អានតួអត្ថបទ
ចិន

ក្រុមប្រទេស​អាស៊ី ប៉ាស៊ីហ្វិក​រួម​គ្នា​បង្កើត​បណ្តាញ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ

កាលពីថ្ងៃ​សៅរ៍ ទី ៨​វិច្ឆិកា នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី នា​ទីក្រុង​ប៉េកាំង បណ្តាប្រទេស​អាស៊ី​​ប៉ាស៊ីហ្វិក​បាន​សម្រេច​បោះឆ្នោត​អនុម័ត​រួម​គ្នា​ផែនការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ។ កិច្ចព្រមព្រៀង​ដែល​ផ្តួចផ្តើម​គំនិត​ដោយ​ប្រទេស​ចិន និង​គំាទ្រ​ដោយ​សហរដ្ឋអាមេរិក មាន​ទិសដៅ​សំខាន់ ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ក្នុង​តំបន់។  

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ Wang Yi នៅមុន​ថ្ងៃ​បើកកិច្ចប្រជុំ​កំពូលវេទិកា​អាស៊ី ប៉ាស៊ីហ្វិក ថ្ងៃ​សៅរ៍ ទី ៨​វិច្ឆិកា
រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ Wang Yi នៅមុន​ថ្ងៃ​បើកកិច្ចប្រជុំ​កំពូលវេទិកា​អាស៊ី ប៉ាស៊ីហ្វិក ថ្ងៃ​សៅរ៍ ទី ៨​វិច្ឆិកា ©REUTERS/Rolex Dela Pena/Pool
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​បោសសម្អាត​ក្រុមមន្រ្តី​ពុករលួយ ក្នុង​ប្រទេស បាន​ស្នើ​ផែនការ​សម្រាប់​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នៅក្នុង​តំបន់។ សេចក្តី​សម្រេច​នេះ​ដែល បាន​ទទួល​ការ​គាំទ្រ ជាបឋម ពី​អ្នកតំណាង​របស់​ប្រទេស​ចំនួន ២១ នឹង​ត្រូវ​បោះឆ្នោត​អនុម័ត ជាបន្ទាប់មកទៀត ដោយ​បណ្តា​មេដឹកនាំ​ដែល​ត្រូវ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​វេទិកា​សហប្រតិបត្តិការ អាស៊ី ប៉ាស៊ីហ្វិក ដែល​ត្រូវ​បើក​ធ្វើ នៅថ្ងៃ​ចន្ទ​ស្អែក ក្នុង​ទីក្រុង​ប៉េកាំង។

 
នៅក្រោយការ​អនុម័ត កិច្ចព្រមព្រៀង គេ​នឹង​បង្កើត​ជាផ្លូវការ បណ្តាញ​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយមួយ និង​ដាក់​ឲ្យ​ដំណើរការ​ទីភ្នាក់ងារ​ដើម្បី​អនុវត្ត​ច្បាប់ ឈ្មោះ ACT NET។ នៅក្នុង​សេចក្តី​​ថ្លែងការណ៍​រួម ដែល​ចេញ​ផ្សាយ ​កាលពីថ្ងៃ​សៅរ៍ ក្រុមប្រទេស​ពាក់ព័ន្ធ​បាន​សន្យា​មិន​ផ្តល់​ជម្រក​ដល់​ក្រុមមនុស្ស​ពុករលួយ និង​​យល់ព្រម​ឲ្យ​មានការធ្វើ​បត្យាប័ន​មនុស្ស​ពុករលួយ។

ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​មាន​ការសង្ស័យ​ទៅលើ​ការអនុវត្តន៍​កិច្ចព្រមព្រៀង ពីព្រោះ មាន​ប្រទេស​ចូលរួម​ជាច្រើន គ្មាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាងគ្នា។ ឧទាហរណ៍ សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​កាណាដា គ្មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​ទីក្រុង​ប៉េកាំង ដោយ​គេ​ខ្លាច​ថា ជន​ដែល​ត្រូវ​ធ្វើ​បត្យាប័ន ទៅ​ប្រទេស​ចិន នឹង​អាច​ទទួល​ទោស​ប្រហារ​ជីវិត។

តាមរយៈ​បណ្តាញ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ទីក្រុង​ប៉េកាំង​បង្ហាញ​ដោយ​មិនលាក់លៀម​ពី​បំណង​របស់ខ្លួន ដែល​ចង់​ឲ្យ​គេ​ធ្វើ​បត្យាប័ន ប្រគល់​មន្រ្តី​ពុករលួយ​របស់ខ្លួន ដែល​បាន​រត់គេច ទៅ​សំងំ​លាក់ខ្លួន នៅ​បរទេស។ កាលពី​ពេលថ្មីៗនេះ នៅក្នុង​ក្របខ័ណ្ឌ​តាមប្រមាញ់​ក្រុមមន្រ្តី​ពុករលួយ ទីក្រុង​ប៉េកាំង​បានដាក់​សម្ពាធ ទៅ​ប្រទេស​អូស្ត្រាលី កាណាដា បារាំង និង​នូវែលហ្សេឡង់ ដើម្បី ទាមទារ​ឲ្យ​ប្រទេស​ទាំងនោះ ធ្វើ​បត្យាប័ន បញ្ជូន​មន្រ្តី​ពុករលួយ​ចិន​ឲ្យ​ប្រទេស​ចិនវិញ។

របាយការណ៍​របស់​ធនាគារ​កណ្តាលចិន​មួយ ដែល​បែកធ្លាយ កាលពី​ឆ្នាំ ២០០៨ បាន​បង្ហាញ​ថា មាន​មន្រ្តី​ចិន​ពុករលួយ មិន​តិចជាង ១៨ ០០០នាក់​បាន​លួច​រត់​ចេញ​ពី​ចិន ទៅបរទេស ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៩០ ដោយ​នាំទៅជាមួយ​ពួកគេ នូវ​ទឹកប្រាក់​ប្រមាណ ១២៣​ពាន់​លាន​ដុល្លារ។

នៅក្រោម​ពាក្យស្លោក តាមប្រមាញ់​កញ្ជ្រោង លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បានផ្តើម​យុទ្ធនាការ​បោសសម្អាត​មន្រ្តី​ពុករលួយ សូម្បី​នៅក្នុង​ជួរ​បក្ស​កុម្មុយនិស្ត។ ប៉ុន្តែ ដោយសារ​តែ​គ្មាន​តម្លាភាព​នៃ​ការអនុវត្ត​ច្បាប់ គេ​សង្ស័យថា យុទ្ធនាការ​បោសសម្អាត​មន្រ្តី​ពុករលួយ ត្រូវ​លោក​ប្រធានាធិបតី​ចិន ប្រើ​សម្រាប់​កម្ចាត់ ក្រុមប្រឆាំង​នឹង​ខ្លួន នៅក្នុង​ជួរ​បក្ស​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ