អានតួអត្ថបទ
អាល្ឡឺម៉ង់

លោកស្រី​មែគែល​ចង់​បណ្តេញ​ជន​ភៀស​ខ្លួ​ន​ណា ​ដែល​ត្រូវ​តុលាការ​អាល្លឺម៉ង់​ផ្តន្ទាទោស

លោកស្រី​​ អង់ហ្គេឡា មែគែល​ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​បាន​ប្រកាស​នៅ​ថ្ងៃ​សោរ៍​​ទី​ ៩​មករា​ថា​ រដ្ឋាភិបាល​លោកស្រី​នឹង​ស្នើរ​ឲ្យ​មាន​ការ​បណ្តេញ​ជន​ភៀស​ខ្លួន​ ដែល​កំពុង​សុំសិទ្ធិ​​រឺក៏​បាន​ទទួល​សិទ្ធ​ជ្រកកោន​នៅ​អាល្លឺម៉ង់ ​បើសិន​ជា​ជននោះ​ត្រូវ​បាន​តុលាការ​អាល្លឺម៉ង់​ ផ្តន្ទាទោស​ជា​ស្ថាពរ។​ ការ​ប្រកាស​ដូចនេះ ​ ​គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​ផ្ទុះ​ករណី​បំពារបំពាន​ និង​រំលោភ​ផ្លូវភេទ​ទៅ​លើ​ស្រ្តី​អាល្លឺម៉ង់​ ជាង​មួយរយ​ករណី ​នៅ​យប់​ថ្ងៃ​បុណ្យ​ឆ្លងឆ្នាំ​សកល ​នៅ​ទីក្រុង​កូឡូញ។ ជន​ដៃដល់​ត្រូវ​បាន​សាក្សី​ជា​ច្រើន​នាក់​អះអាង​ថា ​ជា​ក្រុម​មនុស្ស​ប្រុស​ជនជាតិ​អារ៉ាប់​ ហើយ​អាច​ជា​ជនភៀស​ខ្លួន​ ដែល​ទើប​មក​ដល់​អាល្លឺម៉ង់​ថ្មីៗ​នេះ។

លោកស្រី មែគែល ក្នុងពេលប្រជុំ​សមាជ​កំពូល​របស់​គណបក្ស CDU របស់​លោកស្រី
លោកស្រី មែគែល ក្នុងពេលប្រជុំ​សមាជ​កំពូល​របស់​គណបក្ស CDU របស់​លោកស្រី REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

លោកស្រី​អង់ហ្គេឡា​ មែគែល​ បាន​ប្រកាស​ថា ​ ជន​ភៀសខ្លូន​ម្នាក់​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​មជ្ឈឹម​ គឺត្រូវ​តែ​ទទួល​ផលវិបាក។ មាន​ន័យ​ថា ​សិទ្ធិ​ស្នាក់នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​របស់​ជន​ភៀស​ខ្លួន​នោះ​ នឹង​ត្រូវ​តែ​ដក​ចោល  ជា​ស្វ័យប្រវត្ត​ប្រសិន​បើ​ជន​នោះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ រឺមួយ​ក្នុង​ករណី​ទោស​ព្យួរ​ក៏ដោយ។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោកស្រី​អធិកាបតី​អាល្ហឺម៉ង់​ ដែល​បាន​ថ្លែង​ក្នុង​អង្គ​ប្រជុំ​សមាជិ​គណបក្ស​លោកស្រី ​ ដើម្បី​ចាត់​វិធានការ​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​ ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល។

 
យប់​ថ្ងៃ​ឆ្លង​ឆ្នាំ ​នៅ​ទីក្រុង​កូឡូញ​ ភាគ​ខាងលិច​អាល្លឺម៉ង់​ មាន​ករណី​មនុស្ស​ស្រី​ជា​ច្រើន​នាក់​ បាន​ដាក់ពាក្យ​បណ្តឹង​ថា​មាន​ក្រុម​មនុស្ស​ប្រុស​នាំគ្នា​បំពារបំពាន​ នឹង​ឈាន​ទៅ​ដល់​ការ​រំលោភ​សេព​សន្ទវៈ​ទៀត​ផង។ បណ្តឹង​ប្រមាណ​ជា​ ១៧០​ ហើយ​ក្នុង​នោះ​គឺ​៣ភាគ៤​ សុទ្ធ​តែ​ជា​ករណី​បំពារបំពាន​ផ្លូវភេទ​ ហើយ​មាន​ករណី​រំលោភ​២​ករណី។ នេះ​ជា​លើក​ទីមួយ​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​ករណី​បំពារបំពាន​ទៅ​លើ​ស្រ្តី ​ក្នុង​ចំនួន​​ច្រើន​ កើតឡើង​ក្នុង​ពេល​តែមួយ​បែប​នេះ។

តាមការ​ស៊ើបអង្កេត​ និង​យោង​តាម​សាក្សី ​ព្រមទាំង​ការ​អះអាង​របស់​ជន​រងគ្រោះ ​ ជន​ដៃដល់​គឺ​ភាគ​ច្រើន​ជាក្រុម​មនុស្ស​ប្រុស​អារ៉ាប់​ ពោល​ជា​ក្រុម​ជនភៀសខ្លួន។ បញ្ហា​នេះ ​បាន​ធ្វើ​ឲ្យ​គេ​សម្លឹង​ទៅ​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មីៗ​នេះ ​ដែល​បាន​បើកទ្វារ​ចំហរ​ទទួល​ជនភៀស​ខ្លួន​ជាង​មួយ​លាន​នាក់។ ក្រុម​គណបក្ស​ស្តាំ​និយម​ជ្រុល ​បាន​ឆ្លៀត​ឱកាស​នេះ ​វាយ​ប្រហារ​រដ្ឋាភិបាល​លោកស្រី​មែគែល​ ថា​បាន​បណ្តោយ​ឲ្យ​ពួក​ជនភៀស​ខ្លួន​ ទាំង​នោះ​ចូល​មក​ចាប់​រំលោភ​ស្រ្តី​អាល្លឺម៉ង់​ដល់​ផ្ទះ។

គួរ​បញ្ជាក់​ដែរ​ថា ​ច្បាប់​អាល្លឺម៉ង់​បច្ចុប្បន្ន​នេះ ​អាច​អនុញ្ញាតិ​ឲ្យ​ដក​សិទ្ធិ​ស្នាក់​នៅ​ចេញ​ពី​ជន​ភៀស​ខ្លួន​ម្នាក់ ​ក្នុង​ករណី​ដែល​ជន​នោះ​ត្រូវបាន​ តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក​ ចាប់​ពី​៣​ឆ្នាំ​ទៅ ​ ហើយ​ក្នុង​ករណី​ដែល​ជននោះ​អាច​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ​ ដោយ​មិន​ខ្លាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​ជិវិត។ បំណង ​ចង់​រិត​បន្តិង​ច្បាប់​ដើម្បី​អាច​ដក​សិទ្ធិ​ជ្រកកោន​ចេញ​ពី​ជន​ភៀស​ខ្លួន​ ដែល​លោកស្រី​មែគែល​ ចង់​ស្នើនៅ​ពេល​នេះ​ នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​ ជាមួយ​បណ្តា​គណបក្ស​ផ្សេងទៀត។ យ៉ាង​ណា​ក៏​ដោយ​មតិ​មួយ​ចំនួន​ ​បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ ទម្លាក់​កំហុស​ទៅ​លើ​ជនភៀស​ខ្លួន​ទាំង​អស់ ​ថាពួក​គេ​សុទ្ធ​តែ​ជា​ជន​ល្មើស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ