អានតួអត្ថបទ
បារំាង

ភាពយន្ត​នយោបាយ និង​ហិង្សា​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើកទី​៦៤

មហោស្រព​ភាព​យន្តអន្តរជាតិ​ លើក​ទី​៦៤ នៅ​ទីក្រុង​កាន ប្រទេស​បារាំង នឹង​ចាប់​ផ្តើម​សម្ពោធជា​ផ្លូវការ​ នៅ​ល្ងាច​នេះ ទី ១១ ឧសភា​នេះ សម្រាប់​រយៈពេល​ ១១ថ្ងៃ។ ភាពយន្ត​៤៩​ ប្រភេទ​កុន​ហិង្សា កាប់​ចាក់ ​នយោបាយ និង​បច្ចុប្បន្នភាព​ក្តៅ​គគុកទាក់ទង​នឹង​ពិភព​អារ៉ាប់ ​នឹង​ចាក់​បញ្ចាំង​​មួយ​ម្តងៗ​ ក្នុង​អំឡុង​ពេល​១១​ថ្ងៃ។ ស្នាដៃ​របស់​សមិទ្ធិករ​ Woody Allen រឿង “​អធ្រាត្រ​នៅ​ទីក្រុង​ប៉ារីស” (Minuit à Paris) ដែល​មាន​ភរិយា​ប្រធានាធិបតី​បារាំង​ដើរ​តួ​សម្តែង​​នឹង​ត្រូវ​បញ្ចាំង​បើក​ឆាក​នៅ​ល្ងាច​នេះ។

លោក Robert de Niro ប្រធានគណៈមេប្រយោគ​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើកទី​៦៤ ក្នុង​ទីក្រុងកាន ប្រទេស​បារំាង
លោក Robert de Niro ប្រធានគណៈមេប្រយោគ​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើកទី​៦៤ ក្នុង​ទីក្រុងកាន ប្រទេស​បារំាង Reuters/Mohammed Dabbous
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត នេះ​ជាឱកាស​មួយ​ដែល​មិន​រំលង​បាន​សម្រាប់​អ្នក​សេ្នហា​ខ្សែ​ភាពយន្ត។ មាន​អ្នក​កាសែត ៤៥១២​នាក់ អ្នក​ថត​រូប ៣១១នាក់​ មក​តាម​ដាន​ព្រឹត្តិការណ៍​វប្បធម៌​នេះ។

នៅ​ឆ្នាំ​នេះ មាន​ខ្សែ​ភាពយន្ត​ចំនួន ២០​ ដែលត្រូវ​បាន​ជ្រើស​រើស​ឲ្យ​​ចូល​ប្រកួត​ដណ្តើម​យក​ពាន​រង្វាន់​តាលប័ត្រ​មាស ដ៏​ល្បីល្បាញ។ ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​ចំនួន​៤៩ គេ​ក៏​សង្កេត​ឃើញ​មាន​ភាព​យន្ត​អាស៊ី ចិន​ កូរ៉េ ឥណ្ឌា អៀរ៉ង់ ទុយនីស៊ី អេហ្ស៊ីប និង​ខ្មែរ​មួយ​រឿង​រ​បស់​លោក ឬទ្ធី ប៉ាន់ ​ចាក់​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស​ នាទីក្រុង​កាននេះ​ដែរ។ កុន​ខ្លះ​មាន​លក្ខណៈ​នយោបាយ ខ្លះ​ជា​កុន​ហិង្សា​កាប់​ចាក់ និង​ខ្លះ​ទៀត​ជា​ភាព​យន្ត​ដែល​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​បច្ចុប្បន្នភាពបដិវត្តន៍ក្នុង​ពិភពអារ៉ាប់។ នេះ​ហើយ​ជា​ភាព​សម្បូរ​បែប​ នៃ​មហោស្រពកាន​ដ៏​ធំ​បំផុត​លើ​លោក។

សូម​បញ្ជាក់​ថា ក្នុងមួយ​ឆ្នាំៗ​មាន​ភាពយន្ត​រាប់​រយ ឬ​រាប់​ពាន់​ផង​ក៏​មាន ដែល​ដាក់​ពាក្យ​សុំ​ចូល​ប្រកួត តែ​ពេល​ខ្លះ​មាន​​កុន​មិន​ដល់​២០​ត្រូវ​បាន​ជ្រើស​រើស​យក​មក​ប្រកួត។ ក្រៅពី​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់ មហោស្រព​កាន​នេះ ក៏​ជា​ឱកាស​មួយ​តាំង​បង្ហាញ​កុន​ថ្មីៗ ដើម្បី​រក​អ្នក​ទិញ ឬ​អ្នក​ចែក​ចាយ​បញ្ចាំង​តាម​រោង។

លោកស្រី មេឡានី ឡូរ៉ង់ Mélanie Laurent សិល្បការិនី​​ភាព​យន្ត​ និង​ជា​តារាចម្រៀង​បារាំង​ ជា​ម្ចាស់​ផ្ទះ​អ្នក​បើក​កម្មវិធី​​មហោស្រព​។ ជាមួយ ​តារាភាពយន្ត​អាមេរិក​ដ៏ល្បី លោក រ៉ូប៊ែរ ដឺ នីរ៉ូ ដែល​ជា​ប្រធាន​គណៈមេប្រយោគ​​ មហោស្រព​ឆ្នាំ​នេះ​សន្យា​ថា​មាន​លក្ខណៈ​អ៊ឹកអធឹក​ជាង​ពេល​ណាៗ​ទាំង​អស់។

« Minuit à Paris » អធ្រាត្រ​នៅ​ក្រុង​ប៉ារីស របស់ Woody Allen នឹង​ត្រូវ​ចាក់​បញ្ចាំង​ ក្នុងឱកាស​បើក​កម្មវិធី។ ប៉ុន្តែ​លោកស្រី​​ជំទាវ​ទី​មួយបារាំង ការឡា ប្រ៊ុយនី​ សាកូស៊ី ភរិយា​លោក​ប្រធានាធិបតី​បារាំង​ ដែល​បាន​ដើរ​តួ​សម្តែងក្នុង​ភាពយន្ត​នេះ​នឹង​មិន​អញ្ជើញ​មក​ចូល​រួម​ក្នុង​កម្មវិធីទទួល​តារា​លើ​កម្រាល​ព្រំ​ក្រហម​ La Montée des Marches នៅ​យប់​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ