អានតួអត្ថបទ
ស៊ីរី

ប្រទេស​​មិត្ត​របស់​ស៊ីរី​ ត្រៀម​បើក​សន្និសីទ​មួយ​ថ្មី​នៅ​ប៉ារីស​ប្រទេស​បារាំង​

ក្រុម​​ប្រទេស​​មិត្ត​​របស់​​ស៊ីរី​​នឹង​​បើក​​សន្និសីទ​​មួយ​​ថ្មី​​នៅ​​ទីក្រុង​​ប៉ារីស​​ប្រទេស​​បារាំង​​​​នៅ​​ថ្ងៃ​​ស្អែក​​ទី​​៦​​កក្កដា។​​ គោលដៅ​​គឺ​​ជំរុញ​​បាស្សារ​​ អាល់ ​​អាសាឌ ​​(Bachar al-Assad)​​ ឱ្យ​​ចាក​​ចេញ​​ពី​​អំណាច​​និង​​បញ្ចុះ​​បញ្ចូល​​ឱ្យ​​រុស្ស៊ី​​ឈប់​​គាំទ្រ​​លោក​​ប្រធានាធិបតី​​ស៊ីរី។​​ ក៏​​ប៉ុន្តែ​​ រុស្ស៊ី​​បាន​​ប្រាប់​​ឱ្យ​​ដឹង​​រួច​​ជា​​ស្រេច​​ថា​​នឹង​​មិន​​ចូលរួម​​ក្នុង​​សន្និសីទ​​ទីក្រុង​​ប៉ារីស​​នេះ​​ទេ។​​

ប្រធានាធិបតី​​បារាំង​​​លោក​ François Hollande​
ប្រធានាធិបតី​​បារាំង​​​លោក​ François Hollande​ REUTERS/Laurent Dubrule
ផ្សាយពាណិជ្ជកម្ម

គោលដៅសំខាន់ជាងគេនៃសន្និសីទប្រទេសមិត្តរបស់ស៊ីរីលើកទីបីនេះ​ គឺបង្ហាញនូវការគាំទ្រ​​របស់​ប្រទេស​ជាង​១០០ ចំពោះផែនការទីក្រុងហ្សឺណែវ(Genève) របស់លោក​កូហ្វី​ អាណាន់​(Kofi Annan)​។​ ​បើយោងទៅតាមពួកប្រទេសទាំងនេះ ផែនការរបស់លោកកូហ្វី អាណាន់​អនុម័ត​​កាលពី​ថ្ងៃសៅរ៍កន្លងទៅនេះនៅប្រទេសស្វីស(Suisse) តម្រូវឱ្យជំរុញលោកបាស្សារ​ អាល់ អាសាឌ ចាកចេញពីអំណាច។ ចំពោះរុស្ស៊ីដែលជាអ្នកគាំទ្ររបបស៊ីរីវិញផែនការ​ទីក្រុង​ហ្សឺណែវ​នេះ មិនបានបញ្ជាក់ពីការតម្រូវឱ្យលោកបាស្សារ​ អាល់ អាសាឌ​លា​លែ​​ង​ចេញ​ពី​តំណែង​ទេ។

 ទន្ទឹមនេះ អង្គប្រជុំដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់(François Hollande) ក៏នឹងបន្តដាក់គំនាបទៅលើរុស្ស៊ីឱ្យឈប់គាំទ្ររបប ស៊ីរី​ដែរ។​​ នៅក្នុងន័យនេះ នាឱកាសសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងរដ្ឋមន្រ្តីការបរទេស​បារាំង​​​​និងរ​ដ្ឋមន្ត្រីការបរទេសអង់គ្លេសកាលពីថ្ងៃពុធម្សិលមិញ លោកប្រមុខការទូត អង់គ្លេស​Hague ​បាននិយាយថា «ប្រទេសរុស្ស៊ីគួរ​តែយល់ថារបបស៊ីរីរបស់បាស្សារ អាល់  អាសាឌ នឹង​គង់​​តែរលំមិនយូរមិនឆាប់»។

ក៏ប៉ុន្តែ រុស្ស៊ីក៏ដូចចិនដែរបន្តប្រកាន់ជំហររឹងរូសដដែល នោះគឺមិនត្រូវមានជាដាច់ខាតការ​បង្ខំ​លោកប្រធានាធិបតីស៊ីរីឱ្យចុះចេញពីតំណែង។ មិនតែប៉ុណ្ណោះ រុស្ស៊ីនឹងមិនចូលរួមក្នុង​សន្និសីទ​​​ទីក្រុង​ប៉ារីសនៅថ្ងៃស្អែកនេះទៅទៀត។

ដោយឡែក យោងទៅតាមប្រភពការទូតខ្លះនៅថ្ងៃស្អែកនេះ ក្រុមប្រទេសមិត្តរបស់ស៊ីរី នឹង​ប្រកាស​​​ជាថ្មី​​ប្រឆាំង​នឹងកា​រវាយបង្ក្រាបនៅស៊ីរី គាំទ្រប្រជាជននិងពួកអ្នកប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ