អានតួអត្ថបទ
កម្ពុជា

តុលាការ​ខ្មែរ​ក្រហម​ ចាប់​ផ្តើម​សវនាការ​ពិនិត្យ​ភ័ស្តុតាងវគ្គ​ដំបូង​ លើ​សំណុំ​រឿង​ ០០២​ ដំណាក់​កាល​ទី​២​ ពី​ថ្ងៃ​ទី​១៧​ តុលា ​ដល់​ថ្ងៃ​ទី​១៨​ធ្នូ

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ របស់​តុលាការ​ខ្មែរ​ក្រហម​ កាល​ពី​ថ្ងៃ​ទី​១៩​កញ្ញា ​បាន​ចេញ​ដីកា​កំណត់​កាល​បរិច្ឆេទ ​សម្រាប់​សវនាការ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង​០០២​ ដំណាក់​កាល​ទី​២។ នោះ​គឺ​អង្គ​ជំនុំ​ជម្រះ ​ចាប់​ផ្តើម​សវនាការ​ពិនិត្យ​ភ័ស្តុតាង​ វគ្គ​ដំបូង​ ក្នុង​សំណុំ​រឿង​០០២​ ដំណាក់​កាល​ទី​២​ ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១៧​ ខែ​តុលា ​ឆ្នាំ​២០១៤​ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៤។ ​សវនាការ​នោះ ​នឹង​ចាប់​ផ្តើម​ដំបូង​ ដោយ​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព្រះរាជអាជ្ញា​ពី​បទ​ចោទ​ បន្ទាប់​មក​មាន​ការ​ឆ្លើយ​តប​របស់​ជន​ជាប់​ចោទ ​នួន​ជា ​និង​ខៀវ​សំផន​ ឬ​មេធាវី។​ រី​ឯ​សាក្សី ​នឹង​ផ្តល់​សក្ខីកម្ម​ នៅ​ថ្ងៃ​ទី​២០​តុលា។

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម ©REUTERS/Mark Peters/ECCC/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ដីកា​កំណត់​កាល​បរិច្ឆេទ​សម្រាប់​សវនា​ការ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង​០០២/០២​ ចេញ​ដោយ​ចៅ​ក្រម​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ ៥​ រូប​ ដែល​មាន​ចៅក្រម​ខ្មែរ​ ៣​ រូប​ បាន​កំណត់​ថា ​សវនាការ​ពិនិត្យ​ភ័ស្តុតាង ​វគ្គ​ដំបូង​ ក្នុង​សំណុំ​រឿង ​០០២/០២​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ​ទី​១៧​ ខែ​តុលា ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

អង្គ​ជំនុំ​ជម្រះ ​នៅ​តុលាការ​ខ្មែរ​ក្រហម​ នឹង​ដំណើរ​ការ​សវនាការ​ ៣ ​ថ្ងៃ ​ក្នុង​ ១​ សប្តាហ៍ ​តាម​កាល​វិភាគ​សវនាការ​ ប្រចាំថ្ងៃ ​ដូច​ធ្លាប់​អនុវត្ត​នៅ​ក្នុង​សំណុំ​រឿង​០០២/០១​ ដោយ​ចាប់​ផ្តើម​សវនា​ការ​ ពី​ម៉ោង​ ៩​ ព្រឹក​ និង​បញ្ចប់​នៅ​ម៉ោង ​៤ ​រសៀល។ ​សវនាការ​នឹង​ផ្អាក​សម្រាប់​ការ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ​ពី​ម៉ោង ​១២ ​ថ្ងៃ​ត្រង់​ រហូត​ដល់​ម៉ោង​ ១ ​និង ​៣០ ​នាទី​រសៀល ​និង​មាន​ការ​សម្រាក​ម្តង​នៅ​ពេល​ព្រឹក ​និង​ម្តង​ទៀត​ នៅ​ពេល​រសៀល ​តាម​ការ​ណែនាំ​របស់​ប្រធាន​អង្គ​ជំនុំជម្រះ។

អង្គ​ជំនុំ​ជម្រះ ​ក៏​បាន​ជូន​ដំណឹង​ដល់​ភាគី​នា​នា​ថា ​សវនាការ​ថ្ងៃ​ទី​១៧​ ខែ​តុលា ​ឆ្នាំ​២០១៤​ សហ​ព្រះ​រាជ​អាជ្ញា ​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​សម្រាប់​ធ្វើ​សេចក្តី​សន្និដ្ឋាន​ដោយ​សង្ខេប​អំពី​ការ​ចោទ​ប្រកាន់​ ចំពោះ​ជន​ជាប់​ចោទ ​ហើយ​ជន​ជាប់​ចោទ​ចាស់​ជរា ​នួន​ជា​ និង​ខៀវ​សំផន​ ឬ​មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​ អាច​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​សង្ខេប​បាន។ ​រីឯ​ការ​ស្តាប់​សក្ខីកម្ម​ដំបូង​របស់​សាក្សី ​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​២០ ​ខែ​តុលា។

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ លោក​ នេត្រ​ ភក្ត្រា ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​២០​កញ្ញា​នេះ​ថា ​សំណុំ​រឿង​០០២/០២​ ដែល​មាន​ជន​ជាប់​ចោទ​ នួន​ជា ​និង​ខៀវ​សំផន​ នឹង​ដំណើរ​ការ​លើ​បទចោទប្រកាន់​ចំនួន​ ៣​ រួម​មាន​៖​ បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋ​កម្ម ​ប្រល័យ​ពូជ​សាសន៍​ សំដៅ​លើ​ការ​កាប់​សម្លាប់​ជន​ជាតិ​ចាម​ និង​វៀត​ណាម​ នៅ​សម័យ​ខ្មែរ​ក្រហម។

តាម​អ្នក​នាំ​ពាក្យ​ សវនា​ការ​លើ​អង្គ​សេចក្តី​ ក្នុង​សំណុំ​រឿង​ ០០២/០២​ នៅ​ថ្ងៃ​ទី​១៧​តុលា​ នឹង​ចាប់​ផ្តើម​លើ​ភស្តុតាង​នានា​ នៃ​ការ​កាប់​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​ ក្រាំង​តា​ចាន់​ ក្នុង​សហករណ៍​ត្រាំ​កក់​ នៅ​ខេត្ត​តាកែវ។

ជា​ការ​កត់​សម្គាល់ ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចាស់​ជរា ​លោក ​នួន​ជា ​អាយុ ​៨៨​ ឆ្នាំ ​និង​លោក ខៀវ​សំផន​ អាយុ ​៨៣​ ឆ្នាំ ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ របស់​តុលាការ​ខ្មែរ​ក្រហម​ កាល​ពី​ថ្ងៃ​ទី​៧​សីហា ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ក្នុង​សំណុំ​រឿង​០០២/០១។​ នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​លោក​ខៀវ​សំផន​ ត្រូវ​បាន​អ្នក​នាំពាក្យ​សាលាក្តី​ ឲ្យ​ដឹង​ថា ​មាន​ជំងឺ​ផ្តាសាយ​ធំ ​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ