អានតួអត្ថបទ
បារាំង

កុន​អាស៊ី​៥​ចូល​ប្រកួត​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​២០១០

នៅថ្ងៃ​នេះ មហោស្រព​ភាពយន្ត​អន្តរជាតិ​​​ឆ្នាំ​២០១០ នឹង​ចាប់​បើក​សម្ពោធ នៅ​ទីក្រុង​កាន​ (Cannes) ប៉ែកខាង​ត្បូង​ប្រទេស​បារាំង។​ មហោស្រព​នេះ គឺ​ជា​មហោស្រព​ភាពយន្ត​ដ៏​ល្បីល្បាញ​បំផុត។ នៅ​ឆ្នាំ​នេះ កុន​មក​ពី​អាស៊ី ចំនួន ៥​ ត្រូវបាន​គេ​ជ្រើសរើស​យក​មក​ប្រកួតប្រជែង។ 

គណៈមេប្រយោគ​ នៃ​មហោស្រព​ភាពយន្ត​​អន្តរជាតិ ឆ្នាំ ២០១០
គណៈមេប្រយោគ​ នៃ​មហោស្រព​ភាពយន្ត​​អន្តរជាតិ ឆ្នាំ ២០១០ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

06:22

បទ​អន្តរាគមន៍​របស់ សេង ឌីណា ពីទីក្រុង​កាន

មហោស្រព​​ភាពយន្ត​អន្តរជាតិ ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ “មហោស្រព​កាន" ​​បាន​​ចាប់​កំណើត​ឡើង​តាំង​ពីឆ្នាំ​១៩៤៦​ម៉្លេះ នៅពេល ដែល​សង្រ្គាម​លោក​លើក​ទី​១ ទើប​នឹង​បញ្ចប់។ ឆ្នាំ​២០១០​នេះ គឺ​ជា​មហោស្រព​លើក​ទី​៦៣។ ​មហោស្រព​ភាពយន្ត​នេះ មាន​ចំណុច​សំខាន់ ២៖

ទី១ គឺ​​ផ្សារ​ភាពយន្ត ដែល​​ជា​កន្លែង សម្រាប់​តាំង​បង្ហាញ​នូវ​កុន​ថ្មីៗ ដើម្បី​​រក​អ្នក​ទិញ ឬ​​​អ្នក​ចែកចាយ​ទៅតាម​រោងកុន។

ទី២ គឺ​ការ​ប្រកួត​ប្រជែង​​ដណ្តើម​ពានរង្វាន់។ ក្នុង​មួយឆ្នាំៗ មាន​កុន​​ជាច្រើន​រឿង​ ដែល​គេ​ជ្រើសរើស​យក​មក​ប្រកួតប្រជែង។

កុន​ដែល​គេ​យក​មក​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​នៅ​កាន​​នេះ ​ដំបូង គឺ​អ្នក​ផលិត​កុន​​ ដែល​​ជា​អ្នក​​ដាក់​ពាក្យសុំ​ចូល​ប្រកួតប្រជែង។ បន្ទាប់មក គណៈកម្មការ​ជ្រើសរើស​ គឺ​ជា​អ្នក​សម្រេច​ថា តើ​ត្រូវ​យក​កុន​នេះ​មក​ដាក់​ប្រកួត​ឬ​ក៏អត់។ ជា​ធម្មតា ក្នុង​មួយ​ឆ្នាំៗ មាន​កុន​រាប់រយ ឬ​ពេលខ្លះ​រហូតដល់​រាប់​ពាន់ ដែល​សុំ​ដាក់​ចូល​ប្រកួត។ ប៉ុន្តែ ពេលខ្លះ មាន​មិន​ដល់ ២០​​កុន​ផង ដែល​គេ​រើស​យក​មក​ប្រកួត។

ឆ្នាំ២០១០​នេះ កុន​ដែល​គេ​ជ្រើសរើស​យក​មកប្រកួត​មាន ១៨ ក្នុង​នោះ​​​យើង​ឃើញ​ថា កុន​អាស៊ី​​​មាន​ចំនួន​​ច្រើន​គួរ​សម គឺ​មាន​ដល់​ទៅ ៥​រឿង៖ កុន​កូរ៉េ ២​រឿង កុន​ចិន ១រឿង កុន​ជប៉ុន ១រឿង និង​កុន​ថៃ​ ១​រឿង។

​ពីថ្ងៃ​ទី១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ឧសភា ​កុន ដែល​​គេ​ជ្រើសរើស​យក​មក​ប្រកួត នឹង​ត្រូវ​ដាក់​ បញ្ចាំង​ម្តង​មួយៗ ឲ្យ​គណៈ​មេប្រយោគ​មើល។ ​គណៈមេប្រយោគ​នេះ​ មាន​សមាសភាព​ ភាគច្រើន​ជា​អ្នក​ផលិត​កុន​​ អ្នកនិពន្ធ និង​តារា​ភាពយន្ត​ល្បីៗ មក​ពី​ហូលីវូដ។ គណៈមេប្រយោគ​នេះ​​ហើយ ដែល​ជា​អ្នក​សម្រេច​ថា តើ​កុន​ណា​ត្រូវ​ទទួល​រង្វាន់​លេខ១ ហើយ​សមិទ្ធករ​ណា អ្នក​សរសេរ​សេណារីយ៉ូ​ណា និង​តួកុន​ណា ដែល​ត្រូវ​ទទួល​រង្វាន់​ប្រចាំ​ឆ្នាំ។

យើង​នៅ​រង់​ចាំ​មើល​ថា តើ​ក្នុង​ចំណោម​កុន​ទាំង​៥ មក​ពី​អាស៊ី នឹង​មាន​កុន​ណា​មួយ ដែល​អាច​ទទួល​ពាន​រង្វាន់​ពី​មហោស្រព​ភាពយន្ត​នេះ​ដែរ​ឬ​ក៏​យ៉ាងណា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ