អានតួអត្ថបទ
បារាំង-អាហ្វ្រិកកណ្តាល​

សភា​បារាំង​​សម្រេច​អោយ​កងទ័ព​បារាំង​បន្ត​ប្រតិបត្តិការ​យោធា​នៅ​អាហ្វ្រិក​កណ្តាល​

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញតំណាង​រាស្ត្រ​បារាំង​ភាគច្រើន​បាន​បោះឆ្នោត​សម្រេច​អោយ​កងទ័ព​បារាំង​​បន្ត​​ប្រតិបត្តិការ​​ខ្លួន​ឈ្មោះថាសង់ហ្ការីនៅ​អាហ្វ្រិកកណ្តាល​តទៅ​ទៀត។ លោក​ហ្សង់ម៉ាក​ អៃរ៉ូល​ នាយករដ្ឋមន្ត្រី​បារាំង​​បាន​ទទួលស្គាល់ថា ប្រតិបត្តិការកងទ័ព​បារាំង​ក្នុង​ការ​​​ពង្រឹង​សន្តិសុខ​​​​​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល​ ​​ពិតជា​ប្រតិបត្តិការ​ដ៏​លំបាកប៉ុន្តែ​វា​​មាន​​លក្ខណៈ​ចាំបាច់។លោកស្រីសំបាប៉ាន់ហ្សាជា​ប្រធានាធិបតី​អន្តរកាល​អាហ្វ្រិកកណ្តាលបាន​សំដែង​ការ​ត្រេកអរ​ចំពោះ​​​ការដែល​បារាំង​បន្ត​វត្តមាន​យោធា​ខ្លួនដើម្បីជួយ​​ប្រជាជន​អាហ្វ្រិកកណ្តាល។

ការជជែក​​គ្នា នៅ​សភា​បារាំង ថ្ងៃ​អង្គារ​ម្សិលមិញ មុននឹង​តំណាងរាស្ត្រ​បោះឆ្នោត​អោយ​បារាំង​បន្ត​ប្រតិបត្តិការ​យោធា នៅ​អាហ្វ្រិកកណ្តាល
ការជជែក​​គ្នា នៅ​សភា​បារាំង ថ្ងៃ​អង្គារ​ម្សិលមិញ មុននឹង​តំណាងរាស្ត្រ​បោះឆ្នោត​អោយ​បារាំង​បន្ត​ប្រតិបត្តិការ​យោធា នៅ​អាហ្វ្រិកកណ្តាល AFP PHOTO / JACQUES DEMARTHON
ផ្សាយពាណិជ្ជកម្ម

នៅសភា​បារាំង ក្នុង​ក្រុងប៉ារីស ម្សិលមិញ តំណាងរាស្ត្រ​បារាំង​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​អោយ​កងទ័ព​បារាំង​ បន្តប្រតិបត្តិការ​យោធា​សង់ហ្ការី នៅ​អាហ្វ្រិកកណ្តាល​តទៅទៀត។ សម្លេងឆ្នោត​គាំទ្រ​មាន​ ៤២៨សម្លេងច្រើនលើសលុប ធៀប​នឹង​សម្លេង​ជំទាស់​១៤សម្លេង និង​អនុប្បវាទ​២១សម្លេង។ គួរ​រំលឹក​ថា ក្រោយពេល​មាន​ប្រតិបត្តិការ​​​យោធា រៀងរាល់​៤ខែ​ម្តង សភា​បារាំង​បោះឆ្នោត​ស្តីពី​ការ​​បន្ត​អន្តរាគមន៍​យោធានេះ។

មុន​នឹង​ឈាន​ដល់​ការ​សម្រេច​នេះ តំណាងរាស្ត្រ​បារាំង​បាន​ជជែកគ្នា​យ៉ាងតឹងសសៃក។ តំណាងរាស្ត្រ​បក្សប្រឆាំង​ ប្រាប់ថា មិន​​ជំទាស់​នឹង​ប្រតិបត្តិការ​យោធា​នេះទេ ប៉ុន្តែ​​ ​មិន​ពេញចិត្ត​​នឹង​មធ្យោបាយ​បារាំង​នៅ​អាហ្វ្រិក​កណ្តាល ដែល​មាន​លក្ខណៈ​មិនគ្រប់គ្រាន់ មិន​សមស្រប​ជាមួយមហិច្ឆតា​​​​​​​​​​រដ្ឋាភិបាល​ក្នុង​​ការពង្រឹង​សន្តិសុខ ។ បក្សប្រឆាំង​រិះគន់​ប្រធានាធិបតី​បារាំង ថា​មិនបាន​ធ្វើសកម្មភាព​គ្រប់គ្រាន់ ដើម្បី​ជំរុញ​អោយ​ប្រទេសអឺរ៉ុប​ជាដៃគូ​ផ្សេងទៀត បញ្ជូន​ទ័ព​ទៅ​ជួយបារាំង នៅ​អាហ្វ្រិកកណ្តាល។

បារាំង​បើកប្រតិបត្តិការ​នៅអាហ្វ្រិកកណ្តាល​ ៤ខែ​មកហើយ។ កងទ័ពបារាំង​ នៅទីនោះ​ មាន​២០០០នាក់។ ​​កងកម្លាំង​ចម្រុះ​អាហ្វ្រិក ឈ្មោះថា មីស្កា ក៏បាន​ចូលរួម​​ពង្រឹងសន្តិសុខ​ អាហ្វ្រិកកណ្តាល​​ផងដែរ។ ប៉ុន្តែ អំពើហិង្សា​កាប់សម្លាប់គ្នា នៅតែ​កើតមាន​ជាប្រចាំ។ សហភាពអឺរ៉ុប​ធ្លាប់​សន្យា​ដាក់​ទ័ព​ជាង​មួយពាន់​នាក់ នៅទីនោះ ​ប៉ុន្តែ​​​នៅមិនទាន់​កម្រើក​បញ្ជូនទ័ព​នៅឡើយទេ។ ដូច្នេះ បក្ស​ប្រឆាំង​បន្ទោស​ថា​បារាំង​ថា ទទួលបន្ទុក​ហិរញ្ញវត្ថុ​ ​រឿងនេះ តែម្នាក់ឯង។ បក្ស​ប្រឆាំង​បង្ខំ​អោយ​អង្គការ​សហប្រជាជាតិ​បញ្ជូនកងទ័ព​មួក​ខៀវ ទៅ​អាហ្វ្រិកកណ្តាល​អោយ​បាន​ឆាប់​បំផុត។ រីឯ​​​នាយករដ្ឋមន្ត្រី​ហ្សង់ម៉ាក អៃរ៉ូល​ចង់អោយ​កងទ័ពមួកខៀវ ចុះទៅ​អាហ្វ្រិកកណ្តាល ​​​​យ៉ាងយូរ ក្នុង​ខែ​ក្រោយ​នេះ។ ​

លោក​អៃរ៉ូល​រំលឹក​​ថា ការដាក់​​​ប្រតិបត្តិការ​រក្សា​សន្តិភាព​​របស់​ទ័ព​មួកខៀវ​ អនុញ្ញាត​​អោយ​​ធានាបាន​នូវ​ការពង្រឹង​កម្លាំង​ដ៏ចាំបាច់​ផ្នែកយោធា ហើយ​សម្រាប់​ផ្នែក​ស៊ីវិលវិញ ​វាជាការ​ធានា​​នូវ​​ការដាក់អាវុធ​ ធានា​ការ​បញ្ចេញពី​​កំណែន​កងពល អោយ​ក្រុមប្រយុទ្ធ​បានចូល​ក្នុង​សង្គម​វិញ រួមទាំង​ធានា​​​ការ​រៀបចំ​បោះឆ្នោត​ផងដែរ។

គួររំលឹកថា អាហ្វ្រិកកណ្តាល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅដើមឆ្នាំ​២០១៥​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ