេះ​រង់ចំា​តែ​ទាហាន​អ៊ីស្រាអែល​វាយលុក​ចូល​ក្នុង​តំបន់​របស់​ខ្លួន​ទេ ទើប​ស្រួល​ចាត់ការ ព្រោះ​ថា បើ​មាន​តែ​ការ​វាយប្រហារ​ផ្លូវអាកាស គឺ​ពិត​ជា​ពិបាក​ទប់ទល់​ខ្លំាង​ណាស់។

នេះ​ហើយ​ជា​អ្វី​ដែល​អ៊ីស្រាអែល​កំពុង​បារម្ភ​ខ្លំាង។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​ដែល​ប្រទេស​អេហ្ស៊ីប​បាន​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​ទទួល​យក​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគស្មាញ​ខ្លំាង។ តែ​អ្វី​ដែល​អ៊ីស្រាអែល​ភ្ញាក់ផ្អើល​ខ្លំាង​នោះ គឺ​ការ​ឆ្លើយ​បដិសេធ​របស់​ពួក​ហាម៉ាស់។ ពួក​នេះ​បាន​យល់​ឃើញ​ថា សំណើ​របស់​ប្រទេស​អេហ្ស៊ីប​នៅ​មិន​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ទេ។ អ្វី​ដែល​ពួក​ហាម៉ាស់​ចង់​បាន គឺ​សុំ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​បិទច្រក​ចេញ ចូល​តំបន់​ហ្កាហ្សា​ដែល​អ៊ីស្រាអែល​បាន​អនុវត្តន៍​តំាង​ពី​ឆ្នំា ២០០៦ ព្រម​ទំាង​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​ទើប​ចាប់​ថ្មី​នេះ។ មួយ​វិញ​ទៀត ពួក​ហាម៉ាស់​ក៏​បាន​ទាមទារ​ឲ្យ​បើក​ច្រក​ព្រំដែន​រ៉ាហ្វា​ជាមួយ​ប្រទេស​អេហ្ស៊ីប​ឡើង​វិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ