អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

១ឆ្នំាក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ​មក អាហ្រ្វិកកណ្តាល​កំពុង​ស្ថិត​ក្នុង​វិបត្តិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល មាន​រយៈពេល ១ឆ្នំា​មក​ហើយ​ដែល​ក្រុម​ឧទ្ទាម​សេលេកា​ដឹកនំា​ដោយ​លោក​មីសែល យ៉ូតូឌីយ៉ា (Michel Djotodia) បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ស្របច្បាប់​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ (Fraçois Bozizé)។ ក្រោម​អំណាច​របស់​លោក​មីសែល យ៉ូតូឌីយ៉ា អាហ្រ្វិកកណ្តាល​បាន​ស្គាល់​តែ​អំពើហិង្សា អនាធិបតេយ្យ និង​ការ​កាប់សម្លាប់​គ្នា​យ៉ាង​សាហាវ​រវាង​សហគមន៍​អ្នកកាន់សាសនា​គ្រិស្ត និង​អ្នកកាន់​សាសនា​អ៊ីស្លាម។ បន្ទាប់​មក និង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អាហ្រ្វិក លោក​មីសែល យ៉ូតូឌីយ៉ា​ក៏​បាន​សម្រេច​ចុះចេញ​ពី​អំណាច ដោយ​ទុក​កន្លែង​នេះ​ឲ្យ​លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​វិញ​ម្តង។ តែ​បញ្ហា​នៅ​ត្រង់​ថា ១ឆ្នំា​ក្រោយ​មក អាហ្រ្វិក​កណ្តាល​កំពុង​បន្ត​ញំាញី​ដោយ​អំពើហិង្សា​ដដែល។

លោក François Bozizé ប្រធានាធិបតី​អាហ្រ្វិកកណ្តាល​ធ្លាក់​ពី​អំណាច
លោក François Bozizé ប្រធានាធិបតី​អាហ្រ្វិកកណ្តាល​ធ្លាក់​ពី​អំណាច - Africanarguments.org
ផ្សាយពាណិជ្ជកម្ម

១ឆ្នំា​ក្រោយ​មក អ្វីៗ​បាន​និង​កំពុង​បន្ត​មាន​ដូច​ដែល​បាន​ចាប់​ផ្តើម​ពី​ដំបូង។ គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​កាល​ពី​១ឆ្នំា​មុន ពោល​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ (Fraçois Bozizé) បាន​រត់​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​កាមេរ៉ូន​ក្នុង​ថ្ងៃទី២២ មីនា ឆ្នំា ២០១៣ អាហ្រ្វិកកណ្តាល​បាន​ស្គាល់​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រួច​ជា​ស្រេច​រយៈពេល ៤ខែ​រវាង​កម្លំាង​របស់​លោក​បូហ្ស៊ីហ្សេ និង​កម្លំាង​របស់​ក្រុម​ឧទ្ទាម​សេលេកា​ដឹកនំា​ដោយ​លោក​មីសែល យ៉ូតូឌីយ៉ា (Michel Djotodia) ។ តែ​ស្ថានការណ៍​រឹត​តែ​ធ្លាក់​ចុះ​ដុនដាប​ថែម​ទៀត នៅ​ពេល​ដែល​លោក​មីសែល យ៉ូតូឌីយ៉ា (Michel Djotodia) ឡើង​កាន់​អំណាច​ពេញ​ដៃ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​រូបភាព​នៃ​អំពើហិង្សា​បាន​ស្តែង​ចេញ​កាន់តែ​ច្បាស់​ឡើងៗ​រវាង​ក្រុម​អ្នកកាន់​សាសនាគ្រិស្ត និង​ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម។

កំណើន​នៃ​អំពើហិង្សា​ដែល​លោក មីសែល យ៉ូតូឌីយ៉ា (Michel Djotodia) ខ្លួន​ឯង​មិន​អាច​គ្រប់គ្រង​បាន និង​លែង​មាន​ទឹកមាត់ប្រៃ​ក្នុង​ការ​បញ្ជា​ទៅ​លើ​កូនចៅ​របស់​ខ្លួន​ទៀត​ឡើយ។ ជាក់ស្តែង ការ​សម្រេច​រំលាយ​រចនាសម្ព័ន្ធ​សេលេកា​ក្នុង​ខែ​កញ្ញា ឆ្នំា ២០១៣ ដែល​គ្មាន​នរណា​ម្នាក់​យក​ត្រចៀក​ស្តាប់ និង​ធ្វើ​តាម​ទេ។ និយាយ​បែប​ម្យ៉ាង​ទៀត អាហ្រ្វិកកណ្តាល​ពេល​នោះ​បាន​ធ្លាក់​ខ្លួន​ជា​ប្រទេស​មួយ​គ្មាន​អាណាព្យាបាល ឬ​ក៏​ថា ជា​ប្រទេស​មួយ​ដែល​អ្នកខ្លំាង​ជា​អ្នក​សោយរាជ្យ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​គេ​ឃើញ​មាន​ការ​ប្រសូត្រ​ចេញ​នូវ​ចលនា​ថ្មី​មួយ​ដែល​ហៅ​ថា អង់ទីបាឡាកា។ ចលនា​អង់ទីបាឡាកា​នេះ​មិន​មែន​ជា​ចលនា​ឧទ្ទាម​ទេ តែ​ជា​ចលនា​ស្វ័យការពារ​ខ្លួន​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​សេលេកា​ចូល​រួម​ដោយ​កម្លំាង​ប្រជាជន និង​ក្រុម​អ្នក​ស្មោះស្ម័គ្រ​របស់​លោក​អតីតប្រធានាធិបតី​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ។

ចាប់​ពី​ពេល​នោះ​មក ភាព​អនាធិបតេយ្យ និង​ការ​វាយប្រហារ​សងសឹក​គ្នា​ក៏​ផ្តើម​មាន​យ៉ាង​ផុសផុល។ គឺ​ក្រុម​អង់ទីបាឡាកា​នេះ​ហើយ​ដែល​បាន​ចាប់​អាវុធ​វាយប្រហារ​លើ​ក្រុម​សេលេកា និង​ពួកអ្នកកាន់សាសនា​អ៊ីស្លាម​ដោយ​មិន​រើស​មុខ។ ស្ថានការណ៍​បាន​ធ្លាក់​ដល់​កម្រិត​មួយ​ដែល​សូម្បី​តែ​បេសសកម្ម​របស់​កម្លំាង​បរទេស​ក៏​មិន​អាច​រារំាង​បាន និង​រូប​លោក មីសែល យ៉ូតូឌីយ៉ា​ខ្លួន​ឯង​ក៏​គ្រប់គ្រង​លែង​បាន​ដែរ។ នៅ​ទីបំផុត​នា​ថ្ងៃទី១០ មករា ឆ្នំា ២០១៤ បារំាង និង​ក្រុមប្រទេស​ក្នុង​តំបន់​ក៏​បាន​សម្រេច​បញ្ចប់​តំណែង​លោក មីសែល យ៉ូតូឌីយ៉ា​ជា​ផ្លូវការ រួច​ក៏​បញ្ជូល​លោក និង​ក្រុមគ្រួសារ​ចេញ​ពី​ស្រុកកំណើត​តែ​ម្តង។

១០ថ្ងៃ ក្រោយ​មក ពោល​នៅ​ថ្ងៃទី២០ មករា​ឆ្នំា ២០១៤ ដដែល លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា (Catherine Samba-Panza) ត្រូវ​បាន​សភា​អន្តរកាល​ជ្រើសតំាង​ជា​ប្រធានាធិបតី​ជំនួស​កន្លែង​លោក​មីសែល យ៉ូតូយ៉ា។ មាន​អាយុ ៥៩ឆ្នំា លោកស្រី​កាទ្រីន សំបា ប៉ង់ហ្សា​បាន​ចាប់​កំណើត​នៅ​ក្នុង​ប្រទេស​ឆាដ​ដោយ​មាន​ឱពុក​ជា​ជនជាតិ​កាមេរូន និង​ម្តាយ​ជា​ជនជាតិ​អាហ្រ្វិកកណ្តាល។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា លោកស្រី​ប៉ង់ហ្សា​បាន​ធំដឹង​ក្តី​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ញំាញី​ដោយ​អំពើ​ពុករលួយ និង​អសន្តិសុខ។ អ៊ីចឹង​ហើយ​បាន​ជា​មជ្ឈដ្ឋានជាតិ និង​អន្តរជាតិ​ផ្តល់​ទំនុកទុក​ចិត្ត​ទំាង​ស្រុង​លើ​លោកស្រី​ក្នុង​ការ​បង្រួបបង្រួមជាតិ។

ខុស​ពី​ឥស្សរជន​មួយ​ចំនួន លោកស្រី​ប៉ង់ហ្សា​បាន​ព្យាយាម​បង្ហាញ​ចេញ​នូវ​រូបភាព​អព្យាក្រឹត ដោយ​មិន​បែងចែក​បក្ខពួក​នយោបាយ​ទេ នោះ​បើ​ទោះ​បី​ជា​លោកស្រី​មាន​ស្វាមី​ជា​អតីត​រដ្ឋមន្រ្តី​ក៏​ដោយ។ ក្រោយ​ពី​បាន​ទទួល​តំណែង​ភ្លាម លោកស្រី​ប៉ង់ហ្សា​បាន​ដាក់ខ្លួន ដាក់កាយ​ជា​ម្តាយ​ម្នាក់​នៅ​ក្នុង​គ្រួសារ​មួយ ដោយ​បាន​អំពាវនាវ​គូបដិបក្ខ​ទំាង​អស់​ឲ្យ​ឈប់​ឈ្លោះ​គ្នា។ លោកស្រី​បាន​ដឹង​យ៉ាង​ច្បាស់​ថា អាទិភាព​ចម្បង​របស់​លោកស្រី​គឺ​ការ​រៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់សង្គម​ឡើងវិញ ពិសេស​លក្ខខណ្ឌ​រស់នៅ​របស់​ជនភៀសខ្លួន​អាហ្រ្វិកកណ្តាល​ដែល​បាន​រត់​ចោល​ផ្ទះសម្បែង​ទៅ​រស់នៅ​ក្នុង​ប្រទេស​ជិតខាង និង​អ្នក​ដែល​បាន​ផ្លាស់ប្តូរទីកន្លែង​ក្នុង​ស្រុក​គេច​ពី​សង្រ្គាម។

បច្ចុប្បន្ន​នេះ លោកស្រី​ប៉ង់ហ្សា​មិនមែន​កំពុង​ធ្វើ​ការ​តែ​ម្នាក់​ឯង​ទេ តែ​មាន​ជំនួយ​ពី​កម្លំាង​អន្តរជាតិ​តាម​រយៈ​បេសសកម្ម​របស់​កម្លំាង​មីស្កា (Misca) ដែល​មាន​កម្លំាង​ទាហាន​អាហ្រ្វិក​ចម្រុះ​ប្រមាណ​ជា ៦ ០០០នាក់ រួម​ជាមួយ​បេសកកម្ម​សង់ហ្ការីស​របស់​បារំាង​ដែល​មាន​កម្លំាង​ទាហាន​ចំនួន ១ ៦០០នាក់។ បេសសកម្ម​ជា​អាទិភាព​របស់​កម្លំាង​មីស្កា ក៏​ដូច​កម្លំាង​សង់ហ្ការីស​បារំាង គឺ​ការ​រំសាយ​អាវុធ​ពី​ក្រុមអតីត​ឧទ្ទាម​សេលេកា និង​ក្រុម​អង់ទីបាឡាកា ព្រម​ទំាង​រៀបចំ​ពង្រឹង​កម្លំាង​របស់​រដ្ឋាភិបាល​អន្តរកាល។ តែ​ជា​ទូទៅ ពួក​គេ​ច្រើន​តែ​ប្រឈម​មុខ​នឹង​ការ​វាយឆ្មក់​ពី​ពួក​អតីត​ឧទ្ទាម​សេលេកា ក៏​ដូច​ជា​ពួក​អង់ទីបាឡាកា។

១ឆ្នំា​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ​ដោយ​មេឧទ្ទាម​មីសែល យ៉ូតូយ៉ា​មក បារំាង ក៏​ដូច​ជា​សហគមន៍អន្តរជាតិ​បាន​យល់​ឃើញ​ថា មាន​តែ​ការ​បញ្ចប់​តំណែង​លោក​មីសែល យ៉ូតូយ៉ា​វិញ​ទេ ទើប​ស្ថានការណ៍​នៅ​អាហ្រ្វិកកណ្តាល​ត្រឡប់​មក​រក​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ។ តែ ១ឆ្នំា​ក្រោយ​មក ស្ថានការណ៍​ទូទៅ​សព្វថ្ងៃ​នៅ​អាហ្រ្វិកកណ្តាល​​បាន និង​កំពុង​បន្ត​មាន​ដូច​ដែល​បាន​ចាប់​ផ្តើម​ពី​ដំបូង​អ៊ីចឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ