អានតួអត្ថបទ

បារាំង៖ សមត្ថកិច្ច​បន្ត​តាម​ចាប់​ភេរវជន ទាំង​មាន​ការ​ព្រួយបារម្ភ​ អំពើ​គ្រោះថ្នាក់​ភេរវកម្ម​ជាថ្មី

កាលពីយប់ថ្ងៃទី១១ធ្នូ នៅកណ្តាលទីក្រុងស្រា្តសបួរ ភាគខាងកើតប្រទេសបារាំង មាន​ហេតុការណ៍បាញ់រះបានកើតឡើង ដោយបានបណ្តាលឲ្យស្លាប់មនុស្ស២នាក់​ និងរបួស​ចំនួន​​១២​នាក់។ ជា​ការបាញ់រះ ដែលត្រូវបានសមត្ថកិច្ចបារាំង ចាត់ទុកថា ជា​អំពើ​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម។ រហូតមកទល់ពេលនេះ សមត្ថកិច្ចបារាំង កំពុងតែស្វែង តាម​ចាប់ខ្លួនជនដៃដល់។ ប្រកបដោយអាវុធនៅនឹងខ្លួន​ អាជ្ញាធរបារាំង មានការព្រួយបារម្ភ ថា ជននេះអាចនឹងចេញមកបង្កភេរវកម្មសាជាថ្មី។ យ៉ាងណាមិញ មាន​ការអំពាវនាវ​កាន់តែ​ច្រើន សុំឲ្យកុំឲ្យចលនាអាវកាក់ពណ៌លឿង ធ្វើ​បាតុកម្ម នៅថ្ងៃសៅរ៍នេះ ព្រោះ​វាអាច​ជា​ឱកាស ឲ្យជនដៃដល់ចេញធ្វើភេរវកម្ម។

សមត្ថកិច្ច​បារាំងកំពុង​ត្រួត​ពិនិត្យ ផ្សារណូអែល នៅក្រុងស្ត្រាសបួរ​ ថ្ងៃទី​១២​ ធ្នូ​​ ២០១៨​
សមត្ថកិច្ច​បារាំងកំពុង​ត្រួត​ពិនិត្យ ផ្សារណូអែល នៅក្រុងស្ត្រាសបួរ​ ថ្ងៃទី​១២​ ធ្នូ​​ ២០១៨​ REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ជនដៃដល់ ដែលបានបាញ់រះ នៅផ្សារណូអែល កណ្តាលក្រុងស្រ្តាសបួរ កាលពីយប់ថ្ងៃទី១១ធ្នូ នៅកំពុងគេចខ្លួន មិនត្រូវបានចាប់ខ្លួននៅឡើយ។ សមត្ថកិច្ចបារាំង បានអំពាវនាវ ឲ្យមានការផ្តល់ដំណឹង ដល់សមត្ថកិច្ច បើសិនជានរណា បានឃើញមនុស្សគួរឲ្យសង្ស័យ និងមានមានភិនភាគដូចជនដៃដល់។ ជនដៃដល់ ជាភេទប្រុស អាយុ ២៩ឆ្នាំ សំបុរស្រអែម កំពស់១ម៉ែត្រ៨០ និងមានស្លាកស្នាមនៅលើថ្ងាស។

សូមរំលឹកថា ជនឈ្មោះ Cherif Chekatt នេះ ធ្លាប់បានជាប់ពន្ធនាគារជាច្រើនលើក ដោយរងការកាត់ទោស ចំនួនយ៉ាងហោចណាស់ ២៧បទល្មើសផ្សេងៗគ្នា។ ជននេះ បានលង់ខ្លួនបំរើទ្រឹស្តីអ៊ីស្លាមភេរវកម្មនិយម បន្ទាប់ពីបានសេពគប់ក្រុមជ្រុលនិយម ​ក្នុងអំឡុងពេលដែលខ្លួនជាប់ពន្ធនាគារ។ បើតាមការអះអាង របស់សាក្សី ដែលនៅកន្លែងបាញ់រះ កាលពីថ្ងៃអង្គារទី១១ធ្នូ គឺគេបានឮជននេះ ស្រែក ឧទ្ទឹស​ដល់ព្រះអាឡា មុននឹងបាញ់រះ។ ក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់​ជីវិតទាំង៣នាក់ គឺមានបុរស់អាយុ៦៣ឆ្នាំ រស់នៅទីក្រុងស្រ្តាសបួរ អ្នកទេសចរណ៍ជនជាតិថៃ ភេទប្រុស អាយុ៤៥ឆ្នាំ និងបុរសជានជាតិអាហ្វហ្កានីស្ថានម្នាក់។

នៅថ្ងៃទី១៣ធ្នូ ការតាមស្វែងរកជនដៃដល់ ដែលកំពុងរត់គេចខ្លួន បានធ្វើទៅយ៉ាងសកម្ម ដោយ​មានសមត្ថកិច្ចប្រមាណ៧២០នាក់កំពុងធ្វើការនេះ។ សមត្ថកិច្ចបារាំង ក៏បានសហការ​ជាមួយ​សមត្ថកិច្ចអាល្លឺម៉ង់ និងស្វីសដែរ ព្រោះជនដៃដល់ អាចរត់ឆ្លងទៅទីនោះ។

ដោយឡែក ផ្សារណូអែលក្រុងស្រ្តាសបួរ ដែលជាផ្សាររាត្រីដ៏ធំបំផុតរបស់បារាំង បើកលក់នៅរដូវបុណ្យណូអែល ជារៀងរាល់ឆ្នាំនេះ ត្រូវបានអាជ្ញាធរក្រុងស្រ្តាសបួរ បញ្ជាឲ្យបិទកាលពីថ្ងៃពុធម្សិលមិញ និងនៅថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរខ្លាចក្រែង ទីប្រជុំជនអ៊ូអរនេះ ត្រូវក្លាយជាផ្ទាំងស៊ីបជាថ្មីម្តងទៀត របស់ជនដៃដល់ ដែលមិនទាន់ចាប់ខ្លួនបាននៅឡើយ។ យ៉ាងណាមិញគេសង្កេតឃើញ តាមផ្លូវនៅក្រុងស្ត្រាសបួរ មានសភាពស្ងាត់ប្លែក។

ព្រមជាមួយគ្នានេះដែរ សមត្ថកិច្ចកំពុងមានការព្រួយបារម្ភ ទាក់ទិននឹងក្បួនបាតុកម្មរបស់ក្រុមចលនាអាវកាក់ពណ៌លឿង ដែលគ្រោងធ្វើទូទាំងប្រទេសនៅថ្ងៃសៅរ៍នេះ។ លោក Laurent Berger ប្រធានសហជីព CFDT បានអំពាវនាវ កុំឲ្យក្រុមចលនាអាវកាក់​ពណ៌​លឿង ធ្វើបាតុកម្មអី ដើម្បីសម្រាលបន្ទុករបស់សមត្ថកិច្ច​ ដែលកំពុងតែមមាញឹក រួចស្រេច​​ទៅហើយ ទាក់ទិននឹងការគំរាមភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ