អានតួអត្ថបទ
អេហ្ស៊ីប

តុលាការ​អេហ្ស៊ីប​បញ្ជា​អោយ​ឃុំខ្លួន​លោក​មរស៊ី​ ពីបទ​ពាក់ព័ន្ធ​នឹង​ក្រុម​​ឧទ្ទាម​ហាម៉ាស​

នៅ​ថ្ងៃ​សុក្រ​នេះ តុលាការ​អេហ្ស៊ីប​​បាន​ចេញ​បញ្ជា​អោយ​ឃុំខ្លួន​អតី​ត​ប្រធានាធិបតី​ ម៉ូហាមេដ ​មរស៊ី ចោទប្រកាន់​ពី​បទ​រួមដៃជើង​ជាមួយ​ក្រុមឧទ្ទាម​ហាម៉ាស​ប៉ាឡេស្ទីន ក្នុង​ការ​វាយប្រហារ​​​ក្រុមប៉ូលិស និង​ការ​រត់គេច​ចេញ​ពី​ពន្ធនាគារ​ ក្នុង​ពេល​ដែល​អេហ្ស៊ីប​កំពុង​បះបោរ​ទំលាក់​អតីតប្រធានាធិបតី​អូស្ន៊ី មូបារ៉ាក់ នា​ដើម​ឆ្នាំ​២០១១។ ក្រុម​ប្រឆាំង​ភាតរអ៊ីស្លាម​បាន​បរិហារ​និង​ប្រៀប​​ប្រដូច ការ​សំរេច​ចិត្ត​​​របស់​តុលាការ​ ទៅនឹង​សញ្ញា​នៃ​ការ​វិលត្រលប់​មកវិញ​នៃ​របប​ផ្តាច់ការ​ មូបារ៉ាក់។

ការ​សំរេច​ចិត្ត​​ឃុំ​ខ្លួន​លោក​មរស៊ី អាច​ធ្វើអោយ​អំពើ​ហិង្សា​​សម្លាប់​មនុស្ស​ ផ្ទុះ​ឡើងសារជាថ្មី។
ការ​សំរេច​ចិត្ត​​ឃុំ​ខ្លួន​លោក​មរស៊ី អាច​ធ្វើអោយ​អំពើ​ហិង្សា​​សម្លាប់​មនុស្ស​ ផ្ទុះ​ឡើងសារជាថ្មី។ REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​អេហ្ស៊ីប បាន​ចោទ​ប្រកាន់​អតីតប្រធានាធិបតី​មរស៊ី ថា​​បាន​សម្លាប់​ទាហាន​ និង​អ្នក​ជាប់​ពន្ធនាគារ​ជាច្រើន​នាក់ នៅ​ពេល​ដែល​លោក និង​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​​របស់​លោក ​បាន​រត់​គេច​ចេញពី​ពន្ធនាគារ​​ កាលពី​​ដើម​ឆ្នាំ​២០១១ គឺ​ក្នុង​​ពេល​ដែល​​ អេហ្ស៊ីប​កំពុង​តែ​បះបោរ​ទំលាក់​អតីតប្រធានាធិបតី​ អូស្ន៊ី មូបារ៉ាក់។ ​អាជ្ញាធរ​ចោទ​លោក​មរស៊ី​ថា បាន​​រួមដៃជើង​ជាមួយ​ក្រុមឧទ្ទាម​ហាម៉ាស។

គួរ​រំលឹក​​ថា បន្ទាប់​ពី​ត្រូវ​បាន​កងទ័ព​ទំលាក់​ពី​តំណែង​នៅ​ថ្ងៃ ៣កក្កដា មក អតី​តប្រធានាធិបតី​​មរស៊ី បាន​ត្រូវ​​ឃុំ​ខ្លួន​ក្នុង​រយៈ​ពេល​កំណត់​១៥​ថ្ងៃ ​​ដើម្បី​តុលាការ​វាយតំលៃ​​ពីស្ថានភាពដែល​លោក​មរស៊ី​ និង​សកម្ម​ជន​ក្រុម​​ភាតរអ៊ីស្លាម​​​របស់​លោក បាន​​លួចរត់​​ចេញ​ពី​ពន្ធនាគារ។​ ផ្នែកសន្តិសុខ​​​​​ចង់ដឹង​​ថា តើ​សកម្មជន​ភាតរអ៊ីស្លាម​​​មាន​​​ទទួល​ជំនួយ​ពី​ក្រុម​ឧទ្ទាម​បរទេស​នានា​ ដូច​ជា​ក្រុម​ហាម៉ាស ​រឺ​ក៏​ក្រុ​ម​អេស្បូឡា ដែរ​រឺទេ។ កាលពី​ថ្ងៃ​២៣​មិថុនា តុលាការ​អេហ្ស៊ីប បាន​​​វាយតំលៃ​ថា ក្រុមឧទ្ទាម​ហាម៉ាស​​​ដែល​កាន់​អំណាច​នៅ​ហ្កាហ្សា និង​ក្រុម​អេស្បួឡា ជាប់​​ពាក់ព័ន្ធ​នឹង​​​ការ​រត់ចេញ​ពី​គុក​របស់​​​អ្នកទោសនានា​ ដែល​ក្នុង​នោះ​ក៏​មាន​​រូប​លោក​មរស៊ីផងដែរ។ ប៉ុន្តែ លោក​មរស៊ី បាន​ប្រាប់​ថា នៅ​ពេល​ដែល​លោក​និង​ក្រុម​លោក​បាន​រួច​ចេញ​ពី​គុក​នោះ គឺ​ដោយ​សារ​តែ​ប្រជាជន​បាន​បើក​ទ្វារ​គុក​អោយ​លោក​​រត់​ចេញ។​

ការ​ប្រកាស​ចោទប្រកាន់​​របស់​អាជ្ញាធរ​មក​លើ​លោក​មរស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ធ្វើឡើងតែ​​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ មុន​​នឹង​ប្រជាជន​អេហ្ស៊ីប​ចុះ​ធ្វើ​មហា​បាតុកម្ម​។ ដូច​រាល់ដង គឺ​មានទាំង​បាតុកម្ម​គាំទ្រ​ និង​បាតុកម្ម​ប្រឆាំង​លោក​មរស៊ី​រួមគ្នា។

ការ​សំរេច​ចិត្ត​​របស់​តុលាការ​ឃុំ​ខ្លួនលោក​មរស៊ី ប្រហែល​ជា​អាច​បង្ក​អោយ​ផ្ទុះ​អំពើហិង្សា​សម្លាប់​មនុស្ស​សាជាថ្មី​ម្តងទៀត។ កាលពី​ម្សិលមិញ​នេះ ប្រធាន​អង្គការ​សហប្រជាជាតិ ​លោក បាន់ គីមូន ទើបតែ​បាន​សុំអោយ​​កងទ័ព​អេហ្ស៊ីប​ដោះលែង លោក​មរស៊ី ប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ