លោកម៉ាក្រុងថា ស្ថានភាពនៅតួកគីបច្ចុប្បន្ន មិនអាចអនុញ្ញាតឲ្យក្លាយជាសមាជិកសហភាពអឺរ៉ុបទេ
កាលពីថ្ងៃសុក្រ ទី៥មករា ម្សិលមិញនេះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទទួលជួបលោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី នៅឯទីក្រុងប៉ារីស។ វាគឺជាជំនួប ដែលគេបានតាមដានបំផុត ដោយសារតែមួយរយៈពេលចុងក្រោយនេះ តួកគីត្រូវបានគេរិះគន់ពីគ្រប់ច្រកល្ហក ថាបានបំពានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការចាប់ខ្លួនអ្នកកាសែត បញ្ញវន្ត ឬមន្ត្រីរដ្ឋកាលណា ដែលមាននិន្នាកានយោបាយ ផ្ទុយពីការដឹកនាំរបស់លោកអ៊ែរដូហ្កាន់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៧
ទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសន្យាពាណិជ្ជកម្ម កិច្ចសហការក្នុងការបោសសំអាតបណ្តាញភេរវកម្ម បញ្ហាគោរពសិទ្ធិមនុស្ស បេក្ខភាពចូលជាសមាជិកសហភាពអឺរ៉ុបរបស់តួកគី ទាំងអស់នេះ សុទ្ធសឹងតែជាបញ្ហាធំៗ ដែលលោកអេម៉ានុយអែល ម៉ាក្រុង ត្រូវតែថ្លឹងថ្លែង យកមកនិយាយជាមួយនឹងលោកអ៊ែរដូហ្កាន់ ប្រធានធិបតីតួកគី។ វាមិនមែនជារឿងងាយស្រួលទេ សម្រាប់លោកម៉ាក្រុង ក្នុងការនិយាយធានាកសាងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតួកគីផង ហើយត្រូវនិយាយរិះគន់តួកគី ស្តីពីបញ្ហាសិទ្ធិមនុស្សផងនោះ។
នៅចំពោះមុខអ្នកកាសែតរាប់រយនាក់ ក្រោយជំនួបមួយទល់នឹងមួយនេះ លោកម៉ាក្រុងបានថ្លែងថា អ្វីដែលបានកើតឡើង និងកំពុងតែកើតឡើងនៅតួកគីរាល់ថ្ងៃនេះ គឺមិនអាចអនុញ្ញាត ឲ្យមានដំណើរការទៅមុខ ក្នុងការចរចាស្តីពីបេក្ខភាពរបស់តួកគី ចូលក្នុងសហភាពអឺរ៉ុបបានទេ។ លោកម៉ាក្រុងបន្ថែមថា យើងគ្រប់គ្នាត្រូវទទួលស្គាល់ការពិត ស្តីពីចំណុចនេះ ហើយឈប់កុហកខ្លួនឯងទៀតទៅ។ គ្មានទំព័រថ្មីណាមួយ នៃការចរចា ដែលត្រូវបើកទៀតទេ សម្រាប់ពេលនេះ។
ទាក់ទិននឹងការចរចា សុំចូលជាសមាជិកសហភាពអឺរ៉ុបនេះ លោកប្រធានាធិបតីតួកគី បានឆ្លើយតបមកវិញថា តួកគីមិនអាច បន្តនៅអង្គុយ អង្វរកសហភាពអឺរ៉ុប អស់មួយជីវិតទេ។ តួកគីនឿយណាយ នឹងការរងចាំនេះណាស់។
ក្រៅពីបញ្ហាសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសសំអាតចលនាភេរវកម្ម លោកម៉ាក្រុង បានអះអាងប្រាប់អ្នកកាសែតថា លោកបាននិយាយត្រង់ទៅត្រង់មក ជាមួយលោកប្រធានាធិបតីតួកគី ស្តីអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតួកគី ក្នុងពេលបច្ចុប្បន្ននេះ។ លោក ម៉ាក្រុង បានលើកឡើងអំពីការយល់ឃើញរបស់លោក ទាក់ទិននឹងការគោរពសិទ្ធិបុគ្គល សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ របស់ប្រជាពលរដ្ឋម្នាក់ៗ។ ក្នុងន័យនេះ លោកម៉ាក្រុង បានអំពាវនាវ ឲ្យលោកអ៊ែរដូហ្កាន់ ពិចារណាឡើងវិញ ស្តីពីការឃុំខ្លួន អ្នកកាសែត សាស្ត្រាចារ្យសកលវិទ្យាល័យ សកម្មជនសិទ្ធិមនុស្សជាច្រើននាក់នៅតួកគី។ លោកអ៊ែរដូហ្កាន់ បានសន្យាថា ថាលោកនឹងយកបញ្ជីឈ្មោះ ដែលលោកម៉ាក្រុងប្រគល់ឲ្យ ទៅពិនិត្យមើល ហើយបញ្ជូនករណីទាំងនោះ ទៅកាន់ក្រសួងយុត្តិធម៌តួកគី។
ដោយឡែក បន្ទាប់ពីបាននិយាយដោយត្រង់ ថាតួកគីមិនអាចចរចាសុំចូលជាសមាជិកសហភាពអឺរ៉ុបបានទេ ក្នុងពេលនេះ លោកម៉ាក្រុង បានឆ្លៀតនិយាយបន្ថែមថា លោកចង់ឲ្យតួកគី នៅតែស្ថិតនៅក្នុងរង្វង់គ្រួសារអឺរ៉ុប បែរមកមករកអឺរ៉ុប ចាប់ដៃជាមួយអឺរ៉ុប។ ក្នុងន័យនេះ លោកម៉ាក្រុងមានបំណង ផ្តួចផ្តើមឲ្យមានកិច្ចសន្យាភ្ជាប់ចំណង ក្នុងនាមជាដៃគូ រវាងតួកគី និងសហភាពអឺរ៉ុប បើទោះបីជាតួកគី មិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបក៏ដោយ។ លោកប្រធានាធីបតីបារាំង ក៏បានសុំឲ្យតួកគី ជួយជ្រោមជ្រែង ក្នុងការកសាង និងស្តារសន្តិភាពនៅស៊ីរី ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ