អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អេហ្ស៊ីប​​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ ក្រោម​សម្ពាធ​នៃ​អំពើ​ហិង្សា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សៅរ៍នេះ អេហ្ស៊ីប​រៀបចំ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​​ សម្រាប់​ការ​បោះឆ្នោត​​ដែល​នឹង​ត្រូវប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ​២៦ និង​២៧ឧសភា​ខាងមុខ​នេះ។ បេក្ខជន​ប្រធានាធិបតី​មាន២រូប គឺលោក អាប់ឌេល​ ហ្វាតា អាល់ស៊ីសស៊ី ជា​​​អតីត​មេកងទ័ព​ដ៏​មាន​ប្រជាប្រិយភាព​ ក្នុង​ប្រទេស និង​លោក​ហាំឌីន ​សាប៊ីហ៊ី ​មកពី​បក្ស​ឆ្វេងនិយម។ គេ​រំពឹង​ថា លោក​ស៊ីសស៊ី​នឹង​ជាប់ឆ្នោត​​ជាប្រធានាធិបតី​ថ្មី។ ​ការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​សៅរ៍នេះ ប្រព្រឹត្ត​ទៅ​​ក្រោម​សម្ពាធ​នៃ​​អំពើភេរវកម្ម។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ​មុន​យុទ្ធនាការ​​​​​ឃោសនា​បោះឆ្នោត​មួយថ្ងៃ អំពើ​ភេរវកម្ម​ចំនួន​៣ បាន​សម្លាប់​​មនុស្ស​៤នាក់ នៅទូទាំង​ប្រទេស​​ ក្នុងនោះ​មាន​ទាហាន​​ម្នាក់ និង​ប៉ូលិស​ម្នាក់។ នៅថ្ងៃ​សៅរ៍​នេះ តុលាការ​បាន​កាត់ទោស​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី​​១០២នាក់ ​អោយ​ជាប់​ពន្ធនាគារ​១០ឆ្នាំ។

ផ្ទាំង​រូបភាព​លោក​អាល់ស៊ិសស៊ី នៅ​ក្រុងគែរ ប្រទេស​អេហ្ស៊ីប
ផ្ទាំង​រូបភាព​លោក​អាល់ស៊ិសស៊ី នៅ​ក្រុងគែរ ប្រទេស​អេហ្ស៊ីប REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ក្រោម​ភាព​តានតឹង​បង្កឡើង​ដោយ​អំពើ​ភេរវកម្ម​​

អំពើភេរវកម្ម​ប្រឆាំង​កងកម្លាំង​​ប៉ូលិស​ ​ថ្ងៃ​សុក្រ​ម្សិលមិញ ​ស​បង្ហាញ​ពីភាព​មិនពេញចិត្ត​នឹង​រដ្ឋាភិបាល​ស្តីទី​​អេហ្ស៊ីប ​​ដែល​បាន​ទំលាក់​អតីត​ប្រធានាធិបតី​មរស៊ី​ ចេញពី​អំណាច​ កាលពី​ខែកក្កដា​ឆ្នាំ២០១៣។ កងកម្លាំង​សន្តិសុខ​តែង​រង​ការ​វាយ​ប្រហារ​​ពី​សំណាក់​ក្រុមជីហាដ ជាច្រើន​ក្រុម ពិសេស​នៅ​តំបន់​ស៊ីណៃ ភាគ​ខាងកើត។ គិត​ពីខែ​កក្កដា ​មកដល់ពេលនេះ​ កង​កម្លាំង​សន្តិសុខ​៥០០នាក់ បានស្លាប់​​ក្នុង​ការ​វាយប្រហារ​​ពីសំណាក់​ក្រុមជីហាដ។ ក្រុមជីហាដ​​បង្កភេរវកម្ម​ដើម្បី​សងសឹក​​អោយ​លោក​មរស៊ី និង​សកម្មជន​ភាតរអ៊ីស្លាម​របស់​លោក ដែល​ត្រូវ​កងទ័ព​ប្រើ​ហិង្សា​បង្ក្រាប​ ក្នុងបាតុកម្ម​​កន្លងមក។ ជន​រងគ្រោះ​ដោយ​ការបង្ក្រាប​នេះ មាន​រហូត​ដល់​១៤០០នាក់។ ហើយ​​​​មនុស្ស​១ម៉ឺន៥ពាន់​នាក់ កំពុង​តែ​ជាប់ឃុំឃាំង។​ ​​​ផ្ទុយ​ទៅវិញ​ ​អាជ្ញាធរ​តែង​ទំលាក់​កំហុស​នៃ​អំពើហិង្សា ទៅលើ​សកម្មជន​ភាតរអ៊ីស្លាម ហើយ​បាន​ចាត់ទុក​ពួកគេថា ជា​ក្រុមភេរវជន​ទៀតផង។

ដោយឡែក​ ​​អំពើហិង្សា​ប្រឆាំងរដ្ឋាភិបាល​ និង​ការដែល​កងទ័ព​បានប្រើកម្លាំងបាយ​ប្រឆាំង​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី មិនបាន​រុញទម្លាក់​ប្រជាប្រិយភាពរបស់​​បេក្ខជន​​អាល់ស៊ីសស៊ី អាយុ​៦០ឆ្នាំ​ ​ដែល​​ជា​​អតីត​រដ្ឋមន្ត្រី​ការពារជាតិ ក្រោមអាណត្តិ​របស់​លោក​មរស៊ី​នោះទេ។ ប្រជាជន​អេហ្ស៊ីប​​មានតែ​ចង់​អោយ​លោក​ស៊ីសស៊ីដឹកនាំ​ប្រទេស​ទៅវិញទេ។

សម្រាប់​ការបោះឆ្នោតប្រធានាធិបតី​ជុំទី១​ ​​ថ្ងៃ​២៦ឧសភា​ខាងមុខ​​ បេក្ខជន​ប្រជែង​​​នឹង​លោក​​ស៊ីសស៊ី មាន​តែម្នាក់គត់ គឺលោក ​ហាំដេន សាបាហ៊ី មកពីបក្ស​ឆ្វេងនិយម។ លោក​សាបាហ៊ី ធ្លាប់​ឈ្នះសម្លេង​ឆ្នោត​លំដាប់​ទី៣ ក្នុង​ការ​បោះឆ្នោតឆ្នាំ​២០១២ ដែល​លោក​មរស៊ី​បាន​ទទួលជោគជ័យ​នោះ។ គោលនយោបាយ​ដឹកនាំ​ប្រទេស​របស់​បក្ស​ឆ្វេងនិយម គឺ​ផ្អែក​លើគោលការណ៍​​បដិវត្តន៍​​ប្រជាធិតេយ្យ​ទំលាក់​លោក​មូបារ៉ាក់ ឆ្នាំ​២០១១។ ​​ 

​ប្រៀប​​នឹងបេក្ខជន​​អាល់ស៊ីសស៊ី បក្ស​ឆ្វេងនិយម​គ្មាន​នយោបាយ​អ្វីលេចធ្លោ​ ក្នុង​ក្រសែ​ភ្នែក​​ប្រជាជន​​អេហ្ស៊ីប​​ទេ។ ​ព្រោះថា ​មានតែ​​លោក​អាល់ស៊ីសស៊ី​​ទេ ជា​តួអង្គ​សំខាន់​ ​​ដែលបាន​គាំទ្រពេញទំហឹង​ ​​អោយ​ប្រជាជន​អេហ្ស៊ីប​​រាប់លាន​នាក់ ធ្វើបាតុកម្ម​​ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី​​មរស៊ី។ ​គួររំលឹក​ថា លោក​មរស៊ី​ ​ត្រូវបាន​​​ប្រជាជន​​​បោះឆ្នោត​អោយ​ធ្វើ​​ជា ប្រធានាធិបតី​ ​កាលពី​ឆ្នាំ​២០១២។ លោក​មរស៊ី មានប្រភព​នយោបាយ​ចេញមកពី​ផ្នែកស៊ីវិល ​មិន​ដែល​បំរើការ​ផ្នែក​យោធា​​ទេ។​ ប៉ុន្តែ ក្រោយ​លោក​មរស៊ី​កាន់អំណាច​មួយឆ្នាំ ប្រជាជន​អេហ្ស៊ីប​បាន​​ចោទ​​​ថាលោក​មរស៊ី​​​រំលោភ​អំណាច​ ​​កេង​ផល​ប្រយោជន៍​​​អោយ​បក្ស​ភាតរ​អ៊ីស្លាម​របស់​​លោក។ ដោយសារ​ហេតុផល​នេះឯង​ទើប​​លោក​អាល់ស៊ីសស៊ី​ទំលាក់​លោក​មរស៊ី ពី​អំណាច ដើម្បី​បំពេញ​បំណង​​​ប្រជាជន​ក្នុង​ស្រុក។ ហេតុនេះ ប្រជាប្រិយភាព​លោក​បាន​ឡើង​ពេញទី។ ប្រឈម​នឹង​អំពើ​ភេរវកម្ម​ក្នុង​ស្រុក​ មានតែ​​អតីត​មេដឹកនាំ​ទ័ពដ៏​ខ្លាំង​នេះទេ ​ដែល​ប្រជាជន​​ទុកចិត្ត​ ដើម្បី​ស្តារ​​ស្ថិរភាព​សន្តិសុខ​ឡើងវិញ។​

​គួររំលឹកដែរ​​ថា លោក​អាល់ស៊ីសស៊ី ចាប់​មានប្រជាប្រិយ​ភាព​​ កាលពី​ឆ្នាំ​២០១១ នៅពេល​ដែល​លោក​​​ការពារ​ភាពស្អាតស្អំ​របស់​កងទ័ព​នេះឯង។ កាលពី​ឆ្នាំ​២០១១​ក្នុងពេល​ប្រជាជន​តវ៉ា​ប្រឆាំង​អតីត​ប្រធានាធិបតី មូបារ៉ាក់​​ ​ ទាហាន​​បាន​ចាប់ខ្លួន​ស្ត្រី​បាតុករ​ជាច្រើន​នាក់​សុទ្ធតែ​ជាស្ត្រី​ដែល​មាន​រូបសម្បត្តិ​ស្រស់​ស្អាត។ ប៉ុន្តែ លោកអាល់ស៊ីសស៊ី​ការពារ​ថា គ្មាន​ស្ត្រី​ណាម្នាក់​ត្រូវបាន​ទាហាន​​ចាប់​រំលោភ​ បំពាន​រាងកាយ​នោះទេ។

​​​ក្នុង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃ​សៅរ៍នេះ សកម្មជន​ឃោសនា​របស់​បក្ស​ឆ្វេង​និយម បាន​ចោទ​សកម្មជន​គាំទ្រ​​លោក​អាល់ស៊ិសស៊ី​ ថា​វាយប្រហារលើ​​ពួកគេ។ បេក្ខជន​សាបាហ៊ី​ បាន​ចោទ​រដ្ឋអំណាច​អេហ្ស៊ីបបច្ចុប្បន្ន​ថា នៅប្រើ​អំណាច​ផ្តាច់ការ​ក្នុង​ជំនាន់​​ប្រធានាធិបតី​ចាស់ មូបារ៉ាក់​នៅឡើយ។​

 
បញ្ហា​ប្រឈមនានា​ ក្នុង​ការ​គ្រប់គ្រង​​ប្រទេស​ ​​សម្រាប់​អនាគត​​​ប្រធានាធិបតី​អេហ្ស៊ីប ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​ខាងមុខ​

ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី ​ត្រូវរៀបចំ​នយោបាយ ពិសេស​​​អំណាច​និតិបញ្ញត្តិ​ ​​ក្នុង​ស្រុក​ឡើងវិញ ធានាអោយមាន​សុវត្ថិភាព​​សន្តិសុខ​​ដែល​ជា​បញ្ហា​ចំបង​នោះ និង​​ធ្វើយ៉ាងណា​​រក្សា​​​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ​។ ​​​ការដែល​​តុលាការ​អេហ្ស៊ីប​បាន​កាត់ទោស​ប្រហារជីវិត​សកម្មជន​​គាំទ្រ​លោក​មរស៊ី ​ជិត​​៧០០នាក់ ​នៅ​ថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ សភា​ធ្វើអោយ​​អាមេរិក​​ព្យួរជំនួយ​ជា​ការ​ផ្គត់ផ្គង់​​អាវុធ​និង​សម្ភារៈ​ ​​ដល់​អេហ្ស៊ីប។ ​ ការ​កាត់ទោស​​នេះ​ ធ្វើអោយ​គេ​ចោទ​ជា​សំណួរ​ថា តើ​តុលាការ​អេហ្ស៊ីប​មាន​លក្ខណៈ​ឯករាជ្យ​ដែរ​រឺទេ ព្រោះថា សកម្មជន​សន្ធឹក​សន្ធាប់​​ទាំងនេះ រង​បទជាប់ចោទប្រកាន់​​ថា​សម្លាប់​បាន​ប៉ូលិស​​ម្នាក់គត់​ និង​បង្ក​ហិង្សា​កាលពី​ខែ​សីហា​ឆ្នាំ​មុននេះប៉ុណ្ណោះ។ ​

សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ និងអាមេរិក បាន​ថ្កោលទោស​ការកាត់ទោស​នេះ ព្រោះ​​យល់ថា ជា​​ការកាត់ទោស​​​គ្មាន​ភាពសមធម៌ រំលោភ​​បំពាន​សិទ្ធិមនុស្ស។ ការកាត់ទោស​នេះ ធ្វើអោយ​គេ​គិតថា ​តុលាការ​អាច​រង​ឥទ្ធិពល​នៃ​អំណាច​ដឹកនាំ។ ​​ប៉ុន្តែ អេហ្ស៊ីប​បាន​​លើកឡើង​​​ថា តុលាការ​ខ្លួន​មាន​ភាព​ឯករាជ្យ​ពេញលេញ។​លោក​អាល់​ស៊ីសស៊ី​​ ប្រហែល​ជា​​​មិន​ចុះ​ញ៉ម​ដោយសារ​​​ប្រតិកម្ម​ព្យួរជំនួយ​ពី​​សំណាក់​អាមេរិក​នោះទេ។ អេហ្ស៊ីប​បានព្រមាន​អាមេរិក​វិញថា ការព្យួរជំនួយ​អាមេរិក អាច​នឹងធ្វើអោយ​​រំជើបរំជួល​​​ដល់​ទំនាក់ទំនង​​ប្រទេស​ទាំង២ អាច​ប៉ះពាល់​យុទ្ធនាការ​​​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ការ​ធានា​សន្តិភាព សន្តិសុខ​តាមព្រំដែន​​ ស្របតាម​​​​សន្ធិសញ្ញា​សន្តិភាពរវាង​អេហ្ស៊ីប​ និង​អ៊ីស្រាអែល​ផងដែរ។​ ​អេហ្ស៊ីប​ធ្លាប់​ប្រាប់​ហើយ​ថា ទោះ​​​គ្មានជំនួយ​អាមេរិក ក៏​អេហ្ស៊ីប​​អាច​រស់​បាន​ដែរ ព្រោះថា អេហ្ស៊ីប​បាន​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយប្រទេស​ជាច្រើនទៀត ពិសេស​ប្រទេស​​អារ៉ាប់​ផ្សេងៗ​បែបយ៉ាង​អារ៉ាប៊ី សាអូឌីត កាតា រឺក៏​អេមីរ៉ាត​អារ៉ាប់​រួម ដែល​កន្លង​មក ធ្លាប់​​បាន​ផ្តល់​ជំនួយ​​រាប់​រយ​លាន​ដុល្លារ ​ដល់​អេហ្ស៊ីប។ ចិន​រឺក៏រុស្ស៊ី ក៏អាច​ជួយអេហ្ស៊ីប ដើម្បី​​ពង្រីក​​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់​អារ៉ាប់​ផងដែរ ព្រោះថា អេហ្ស៊ីប​មាន​ប្រជាជន​​ច្រើនជាងគេ​ក្នុង​ពិភព​អារ៉ាប់។ ​

អ្វី​ដែល​​ប្រទេស​លោក​ខាងលិច និង​សមាគម​សិទ្ធិមនុស្ស​​​បារម្ភ​នៅពេលនេះ គឺថា តើ​រដ្ឋាភិបាល​អេហ្ស៊ីប​ថ្មី ​​ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី អាច​ប្រើ​អំណាចយោធា​​ផ្តាច់ការ​ដូច​ក្នុង​ជំនាន់​​លោក​មូបារ៉ាក់រឺទេ ព្រោះថា ប្រវត្តិ​នៃ​​របប​ដឹកនាំ​អេហ្ស៊ីប​ ​​តែង​តែ​ស្ថិត​ក្រោម​អំណាច​​យោធា។ ​ពិសេស ​នៅពេល​នេះ អាជ្ញាធរ​​បាន​ហាមឃាត់​​រាល់​បាតុកម្ម​ក្នុង​ស្រុក។ អាជ្ញាធរ​បាន​ចាប់ខ្លួន ​និង​ដាក់ទោស​យុវជន​​បះបោរ​​ទំលាក់​លោកមូបារ៉ាក់ កាលពី​ឆ្នាំ​២០១១ជាច្រើននាក់។ ​តើលទ្ធិ​​ប្រជាធិបតេយ្យ​អាច​កើតចេញ​ ក្រោយការ​បោះឆ្នោត​​​ពេល​ខាងមុខបានទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ