អានតួអត្ថបទ
អេហ្ស៊ីប

អំពើ​ហិង្សា​មរណៈ​ផ្ទុះ​ឡើង​ជា​ថ្មី​រវាង​ក្រុម​អ្នក​គាំទ្រ​​​អតីត​ប្រធានាធិបតីនិង​ប៉ូលិស

ក្នុង​ខណៈ​ដែល​សកម្មជន​ប្រឆាំង​នឹង​លោក​មរស៊ី នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​សន្តិភាព Tahrir និង​នៅជិត​វិមាន​ប្រធានាធិបតី ដើម្បី​គាំទ្រ​របប​យោធា​​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកា​ល សកម្មជន​រាប់​សិប​ពាន់​នាក់​ផ្សេង​ទៀត ជា​អ្នក​គាំទ្រ​ប្រធានាធិបតី​បាត់​តំណែង បាន​ប្រមូល​ផ្តុំ​គ្នា​ដែរ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បីទាមទារ​យក​តួនាទី​ប្រមុខ​រដ្ឋ​មក​ឱ្យ​លោក​មរស៊ី​វិញ។ បាតុកម្ម​គាំទ្រ បាតុកម្ម​ប្រឆាំង​ ដែល​ចៀស​មិន​ផុត​ពី​ការ​ ប៉ះទង្គិច​គ្នា។ តាំង​ពី​ល្ងាច​មិញ​ រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ អំពើហិង្សា​មរណៈ​ បាន​ផ្ទុះ​ឡើង​ជា​ច្រើន​កន្លែង​​នៅ​ទីក្រុង​ គែរ និង​ក្រុង​ អាឡិចសង់ឌ្រី។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៧៥​នាក់ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ភាតរបុត្រ Frère musulman។

ការ​ប៉ះទង្គិច​ហិង្សា​រវាង​ប៉ូលិស​និង​ក្រុម​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី Morsi នៅទីក្រុង​គែរ យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​ទី ២៧​កក្កដា ២០១៣
ការ​ប៉ះទង្គិច​ហិង្សា​រវាង​ប៉ូលិស​និង​ក្រុម​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី Morsi នៅទីក្រុង​គែរ យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​ទី ២៧​កក្កដា ២០១៣ AFP
ផ្សាយពាណិជ្ជកម្ម

ការ​ប៉ះ​ទង្គិច​ហិង្សា​ បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​លោក​អតីត​ប្រធានាធិបតី មរស៊ី បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ចេញ​ពី​ទីតាំង​នៅ​ជាយ​ក្រុង ឆ្លង​ចូលរដ្ឋធានី​​គែរ តាម​ច្រក​ខាង​កើត។

 
កង​កម្លាំង​ប៉ូលិស​ចូល​ធ្វើ​អន្តរាគមន៍​រាំង​ដំណើរ​បាតុកម្ម ការ​វាយប្រហារ​ហិង្សា​បាន​ឆាប​ឆេះ​ឡើង។ បើ​តាម​សកម្មជន​​Frère musulman ដែ​លជា​អ្នក​គាំទ្រ​លោក​ មរស៊ី កង​កម្លាំង​រក្សា​សន្តិសុខ​ បាន​ប្រើ​តែ​គ្រាប់​បែក និង​​គ្រាប់​គ្មានរំសេវ​ទេ គ្រាប់​ពិតៗត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​​មិន​ស្គាល់​មុខ បាញ់​ចេញ​ពី​សកលវិទ្យាល័យ​ក្បែរ​នោះ។

នៅ​ឯ​មន្ទីរ​ពេទ្យ​​ជាយក្រុង​ កន្លែង​ដែរ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​យក​ធ្វើ​ជា​ទីតាំង​ តាំង​ពី​ជាង​មួយ​ខែ​មក​ហើយ​វិញ​ ទើប​មាន​ចំនួន​អ្នក​ស្លាប់​ច្រើនជាង។​ ចំនួន​​មនុស្ស​ស្លាប់​ដែល​ពិបាក​នឹង​ផ្ទៀង​ផ្ទាត់​ ៖ ១០​នាក់ ២០​នាក់ បន្ទាប់​មក​ជាង​៣០​នាក់។ ​អ្នក​កាសែត​របស់​ភ្នាក់ងារ​ព័ត៌មាន​បារាំង បាន​រាប់​ឃើញ​មាន​សាក​សព​៣៧​នាក់​តំរៀប​គ្នា​នៅ​មន្ទីរ​ពេទ្យ។ បន្ទាប់​មក​ទើប​គេ​ឃើញ​ក្រសួង​សុខាភិបាល​ចេញ​របាយការណ៍​បញ្ជាក់ថា​មាន​ស្លាប់​ ២០​នាក់ និង​របួស​១៧៧​នាក់ នៅក្នុង​ការ​ប៉ះទង្គិច​ហិង្សា​ព្រឹក​មិញ​នេះ។ ចំណែក​ក្រសួង​មហាផ្ទៃ​ មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អ្វី​ទាក់ទង​នឹង​ហេតុការណ៍​ហិង្សា​នេះ​ទេ។

អំពើ​ហិង្សា​ក៏​បាន​កើត​ឡើង​ដែរ នៅ​ក្រុង​អាឡិចសង់ឌ្រី ក្រុម​សកម្មជន​អ្នក​គាំទ្រ​លោក មរស៊ី បាន​ទទួល​រង​ការវាយប្រហារ​ពី​សំណាក់​កង​កម្លាំង​ប៉ូលិស បន្លំ​ខ្លួន​ជា​ស៊ីវិល ប្រើ​កាំភ្លើង​បាញ់​ត្រង់ៗ​តែ​ម្តង។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​។ ប៉ុន្តែ​ ចំពោះ​ដំណឹង​នេះ ក្រសួង​មហាផ្ទៃ​បានបញ្ចេញ​ប្រតិកម្ម​តប​វិញ​ថា គឺ​ក្រុម​Frère musulman ដែល​ជា​អ្នក​បាញ់​ទៅ​លើ​វិហារ​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី មរស៊ី។

ជន​រងគ្រោះ​បាត់​បង់ជីវិត​ ដែល​សុទ្ធ​ត្រូវ​គ្រាប់​ចំ​ក្បាល ឬ​ដើម​ទ្រូង ! ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត ព័ត៌មាន​ទាំង​នេះ គ្មាន​អ្វី​ប្រភព​ឯករាជ្យ​ណា​អាច​ផ្ទៀង​ផ្ទាត់​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ