អានតួអត្ថបទ
អេស្ប៉ាញ-ភេរវកម្ម

នគរបាល​អេស្ប៉ាញ​បំបែប​បាន​សំបុក​ជន​ជីហាត​អ៊ីស្លាម ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅ​បាសេឡូន

៣ថ្ងៃ ​បន្ទាប់​ពី​កើត​ហេតុ​ភេរវកម្ម​សម្លាប់​មនុស្ស ​២ដង​ផ្ទួនៗគ្នា​ នៅ​ប្រទេស​អេស្ប៉ាញ ​នគរបាល​អេស្ប៉ាញ ​ទើបបាន​ឈាន​ទៅ​បំបែក ​សំបុក​ក្រុម​ជីហាត​អ៊ីស្លាម ​មួយ​កន្លែង​ នៅ​តំបន់​កាតាឡូញ។ នគរបាល​អេស្ប៉ាញ ​កំពុង​ផ្តោត​ការ​សង្ស័យ ​ទៅលើ​ប្រមុខ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ ម្នាក់​ នៅ​តំបន់​នោះ ​ដែល​បាន​បាត់ខ្លួន​ ថា​អាច​មាន​ជាប់​ពាក់ព័ន្ធ ​នឹង​ការ​បញ្ចូលមនោគមវិជ្ជា ​និង​រៀបចំ​ធ្វើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

នគរបាលតំបន់កាតាឡូញ កំពុងហ៊ុំព័ទ្ធសំបុករបស់​ក្រុមភេរវកម្ម​អ៊ីស្លាម​ នៅសង្កាត់ Ripoll
នគរបាលតំបន់កាតាឡូញ កំពុងហ៊ុំព័ទ្ធសំបុករបស់​ក្រុមភេរវកម្ម​អ៊ីស្លាម​ នៅសង្កាត់ Ripoll REUTERS/Susana Vera
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ ​បាន​ចេញ​មុខ​មក​ប្រកាស​ថា ​សំបុក​ក្រុម​ជីហាត​អ៊ីស្លាម ​ ត្រូវ​បាន​បំបែក​បាន​ហើយ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី ​១៩​ សីហា។ តែ​ដោយ​ឡែក​ នគរបាល ​តំបន់​កាតាឡូញ ​ដែល​ជា​អ្នក​ធ្វើ​ប្រតិបត្តិការ​នេះ ​បាន​អះអាង​ថា ​ យ៉ាងហោច​ណាស់ ​នៅមាន​មនុស្ស​ម្នាក់​ទៀត ​ដែល​បាន​រត់​គេច​ខ្លួន​ នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ​ទេ។

បើយោង​តាម​ប្រភព​ពី​នគរបាល​កាតាឡូញ ​បាន​ឲ្យ​ដឹង​ថា ​សំបុក​ជន​ជីហាត​អ៊ីស្លាម​ ដែល​គេ​បាន​រកឃើញ​នោះ ​​ស្ថិត​នៅ​ភូមិ​Ripoll​ ក្នុង​តំបន់​កាតាឡូញ ​ដែល​សំបូរ​ទៅ​ដោយ​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ដើម​កំណើត​ម៉ារ៉ុក។ សំបុក​ភេរជន​នេះ ​អាច​មាន​សមាជិក​ ប្រមាណ​ជា​ជាង​១០​នាក់។ ក្នុង​ចំណោម​នោះ ​នគរបាល​អេស្ប៉ាញ ​បាន​សង្ស័យ​ថា ​ជន​ដៃដល់​ទាំង​៥នាក់​ ដែល​បាន​ធ្វើ​ភេរវកម្ម​នៅ​ក្រុង​បាសេឡូន ​និង​នៅ​ក្រុង​កំព្រីល ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ ​ អាច​មាន​ប្រភព​ចេញ​ពី​សំបុក​នេះ។

ជាមួយគ្នា​នេះ ​នគរបាល​កំពុង​ផ្តោត​ការ​សង្ស័យ​ខ្លាំង​ ទៅលើ​អ៊ីម៉ាំ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ម្នាក់ ​នៅ​តំបន់​នោះ ​ថា​អាច​ជា​អ្នក​ដែល​បាន​សាបព្រួស​ទ្រឹស្តី​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​នេះ ​ទៅកាន់​យុវជន​ក្មេងៗ​​ទាំង​នោះ។ អ៊ីម៉ាំ​នោះ ​មាន​ឈ្មោះថា​ Abdelbaki Es Satty ​ហើយ​បាន​បាត់ខ្លួន​ មួយ​ថ្ងៃ​មុន​ថ្ងៃ​កើត​ហេតុ​ភេរវកម្ម​ នេះ​បើតាម​ប្រភព​ពី​នគរបាល​អេស្ប៉ាញ។

រហូត​មកដល់​ពេល​នេះ ​មាន​មនុស្ស​៤នាក់ ​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់​ខ្លួន​ ដោយ​ជាប់​សង្ស័យ​នឹង​បណ្តាញ​ភេរវកម្ម​នេះ។ ចំណែក​ជន​ដៃដល់ ​ដែល​ធ្វើ​សកម្មភាព​ភេរវកម្ម​ទាំង​ពីរ​កន្លែង ​បាន​ស្លាប់​ទាំង​អស់។ ក្រៅពី​នេះ ​នៅមាន​មនុស្ស​ម្នាក់ ​បាន​ស្លាប់ ​ដោយការ​ផ្ទុះ​ធុងហ្កាស ​មួយ​កន្លែង ​នៅ​តំបន់​Alcanar ​ហើយ​បើ​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​El Pais ​ជន​ដែល​ស្លាប់​ក្នុង​ការ​ផ្ទុះ​ធុង​ហ្កាស​នោះ ​ អាច​ជា​អ៊ីម៉ាំ​សាសនា​អ៊ីស្លាម ​ដែល​គេ​កំពុង​ស្វែង​រក។ នគរបាល​បាន​រក​ឃើញ ​ធុង​ហ្កាស​ជាង​៣០​ធុង​ ដែល​តាម​ការ​ស្មាន ​គឺ​ជននោះ ​បាន​កំពុងតែ​រៀបចំ​កែច្នៃ ​ដើម្បី​ធ្វើ​វា​ជា​គ្រឿង​ផ្ទុះ។

៣ថ្ងៃ​ក្រោយ​ការ​កាន់ទុក្ខ ​ទូរទាំង​ប្រទេស ​រដ្ឋាភិបាល​អេស្ប៉ាញ ​បាន​កំណត់​បន្ត​រក្សា​ការ​ប្រកាស​អាសន្ន ​កំរិត​ទី​៤​ដដែល ​ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម​ផ្សេង​ទៀត​ ព្រោះថា​ក្នុង​កំឡុង​ពេល​នេះ ​ដែល​ជា​រដូវ​ក្តៅ​នៅ​អឺរ៉ុប​ នៅ​អេស្ប៉ាញ​ពោរពេញ​ទៅដោយ​អ្នក​ទេសចរ ​រាប់​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ