អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​នឹង​មាន​អ្វី​កើតឡើង​បើសិនជា​សភា​អាមេរិក​អនុម័ត​ថវិកា​មិនបាន​យប់នេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការជាប់គាំង​​នៅ​សភា​អាមេរិក​ ជុំវិញ​ថវិកា​ជាតិ​ បាន​ឈាន​ដល់​ថ្ងៃ​ចុងក្រោយ​ហើយ នៅថ្ងៃ​ចន្ទ​នេះ។ សមាជិក​សភា​អាមេរិក​​មក​ពី​គណបក្ស​ទាំងពីរ​មាន​ពេល​តែ​ប៉ុន្មាន​ម៉ោងទៀត​​ប៉ុណ្ណោះ ដើម្បី​ចរចា​គ្នា ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ថវិកា​នេះ។ ចំណុចខ្ទាស់​ដ៏​ធំបំផុត គឺ​​ទាក់ទង​នឹង​ច្បាប់​ធានារ៉ាប់រងសុខភាព​របស់​លោក​អូបាម៉ា (Obamacare)។

វិមានសភាអាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន
វិមានសភាអាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន REUTERS/Mary F. Calvert
ផ្សាយពាណិជ្ជកម្ម

សំណួរ​-ប្រសិនបើ​​សភា​អាមេរិក​​អនុម័ត​ច្បាប់​ថវិកា​ថ្មី​មិន​បាន​ត្រឹម​យប់នេះទេ តើ​នឹង​មាន​អ្វី​កើតឡើង?
 
ប្រសិនបើ​ផុត​ម៉ោង​១២អធ្រាត​ថ្ងៃ​ចន្ទ ម៉ោង​នៅ​អាមេរិក (ត្រូវ​នឹង​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​អង្គារ​ស្អែក នៅ​កម្ពុជា) សភា​អាមេរិក​មិន​អាច​អនុម័ត​ថវិកា​ថ្មី​បានទេ រដ្ឋាភិបាល​នឹង​លែង​មាន​កញ្ចប់​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រដ្ឋការ ហើយ​នឹង​ត្រូវ​​បង្ខំចិត្ត​បិទ​សេវាកម្ម​មួយ​ផ្នែក​ធំ ដោយ​បើក​ឲ្យ​ដំណើរការ​តែ​សេវាកម្ម ដែល​ចាំបាច់ ដូចជា ប៉ូលិស ទាហាន ក្រុម​ពន្លត់​អគ្គិភ័យ មន្ទីរពេទ្យ សេវាកម្ម​ត្រួតពិនិត្យ​ជើង​ហោះហើរ ជាដើម។

បើសិន​ជា​ករណី​នេះ​កើត​ឡើង​មែន មន្រ្តី​សាធារណៈ នៃ​រដ្ឋាភិបាល​សហព័ន្ធ​ ប្រហែល​ជា ១លាន​នាក់​ នឹង​ត្រូវ​គេ​តម្រូវ​ឲ្យ​ផ្អាក​ការងារ គឺ​ដូចជា​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ឈប់សម្រាក ដោយ​គ្មាន​ប្រាក់​ឈ្នួល រហូត​ទាល់​តែ​​សភា​អាច​អនុម័ត​ថវិកា​ថ្មី​បាន ហើយ​រដ្ឋាភិបាល​អាច​ចាប់​ដំណើរការ​ឡើងវិញ។

គួរបញ្ជាក់ថា ដោយសារ​តែ​សហរដ្ឋ​អាមេរិក គឺ​ជា​រដ្ឋ​សហព័ន្ធ គេ​ត្រូវ​ធ្វើការ​បែងចែក​ឲ្យ​ដាច់ពី​គ្នា​ រវាង​ដំណើរការ​នៃ​រដ្ឋាភិបាល​​សហព័ន្ធ និង​ដំណើរការ​នៃ​រដ្ឋ​នីមួយៗ។ បញ្ហា​ជាប់គាំង នៅ​សភា​អាមេរិក​នៅពេលនេះ ទាក់ទង​តែ​ចំពោះ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុណ្ណោះ។ ចំណែក​ឯ​តាម​បណ្តា​រដ្ឋ​នីមួយៗ គេ​មាន​ថវិកា​ផ្ទាល់​របស់​គេ។ ដូច្នេះ ​ការ​ផ្អាក​ដំណើរការ​សេវាកម្ម​រដ្ឋ (បើសិន​ជា​កើតឡើង​មែន) គឺ​កើតឡើងតែចំពោះ​​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុណ្ណោះ។

សំណួរ-តើ​ករណី​​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​បែបនេះ​ធ្លាប់​កើតមាន​ដែរ​ឬទេ ​កាលពីពេល​កន្លងមក?
 
ធ្លាប់មាន ហើយ​មាន​ច្រើន​ដង (សរុប​ទាំងអស់ ១៧ដង ចាប់តាំង​ពី​ឆ្នាំ​១៩៧៦​មក)។ ករណី​ចុងក្រោយ​ថ្មីៗ គឺ​កាល​ពីសម័យ​លោក​ប្រធានាធិបតី​គ្លីនតុន ធ្លាប់​កើត​មាន​ពីរលើក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ រដ្ឋាភិបាល​ផ្អាក​ដំណើរការ ៦ថ្ងៃ ហើយ​មួយខែ​ក្រោយ​មកទៀត រដ្ឋាភិបាល​ក៏​ត្រូវ​ផ្អាក​ដំណើរការ​ម្តងទៀត អស់រយៈពេល ២១​ថ្ងៃ។ កាលណោះ មាន​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ប្រហែល​ជា ៨០ម៉ឺននាក់ ត្រូវ​គេ​បង្ខំ​ឲ្យ​ឈប់​សម្រាក ដោយ​គ្មាន​ប្រាក់​ខែ។

សំណួរ-ការ​ផ្អាក​សកម្មភាព​រដ្ឋាភិបាល​នេះ ប្រសិនបើ​កើត​មាន​មែន តើ​វាអាច​នឹង​ជះផលវិបាក​អ្វីខ្លះ​ដល់​សេដ្ឋកិច្ច?
 
ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​អាច​កើតមាន​តិចតួច ប្រសិនបើ​​រដ្ឋាភិបាល​បិទទ្វារ​ក្នុងរយៈពេល​ខ្លី (ត្រឹមពីរ-បីថ្ងៃ)។ ក៏ប៉ុន្តែ បើ​សិន​ជា​កើតមាន​រយៈពេល​យូរ រហូតដល់​ទៅ​រាប់​សប្តាហ៍ វា​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាមេរិក។ ជាដំបូង វាប៉ះពាល់ទៅដល់​ប្រាក់ចំណូល​របស់​បុគ្គលិក​រដ្ឋ។ ប៉ុ​ន្តែ ផលប៉ះពាល់​ដែល​កាន់តែធ្ងន់ធ្ងរ គឺ​វាកើតចេញ​ពី​ផលវិបាក​ជា​ខ្សែសង្វាក់។ ឧទាហរណ៍ ការបិទ​សារមន្ទីរ និង​ឧទ្យានសាធារណៈ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ភ្នាក់ងារ​ទេសចរ ជាដើម។

ចំពោះ​វិស័យសាធារណៈ បើ​យើង​មើល​ពី​បទពិសោធន៍​កន្លងមក ការ​បិទទ្វារ​រដ្ឋាភិបាល ពីរលើក​នៅ​ក្នុង​សម័យ​លោក​គ្លីនតុន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​លុយ​រហូតដល់​ទៅ​ប្រហែល​ជា ១ពាន់​ ៤រយ​លាន​ដុល្លារ។

មានអ្នក​សេដ្ឋកិច្ច​ខ្លះ​បាន​នាំគ្នា​ធ្វើការ​ព្យាករ​ថា ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​បិទទ្វារ តិចជាង​១សប្តាហ៍ វា​នឹង​ធ្វើ​ឲ្យ​​អត្រា​កំណើន​សេដ្ឋកិច្ច​អាមេរិក នៅ​ក្នុង​ត្រីមាស​ទី៤​នេះ ធ្លាក់ចុះ ប្រមាណ​ជា ០,២%។ បើ​សិន​ជា​ភាព​ជាប់គាំង​នេះ​អូសបន្លាយ​រហូត​ទៅដល់​១ខែ អត្រាកំណើន​សេដ្ឋកិច្ច​នេះ​នឹង​ធ្លាក់​ចុះ រហូត​ទៅដល់ ១,៤%។

ដោយសារ​តែ​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក លំដាប់ទី១ ដូច្នេះ បញ្ហា​សេដ្ឋកិច្ច ដែល​កើតឡើង​នៅ​អាមេរិក អាច​នឹង​ជះឥទ្ធិពល​ទៅដល់​ប្រទេស​ផ្សេងទៀត ជាពិសេស គឺ​ឆ្លង​រាលដាល​តាមរយៈ​ទីផ្សារ​មូលបត្រ។ យើងឃើញ​ស្រាប់​ថា នៅ​ថ្ងៃ​ចន្ទ​នេះ ទីផ្សារ​មូលបត្រ​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​ស្ទើរតែ​គ្រប់កន្លែង ដោយសារ​តែ​គេ​មើលឃើញ​ពី​​ភាព​ជាប់គាំង នៅ​សភា​អាមេរិក។

សំណួរ-ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ភាព​ជាប់គាំង​នៅ​សភា​អាមេរិក​តែងតែ​កើតមាន​ជាញឹកញាប់។ តើ​ហេតុអ្វី​បាន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​​រឹងមាំ និង​ដ៏​ចំណាស់​មួយនេះ បែរជា​មាន​ប្រព័ន្ធ​ដឹកនាំ​ ដែល​ងាយស្រួល​នឹង​ជាប់គាំង​នយោបាយ​បែបនេះ​ទៅវិញ?
 
ជួនកាល បញ្ហា​ជាប់គាំង​នយោយបាយ មិនមែន​កើតឡើង​ដោយសារតែ​ប្រព័ន្ធ​នយោបាយ​ទេ ប៉ុន្តែ វា​កើត​ពី​អ្នក​នយោបាយ។ ​

តាមពិត ប្រព័ន្ធ​នយោបាយ ដូចជា នៅ​​​អាមេរិក​សព្វថ្ងៃនេះ បង្កើត​ឡើង​ក្នុង​​គោលគំនិត​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច​ រវាង​សភា និង​រដ្ឋាភិបាល (អំណាច​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ) ដើម្បី​កុំ​ឲ្យ​ម្ខាងៗ ធ្វើ​អ្វី​ស្រេចតែ​អំពើ​ចិត្ត។ វាទាមទារ​ឲ្យ​អ្នកនយោបាយ​គ្រប់ក្រុមគ្រប់បក្ស ទាំង​គណបក្ស​​ដែល​គ្រប់គ្រង​រដ្ឋាភិបាល និង​គណបក្ស​ដែល​គ្រប់គ្រង​សភា ជជែក​គ្នា ធ្វើ​សម្បទាន​ទៅវិញទៅមក ដើម្បី​រក​ជំហរ​រួម ក្នុង​ផល​ប្រយោជន៍​ជាតិ។

ក៏ប៉ុន្តែ ពេលខ្លះ អ្នកនយោបាយ​យក​អំណាច​នេះ​មក​ធ្វើ​ជា​អាវុធ ក្នុងការ​ចរចា​។ ជាក់ស្តែង នៅ​ក្នុង​បញ្ហា​ជាប់គាំង នៅ​សភា​អាមេរិក​ពេលនេះ គឺ​ក្រុម​សមាជិក​សភា​មួយក្រុម នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ (​​ជា​ក្រុម​អ្នក​អភិរក្ស​និយម​ជ្រុល ដែល​គេហៅថា Tea Party) ចង់​យក​បញ្ហា​ថវិកា​នេះ​ មក​ធ្វើ​ជា​អាវុធ ដើម្បី​ចរចា ទាមទារ​ឲ្យ​​លុបចោល​ ឬក៏​យ៉ាងហោចណាស់ ពន្យារពេល​ការ​អនុវត្ត​ច្បាប់​ធានារ៉ាប់រងសុខភាពរបស់​លោក​អូបាម៉ា ដែល​គេ​ហៅថា​ Obamacare។ ក្រុម​អ្នក​នយោបាយ​អភិរក្ស​និយម​ជ្រុល​នេះ ភាគច្រើន​ជា​អ្នក​នយោបាយ​ជំនាន់ថ្មី ដែល​មិនសូវ​​ចេះ​ធ្វើ​សម្បទាន ដើម្បី​សម្របសម្រួល​​ដោះស្រាយ​បញ្ហា​ប៉ុន្មាន​ទេ។ ដូច្នេះ​ហើយ​បាន​ជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​យើងតែងតែ​ឃើញ​មាន​បញ្ហា​ជាប់គាំង​ជារឿយៗ នៅ​ក្នុង​សភា​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ