អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​សេដ្ឋកិច្ច​ថៃ​អាច​ធន់​នឹង​វិបត្តិ​នយោបាយ​អូស​បន្លាយ​​​បាន​ប៉ុណ្ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ​រដ្ឋាភិបាល​ស្តី​ទី​ថៃ​ បាន​បើក​កិច្ច​ពិភាក្សា​ ជាមួយ​ព្រឹទ្ធសភា ដើម្បី​សាក​ល្បង​ស្វែង​រកច្រក​ចេញ​ឱ្យ​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​កាន់​តែ​យូរទៅៗ។ វិបត្តិនយោបាយ​​អូសបន្លាយ​ ចលនា​បាតុកម្ម​ មិន​ស្ងប់​ស្ងាត់ បាតុករ​អាវ​​ក្រហម​ និង​អាវលឿង បាន​​ឆ្លាស់​គ្នា​ចុះ​ថ្នល់​ ឬ​​ទាំង​ពីរ​ក្រុមចុះ​ព្រម​គ្នា បាន​ផ្តើមជះ​ឥទ្ធិពល​អាក្រក់​លើ​វិស័យ​សេដ្ឋកិច្ច។ វិបត្តិ​ទំនង​ជា​មិន​ងាយ​នឹង​ដោះស្រាយ​ចេញ​ដោយ​ងាយៗ​ឡើយ ដ្បិត​នៅ​ថ្ងៃនេះ​ទៀត​ ក្នុង​ថ្ងៃ​ខួប​បួន​ឆ្នាំ​គត់​នៃ​ការ​បង្ក្រាប​ដ៏​ហិង្សា​ចលនា​បាតុកម្ម​អាវ​ក្រហម​នៅទីក្រុង​ បាងកក ! ក្រុម​យោធា​បាន​ចេញ​មុខ​ព្រមាន​​ថា​នឹង​អាច​អស់​អំណត់។

បាតុករ​ថៃ​នៅ​តូប​លក់​ខោអាវ។ បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​តែ​បន្ត សេដ្ឋកិច្ច​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​គិតចាប់​ពី​ឆ្នាំ​២០១១​មក
បាតុករ​ថៃ​នៅ​តូប​លក់​ខោអាវ។ បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​តែ​បន្ត សេដ្ឋកិច្ច​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​គិតចាប់​ពី​ឆ្នាំ​២០១១​មក © Reuters
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នយោបាយ​ថៃ​កាន់​ស្មុគស្មាញ ព្រោះ​ថា បន្ទាប់​ពី​លោកស្រី​យីងឡាក់ និង​រដ្ឋមន្ត្រី​៦​រូប​ផ្សេង​ទៀត បាន​ខ្ទាត​ចេញ​ពី​តំណែង ក្រោម​ចំណាត់​ការ​របស់តុលាការ​ធម្មនុញ្ញ​មក រដ្ឋាភិបាល​ស្តីទី​ថៃ មាន​លទ្ធភាព​តិច​តួច​បំផុត ក្នុង​ការ​ចាត់​ចែង​ និង​សម្រេច​ការ​ដឹកនាំ​ប្រទេស។ នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​ បាន​បើក​កិច្ចពិភាក្សា​មួយ​ជាមួយ​ប្រធាន​ព្រឹទ្ធ​សភា​ ! ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់ ក្នុង​ទីកន្លែង​ដ៏​អាថ៌​កំបាំង​មួយ ព្រោះ​ខ្លាច​មាន​ចលនា​បាតុកម្ម​ទៅ​រំខាន។

 
យោធា​ព្រមាន​ចេញ​មុខ​ការពារ​ប្រជាជន

តាំង​ពី​ជា​ច្រើន​​ខែ​មក​ហើយ ដែល​ថៃគ្មាន​រដ្ឋ​សភា ! ព្រឹទ្ធិ​សភា ​​ជា​ស្ថាប័ន​ពេញ​តែ​អង្គ តែ​មួយ​គត់ មាន​ដំណើរ​ការ​ពេញ​លេញ ​ អាច​នឹង​សម្រេច​ប្តូរ​ផ្លាស់​​នាយក​រដ្ឋមន្ត្រី​ស្តីទី ដោយ​តែង​តាំង​ នាយក​រដ្ឋមន្ត្រីថ្មី​ ដែល​មាន​និន្នាការ​នយោបាយ​អព្យាក្រិត្យ។ ប្រសិន​បើ​ក្នុង​ដូច្នេះ​មែន​ នោះ​ក្រុម​អាវ​ក្រហម​​ ពិត​ជា​នឹង​អាច​ចុះ​ធ្វើ​បាតុកម្ម​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ព្រឹទ្ធ​សភា​ ដែល​ជា​កូន​សោរ​នយោបាយ​ថៃ​នាពេល​នេះត្រូវការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​រដ្ឋាភិបាល​ស្តីទី​សិន។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា គំនិត​ផ្តួច​ផ្តើម​នេះ មិន​ត្រូវ​បានស្វាគមន៍​ពី​សំណាក់​ប្រមុខ​ដឹកនាំ​ចលនាអាវ​លឿង​ឬ​​បក្ស​ប្រឆាំង ស៊ូថេប ថងស៊ូបាន​ទេ ! លោក បាន​បន្តស្រែក​ក្តែងៗ​​ទៀត​នៅយប់​មិញ ថា​នឹង​ទាមទារ​យក​អំណាច​ប្រជាធិបតេយ្យ​ មក​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ បណ្តេញ​ឱ្យ​អស់​របប​ថាក់ស៊ីន ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ១៩​នេះ​តទៅ !

ថ្ងៃ​១៩​ឧសភា ​ខួប​បួន​ឆ្នាំគត់​នៃ​ការ​បង្ក្រាប​ហិង្សា​បំបែក​បាតុករ​អាវក្រហម ដែល​កាល​ណោះ​បាន​ធ្វើ​ពល​រដ្ឋ​៩០​នាក់ស្លាប់ និង​ជិត​ពីរ​ពាន់​នាក់​រង​របួស។ ហេតុការណ៍​នេះ​ នៅដក់​ជាប់​ក្នុង​អារម្មណ៍​ពល​រដ្ឋ​ថៃ ដូច្នេះ​ប្រសិន​បើ​មាន​អ្វី​​មិន​ស្រួល​តែ​បន្តិច រងើក​ភ្លើង​ដែល​នៅក្តៅ​ស្រាប់ អាច​ឆាប​ឆេះ​ជា​អណ្តាល​ភ្លើង​បាន​ភ្លាម។ ខាង​យោធា ដែល​មាន​​​ប្រមុខ​ដឹកនាំ​ គឺ​ លោក ចាក់ទុប៉ន ព្រំប៉ង ជា​មនុស្ស​ស្និទ្ធ​នឹង​បក្ស​ត្រកូល​ថាក់ស៊ីន បាន​ស្រែក​ដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ ថា​នឹង​ការ​ពារ​អំណាច​ សំឡេង​ប្រជាជន រហូត​ដល់​ដង្ហើម​ចុងក្រោយ។​

បើ​ ទាំង​ក្រុម​អាវលឿង​ទាំង​ក្រុង​ក្រុម​អាវ​ក្រហម សុទ្ធ​តែ​នៅ​​ថ្នល់​មក​ធ្វើ​ជា​ផ្លូវ​សម្រាប់​បញ្ចេញ​កំហឹង​ទាំ​ងអស់​គ្នា នោះ​​ការ​បះ​ទង្គិច​គ្នា​ អាច​ងាយ​នឹង​ផ្ទុះ​ឡើង​ខ្លាំង​ណាស់។ អ្នក​វិភាគ​ខ្លះ​បាន​ហ៊ាន​ដល់​ទៅ ព្រលយ​អំពី​គ្រោះផ្ទុះ​ចលាចលហិង្សា​ជាថ្មី ឬ​ដល់​ថ្នាក់​សង្គ្រាម​ស៊ីវិល​ផង។

វិបត្តិ​នយោបាយ​ជះ​ចំហាយ​អាក្រក់​ដល់​សេដ្ឋកិច្ច

នេះ​ជា​លើក​ទី​មួយហើយ គិត​ចាប់​តាំង​ការ​រងគ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ កាលពី​ឆ្នាំ​២០១១​មក ដែល​សេដ្ឋកិច្ច​ថៃ បាន​ស្គាល់​ការ​រួម​ថយ​ចុះ​យ៉ាង​ដូច្នេះ។ ការ​ធ្លាក់​ចុះ​ មិន​ធ្លាប់​មាន​នេះ​គឺ​បណ្តាល​វិបត្តិ​នយោបាយ​បាន​ធ្វើ​ឱ្យ​អ្នក​ចាយ​វាយ​​​បាត់បង់​ទំនុក​ទំនុក​ចិត្ត និង​ទេសចរភ័យ​ខ្លាច។

ជា​តួលេខ ៖ ផលិតផល​សរុប​ក្នុង​ស្រុក​ធ្លាក់​ចុះ​អស់ ០,៦%​បើ​ប្រៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៣ ខាង​វិនិយោគ​វិញ​ធ្លាក់​ចុះ​៩,៨% វិស័យ​ទេសចរណ៍​សណ្ឋាគារ ភោជ្ជនីដ្ឋាន​ធ្លាក់​ចុះ​​ជាង​បីភាគ​រយ។

 
ថៃ​ជា​ខ្លា​សេដ្ឋកិច្ច​ប្រចាំ​តំបន់ ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ នៅ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី។ ថៃ​នេះ មាន​កម្លាំង​សេដ្ឋកិច្ច​រឹង​មាំ​ខ្លាំង​ និង​មាន​សមត្ថភាព​ល្បី​គួរ​ឱ្យ​កត់​សម្គាល់​ អាច​ធន់​ទប់​ទល់​ នឹង​វិបត្តិ​នយោបាយ​បាន​រហូត​មក​។ សូម្បី​តែ​​នៅ​​ឆ្នាំ​២០១១ ឆ្នាំ​ដែល​មាន​​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ប្រវត្តិសាស្ត្រ​ធ្ងន់ធ្ងរ​ខ្លាំង​ សេដ្ឋកិច្ច​ថៃ​រួញ​ធ្លាក់​ចុះ​ខ្លាំង​ ដល់​ទៅ​៩% ហើយ​ថៃ​ត្រូវ​ការ​តែ​មួយត្រី​មាស​ប៉ុណ្ណោះ ក៏​បាន​រើប​ឡើង​វិញ​ភ្លាម។

ប៉ុន្តែ​សម្រាប់​លើក​នេះ អ្នក​វិភាគ​​មាន​ការ​សង្ស័យ​ច្រើន ! ព្រោះ​៦​ខែ​ក្រោយ​ការ​ផ្ទុះ​ចលនា​បាតុកម្ម​ មាន​ស្លាប់ មាន​ការ​ទាមទារ​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល បាតុកម្ម​នៅ​តែ​បន្ត​ទៀត​មក​ទល់​នឹង​ពេល​នេះ​ម៉ោង​នេះ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្តីទី ទេសចរណ៍​សរសរ​ទ្រូង​ដ៏​សំខាន់​​នៃ​សេដ្ឋកិច្ច​ថៃ បាន​ធ្លាក់​ចុះ​ខ្លាំង​ ផលវិបាក​មាន​ធ្ងន់ធ្ងរ​ជាពិសេស​នៅ​បាងកក ដល់​ទៅ​៨-៩%។ ចំនួន​ទេសចរ​បរទេស​ឆ្នាំ​២០១៤ បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ ២៧​លាន​នាក់ ទល់​នឹង​២៧លាន​នាក់​កន្លះ​កាលពី​ឆ្នាំមុនៗ។

គ្រឹះសេដ្ឋកិច្ច​រឹងមាំ

ជោគវាសនា​សេដ្ឋកិច្ច​ជាទូទៅរំពឹង​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថាន​ភាព​នយោបាយ ដូច្នេះ​បើ​ថៃ​​គ្មាន​រដ្ឋ​សភា គ្មានទស្សនវិស័យ​ដោះស្រាយ​វិបត្តិ​នៅ​សែន​ឆ្ងាយ រដ្ឋាភិបាល​ស្តីទី​គ្មាន​លទ្ធភាព​ចាយ​វាយ​តិច​តួច សេដ្ឋកិច្ច​ថៃ​ត្រូវ​ថយ​ទៅ​តាម​នោះ​ដែរ។ ភ្នាក់ងារ​ស្ថិតិ​ជាតិ​ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​ថៃ​មាន​ត្រឹម​តែ​ពី​១,៥ ទៅ​២,៥%​ប៉ុណ្ណោះ​ បើ​ប្រៀប​ទៅ​នឹង​ការ​គ្រោង​ទុក​ ៣ទៅ​៤% កាលពី​ពេល​មុន។

សេដ្ឋកិច្ច​ថៃ​ ផលិតផល​សរុប​ធ្លាក់​ចុះ​មែន ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​មិន​សូវ​ជ្រួល​ច្របល់​ទេ ព្រោះ​យល់​ថា​មូលដ្ឋាន​គ្រិះ​សេដ្ឋកិច្ច​ប្រទេស​នេះ​រឹង​មាំ​ខ្លាំង​ណាស់ សក្តិសម​នឹង​ហៅ​ថា​ជា​ខ្លា​សេដ្ឋកិច្ច​មែន។ ​ ត្រឹម​ក្រោម​១% មិន​ជា​ថ្វី​ទេ តែ​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ពី ២ ទៅ​៣%នោះ​ទើប​​គួរ​ឱ្យ​ឆោរឡោ​។ អ្នក​ឯកទេស​ជឿជាក់​ថា​ការ​បោះឆ្នោត​សភា នឹង​អាច​​រៀប​ចំ​ឡើង​នៅ​ខែ​ខាង​មុខ ថៃនឹង​មាន​រដ្ឋាភិបាល​ថ្មី នៅត្រីមាស​ក្រោយ ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​ស្ទុះ​ងើប​ឡើង​វិញ​ ជាក់ជា​ពុំ​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ