អានតួអត្ថបទ
តួកគី-សហភាពអឺរ៉ុប

ជនភៀសខ្លួន៖​ជំនួបកំពូល​វិសាមញ្ញ​រវាង​សហភាព​អឺរ៉ុប ​និង​តួកគី​​សា​ជា​​ថ្មី

ជាថ្មី​ម្តងទៀត ​ សហភាព​អឺរ៉ុប​ និង​តួកគី ​កំពុងតែ​ជួប​ប្រជុំ​គ្នា​​នៅ​ទីក្រុង​ព្រុយសែល ​ដើម្បី​ដោះស្រាយ​វិបត្តិ​ស្តី​ពី​បញ្ហា​ជនភៀសខ្លួន​រាប់​លាន​នាក់ ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​រង្គោះរង្គើរ​ស្ទើរតែ​រលំ។ អឺរ៉ុប​ត្រូវការ​ជំនួយ​ពី​តួកគី ​ក្នុង​ការ​ទប់​លំហូរ​ជន​ភៀស​ខ្លួន ​ ឯ​តួកគី​ក៏​ប្រើ​ស្នៀត​នេះ ​ដើម្បី​កាច់​ឫក​ទាមទារ​លក្ខខណ្ឌ​ពី​សហភាព​អឺរ៉ុប​វិញ​ដែរ។ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​មាន​ជំនួប​កំពូល​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ​ក៏​ប៉ុន្តែ ​ពេល​វេលា​កាន់តែ​ខិត​ទៅ​មុខ​ តែ​ដំណោះស្រាយ​ជាក់លាក់​នៅ​តែ​គ្មាន​ដដែល​ ឯ​ជនភៀសខ្លួន ​នៅតែ​បន្ត​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ក្រិក ​ក្នុង​មួយ​ថ្ងៃ ​ពី​២០០០​ ទៅ​ ៣០០០​នាក់។

លោក Ahmet Davutoglu នាយក​រដ្ឋមន្ត្រី​តួកគី នៅកណ្តាល​ អម​ដោយ​លោក​​ប្រធាន​គណកម្មការអឺរ៉ុប Jean-Claude Juncker (ឆ្វេង) និងលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk ( ស្តាំ)
លោក Ahmet Davutoglu នាយក​រដ្ឋមន្ត្រី​តួកគី នៅកណ្តាល​ អម​ដោយ​លោក​​ប្រធាន​គណកម្មការអឺរ៉ុប Jean-Claude Juncker (ឆ្វេង) និងលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk ( ស្តាំ) REUTERS/Emmanuel Dunand
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​កាល​ពី​ថ្ងៃទី​២៩ ​វិច្ឆិកា​ឆ្នាំ​ទៅ ​ តួកគី ​និង​សហភាព​អឺរ៉ុប ​បាន​ព្រមព្រៀង​គ្នា​លើ​ច្រើន​ចំណុច​ ដែល​ក្នុង​ន័យ​រួម ​គឺ​អឺរ៉ុប​យល់ព្រម​ចាប់​ផ្តើម​ពិចារណា​រឿង​បញ្ចូល​តួកគី​ជា​សមាជិក ​ជា​ថ្នូរ​នឹង​ការ​ដែល​តួកគី​សន្យា​ថា​នឹង​ជួយ​ទប់​លំហូរ​ជន​ភៀស​ខ្លួន។ ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប​ក៏​ត្រូវ​ផ្តល់​ប្រាក់​ដល់​តួកគី​ដែរ​ ​ ​គឺ​ចំនួន​ប្រមាណ​ជា ​៣ពាន់​លាន​អឺរ៉ូ ​ក្នុង​មួយ​ឆ្នាំ។

 
ចាប់ពី​ដើម​ឆ្នាំ​២០១៦ ​មាន​១៣​ម៉ឺន​នាក់ ​បាន​មកដល់​ក្រិក​បន្ថែម​ទៀត៖
ដើម្បី​ទប់​លំហូរ​ជន​ភៀសខ្លួន​ តួកគី​បាន​សន្យា​ថា​នឹង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​តាម​ព្រំដែន ​ជា​ពិសេស​ព្រំដែន​ទឹក​ឆ្លង​ពី​តួកគី​ទៅ​ក្រិក ​ដែល​តាម​ធម្មតា​ក្រុម​ជន​ភៀសខ្លួន​ នំាគ្នា​ជិះ​ទូក​ឆ្លង​ទៅ​ក្រិក។ បន្ទាប់​មក​ទៀត​តួកគី​សន្យា​ផ្តល់​ក្រដាសស្នាម​អនុញ្ញាតិ​ឲ្យ​ជនភៀសខ្លួន​មក​ពី​ស៊ីរី ​អាច​ធ្វើការ​នៅ​តួកគី​បាន ​ហើយ​រដ្ឋ​តួកគី​សន្យា​ជួយ​ទំនុកបំរុង​ ឲ្យ​កុមារ​ដែល​ជា​កូនចៅ​ជន​ភៀសខ្លួន​ អាច​ចូល​សាលា​រៀន។ ហើយ​ជា​ចុងក្រោយ​គឺ​ធ្វើ​យ៉ាងណា ​បំបែក​បណ្តាញ​ទុច្ចរិក​ដែល​រកស៊ី​ដឹក​ជញ្ជូន​ជន​ភៀសខ្លួន​ ឆ្លង​ទូក​ទៅ​ក្រិក ​ និង​កន្លែង​ផលិត​អាវពោង ​រឺ​ក៏​ទូក​ពោង​កៅស៊ូ​ជាដើម។

ទាំងអស់​នេះ​ជា​ការ​សន្យា​របស់​តួកគី ​តែ​ការ​ពិត​ជាក់​ស្តែង​នៃ​ការ​អនុវត្ត​គឺ​ថា ​វា​នៅ​មិន​ទាន់​មាន​លទ្ធផល​ទេ​ ព្រោះថា​ជនភៀសខ្លួន​នៅតែ​បន្ត​ឆ្លង​ទៅ​​ក្រិក​ដដែល។ មួយ​ថ្ងៃៗ ​មាន​យ៉ាងហោច​ណាស់ ​ពី​ ២​ ទៅ​៣ពាន់​នាក់​ ដែល​ឆ្លង​ទូក​មក​ក្រិក។ ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ៦ មីនា​នេះ ​មាន​ស្លាប់​២៥​នាក់​ទៀត​ ដោយសារ​លិច​ទូក។ បើ​យើង​គិត​ពី​ដើម​ឆ្នាំ​២០១៦​នេះ​មក​ ជន​ភៀសខ្លួន​ដែល​បាន​មក​ដល់​ក្រិក​ មាន​ចំនួន​ប្រមាណ​​ជា​១៣​ម៉ឺននាក់​ ឯនោះ។

តួកគី​ព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច​ ត្រឡប់​ពី​ក្រិក​វិញ៖
អ្វី​ដែល​សហភាព​អឺរ៉ុប​សង្ឃឹម ​គឺ​សុំ​ឲ្យ​តួកគី​ធ្វើ​ឲ្យ​បាន​ដិតដល់​ ឲ្យ​បាន​កាន់តែ​ខ្លាំង ​នូវអ្វី​ដែល​តួកគី​បាន​សន្យា​កាល​ពី​ខែ​វិច្ឆិកា។ កាលពី​ថ្ងៃ​ទី​ ៣​មីនា ​លោក ​ដូណាល់ ទូស្ក៍ ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ​ បាន​ទៅ​ជួប​លោក​អ៊ែកដូហ្កាន់ ​ប្រធានាធិបតី​តួកគី​ដល់​ផ្ទះ ​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​តួកគី​ ព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍ ​ដែល​មិន​ត្រូវ​បាន​គេ​ប្រគល់​ក្រដាស​ស្នាម​ទទួល​ស្គាល់​ ជា​ជនភៀសខ្លួន​ ឲ្យ​ត្រឡប់​ទៅ​តួកគី​វិញ។
 

ជំនួប​​ទ្វេរភាគី​​រវាង​​លោក​នាយក​រដ្ឋមន្ត្រីក្រិក ​និងនាយករដ្ឋមន្ត្រី​​តួកគី ​មុនពេល​​ជួប​ប្រជុំ​​ជាមួយ​​សហភាព​​អឺរ៉ុប​ ថ្ងៃទី​៧ មីនា ២០១៦
ជំនួប​​ទ្វេរភាគី​​រវាង​​លោក​នាយក​រដ្ឋមន្ត្រីក្រិក ​និងនាយករដ្ឋមន្ត្រី​​តួកគី ​មុនពេល​​ជួប​ប្រជុំ​​ជាមួយ​​សហភាព​​អឺរ៉ុប​ ថ្ងៃទី​៧ មីនា ២០១៦ REUTERS/Yves Herman

សូម​រំលឹក​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​នាំគ្នា​ធ្វើ​ដំណើរ​មក​ដល់​ក្រិក​ទាំងអស់​ មិនមែន​សុទ្ធតែ​ត្រូវ​បាន​គេទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ទេ ​គឺ​មក​លាយឡំ​គ្នា​ទាំងអស់។ អ្នក​ដែល​គេ​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ គឺ​អ្នក​ដែល​មក​ពី​ប្រទេស​ដែល​កំពុងតែ​មាន​សង្រ្គាម ​ ដូច​ជា​ប្រទេស​ស៊ីរី ​និង​អ៊ីរ៉ាក់​ជាដើម។ ចំណែក​ប្រជាជន​មក​ពី​ប្រទេស​ផ្សេងទៀត​ ដូចជា​ប៉ាគីស្ថាន ​អាហ្វហ្គានីស្ថាន ​រឺ​បង់ក្លាដែស ​គឺមិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ទេ ​តែគេ​ហៅថា​ជា​ជនអន្តោប្រវេសន៍​សេដ្ឋកិច្ច ​គឺ​ពួក​គេ​រត់​មក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​អឺរ៉ុប ​មិនមែន​រត់​មក​ដើម្បី​គេច​ពី​គ្រាប់​កាំភ្លើង ​គ្រាប់បែក​ទេ។

អ្វី​ដែល​សហភាព​អឺរ៉ុប​ ចង់​បាន​នា​ពេល​នេះ ​ គឺ​បិទផ្លូវ​ឆ្លងកាត់​តំបន់​បាល់កង់​ឲ្យ​ជិត​តែម្តង ​ហើយ​ប្រើប្រាស់​ក្រិក ​ជា​កន្លែង​តែមួយ​គត់ ​ដើម្បី​ចុះ​បញ្ជីរ​ជនភៀសខ្លួន​ស្របច្បាប់ ​ មុន​នឹង​បញ្ជូន​បែងចែក​ទៅ​តាម​ប្រទេស​ផ្សេងៗ​ដែល​ទទួល​យក​ពួកគេ។ ក្នុង​ករណី​ដែល​ជន​ភៀសខ្លួន​ណា ​ដែល​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់ថា​ជា​ជនភៀសខ្លួន​ស្របច្បាប់ ​ គឺ​ក្រិក​មាន​សិទ្ធិ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​តួកគី​វិញ។ ហើយ​បន្ទាប់​មក​ទៀត ​តួកគី ​នឹង​សម្រេច​បញ្ជូន​ជនភៀសខ្លួន​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ។

ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​សុំឲ្យ​តួកគី​ព្រម​ទទួល​ជន​ភៀសខ្លួន​ ត្រឡប់​ពី​ក្រិក​វិញ​ ចាប់​ពី​ខែ​មិថុនា​ទៅ។ បើ​តាម​ការ​ឲ្យ​ដំណឹង​ លោក​ប្រធានាធិបតី​តួកគី​ បាន​សុខចិត្ត​ហើយ​លើ​បញ្ហា​នេះ ​ ហើយ​តួកគី​នឹង​រៀបចំ​ធ្វើកិច្ច​ព្រមព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ជាមួយ​នឹង​ប្រទេស​ចំនួន​១៤ ​ផងដែរ។

ពួកឈ្មួញ​ដឹក​ជញ្ជូន​ជនភៀសខ្លួន​ រក​ចំណូល​បាន​២ពាន់​លានអឺរ៉ូ៖
ចំណុច​មួយ​ទៀត​ដែល​សំខាន់​ដែរ​ គឺ​សុំ​ឲ្យ​តួកគី​បង្កើន​ប្រតិបត្តិការ ​ឲ្យមាន​ប្រសិទ្ធិភាព ​ដើម្បី​បំបែក​បណ្តាញ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​តាមទូក។ ក្នុង​រយៈពេល​ជិត​២ឆ្នាំ​នេះ ​របរ​ដឹក​ជញ្ជូន​ជនភៀស​ខ្លួន​នេះ ​គឺ​កាក់កប​ណាស់។ បើតាម​តួលេខ ​ប្រាក់​ចំណេញ​សរុប​របស់​ពួក​ឈ្មួញ​ទុច្ចរិក​មាន​ប្រហែល​២ពាន់​លាន​អឺរ៉ូ​ ឯនោះ។ នេះជា​ទំងន់​សេដ្ឋកិច្ច​មួយ​របស់​តួកគី​ផងដែរ ​ ដែល​គេ​ពិបាក​សង្ឃឹម​ថា​រដ្ឋាភិបាល​តួកគី​អាច​នឹង​កំចាត់​វា​បាន​សម្រេច​នោះទេ ​ ព្រោះ​ថា​មាន​មន្ត្រី​ពុក​រលួយ​នៅតាម​មូលដ្ឋាន ​ដែល​ទ្រាំ​បិទភ្នែក ​រឺ​ក៏​រកស៊ី​ជាមួយ​ពួកឈ្មួញ ​តែម្តង។

តួកគី​វាយឫក​ដាក់​សហភាព​អឺរ៉ុប៖
ទោះបី​ជា​វិបតិ្ត​ជនភៀសខ្លួន ​មិនមែន​ជា​កំហុស​របស់​តួកគី​ក៏ដោយ ​ ​តែតួកគី​មិន​បាន​ជួយ​ធ្វើ​អ្វី​ដើម្បី​បង្អាក់​វា​ទេ ​ហើយ​តួកគី​ឆក់​ឱកាស​នេះ ​ដើម្បី​ធ្វើ​កល​ ដាក់​សហភាព​អឺរ៉ុប។ រដ្ឋាភិបាល​របស់​លោក​អ៊ែកដូហ្កាន់ ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ ឯកោ​ខ្លាំង ​ព្រោះតែ​នយោបាយ​ផ្តាច់ការ​ ងប់ងល់​ជ្រុល​ហួសហេតុ​នឹង​បញ្ហា​ជនជាតិ​គួដ។ គាត់​មិន​ត្រូវគ្នា​ ជាមួយ​រុស្ស៊ី ​ហើយ​សហរដ្ឋ​អាមេរិក​មិន​កាន់​ជើង​ទៀត។ អញ្ចឹង​លោក ​អ៊ែកដូហ្កាន់ ​នៅសល់​តែ​សហភាព​អឺរ៉ុប​មួយ​ទៀត​តែ​ប៉ុណ្ណោះ។

តួកគី​យក​បញ្ហា​ជនភៀសខ្លួន​ ជា​លេស ​ដើម្បី​កំញើញ​ទាមទារ​នេះ ​ទាមទារ​នោះ ​ពី​សហភាព​អឺរ៉ុប​ មាន​ទាំង​ជំនួយ​ហិរញ្ញវត្ថុ ​ ការ​ចរចា​លប់​ទិដ្ឋាកាពី​ជនជាតិ​តួកគី ​ដែល​ធ្វើ​ដំណើរ​ចេញចូល​អឺរ៉ុប ​ និង​ការ​ចរចា​ស្តីពី​គម្រោង​ចាត់​បញ្ចូល​តួកគី​ជា​ប្រទេស​សមាជិក​ថ្មី​របស់​សហភាព​អឺរ៉ុប​ជាដើម។ យ៉ាង​ណា​មិញ ​ អង្គការ​ OTAN ​បាន​យល់ព្រម​កាល​ពី​ថ្ងៃទី​១១ ​កុម្ភៈ ​ថា​ឲ្យ​ប្រទេស​សមាជិក​សហការ​គ្នា ​ បញ្ជូន​នាវា​ទៅ​ល្បាត​ក្នុង​សមុទ្រ ​Egée​ ក្នុង​ដែនទឹក​តួកគី​នឹង​ ក្រិក។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ផែនការ​នេះ​នៅ​មិន​ទាន់​ចាប់ផ្តើម​នៅ​ឡើយទេ ​ដោយសារ​តួកគី​មិន​ទាន់​អនុញ្ញាតិ។ យើង​ឃើញ​ថា ​រដ្ឋាភិបាល​លោក​អ៊ែកដូហ្កាន់ ​អូសជើង​ អូស​ដំណើរ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ធំ។
 

ក្រុមស្ម័គ្រចិត្ត​​កំពុង​សែង​​ជនភៀសខ្លួន​ដែល​​មាន​ជំងឺ ​ទៅ​សង្រ្គោះ នៅ​ជុំរំជនភៀសខ្លួន​ព្រំដែន​រវាង​ក្រិក និងម៉ាសេដ្វាន់ ថ្ងៃទី៧ មីនា
ក្រុមស្ម័គ្រចិត្ត​​កំពុង​សែង​​ជនភៀសខ្លួន​ដែល​​មាន​ជំងឺ ​ទៅ​សង្រ្គោះ នៅ​ជុំរំជនភៀសខ្លួន​ព្រំដែន​រវាង​ក្រិក និងម៉ាសេដ្វាន់ ថ្ងៃទី៧ មីនា REUTERS/Marko Djurica

សហភាព​អឺរ៉ុប​បែកបាក់​គ្នា ​ឲ្យ​តួកគី​ស្គាល់​ចំណុច​ខ្សោយ៖
បន្តែ​បើ​និយាយ​ក្នុង​ន័យ​មួយ​ទៀត ​ ​គឺ​វា​ជា​កំហុស​របស់​សហភាព​អឺរ៉ុប​ខ្លួនឯង​ទេ ​ ដែល​បែកបាក់​គ្នា ​រុញ​បន្ទុក​ដាក់គ្នា​ទៅ​វិញ​ទៅមក ​ ទុក​បញ្ហាឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ។ តួកគី​ឃើញ​ចំណុចខ្សោយ​នេះ​ហើយ ​ ទើប​បន្ត​បាន​ចិត្ត ​វាយ​ឫក​ដាក់​សហភាព​អឺរ៉ុប​ ព្រោះ​ដឹង​ថា​ពេល​នេះ​សហភាព​អឺរ៉ុប​ កំពុងតែ​គ្មាន​ជម្រើស​ផ្សេង​ទេ។ លោកស្រី​អង់ហ្គេឡា មែគែល នៅ​តែ​ម្នាក់ឯង​សុទ្ធសាធ​ ព្រោះ​គ្មាន​នរណា​យល់​ព្រម​ទទួល​សំណើរ​គាត់ ​ដែល​សុំ​ឲ្យ​ប្រទេស​ទាំងអស់​ព្រម​ទទួល​កូតា​ជន​ភៀស​ខ្លួន។ ធម្មតា​ទេ​ តែ​កាល​ណានៅ​ក្នុង​ផ្ទះ​យើង​ឈ្លោះគ្នា​ និយាយ​គ្នា​មិន​ត្រូវ ​ អ្នក​ជិត​ខាង​គេ​និយាយ​ពេបជ្រាយ​យើង​មិនខាន។

សហភាព​អឺរ៉ុប ​សុំ​ជំនួយ​សាមគ្គី​ពី​កូនចៅ​ខ្លួន​ឯង​មិន​បាន​ផង ​បែរ​ទៅ​សុំ​ជំនួយ​ពី​អ្នក​ដទៃ។ ក្រិក ​ដែល​ជា​អ្នក​រងគ្រោះ​ធ្ងន់​ជាង​គេ ​ក្នុង​វិបត្តិ​នេះ ​កំពុងតែ​ដក​ដង្ហើម​ចង្រិត ​ជាមួយ​នឹង​ជនភៀស​ខ្លួន ​ដែល​មក​នៅ​កកកុញ​រាប់សែន​នាក់។ រដ្ឋាភិបាល​ក្រិក​ផ្ទាល់​ រកតែ​ការងារ​ឲ្យ​ប្រជាជន​ខ្លួន​ធ្វើ​មិន​បាន​ផង ​ មាន​រឿងអី​ទៅ​អាច​ជួយ​ទំនុកបំរុង​ជន​ភៀស​ខ្លួន​បាន? សមាជិក​សហភាព​អឺរ៉ុប​ ដែល​ធ្លាប់​រួបរួម​គ្នា​ពេល​សប្បាយ ​តែពេល​មាន​ទុក្ខ​ម្នាក់ៗ ​សំងំ​ឲ្យ​ស្ងាត់ចឺង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ