អានតួអត្ថបទ
ស៊ីរី

"ក្រុម​ប្រទេស​ជា​មិត្ត​ស៊ីរី" ប្រកាស​ទទួលស្គាល់​ក្រុម​ប្រឆាំង​ស៊ីរី

នៅ​ក្នុង​កិច្ចប្រជុំ នៅ​ប្រទេស​ទុយនីស៊ី កាលពីថ្ងៃ​សុក្រ ម្សិលមិញ​នេះ ប្រទេស​ជាង ៦០ ដែល​គេ​ឲ្យ​ឈ្មោះថា “ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” បាន​ប្រកាស​ទទួលស្គាល់​ជាផ្លូវការ​នូវ “ក្រុមប្រឹក្សា​ជាតិ​ស៊ីរី” ថា​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​ស៊ីរី​ដែល​ទាមទារ​លទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ កិច្ចប្រជុំនេះ​មិនបាន​រកឃើញ​ដំណោះស្រាយ​អ្វី​ពិតប្រាកដ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា នៅស៊ីរី​នោះទេ។ ក្នុងពេល​ជាមួយគ្នា អ្នក​កាសែត​លោកខាងលិច ដែល​រងរបួស​នៅ​ក្នុង​ទីក្រុង Homs ក៏​គេ​នៅមិនទាន់​អាច​ជម្លៀស​ចេញ​រួចដែរ។

កិច្ចប្រជុំ​របស់​ "ក្រុមប្រទេស​ជាមិត្ត​ស៊ីរី" នៅទុយនីស៊ី ថ្ងៃទី២៤ កុម្ភៈ ២០១២
កិច្ចប្រជុំ​របស់​ "ក្រុមប្រទេស​ជាមិត្ត​ស៊ីរី" នៅទុយនីស៊ី ថ្ងៃទី២៤ កុម្ភៈ ២០១២ REUTERS/Jason
ផ្សាយពាណិជ្ជកម្ម

គំនិត​ផ្តួចផ្តើម​​បង្កើត​ “ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” កើតចេញ​ពី​រដ្ឋាភិបាល​បារាំង ក្រោយ​ពី​ដំណោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​អ.ស.ប. ត្រូវ​ជាប់គាំង ដោយ​មាន​វ៉េតូ​របស់​រុស្ស៊ី និង​ចិន។ ក៏ប៉ុន្តែ នៅ​ក្នុង​កិច្ចប្រជុំ នៅ​ទុយនីស៊ី​ កាលពី​ម្សិលមិញ​នេះ គេ​មិនឃើញ​មាន​ដំណោះស្រាយ​អ្វី​ជាក់លាក់​​លើសពី​អ្វី ដែល​ធ្លាប់​បាន​ធ្វើ​ពីមុន​នោះទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ “ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” បាន​ថ្កោលទោស​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ ដែល​បាន​ប្រើ​កម្លាំង​វាយប្រហារ​លើ​ជនស៊ីវិល ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ នូវ​រាល់​អំពើ​ហិង្សា នៅ​ស៊ីរី។ ការទាមទារ​អស់ទាំងនេះ ធ្លាប់​ត្រូវបាន​គេ​ធ្វើ​ម្តងរួចមកហើយ នៅ​ក្នុង​ក្របខ័ណ្ឌ​មហាសន្និបាត​អ.ស.ប. ដោយ​មាន​ប្រទេស​រហូតដល់​ទៅ ១៣៧ បោះឆ្នោត​គាំទ្រ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ស៊ីរី​មិនខ្ចី​អើពើ​នឹង​ការទាមទារ​របស់​អ.ស.ប.​នេះទេ។ ដូច្នេះ គេ​​មិនរំពឹង​ថា ការទាមទារ​របស់​ “ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” អាច​នឹង​មាន​ប្រសិទ្ធភាពអ្វី​លើសពី​សេចក្តីសម្រេច​របស់​មហាសន្និបាត​អ.ស.ប.​នោះទេ ពីព្រោះ ការទាមទារ​អស់ទាំងនេះ​មិនមាន​ចែង​ច្បាស់លាស់​អំពី​វិធានការ ក្នុងករណី​ដែល​លោក​អាសាដ​មិន​គោរពតាម។

“ក្រុមប្រទេស​ជាមិត្ត​របស់​ស៊ីរី” បាន​ប្រកាស​ទទួលស្គាល់ “ក្រុមប្រឹក្សា​ជាតិស៊ីរី” ជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​ស៊ីរី ដែល​ធ្វើការ​ទាមទារ​ដោយ​សន្តិវិធី​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ។ ប៉ុន្តែ នេះ​មិនមាន​ន័យថា គេ​ទទួលស្គាល់ “ក្រុមប្រឹក្សា​ជាតិស៊ីរី” ជា​រដ្ឋាភិបាល​ស្របច្បាប់​ស៊ីរី​នោះទេ។

ប្រទេស​ចូលរួម​ក្នុង​កិច្ចប្រជុំ​ម្សិលមិញ​ មាន​យោបល់​ខ្វែងគ្នា​ជុំវិញ​ការ​បញ្ជូន​កងកម្លាំង​អារ៉ាប់ ទៅ​រក្សា​សន្តិភាព​នៅស៊ីរី និង​ការ​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​ប្រឆាំង។ ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ស៊ីរី ដោយ​គ្មាន​ការ​យល់ព្រម​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី និង​ដោយ​គ្មាន​ការឈប់បាញ់​ជាមុន គឺ​មានន័យថា​ត្រូវ​បញ្ជូន​ទាហាន​ទៅ​ធ្វើ​សង្រ្គាម​នឹង​កងទ័ព​របស់​លោក​អាសាដ។

រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា អន្តរាគមន៍យោធា​នៅ​ស៊ីរី​អាច​ធ្វើ​ទៅបាន លុះត្រា​តែ​មាន​សេចក្តីសម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ លោកស្រី​ហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ បាន​ធ្វើការ​រិះគន់​ដោយ​សម្តី​ធ្ងន់ៗ​បំផុត ចំពោះ​រុស្ស៊ី និង​ចិន ដែល​បាន​ប្រើ​សិទ្ធិវ៉េតូ​លើ​​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ការបាញ់​ផ្លោង​លើ​ទីក្រុង Homs ​ដែល​ជា​ទីតាំង​របស់​ក្រុមប្រឆាំង នៅតែ​បន្ត​ធ្វើ​ នៅ​ថ្ងៃ​សៅរ៍​នេះ។ កាលពីថ្ងៃ​សុក្រ ការព្យាយាម​របស់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ ក្នុងការ​​ជម្លៀស​អ្នក​កាសែត​បរទេស និង​យក​សាកសព​អ្នក​កាសែត​​ពីររូប ដែល​ស្លាប់​ដោយ​គ្រាប់ផ្លោង នៅ​ទីក្រុង Homs ត្រូវ​ទទួលបរាជ័យ។ ការព្យាយាម​ជម្លៀស​អ្នក​កាសែត​ទាំងនេះ កំពុង​បន្ត​ធ្វើ នៅ​ថ្ងៃ​សៅរ៍​នេះ។

គួររំឭកឡើងវិញ​ថា កាលពី​ថ្ងៃ​ពុធ អ្នក​កាសែត​បរទេស​ពីររូប (ជនជាតិ​បារាំងម្នាក់ និង​អាមេរិកម្នាក់) បាន​បាត់បង់​ជីវិត​ដោយ​គ្រាប់ផ្លោង នៅ​ពេល​ពួកគេ​កំពុង​យក​ព័ត៌មាន នៅ​ក្នុង​ទីក្រុង​ Homs ។ អ្នក​កាសែត​ពីររូប​ទៀត​ត្រូវ​រងរបួស ហើយ​ត្រូវការ​ការព្យាបាល​ជា​បន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ