អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារ​កណ្តាល​អាមេរិក​បន្ត​នយោបាយ​គាំទ្រ​សេដ្ឋកិច្ច​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធនាគារ​កណ្តាល​អាមេរិកាំង បាន​សម្រេច​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រក្សា​ចំនួន​សាច់ប្រាក់​ដែល​ត្រូវ​ចាក់បញ្ចូល​ទៅក្នុង​ទីផ្សារ។ ជារួម ធនាគារ​កណ្តាល​អាមេរិក​ត្រូវ​បន្ត​ចាក់​បញ្ចូល​សាច់ប្រាក់​៨៥ពាន់​លាន​ដុល្លារ ក្នុង​មួយ​ខែ ទៅក្នុង​ទីផ្សារ។ តាំងពី​ឆ្នាំ​២០០៨ ធនាគារ​កណ្តាល​អាមេរិក​បាន​ធ្វើ​នយោបាយ ចាក់បញ្ចូល​សាច់ប្រាក់ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាមេរិក ដែល​ទើប​ងើប​ចេញ​វិបត្តិ។

លោក​ប៊ែន បឺនែនគី​អគ្គទេសាភិបាល​ធនាគារ​ជាតិ​អាមេរិក
លោក​ប៊ែន បឺនែនគី​អគ្គទេសាភិបាល​ធនាគារ​ជាតិ​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ការចាក់​បញ្ចូលសាច់ប្រាក់​ក្នុង​ទីផ្សារ គឺជា​ការបោះពុម្ព​ក្រដាស​ប្រាក់​ដុល្លារ​បន្ថែម ប្រមាណ ៨៥​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ខែ។  គោលបំណង​ធំ​នៃ​ការចាក់​សាច់ប្រាក់​ក្នុង​ទីផ្សារ​គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាមេរិក ដូចជា​បន្ថយអត្រា​ការប្រាក់​ឲ្យ​នៅទាប និង​ជំរុញ​ឲ្យ​អត្រាអតិផរណា​កើនឡើង។ លុយ​ដែល​គេ​បោះពុម្ព​បន្ថែម នឹង​ត្រូវ​គេ​យក​ទៅ​ចាក់បញ្ចូល​ក្នុង​ទីផ្សារ តាមរយៈ​ការទិញ​សញ្ញាប័ណ្ណ របស់​រដ្ឋ ឬ​របស់​ក្រុមហ៊ុន​ឯកជន។ និយាយ​ឲ្យ​ងាយ​យល់ គឺ​យក​លុយ​ទៅ​ឲ្យ​រដ្ឋអាមេរិកាំង និង​ក្រុមហ៊ុន​ខ្ចី​ក្នុង​អត្រាការប្រាក់ទាប ដែល​មាន​មិន​ដល់​០,២៥​ភាគរយ គឺ​សឹង​តែ​សូន្យ​ភាគរយ។ អត្រាការប្រាក់​ទាប នៅ​លើ​ទីផ្សារ នឹង​ជំរុញ​ឲ្យ​មាន​ការវិនិយោគ។ ប្រជាជន​អាមេរិកាំង​ក៏​នឹង​អាច​ខ្ចីប្រាក់ ក្នុង​អត្រាការប្រាក់​ទាប ដើម្បី​យក​ទៅ​វិនិយោគ ឬ​ចំណាយ​លើ​ការបរិភោគ​ប្រើប្រាស់ ។ ចំណាយ​លើ​ការប្រើប្រាស់​កើនឡើង នោះ ការផលិត​ក៏កើនឡើង។ ដូច្នេះ កំណើន​សេដ្ឋកិច្ច​ក៏​កើន​ឡើងដែរ។

បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​អាមេរិក​មាន​សុខភាព​ល្អប្រសើរ​ឡើង​ជាងមុន ប៉ុន្តែ ធនាគារ​កណ្តាល​នៅ​តែ​បន្ត​នយោបាយ​បោះពុម្ព​លុយ​បន្ថែម​ដដែល ដោយ​គេ​លើកហេតុផល​ថា កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​ដើរ​លឿន​ទៅមុខ​យ៉ាងយឺត ចំណែក​អត្រាការប្រាក់​នៅក្នុង​ទីផ្សារ​សម្រាប់​ការវិនិយោគ​លើ​អចលនទ្រព្យ នៅតែ​ខ្ពស់​ដដែល។

មួយវិញទៀត ធនាគារ​កណ្តាល​អាមេរិក ​ចាក់បញ្ចូល​សាច់ប្រាក់​ដើម្បី​ជំរុញ​ការវិនិយោគ និង​ការបង្កើត​ការងារ​ធ្វើ សម្រាប់​ពលរដ្ឋអាមេរិកាំង។ ប៉ុន្តែ តាម​ធនាគារ​កណ្តាល​អាមេរិក បច្ចុប្បន្ននេះ អត្រា​អ្នកអត់ការងារ​ធ្វើ​នៅ​អាមេរិក បាន​ថយចុះ​មែន ប៉ុន្តែ យ៉ាង​តិចតួចបំផុត គឺ​ស្ថិតនៅ​ក្នុង​រង្វង់ ៧ភាគរយ​នៃ​ប្រជាជន​សរុប។ តាមសេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​នយោបាយ​រូបិយវត្ថុអាមេរិក គេនឹង​អាច​កាត់បន្ថយ ចំនួន​សាច់ប្រាក់ ចាក់ចូល​ទៅក្នុង​ទីផ្សារ ក្នុង​កាលៈទេសៈ​ណា​ដែល​អត្រា​អ្នកអត់​ការងារ​ធ្វើ​នៅ​អាមេរិក ធ្លាក់​មកនៅ​ត្រឹម​៦ ឬ ៦,៥ភាគរយ។

ផលវិបាក​ក្រោយការប្រកាស​របស់​ធនាគារ​កណ្តាល​អាមេរិក
ក្រុម​អ្នកវិនិយោគ​ដំបូង​ឡើយ សង្ឃឹមថា ធនាគារ​កណ្តាល​អាមេរិក​នឹង​អាច​កាត់​បន្ថយ ការចាក់​បញ្ចូល​សាច់ប្រាក់ ពី​៨៥ ពាន់ លាន​ដុល្លារ មក​ត្រឹម​៧៥ពាន់​លាន​ដុល្លារ នោះ​ គេ​មើលទៅលើ​​កំណើន​សេដ្ឋកិច្ច​អាមេរិក។ គេសង្ឃឹមថា បើ​ធនាគារ​កណ្តាល​បន្ថយចំនួន​ក្រដាសប្រាក់ដែល​គេ​​បោះពុម្ព​បន្ថែម នោះ​លុយ​ដុល្លារ នឹង​មាន​តម្លៃឡើង​វិញដែរ។

តាម​ក្រុមអ្នកវិភាគខ្លះ ជំនួយ​អន្តរាគមន៍​របស់​ធនាគារ​កណ្តាល​អាមេរិក ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អាមេរិក អាច​ធ្វើ​ឲ្យ​ម្ចាស់​វិនិយោគ​មួយ​ចំនួន​មិន​សូវទុកចិត្ត ពីសមត្ថភាព​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​អាមេរិក។ ហើយ​ជាលទ្ធផល ពួកក្រុមវិនិយោគ​ដែល​ជា​ម្ចាស់បំណុល​នឹង​អាច​ដំឡើង​អត្រា​ការប្រាក់។ ជាក់ស្តែង អត្រាការប្រាក់​បំណុល​របស់​អាមេរិក​បាន​កើនឡើង​ពី​១,៦​ភាគរយ មក​២,៨ភាគរយ។

កន្លងមក ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកចម្រើន​មួយ​ចំនួន ដូចជា​ចិន​ជាដើម បាន​រិះគន់​នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក ដែល​ចេះ​តែ​លូកដៃ ផលិត​លុយ​បន្ថែម ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​ទីផ្សារ។ ចិន​បារម្ភ​ជាងគេ​ពី​នយោបាយ​បោះពុម្ព​លុយ​បន្ថែម​របស់​អាមេរិក ព្រោះ​ថា ចិន មានស្តុក​លុយ​អាមេរិកំាង​ច្រើនរាប់ពាន់​លាន​ដុល្លារ។ បើ​លុយ​ដុល្លារ​មាន​ច្រើន ចរាចរ​ក្នុង​ទីផ្សារ នោះលុយ​ដុល្លារ ដែល​ ចិន​ មាន​នៅក្នុង​ដៃ​នឹង​មិន​សូវ​មាន​តម្លៃ ដែល​នេះ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ចិន។

មួយវិញទៀត ចាប់តាំង​ពី​ឆ្នាំ ២០០៨ ធនាគារ​កណ្តាល​បាន​ចាក់បញ្ចូល​សាច់ប្រាក់​បន្ថែម​ប្រមាណ ជាង​២៨០០​ពាន់​លាន​ដុល្លារ​ទៅក្នុង​ទីផ្សារ។ លុយទាំងនេះ​ដំបូង​ឡើយ​ត្រូវ​គេ​បោះពុម្ពឡើង​ដើម្បី​យក​ប្រើ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​អាមេរិក។ ប៉ុន្តែ តាមការពិត ជាក់ស្តែង ប្រាក់ដុល្លារ​​ជាច្រើន​ពាន់​លាន​បាន​ហូរ​ចេញ​ពី អាមេរិក និង​កំពុង​ត្រូវ​គេ​យក​ទៅ​វិនិយោគ​នៅ​បរទេស ជាពិសេស នៅក្នុង​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកចម្រើន ដូចជា​ឥណ្ឌា ប្រេស៊ីល និង​ឥណ្ឌូណេស៊ី​ជាដើម។ គេ​បារម្ភថា សេដ្ឋកិច្ច​របស់​ប្រទេស​ទើប​រីកលូតលាស់​ថ្មីៗ ដែល​ពឹង​អាស្រ័យ​នឹង​ការវិនិយោគ​របស់​បរទេស  អាច​នឹង​ដួល នៅពេល​ណា​ដែល​ក្រុមអ្នកវិនិយោគ​ដកខ្លួន យក​លុយ​ដុល្លារ ទៅ​វិនិយោគ នៅ​កន្លែង​ផ្សេង ជាពិសេស នៅពេល​ដែល​ធនាគារ​កណ្តាល​អាមេរិក​កំណត់ដំឡើង​ថ្លៃ​អត្រា​ការប្រាក់​របស់​ខ្លួនវិញ។ អ្នកដែល​មាន​លុយដុល្លារ​ប្រាកដជា​ប្រជែង​ជាមួយ​នឹង​ធនាគារ​កណ្តាល​អាមេរិក​ដើម្បី​ផ្គត់ផ្គង់​ប្រាក់​កំចី​ក្នុង​អត្រាការប្រាក់ទាប។

ឥលូវនេះ គេ​មិន​ទាន់​បារម្ភ​ពី​រឿង​នោះ​នៅឡើយទេ ព្រោះថា ធនាគារ​កណ្តាល​អាមេរិកមើលទៅ នៅ​បន្ត​រក្សា​ការចាក់បញ្ចូល​សាច់ប្រាក់​ក្នុងទីផ្សារ និង​រក្សា​អត្រាការប្រាក់​ទាប​បំផុត​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​អាមេរិក។ នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក នៅពេលនេះ មិន​មែន​ជារឿង​ចៃដន្យ ប៉ុន្តែ ជា​ការបង្កា លើកទឹកចិត្ត​អ្នកវិនិយោគ​ឲ្យ​នៅ​បន្ត​ទុកចិត្ត​លើ​កំណើន​សេដ្ឋកិច្ច​អាមេរិក។ ​

នៅ​ពាក់កណ្តាល​ខែ​តុលា​ខាងមុខ​នេះ រដ្ឋាភិបាល​អាមេរិក​នឹងអាច​ជួប​វិបត្តិ​ប្រាក់បំណុល​ជា​ថ្មី ពោល​គឺរដ្ឋ​នឹង​លែង​មាន​ប្រាក់​សម្រាប់​បើក​ប្រាក់ខែជូន​មន្រ្តីរដ្ឋការ ឬ​សម្រាប់​សង​អត្រា​ការប្រាក់​​ឲ្យ​ម្ចាស់​បំណុល​ទៀត។ រដ្ឋាភិបាល​កំពុង​ទាមទារ​ឲ្យ​សភា​បោះឆ្នោត​ដំឡើង​បន្ថែម ចំនួន ប្រាក់បំណុល​ដែល​រដ្ឋ​អាច​ខ្ចីបាន។ ប៉ុន្តែ រដ្ឋាភិបាល​របស់​លោកអូបាម៉ា​អាច​នឹង​ជួប​ឧបសគ្គ ការខ្ទាស់ជើង​ជាថ្មី របស់​​គណបក្ស​ប្រឆាំង ដែល​នឹង​អាច​បោះឆ្នោត​ប្រឆាំង។ 

អគ្គទេសាភិបាល​ធនាគារ​កណ្តាល​អាមេរិក លោក​ប៊ែន បឺនែនគី បាន​ព្រមាន​រួច​ហើយ​ពីគ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​របស់​អាមេរិក ក្នុង​ករណី​សភា​បរាជ័យមិន​ព្រម​ដំឡើង​ចំនួន​ប្រាក់បំណុល​តាម​ការទាមទារ​របស់​រដ្ឋាភិបាល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ