អានតួអត្ថបទ
រុស្ស៊ី

ហេតុអ្វី​បាន​ជា​តម្លៃ​ស្រូវសាលី​ឡើង​ថ្លៃ ?

កាល​ពី​ថ្ងៃ​សុក្រ ទី៦ សីហា ប្រទេស​រុស្ស៊ី ក្នុង​នាម​ជា​អ្នក​នំា​ចេញ​ស្រូវ​សាលី​​ចំណាត់​ថ្នាក់​ទី​៣​ក្នុង​លោក បាន​សម្រេច​បិទ​ការ​នំា​ចេញ​ស្រូវ​សាលី​​របស់​ខ្លួន​មួយ​រយៈ។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​តម្លៃ​ស្រូវ​សាលី​​នៅ​លើ​ទីផ្សារ​អាមេរិកំាង និង​អឺរ៉ុប​បាន​និង​កំពុង​បន្ត​ឡើង​ថ្លៃ​មិន​ឈប់ឈរ។ បច្ចុប្បន្ន​នេះ ស្រូវ​សាលី​​មួយ​តោន​មាន​តម្លៃ​ជិត ២០០​អឺរ៉ូ។ គឺ​ជា​តម្លៃ​មួយ​យ៉ាង​ខ្ពស់​គិត​ចាប់​តំាង​ពី​ឆ្នំា ២០០៨​មក។

ហេតុអ្វី​បាន​ជា​តម្លៃ​ស្រូវសាលី​ឡើង​ថ្លៃ ?
ហេតុអ្វី​បាន​ជា​តម្លៃ​ស្រូវសាលី​ឡើង​ថ្លៃ ? ©RFI
ផ្សាយពាណិជ្ជកម្ម

06:24

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

តម្លៃ​ជិត ២០០​អឺរ៉ូ​ក្នុង​មួយ​តោន​នា​ពេល​នេះ គឺ​នៅ​ទាប​ណាស់​បើ​ប្រៀប​នឹង​តម្លៃ​ក្នុង​ចន្លោះ​ឆ្នំា ២០០៧ ២០០៨ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជិត ៣០០ អឺរ៉ូ។ ឆ្នំា ២០០៨ ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀង​អាហារ និង​កុបកម្ម​ប្រឆំាង​នឹង​ភាព​អត់​ឃ្លាន​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន។ ឥឡូវ​នេះ តម្លៃ​ស្រូវ​សាលី​បាន​និង​កំពុង​បន្ត​ងើប​ឡើង​ជា​ថ្មី​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ពិសេស​តំាង​ពី​ជាង​មួយ​ខែ​កន្លង​ទៅ​នេះ។ បើ​គេ​គិត​ចាប់​តំាង​ពី​ដំណាច់​ខែ​មិថុនា​មក តម្លៃ​ស្រូវ​សាលី​បាន​ឡើង​ជាង ៥០%។

ហេតុអ្វី​បាន​ជា​តម្លៃ​ស្រូវសាលី​ឡើង​ថ្លៃ ?
ហេតុអ្វី​បាន​ជា​តម្លៃ​ស្រូវសាលី​ឡើង​ថ្លៃ ? ©RFI

មូលហេតុ​នំា​ឲ្យ​តម្លៃ​ស្រូវ​សាលី​ឡើង​ថ្លៃ

អាច​មាន​មូលហេតុ​សំខាន់​បី ទីមួយ គឺ​ការ​ក្រឡុក​ហាងឆេង​តម្លៃ​ស្រូវ​សាលី​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ពី​សំណាក់​ឈ្មួញ។ ទីពីរ គឺ​តម្រូវការ​នៅ​ក្នុង​ពិភពលោក​មាន​ការ​កើន​ឡើង។ ត្រង់​ចំណុច​នេះ គេ​ចង់​និយាយ​ផ្តោត​លើ​ប្រទេស​ថ្មី​មួយ​ចំនួន​ទៀត​ដែល​បាន​ផ្តើម​យក​ស្រូវ​សាលី​ធ្វើ​ជា​អាហារ​មូលដ្ឋាន​របស់​ខ្លួន ដូច​យ៉ាង​ប្រទេស​កូរ៉េខាង​ត្បូង​ជា​ឧទាហរណ៍​ជាក់​ស្តែង។ អស់​ជា​ច្រើន​សតវត្ស​មក​ហើយ​ដែល​ពលរដ្ឋ​កូរ៉េខាងត្បូង ក៏​ដូច​ជា​ប្រជាជន​អាស៊ី​ភាគច្រើន បាន​យក​អង្ករ​ធ្វើ​ជា​អាហារ​មូលដ្ឋាន​របស់​ខ្លួន។ តែ​សព្វ​ថ្ងៃ​នេះ ជា​មួយ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​លឿន​ទៅ​មុខ​តំាង​ពី​ទសវត្ស​ឆ្នំា ៧៣ និង​ការ​ហូរ​ចូល​ទំនៀម​ទំលាប់​របស់​ប្រទេស​លោក​ខាង​លិច​មក បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងត្បូង​​ភាគ​ច្រើន​ផ្តើម​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​របស់​ខ្លួន ដោយ​ចូលចិត្ត​បរិភោគ​អាហារ​ដែល​ធ្វើ​ចេញ​ពី​ស្រូវ​សាលី។ គ្រាន់​តែ​ក្នុង​រយៈពេល ៣០​ឆ្នំា​ចុង​ក្រោយ​នេះ តម្រូវ​ការ​បរិមាណ​អង្ករ​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​បាន​ថយ​ចុះ​ចំនួន​ពាក់​កណ្តាល។ ចំណែក​ឯ​តម្រូវ​ការ​ស្រូវ​សាលី​វិញ ពលរដ្ឋ​កូរ៉េខាងត្បូង​​ម្នាក់ៗ​ត្រូវ​ការ​រហូត​ដល់​ទៅ ៣៥​គីឡូក្រាម​ក្នុង​មួយ​ឆ្នំា។ កាល​ពី ៦០ឆ្នំា​មុន គ្មាន​ពលរដ្ឋ​កូរ៉េខាងត្បូង​​ណា​ម្នាក់​ចាប់​អារម្មណ៍​លើ​ស្រូវ​សាលី​​ឡើយ។ បច្ចុប្បន្ន​នេះ ប្រទេស​កូរ៉េខាង​ត្បូង​បាន​ក្លាយ​ជា​អ្នក​នំា​ចូល​ស្រូវ​សាលី​ចំណាត់​ថ្នាក់​ទី​បួន​ក្នុង​លោក ជា​មួយ​នឹង​បរិមាណ​ជិត ២តោន​ក្នុង​មួយ​ឆ្នំា។ ចំណែក​មូលហេតុ​ទីបី​ដែល​នំា​ឲ្យ​តម្លៃ​ស្រូវ​សាលី​ឡើង​ថ្លៃ គឺ​បណ្តាល​មក​ពី​មាន​ភាព​រំាង​ស្ងួត ក្តៅ​ហួតហែង​នៅ​ក្នុង​បណ្តា​ប្រទេស​អ្នក​ដំា​ស្រូវ​សាលី។ ភាព​រំាង​ស្ងួត ក្តៅ​ហួតហែង​ដែល​នំា​ឲ្យ​ការ​ប្រមូលផល​មាន​ការ​ថយ​ចុះ ដូច​យ៉ាង​នៅ​ប្រទេស​រុស្ស៊ី ក្នុង​នាម​ជា​ប្រទេស​អ្នក​នំា​ចេញ​ស្រូវ​សាលី​ចំណាត់​ថ្នាក់​ទី ៣ ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា។

ភាព​រំាង​ស្ងួត ក្តៅ​ហួតហែង​ដែល​ប្រទេស​រុស្ស៊ី​មិន​ធ្លាប់​ប្រទះ​ក្នុង​ឆ្នំា​នេះ បាន​បំផ្លាញ​ដំណំា​ស្រូវ​សាលី​ជិត ១០លាន​ហិកតារ ពោល​គឺ​ស្មើ​នឹង ២០ % នៃ​ផ្ទៃដី​ដំាដុះ​ស្រូវ​សាលី​សរុប។ បើ​យោង​តាម​អនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុស្ស៊ី ការ​ប្រមូលផល​ស្រូវ​សាលី​ឆ្នំា ២០១០​អាច​មាន​តែ​ពី៧០ ទៅ​៧៥​លាន​តោន​ប៉ុណ្ណោះ គឺ​មិន​មែន ៩៣​លាន​តោន​ដូច​ការ​ទស្សន៍ទាយ​នោះ​ទេ។ គឺ​ដោយ​ហេតុផល​នេះ​ឯង ដែល​បាន​ជម្រុញ​ឲ្យ​រុស្ស៊ី​ប្រកាស​ផ្អាក​ការ​នំា​ចេញ​ស្រូវ​សាលី​មួយ​រយៈ។

©RFI

តើ​ពិភពលោក​អាច​នឹង​ជួប​ប្រទះ​វិបត្តិ​ខ្វះ​ស្បៀង​អាហារ​ដូច​ចន្លោះ​ឆ្នំា ២០០៧-២០០៨ ដែរ​ឬ​ទេ ?

ជា​មួយ​នឹង​វិធានការ​ផ្អាក​នំា​ចេញ​ស្រូវ​សាលី​របស់​ប្រទេស​រុស្ស៊ី​នា​ពេល​នេះ នឹង​នំា​ឲ្យ​មាន​ការ​ខ្វះ​ស្រូវ​សាលី​រុស្ស៊ី​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ចំនួន​ពី ១២ ទៅ ១៣​លាន​តោន​ក្នុង​ឆ្នំា ២០១០​នេះ។ អ្នក​ឯកទេស​ម្នាក់​នៃ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​កសិកម្ម និង​ស្បៀងអាហារ មិន​ទាន់​ហ៊ាន​និយាយ​ពី​វិបត្តិ​ខ្វះ​ស្បៀង​អាហារ​ទេ តែ​បាន​សំដែង​ក្តី​ព្រួយបារម្ភ​អំពី​ការ​វឹកវរ​នៃ​តម្លៃ​ស្រូវ​សាលី​នៅ​លើ​ទីផ្សារ។ យោង​តាម​អ្នក​ឯកទេស​រូប​នោះ​ដដែល ប្រសិន​បើ​តម្លៃ​ស្រូវ​សាលី​ផ្តើម​ឡើង​ថ្លៃ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នោះ នឹង​នំា​ឲ្យ​មាន​ការ​​បះបោរ​ប្រឆំាង​ដោយ​ចៀស​មិន​រួច។

បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​វិញ កង្វះ​ស្រូវ​សាលី​រុស្ស៊ី​ចំនួន ១២ ឬ​១៣​តោន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នំា ២០១០​នេះ មិន​មាន​អ្វី​គួរ​​ឲ្យ​ព្រួយ​បារម្ភ​ទេ និង​មិន​អាច​បង្ក​ឲ្យ​ផ្ទុះ​ចេញ​នូវ​ស្ថានការណ៍​ដូច​វិបត្តិ​ខ្វះ​ស្បៀង​អាហារ​ក្នុង​ឆ្នំា ២០០៨ ឡើយ។ ការ​អះអាង​របៀប​នេះ ដោយ​គេ​ផ្អែក​លើ​បរិមាណ​ស្តុក​ស្រូវ​សាលី​មាន​​ដល់​ទៅ ១៧០​លាន​តោន ដែល​អាច​បំពេញ​តម្រូវការ​រហូត​ដល់​ខែ​មិថុនា ឆ្នំា ២០១១។ ជា​បរិមាណ​ស្តុក​ដ៏​ច្រើន​បើ​ប្រៀប​នឹង​​វិបត្តិ​ឆ្នំា ២០០៨ ដែល​បរិមាណ​ស្តុក​មាន​ប្រមាណ​តែ ១២០​លាន​តោន។

មួយ​វិញ​ទៀត ខណៈ​ពេល​ដែល​ការ​ប្រមូលផល​ស្រូវ​សាលី​មាន​ការ​ចុះ​ថយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូច​ជា​រុស្ស៊ី ឬ​កាណាដា​នោះ សហរដ្ឋអាមេរិក​ដែល​ជា​អ្នក​នំា​ចេញ​ស្រូវ​សាលី​ចំណាត់​ថ្នាក់​ទីមួយ​ក្នុង​លោក បែរ​ជា​​ទទួល​បាន​ផល​យ៉ាង​ល្អ​ប្រសើរ​ទៅ​វិញ។ ជា​មួយ​គ្នា​នេះ ប្រទេស​អាហ្សង់ទីន​បាន​ប្រកាស​បង្កើន​ផ្ទៃដី​ដំាដុះ​ស្រូវ​សាលី​របស់​ខ្លួន​ចំនួន ២០%។ ម្យ៉ាង​ទៀត ជួន​ចំ​ពេល​ដែល​តម្លៃ​ស្រូវ​សាលី​កំពុង​បន្ត​ឡើង​នោះ តម្លៃ​អង្ករ​បែរ​ជា​កំពុង​បន្ត​ចុះ​ថ្លៃ​ទៅ​វិញ។ ចុះ​​ថ្លៃ​ក៏​ដោយ​សារ​ការ​ប្រមូលផល​ស្រូវ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ទទួល​បាន​លទ្ធផល​ល្អ​ណាស់។ ដូច្នេះ​ឃើញ​ថា គេ​មិន​បារម្ភ​​ពី​វិបត្តិ​ខ្វះ​ស្បៀងអាហារ​ទេ តែ​បារម្ភ​​ពី​ការ​ក្រឡុក​ហាង​ឆេង កេង​ចំណេញ​របស់​ពួក​ឈ្មួញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ