អានតួអត្ថបទ
បារំាង-សាធារណរដ្ឋអាហ្រ្វិកកណ្តាល

ទាហានបារំាង​ជា​ច្រើននាក់​កំពុង​ជាប់ចោទ​ពីបទ​រំលោភ​កូនក្មេង​នៅ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល

នៅ​ក្នុង​ប្រទេស​បារំាង ព័ត៌មាន​ជុំវិញ​ទាហាន​បារំាង​ជា​ច្រើន​នាក់​បាន​ចាប់​រំលោភ​កូនក្មេង​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​កំពុង​បន្ត​បែកធ្លាយ។ រឿង​អាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​កាសែត​អង់គ្លេស​ឈ្មោះ The Guardian បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​ដែល​ចោទ​ទាហាន​ជនជាតិបារំាង ជនជាតិ​ឆាដ និង​ជនជាតិ​ហ្គីណេអេក្វាទ័រ​ពី​បទ​ចាប់​រំលោភ​កូនក្មេង​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល។ នៅ​ពេល​នេះ បារំាង​បាន​បើក​ការ​ស៊ើបអង្កេត​ដើម្បី​កំណត់​អត្តសញ្ញាណ​ទាហាន​បារំាង​ទំាង​នោះ ហើយ​រដ្ឋអំណាច​សាធារណរដ្ឋអាហ្រ្វិកកណ្តាល​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​ដាច់​ដោយឡែក​របស់​ខ្លួន​ដែរ។ តែ​ជា​ការ​ស៊ើបអង្កេត​ដែល​ទំនង​ជា​ពិបាក។

ជំរំ​ជនភៀសខ្លួន​ Mpoko នៅ​ក្នុង​ទីក្រុង​បង់ហ្គី​នៃ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល
ជំរំ​ជនភៀសខ្លួន​ Mpoko នៅ​ក្នុង​ទីក្រុង​បង់ហ្គី​នៃ​សាធារណរដ្ឋអាហ្រ្វិកកណ្តាល REUTERS/Luc Gnago
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ មេសា​មក​ដែល​តុលការ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ដំណើរការ​ស៊ើបអង្កេត ដោយ​បាន​បញ្ជូន​មន្រ្តី​របស់​ខ្លួន​ទៅ​កាន់​ទីកន្លែង​កើតហេតុ​ក្នុង​ទីក្រុង​បង់ហ្គី។ តែ​រដ្ឋអាជ្ញា​អាហ្រ្វិកកណ្តាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​លំបាក​នៅ​ក្នុង​ការស៊ើបអង្កេត​នោះ ព្រោះ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ទាក់ទង​ជាមួយ​រដ្ឋអំណាច​បារំាង និង​អង្គការសហប្រជាជាតិ​ដែល​ជា​ម្ចាស់​របាយការណ៍​ស្តីពី​រឿងអាស្រូវ​នោះ​នៅ​ឡើយ​ទេ។ កម្មវត្ថុ​អាទិភាព​របស់​ក្រុម​អ្នកស៊ើបអង្កេត​អាហ្រ្វិកកណ្តាល គឺ​ស្វែង​រក​កូនក្មេង​ដែល​ជា​ជនរងគ្រោះ​​ផ្លូវភេទ ឬ​មួយ​ក៏​សាក្សី​ដែល​អាច​យក​ជា​ការ​បាន។

គួរ​រម្លឹក​ជូន​ថា រឿង​អាស្រូវ​រំលោភ​ផ្លូវភេទ​លើ​កូនក្មេង​ដែល​បែកធ្លាយ​ពី​របាយការណ៍​របស់​អង្គការសហប្រជាជាតិ គឺ​បាន​កើត​មាន​ឡើង​នៅ​ចន្លោះ​ខែ​ធ្នូ ឆ្នំា ២០១៣ និង​ខែ​ឧសភា ឆ្នំា ២០១៤ និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទាហាន​បារំាង​ប្រមាណ​ជា ១៥នាក់ និង​ទាហាន​ជនជាតិ​ឆាដ ព្រម​ទំាង​ជនជាតិ​ហ្គីណេអេក្វាទ័​សរុប ៥នាក់​នៅ​ពេល​ដែល​ពួក​គេ​បាន​បំពេញ​បេសកកម្ម​រក្សាសន្តិភាព​ក្រោម​ដំបូល​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ប៉ូកូ (Mpoko) នៃ​អាកាសយានដ្ឋាន​ទីក្រុង​បង់ហ្គី​ទឹកដី​សាធារណរដ្ឋ​អាហ្រិ្វកកណ្តាល។ បើ​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ មាន​កូនក្មេង​អាយុ​ចម្លោះ​ពី ៨ ទៅ ១១ឆ្នំា​ប្រមាណ​ជា ១០នាក់​ក្នុង​ជំរំ​ប៉ូកូ​បាន​បង្ខំចិត្ត​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ទាហាន​បរទេស​ប្តូរ​យក​ចំណីអាហារ។

 

តាម​ពិត​ទៅ អង្គការសហប្រជាជាតិ​បាន​ចាត់​ទុក​របាយការណ៍​មួយ​នេះ​ថា ជា​រឿង​សម្ងាត់​​ផ្ទៃក្នុង និង​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋអំណាច​បារំាង​តំាង​ពី​ខែ​កក្កដា ឆ្នំា ២០១៤ មក​ម្ល៉េះ។ ទីក្រុង​ប៉ារីស​ក៏​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ តែ​បាន​បើក​ការ​ស៊ើបអង្កេត​ដោយ​សម្ងាត់​តំាង​ពី​ពេល​នោះ​មក។ គឺ​ទើប​តែ​នៅ​ថ្ងៃ​ពុធ ទី២៨ មេសា​កន្លង​ទៅ​ទេ​ដែល​កាសែត​អង់គ្លេស The Gardian បាន​ទម្លាយ​របាយការណ៍​ដែល​ខ្លួន​អះអាង​ថា​បាន​ទទួល​ពី​មន្រ្តី​អង្គការ​សហប្រជាជាតិ​​ម្នាក់​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ នៅ​ពេល​នេះ មន្រ្តីសហប្រជាជាតិ​រូប​នោះ​ត្រូវ​បាន​គេ​ព្យួរ​ការងារ និង​ប្រាក់​ខែ​តំាង​ពី​សប្តាហ៍​កន្លង​ទៅ​ម្ល៉េះ តែ​មាន​សំណួរ​ដែល​គ្រប់​គ្នា​ឆ្ងល់​គឺ​ថា រឿងរ៉ាវ​បាន​កើត​ឡើង​តំាង​ពី ៩ខែ​មក​ហើយ ចុះ​ហេតុអ្វី​បាន​ជា​ទើប​បែក​ធ្លាយ​ពេល​នេះ ?។

 

យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​បារំាង​ហាក់​ដូច​ជា​ទើប​ភ្ញាក់ផ្អើល​ចំពោះ​រឿងរ៉ាវ​នេះ និង​សន្យា​វែក​រក​មុខ ព្រម​ទំាង​សន្យា​ដាក់​ទណ្ឌកម្ម​ចាស់ដៃ​ចំពោះ​ទាហាន​ដែល​ជាប់​ពាក់ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ